ចូល​ឆ្នាំចិន ស្រវឹង​ខ្មែរ

នៅ​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​ប្រពៃណី​ទំនៀម​ទម្លាប់​សាសនា​ចិនត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែលមាន​ខ្សែ​ស្រឡាយ​ចិន​ប្រកាន់​យកយ៉ាង​ខ្ជាប់ខ្ជួន។ គ្រប់​ពិធី​បុណ្យ​សាសនា​ចិន​ទាំងអស់​បានបង្ក​ឱ្យមាន​ភាព​គគ្រឹក​គគ្រេង​សម្រាប់​ប្រជាជន​ខ្មែរ​ជា​ពិសេស​អ្នក​រស់នៅ ទីក្រុង​ភ្នំពេញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ជនជាតិ​ចិននៅ​ស្រុកខ្មែរ

ទោះបី​បច្ចុប្បន្ន​នេះជន​ជាតិចិន​ដែលរស់​នៅរក​ស៊ីក្នុង​ស្រុកខ្មែរ​ស្ទើរក្លាយ​ជាខ្មែរ​អស់ទៅ​ហើយ​ក៏ដោយ​ក្នុងនោះ​គ្រាន់តែ​នៅ មាន​ឈាមជ័រ និងពូជ​អម្បូរ​តាកុង ម៉ាចិន​តែ​ប៉ុណ្ណោះ។ ព្រោះថា​អ្នកដែល​រស់នៅ​ក្នុងស្រុក​ខ្មែរពុំ​មែនជា​ចិនដែល​មកពី​ស្រុកចិន​តែម្ដង នោះឡើយ ដោយសារ​ថាចិន​ដែលមក​ពីស្រុក​ចិនតែ​ម្ដងបាន​ស្លាប់បាត់​បង់ជីវិត​ទៅ​ហើយ។ រីឯ​អ្នកដែល​រស់នៅ​សព្វថ្ងៃ​គឺសុទ្ធ​តែជា​កូន ចៅ ខ្លះ១​តំណ ខ្លះ២​តំណ និងខ្លះ​ទៀតឈាន​ទៅដល់​៣តំណ​មនុស្ស​ទៅហើយ។ ហេតុនេះ​ហើយ​ទើបអ្នក​ខ្លះមាន​គ្រួសារ​ប្រពន្ធ​កូនជា ខ្មែរ ដោយ​មានខ្សែ​ស្រឡាយ​ជាចិន​តែ​ប៉ុណ្ណោះ។ ថ្វីបើ​ជនជាតិ​ដូចគ្នា​មែន​ប៉ុន្ដែ​ក្នុងនោះមាន​បែងចែក​ជាច្រើន​ប្រភេទ។ នៅ​កម្ពុជា​មាន ចិន​ប្រមាណ​ជា៥​ប្រភេទ​គឺចិន​ហៃណាំ ចិនទៀ​ជីវ ចិនកា​តាំង ចិនខិ​និងចិន​ហុកកៀន។ ដោយឡែក​ចិនទៀ​ជីវ​មាន​ចំនួន​ច្រើន​ជាងគេ នៅក្នុង​ស្រុកខ្មែរ។ បើតាម​ឯកសារ​ប្រវត្ដិ​សាស្ដ្រ​របស់ជន​ជាតិចិន​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិនមាន​ប្រវត្ដិ​តាំងពី​៤០០០​ឆ្នាំមក​ម្ល៉េះ​ដោយ​កាលពី​សម័យ​ដើមគេ​ប្រារឰ​ធ្វើ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មីនេះ​នៅរដូវ​ច្រូតកាត់​នានិ​ទាឃ​រដូវ​ដោយ​កំណត់​យកថ្ងៃ​១កើត​ខែ១(​ចន្ទគតិ) ជារៀង​រាល់ឆ្នាំ​ធ្វើជា​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​រហូត​មកដល់​សព្វថ្ងៃ​នេះ។

ប្រពៃណី​ចិនវាយ​លុក​ទស្សនៈ​ខ្មែរ

ក្នុងមួយ​ឆ្នាំៗ​មានបុណ្យ​ជា​លក្ខណៈ​ឬ​ប្រពៃណី​សាសនា​ចិនជា​ច្រើនត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​គោរព​ប្រតិបត្ដិ​មានដូច​ជា បុណ្យ​ចូលឆ្នាំ​ថ្មី សែនក្បាល​ទឹក សែន​ព្រះខែ សែននំ​អ៊ី សែននំ​ចាំង សែនអ្នក​តាជា​ដើម។ ក្នុង​បណ្ដា​បុណ្យ​ទាំងអស់​ខាងលើ មានតែ បុណ្យ​បី​ប៉ុណ្ណោះ​បានប្រែ​ក្លាយ​ក្រុង​ភ្នំពេញ​ទៅជា​ក្រុងហុង​កុងនោះ​គឺ បុណ្យ​ចូលឆ្នាំ​ថ្មី សែន​ក្បាលទឹក​និងសែន​ព្រះខែ។ នៅពេល​ជិត រដូវ​បុណ្យ​ម្ដងៗ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែលមាន​ខ្សែ​ស្រឡាយ​បានត្រៀម​រណ្ដាប់​សម្រាប់​សែន​សព្វ​សារពើ រួមទាំង​ថវិកា​ដើម្បី​អបអរ​សាទរ ពិធី​បុណ្យ​ទាំងនេះ។ នៅឆ្នាំ​ខ្លះ​សូម្បី​តែក្នុង​កម្ម​វិធី​ទូរទស្សន៍​បាន​បញ្ចាំង​អំពី​ការ​អប​អរ​សាទរ​នេះផង​ដែរ។ ដោយសារ​ពិធី​បុណ្យ​ចូលឆ្នាំ ចិន​តែងតែ​មានការ​រៀបចំ​ម្ហូប​អាហារ​ចំណី​ជាច្រើន​ជាគ្រឿង​រណ្ដាប់​សែននោះ​ទើប​បណ្ដាល​ឱ្យមាន​ការ​ទទួល​ទាន​អាហារ​ជួបជុំ​គ្នា ដើម្បី​ជប់លៀង​លាឆ្នាំ​ចាស់​ទទួល​ឆ្នាំថ្មី។

យោងទៅ​តាមហេតុ​ផលខាង​លើនេះ​ហើយទើប​ខ្មែរយើង​ដែលជាប់​ខ្សែ​ស្រឡាយ​ចិន ឬមិន​ជាប់នោះ  នាំគ្នា​ផឹកស៊ី​សប្បាយ រីករាយ​រហូត​ដល់​លោកអ្នក​មួយ​ចំនួន​ស្រវឹង​ជ្រុលនាំ​ឱ្យកើត​ទៅជា​វិបត្ដិ​ផ្សេងៗ​ដូចជា ៖

1 . គ្រោះថ្នាក់​ចរាចរ ៖ បើតាម​របាយ​ការណ៍​របស់​នាយ​កដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​បានឱ្យ​ដឹងថា​មាន​កំណើន​នៃគ្រោះ​ថ្នាក់​ចរាចរ​កើនឡើង​គួរឱ្យ​កត់​សម្គាល់​នារដូវ​បុណ្យ​ចូលឆ្នាំ​ចិន។ ដោយ​ហេតុថា​មានផឹក​ស៊ីគ្រឿង​ស្រវឹង​នាំឱ្យ​មានការ​បើកបរ​ខ្វះការ​ប្រុង ប្រយ័ត្ន ឬការ​បើកបរ​ខ្វះម្ចាស់​ការដោយ​សារកត្ដា​ស្មារតី​តែម្ដង។

2 . អំពើ​ហិង្សា ៖ នៅពេល​ដែលមាន​ជាតិ​ស្រវឹង​ចូលខ្លួន​បានញ៉ាំង​ឱ្យ​លោកអ្នក​បរិភោគ​គ្រប់រូប​បញ្ចេញ​នូវ​អត្ដ​ចរិត​ព្រហើន​កោងកាច ដែលជា​បច្ច័យ​មួយនាំ​ឱ្យមាន​ជម្លោះ ជួនកាល​អាចប្រើ​អំពើ​ហិង្សា​កាប់​សម្លាប់គ្នា​ទៀតផង​ដោយសារ​ការមិន​អាច​គ្រប់គ្រង ខ្លួនឯង​បាន។

3 . ប្លន់​ប្រដាប់​អាវុធ ដើម្បី​អបអរ​សាទរ​ក្នុង​ពិធី​ចូលឆ្នាំ ជនជាតិ​ចិនតែង​តែដុត​ផាវ ឬកាំ​ជ្រួច​ជាហេតុ​មួយធ្វើ​ឱ្យជន​ខូច​ខិលមួយ​ចំនួន​តូចបាន​ឆ្លៀត​ឱកាស​ផ្ទុះអាវុធ​ដែលមាន​សម្លេង​ប្រហាក់​ប្រហែល​នឹង​សម្លេង​ដុតផាវ​ឬកាំ​ជ្រួច​ដើម្បី​ប្លន់​ទ្រព្យ​សម្បត្ដិ​ប្រជា ពលរដ្ឋ។

4 . អគ្គីភ័យ ការអុជ​ធូបទាន ផាវ ឬកាំ​ជ្រួច សុទ្ធតែ​អាចបង្ក​ជាគ្រោះ​អគ្គីភ័យ​បាន​ទាំងអស់។ រៀងរាល់​ឆ្នាំ​តែងតែ មាន​ករណី​អគ្គីភ័យ​កើតឡើង​មួយ ឬក៏​ពីរដែរ ក្នុង​ឱកាស​ចូលឆ្នាំ​ចិន។

នាំគ្នា​កាត់បន្ថយ​បញ្ហាក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន

មិនមែន​ជារឿង​លំបាក​ណាស់​ណាទេ ដែល​លោកអ្នក​ទាំងអស់​គ្នានាំ​គ្នាព្យា​យាម​កាត់​បន្ថយ​នូវអ្វី​មួយដែល​រំពឹង​ថានឹង​អាច​កើតមាន​ឡើង ដូចដែល​រៀបរាប់​ខាងលើ។ សូមនាំ​គ្នា​បញ្ចៀស​បញ្ហា​ដោយ​វិធី​ខាងក្រោម ៖

  • សូមកុំ​ទទួល​ទាន​គ្រឿង​ស្រវឹង​ហួស​ហេតុពេក ដែល​ធ្វើឱ្យ​លោកអ្នក​បាត់បង់​សតិ​នាំឱ្យ​លោកអ្នក​មានការ​ធ្វេស​ប្រហែស​ដើម្បី​កុំឱ្យ​សប្បាយ​ក្លាយ​ជាទុក្ខ
  • សូម​បើកបរ​ដោយ​ប្រុង​ប្រយ័ត្ន បើ​ស្រវឹង​កុំ​បើកបរ បើបើក​បរកុំ​ទទួល​ទានគ្រឿង​ស្រវឹង
  • សូមកុំ​បណ្ដោយ​ឱ្យគ្រឿង​ស្រវឹង​នាំផ្លូវ​លោកអ្នក​ទៅរក​សេចក្ដី​អន្ដរាយ​ឱ្យសោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative