ឧស្សា​ហ៍រ​លាក​បំពង់ក កើត​ជម្ងឺ​ប្រើស​បេះដូង

ជម្ងឺ​បេះដូង​ត្រូវបាន​គេ​សង្កេត​ឃើញថា កើតមាន​លើ​មនុស្ស​ស្ទើរ​គ្រប់វ័យ ពិសេស​មនុស្ស​វ័យ​ចំណាស់។ ជម្ងឺ​បេះដូង​នេះ អាចបង្ក​ពីមូល​ហេតុផ្សេង​ៗគ្នា ជាអាទិ​ការ​រលាក​បំពង់ក​រ៉ាំរ៉ៃ​ក៏ជា​មូលហេតុ​មួយដែរ​នៃជម្ងឺ​បេះដូង​ដែលជា​ជម្ងឺ​ប្រើស​បេះដូង។ ប្រើស បេះដូង​ជាជម្ងឺ​ម្យ៉ាងក្នុង​ចំណោម​ជម្ងឺ​បេះដូង​ប្រភេទ​ផ្សេងទៀត ដូចជា​ស្ទះ​សរសៃ​ឈាម​បេះដូង​ឬហៅ​ថាជម្ងឺ​គាំង​បេះដូង និងជម្ងឺ បេះដូង​ពី​កំណើត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត សុខ ផាង ឯកទេស​ផ្នែក​ជម្ងឺ​បេះដូង​នៅមជ្ឈ​មណ្ឌល​បេះដូង​នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​បានផ្ដល់​នូវបទ សម្ភាសន៍​ស្ដីពី​ជម្ងឺ​ប្រើស​បេះដូង និងវិធី​ការពារ​ដល់ទស្ស​នាវដ្ដី សុខភាពយើង​ដើម្បី​ផ្ដល់ជូន​ប្រិយមិត្ដ​អ្នកអាន​ស្វែងយល់ និងចេះ​បង្ការ ខ្លួននឹង​គ្រោះថ្នាក់​នៃជម្ងឺ​នេះ។

ជា​ទូទៅ​ប្រភេទ​ជម្ងឺ​ដែលកើត​ញឹកញាប់​ពាក់ព័ន្ធ​នឹង​បេះដូង មាន​ជម្ងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ឬហៅ​ថាគាំង​បេះដូង​ជម្ងឺ បេះដូង​ពីកំណើត និងជម្ងឺ​ប្រើស​បេះដូង ហើយ​ជម្ងឺ​ទាំងនេះ​មានមូល​ហេតុបង្ក​ផ្សេងៗ​ពីគ្នា។

ជម្ងឺ​ប្រើស​បេះដូង

កត្ដាខ្វះ​អនាម័យ​គឺជា​ដើមចម​នៃការ​ចម្លង​មេរោគ​គ្រប់​ប្រភេទ។ ជម្ងឺ​ប្រើស​បេះដូង​ច្រើនកើត​លើកុមារ​ព្រោះអង្គ​បដិបក្ខ ប្រាណ ឬហៅ​ថាប្រព័ន្ធ​ការពារ​ក្នុងខ្លួន​មនុស្ស(​អង់ទី​ក័រ)នៅ​ខ្សោយ។ កង្វះ​អនាម័យ​ធ្វើឱ្យ​ពពួក​មេរោគ​ងាយលុក​លុយ​សព៌ាង្គ​កាយ និងបង្ក​ជាជម្ងឺ​បាន។ ធម្មតា​បេះដូង​មនុស្ស​មាន៤​ថត និងមាន​ប្រើស​បេះដូង​ចំនួន៤​ដែលមាន​តួនាទី​ធ្វើ​ចលនា​ឈាមរត់​ទៅចិញ្ចឹម សរីរាង្គ។ បើមាន​ជម្ងឺ​ប្រើស​បេះដូង វានឹង​នាំឱ្យ​ប្រើសឡើង​រឹងឬ​ក្រិន មិនអាច​មាន​ចលនា​បិទជិត​ឬបើក​ចំហ​មិនអស់​ដូចប្រើស បេះដូង​ល្អ​ប្រក្រតី។ នោះជា​មូលហេតុ​នាំឱ្យ​បរិមាណ​ឈាមរត់​ទៅចិញ្ចឹម​សរីរាង្គ​មិន​គ្រប់គ្រាន់​និងសល់​ឈាម​ច្រើននៅ​ក្នុង​បេះដូង។ ផល​វិបាក​របស់​អ្នកមាន​ជម្ងឺប្រើស​បេះដូង អាចធ្វើ​ឱ្យ​បេះដូង​រីក ឆាប់ហត់​ខ្លាំង​សម្បុរ​ស្បែក​ស្លេក​ស្លាំង ចុះស្គមស្គាំង​ជាដើម ហើយក៏ អាចឈាន​ដល់​ដំណាក់​កាល​បាត់បង់​ជីវិត​ផងដែរ។

រោគ​សញ្ញា​ជម្ងឺប្រើស​បេះដូង

បើឈឺ​បំពង់ក​រយៈពេល​ពី៥ទៅ​១៥ថ្ងៃ ព្យាបាល​ដោយថ្នាំ​បានត្រឹម​តែធូរ​ស្រាល ឬបាត់​ត្រឹមតែ​មួយរយៈ​ហើយពេល​លេប ទឹកមាត់​ឬ​បរិភោគ​អាហារ​ធ្វើឱ្យ​ឈឺបំ​ពង់ក ហើម​សន្លាក់ដៃ​ជើង ម្ដងឈឺ​សន្លាក់​ត្រង់នេះ​ម្ដងឈឺ​សន្លាក់​ត្រង់នោះ​ក្ដៅខ្លួន​ជាប្រចាំ ទទួល ទាន​អាហារ​មិនសូវ​បាន ហើយមាន​អាការ​ហត់ខ្លាំង ត្រូវឆាប់​ទៅមន្ទីរ​ពេទ្យ​ឬជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ អាការ​នេះ​ប្រហាក់ ប្រហែល​នឹងជម្ងឺ​ផ្នែក​សួតដែរ​ប៉ុន្ដែ​សំខាន់​គឺ​លទ្ធផល​ក្រោយ​ការត្រួត​ពិនិត្យ​ពិសោធន៍​របស់​គ្រូពេទ្យ​ព្យាបាល ទើប​សំខាន់។

មូលហេតុ​បង្ក​ជម្ងឺ​ប្រើស​បេះដូង

ដំបូង​ចាប់ផ្ដើម​ពីការ​ទទួល​ទាន​អាហារ​ដោយខ្វះ​អនាម័យ មានជម្ងឺ​ផ្ដាសាយ​និង​ជម្ងឺផ្សេង​ខ្លះទៀត​ដែល​បណ្ដាលឱ្យ​រលាក បំពង់ក​រ៉ាំរ៉ៃ។ ជម្ងឺ​ប្រើស​បេះដូង​បណ្ដាល​មកពី​ការ​រលាក​បំពង់​ករ៉ាំ​រ៉ៃដែល​ព្យាបាល​មិនបាន​ត្រឹមត្រូវ​នាំឱ្យ​មេរោគ​ឈ្មោះ​ស្ដ្រិប​តូកូក មិនស្លាប់។ នោះវា​នឹងទៅ​សម្ងំនិង​ទុំតាម​សន្លាក់​ធំៗ ដូចជា​សន្លាក់​កដៃ កែងដៃ កជើង និង​សន្លាក់​ជង្គង់​សម្ងំ​ក្រោម​ស្បែក និងនៅ​តាម សរសៃ​ប្រសាទ​ជាដើម។ បន្ទាប់​មក​មេរោគ​នោះ​បំបែក​ខ្លួនមក​ទុំលើ​បេះដូង​បង្កជា​ជម្ងឺ​ប្រើស​បេះដូង។ មេរោគ​ស្ដ្រិបតូ​កូកស្ថិត​នៅរាយ ប៉ាយ​តាម​ចំណី​អាហារ​ក្នុង​ស្រទាប់​ខ្យល់ ធូលី​ដីជា​ដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការព្យា​បាលជម្ងឺ​ប្រើស​បេះដូង

បើសិន​កើតជម្ងឺ​ប្រើស​បេះដូង ការព្យា​បាលអាច​ធ្វើទៅ​តាមកម្រិត​នៃជម្ងឺ​(ស្រាល ឬធ្ងន់​ធ្ងរ)។ បើអ្នក​ជម្ងឺឆាប់​មករក​សេវាព្យាបាល​ទាន់ពេល​វេលា​អាចព្យា​បាល​ដោយ​លេបថ្នាំ។ ប៉ុន្ដែ​បើអ្នក​ជម្ងឺ​បណ្ដែត​បណ្ដោយ​រហូត​អាការ​ជម្ងឺ​កាន់តែ​ដាប​នោះការ​ព្យាបាល អាចឈាន​ដល់ការ​វះកាត់​ព្យាបាល​ប្រើស​បេះដូង​មួយឬ​ច្រើន​ជួនកាល​ក៏អាច​ត្រូវប្ដូរ​ប្រើស​បេះដូង​ដោយ​ដាក់​ជំនួស​នូវ​ប្រើស​បេះដូង សិប្ប​និម្មិត​ដើម្បី​សង្គ្រោះ​ជីវិត។ លើស​ពីនេះ​ជម្ងឺ​ប្រើស​បេះដូង​ក៏អាច​ឈានដល់​ដំណាក់​កាល​ត្រូវវះ​កាត់ច្រើន​ដង ឬក៏​ត្រូវព្យា​បាល ដោយ​ថ្នាំអស់​មួយ​ជីវិត​ក៏មាន។

វិធី​បង្ការ​ជម្ងឺ​ប្រើស​បេះដូង

រាល់​បញ្ហា​ដែលកើត​ឡើងគឺ​សុទ្ធតែ​មាន​មូលហេតុ ហើយ​មូលហេតុ​នោះទៀត​សោត​ជួនកាល​អាច​ព្យាបាល​បាន​ជួន​កាល បានត្រឹម​តែ​បង្ការ ឬ​ប្រុង​ប្រយ័ត្ន​តែ​ប៉ុណ្ណោះ។ ដូច្នេះ​កត្ដ្កា​ចាំបាច់​ក្នុងការ​បង្ការ​ជម្ងឺ​ប្រើស​បេះដូង​គឺត្រូវ​ប្រុង​ប្រយ័ត្ន​កុំឱ្យ​ធូលីដី​ចូលផ្លូវ ដង្ហើម​ដែលអាច​បង្ក​ជម្ងឺ​រលាក​បំពង់ក។ ប្រសិន​បើមាន​ជម្ងឺ​ផ្ដាសាយ​រលាក​បំពង់ក​ត្រូវ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ដោយ​គ្រូពេទ្យ​ជំនាញ ។ ការលេប​ថ្នាំដែល​ទិញ​ដោយ​ខ្លួនឯង​ជា​បច្ច័យ​គ្រោះថ្នាក់​មួយ ជួនអាច​បាត់​ផ្ដាសាយ​ឬបាត់​រលាក​បំពង់​កខ្លះដែរ ប៉ុន្ដែ​បើ​មេរោគ​មិន ស្លាប់ អាច​បណ្ដ្កាល​ឱ្យជម្ងឺ​ប្រើសបេះ​ដូងកើត​ឡើង។

ដំបូន្មាន​អ្នក​ជំនាញ

បើមាន​អាការ​ជម្ងឺ​ស្ថិតក្នុង​ការ​បរិយាយ​ខាងលើ​នេះ សូម​ប្រញាប់​មករក​អ្នក​ជំនាញ​ដើម្បី​ប្រឹក្សា និង​ព្យាបាល។ លោកអ្នក មិនត្រូវ​ប្រើថ្នាំ​ដោយចិត្ដ​ឯង ឬខ្វះ​ការត្រួត​ពិនិត្យ​សុខភាព​ត្រឹមត្រូវ​នោះទេ​ហើយ​សូមកុំ​បណ្ដោយ​ឱ្យការ​ឈឺបន្ដិច​បន្ដួច ដែល​ធ្វេស ប្រហែស​ឱ្យក្លាយ​ជារឿង​ធ្ងន់ធ្ងរ​ប្រចាំ​ជីវិត​ឱ្យសោះ។ សូម​ចៀសវាង​ការ​បណ្ដែត​បណ្ដោយ​រហូត​ជម្ងឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ពិបាក​ក្នុងការ ព្យាបាល ឬជួយ​សង្គ្រោះ ព្រោះ​ជម្ងឺ​ទាំងនេះ​អាចឈឺ​រ៉ាំរ៉ៃ ឬស្លាប់​ភ្លាមៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative