មន្ត្រី​ថៃ​ព្រួយ​បារម្ភ​ពី​ជម្ងឺ​ឆ្លង​នៃ​ពលករ​ កម្ពុជា ឡាវ និង​មីយ៉ាន់​ម៉ា

ជម្ងឺ​ឆ្លង គឺ​ជា​ប្រការ​មួយ​ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព​។ បើ​កាល​ណា​សុខ​ភាព មាន​កើត​ជម្ងឺ​ឆ្លង​ហើយ​នោះ គេ​ក៏ពិត​ជា​ពិបាក​ព្យាបាល​ឲ្យបាន​ជា​ឆាប់​រហ័ស​ដើម្បី​មាន​កម្លាំង​កំហែង​ទៅ​ប្រកប​កិច្ចការ​ងារ​រក​ស៊ី​ប្រចាំ​ថ្ងៃ​។ បើ​ជម្ងឺ​ទាំង​នោះ កើត​មាន​ចំពោះ​អ្នក​មាន​ប្រាក់​កាស​ចាយ​គ្រប់គ្រាន់​នោះ វា​មិន​សូវ​ផ្តល់​ជា​បញ្ហា​ចោទ​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ប៉ុន្មាន​នោះ​ទេ តែ​បើ​កើត​ចំពោះ​អ្នក​ក្រីក្រ ឬ​ចំពោះ​ពលករ ពលការនី​ចំណាក​ស្រុក​វិញ តើ​នឹង​មាន​អ្វី​កើត​ឡើង​នា​ពេល​បន្ទាប់?

រូបភាពគេហទំព័រសុខភាពកម្ពុជា

យោង​តាម​គេហទំព័រ​របស់​កាសែត​បាងកកប៉ុស្ដិ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នា​ពេល​ថ្មីៗ​នេះ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​ថៃ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ ចំពោះ​ការ​រីក​រាល​ដាល​នៃ​ជម្ងឺឆ្លង​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​ពលករ​ទេសន្ត​ប្រវេសន៍​មក​ពីប្រទេស​ចំនួន​បី មាន​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា នៅ​ខណៈ​ពេលដែលគោល​នយោបាយ​របស់​រដ្ឋាភិបាល​ថៃ​ស្ដី​ពី​ការ​ពិនិត្យ​មើល​សញ្ជាតិ​មិន​តម្រូវ​ឲ្យ​ពួក​គេ​ទទួល​ការ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​ទេ។ ជម្ងឺឆ្លង​ដ៏​ធ្ងន់ធ្ងរ ​ដែល​ពលករ​ទេសន្ត​ប្រវេសន៍​មាន ​មាន​ដូចជាជម្ងឺ​ហើម​ដៃ​ជើង ជម្ងឺ​កាម​រោគ ​ ជម្ងឺ​របេង និង​ជម្ងឺ​ដ៏ទៃ​ផ្សេង​ទៀត​នៅចំខណៈ​ពេលដែលពលករ​ជាច្រើន​បាន​ទទួល​ការ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​ក្រោម​គោល​នយោបាយ​ធានា​រ៉ាប់រង​សុខភាព​របស់​ក្រសួង។ ក្រុម​មន្រ្តី​ថៃ បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​ការ​រាលដាល​នៃ​ជម្ងឺ​ឆ្លង​ ដ៏​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​ពលករ​ទេសន្ត​ប្រវេសន៍​មក​ពី​ប្រទេស​កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ ​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ បាន​អះអាង​កាល​ពីថ្ងៃ​ម្សិលមិញ​វិញ​ថា ពលករ​កម្ពុជា​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​តែង​តែ​ធ្វើ​ការ​ពិនិត្យ​សុខភាព​របស់​ពួក​គេ​ជា​មុន​។

គេហ​ទំព័រសារព័ត៌​មានភ្នំពេញប៉ុស្តិ៍​​បាន​ឲ្យដឹងថា​ លោក ហ៊ូ វុទ្ធី អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ការ​ងារ ​បាន​មាន​ប្រសាសន៍​ថា ពលករ​កម្ពុជា​ទាំង​អស់​តែងតែ​មក​ពិនិត្យ​សុខភាព​មុន​ពេល​ពួក​គេ​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ លោកបាន​ថ្លែង​ថា៖ «ពលរដ្ឋ​កម្ពុជា ក៏​ដូចជាពល​ករ​ផង​ដែរ​ ត្រូវ​មក​ពិនិត្យ​សុខភាព​មុន​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ សម្រាប់​ពលករ​ដែល​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ពួក​គេ​ត្រូវ​ពិនិត្យ​សុខ​ភាព​ពីរ​ដង​មុន​ពេល​ពួក​គេ​ចាប់​ផ្ដើម​ចូល​ធ្វើ​ការ​គឺ​ម្ដង​ពិនិត្យ​នៅ​ប្រទេស​កម្ពុជា​ និង​ម្ដង​ទៀត​ត្រូវ​ពិនិត្យ​នៅ​ថៃ​នៅ​ពេល​ពួកគេ​ទៅ​ដល់​ទី​នោះ»។ ស្របពេលជាមួយគ្នានោះ លោកហ៊ូ វុទ្ធី ក៏បានថ្លែង​ដោយចោទ​ជា​សំណួរ​ថា​ហេតុ​អី្វ​បាន​ជា​ថៃ​នៅ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​រឿង​នេះ។ លោក ហ៊ូ វុទ្ធី បានបន្តថា លោកមិនបានដឹង​ថា​ តើ​មាន​ពលករ​កម្ពុជា​ប៉ុន្មាន​នាក់​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ទៅ​ធ្វើ​​ការ​នៅប្រទេសថៃ​នោះ​ទេ ព្រោះ​មាន​ពលករ​រាប់​រយ​នាក់​ចេញ​ចូល​ប្រទេស​ថៃ​រៀង​រាល់​ថ្ងៃ។ លោកបាន​ថ្លែងបន្តទៀត​ថា៖​ «​មន្ត្រី​ថៃ​បាន​ពន្យារ​ពេល​ដំណើរ​ការ​ពិនិត្យ​សញ្ជាតិ​នេះ​បន្ត​រហូត​ដល់​ ពាក់​កណ្ដាល​ខែ​មិថុនា​ ហើយ​បើ​សិន​ជា​ពលករ​ណា​មួយ​ដែល​មិន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ទេ ពួក​គេ​នឹង​ត្រូវ​បញ្ជូន​ឲ្យ​ត្រឡប់​មក​កម្ពុជា​វិញ»។

គួររំឮកផងដែរថា កាល​ពីថ្ងៃ​ទី​២៩​ ធ្នូ ​២០១១ រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ពេល​មាន​ជំនួប​ជាមួយ​សម​ភាគី​ថៃ​របស់​លោក គឺ​លោក​ សុរ៉ាពង្ស តូវីចាក់ចៃគុល​ ថាមាន​ពលករ​ទេសន្ត​ប្រវេសន៍​កម្ពុជា​ចំនួន​ជាង​២៥​ម៉ឺន​នាក់​ដែល​ធ្វើ​ការ​ ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​ រហូត​មក​ដល់​ពេល​នេះ​ពល​ករ​ចំនួន​ជាង​៩​ម៉ឺន​នាក់​បាន​ទទួល​ការ​អនុញ្ញាតឲ្យ​ធ្វើ​ការ​នៅ​ថៃ។

សូម​បញ្ជាក់​ផងដែរ​ថា កាល​ពីថ្ងៃ​ទី០៥ មេសា​ឆ្នាំ​២០១២ សមាជិក​សភា​អាស៊ាន​​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​សំដៅ​ទប់ស្កាត់​រាល់​អំពើ​រំលោភ​សិទ្ធិ​ផ្សេងៗ​លើ​ពលករ​ចំណាក​ស្រុក​នៅក្នុង​តំបន់​ដែល​សមាជិក​សភា​កម្ពុជា ​បាន​និយាយ​ថា​ពលករ​កម្ពុជា​នឹង​ទទួលបាន​ផល​ប្រយោជន៍​ពី​សេចក្តី​សម្រេច​ចិត្ត​នេះ។ ហើយកាលពីសប្តាហ៍មុននេះនៅក្នុង​ស​ន្នី​សីទ​សារព័ត៌មាន បូកសរុប​លទ្ធផល​នៃ​ការប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន នៅ​រាជធានី​ភ្នំពេញ ​រដ្ឋមន្ត្រី​ការងារ​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ បានព្រមព្រៀងគ្នា បង្កើត​យន្តការ​ការពា​រ​សិទ្ធិ និង​បណ្តុះបណ្តាល​ពលករ ឲ្យ​មាន​ជំនាញដើម្បី​ងាយស្រួល​គ្រប់គ្រង​ការ​ចំណាកស្រុក រក​ការងារ​ធ្វើ​នៅក្នុង​តំបន់​។ នៅចំពោះមុខ​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ​ក៏បានបញ្ជាក់​ផងដែរ​ថា កម្ពុជា​សូម​សំណូម​ប្រទេស​សមាជិក​ទាំងអស់ ប្រកាន់យក​នូវ​គោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស ដោយ​ជៀស​វាង​ឱ្យបាន​ដាច់ខាត​នូវ​ការប្រមាថ និង​ការបង្ក​ផល​លំបាក​ដល់​ជីវិត​ពលករ​ទេស​ន្ដ​ប្រវេសន៍​។

គួរ​បញ្ជាក់​បន្ថែម​ថា ពលករ​ទេសន្តរ​ប្រវេសន៍​កម្ពុជា​ ត្រូវ​បានគេ​សង្កេត​ឃើញ​ថា តែង​តែ​ទទួល​រងនូវ​ការ​រំលោភ​បំពាន​ផ្លូវភេទ​ ការ​វាយ​ធ្វើ​បាប​រូប​រាង​កាយ​ ការ​បង្ខិត​បង្ខំ​ឱ្យ​ធ្វើការ​ច្រើន​ម៉ោង ​និង​ការ​បរិភោគ​មិន​គ្រប់​គ្រាន់ និង​ត្រូវ​បាន​យោធា​ថៃ​បាញ់​សម្លាប់​ជាញឹក​ញយ​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​ត្រឹម​ត្រូវ ដែល​នេះ​គឺជា​អំពើ​ដ៏ព្រៃ​ផ្សៃ និងបាន​រំលោភ​ដល់​សិទ្ធិ​មនុស្ស​ដ៏ធ្ងន់​ធ្ងរ​សម្រាប់​ជន​ជាតិ​កម្ពុជា កាល​ពីពេល​កន្លង​ទៅ​នេះ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី១៩ ឧសភា ឆ្នាំ​ ២០១២

Google Analytics Alternative