ខាន់ ជែម កីឡា​ផ្ដល់​សុខភាព​ល្អ សម្រស់​ស្រស់ថ្លា

ដោយ​សារ​ទេព​កោសល្យ​គួបផ្សំ​នឹង​និស្ស័យ​ខាងសិល្បៈ​ពី​កំណើត​ផងនោះ លោក ខាន់ ជែម​បានក្លាយ​ជាតារា​ចម្រៀង​មួយរូប​ដ៏មាន​ប្រជា​ប្រិយភាព និង​ទទួល​បាននូវ​ការគាំ​ទ្រពី​សំណាក់​អ្នកស្ដាប់​ជាច្រើន​មិនចាញ់​តារា​ចម្រៀង​ជើងចាស់​ប៉ុន្មាន​ឡើយ។  សម្រែក​បេះដូង បុប្ផាក្រពុំ ស្នេហ៍អូន​ជានិច្ច​ទាំងនេះ​គឺជា​ចំណង​ជើងនៃ​បទ​ចម្រៀង​ដំបូងដែល​បាន​កសាង​កេរ្ដិ៍​ឈ្មោះរបស់​លោកឱ្យ មានភាព​ល្បីល្បាញ​នៅក្នុង​ស្រទាប់​យុវវ័យ។ ទឹកដម​សម្លេង​ដ៏ពីរោះ រូប​សម្រស់​ដ៏ស្រស់​សង្ហា​និងភាព​មាំមួន​នៃរាង​កាយ​របស់​លោក បានធ្វើ​ឱ្យកើត​មាននូវ​ចម្ងល់​ចង់ដឹង​ពីអាថ៌​កំបាំង និង​វិធី​សាស្ដ្រ​នៃការ​ថែរក្សា​ខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ឆ្លើយ​តបទៅ​នឹង​ចម្ងល់​ខាងលើ លោក ខាន់ ជែម​បានចេញ​មកធ្វើ​ការរ៉ាយ​រ៉ាប់ប្រាប់​ពីរបៀប​នៃការ​ថែរក្សា​សុខភាព​និង សម្រស់​របស់​លោក​តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង ជូនដល់​មិត្ដអ្នក​អានទាំង​អស់ ដើម្បី​ទុកជា​ការស្វែង​យល់​និងជា​ជម្រើស​នូវវិធី ល្អខ្លះៗ​សម្រាប់​ថែ​រក្សា​សុខភាព និង​សម្រស់​ឱ្យនៅ​តែស្រស់​សង្ហា។

ប្រវត្ដិ​មុនចូល​សិល្បៈ

លោក ខាន់ ជែម បាន​ប្រសូត​នៅក្នុង​គ្រួសារ​មួយដែល​មាន​កម្រិត​ជីវ​ភាព​មធ្យម ឪពុក​ជា​មន្ដ្រី​រាជការ និង​ម្ដាយជា​អ្នកលក់​ដូរ​ស្ថិតនៅ​ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ។ ជែម ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​នៅក្នុង​ឆ្នាំ​២០០២​ដោយ​សារលោក​បាន​បកស្រាយ​ចម្រៀង ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​មិត្ដភក្ដិ។ ដោយសារ​ទេព​កោសល្យ និងទឹក​ដម​សម្លេង​ល្អ​ទើប​ប្រធាន​ក្រុម​តន្ដ្រី​ហៅរូប​លោកឱ្យ​ចូលច្រៀង​នៅ ក្នុង​ក្រុមដែល​ស្ថិតនៅ​ស្រុកឈូក ខេត្ដកំពត។ លោក​ច្រៀងក្នុង​ក្រុមភ្លេង​នោះបាន​ជិត២​ឆ្នាំ​ហើយក៏​ប្ដូរមក​ច្រៀងនៅ​តាមរង្គ​សាលនៅ ភ្នំពេញ​វិញ ដោយមាន​ការគាំ​ទ្រពី​ភ្ញៀវយ៉ាង​ច្រើន។ ជា​សំណាង​ល្អ​ជែមក៏​បានស្គាល់​លោក​អ៊ឹង រដ្ឋា ហៅទុយ​ដោយ​ចៃដន្យ។ លុះ ក្រោយ​មកដោយ​បានឃើញ និងដឹង​ពីការ​តស៊ូ​ព្រមទាំង​ទេព​កោសល្យ​ខាងសិល្បៈ​របស់​ជែម លោក​ទុយបាន​ណែនាំ និងជួយ​បណ្ដុះ បណ្ដាល​ឱ្យចូល​ច្រៀងនៅ​មជ្ឈ​មណ្ឌល​កម្សាន្ដ​រ៉ុក។ ស្រប​ពេល​ដែលមាន​ការ​បង្កើត​នូវ​ផលិត​កម្មរ៉ុក​ឡើង លោកទុយ​ក៏ផ្ដល់​ឱកាស​ឱ្យ ជែម​សាកល្បង​ច្រៀងនៅ​ក្នុង​ស្ទូឌីយោ។  ដោយសារ​សម្លេង​របស់​ជែមមាន​ទឹកដម​ល្អ ទើបជែម​បានចូល​ច្រៀងនៅ​ក្នុង​ផលិត​កម្មរ៉ុក រហូត​មកដល់​សព្វថ្ងៃ​នេះ។

ការ​ថែរក្សា​សម្រស់

សម្រស់​មានសារៈ​សំខាន់​ណាស់​ចំពោះ​មនុស្ស​គ្រប់រូប ជា​ពិសេស​សម្រាប់​សិល្បករ តារា​សម្ដែង ឬតារា​ចម្រៀង​ដូចជា​ខាន់ ជែមដែល​ចាំបាច់​ត្រូវតែ​ថែរក្សា​សម្រស់​ឱ្យបាន​ល្អ។

  • ការថែ​រក្សា​ស្បែកមុខ

ទោះបី​ជាមាន​ការរវល់​ក្នុងការ​ថតបទ​ចម្រៀង​ថ្មីៗ​យ៉ាងណា​ក៏ដោយ ក៏ជែម​មិនដែល​ភ្លេចពី​ការថែ​រក្សា​ស្បែកមុខ​ដែរ។ ពេលព្រឹក​ក្រោកពី​ដំណេក ជែមតែង​តែលុប​លាងមុខ​ជាមួយ​សាប៊ូ​សម្រាប់​លាងមុខ​ជាប្រចាំ។ ហើយ​ក្រោយពី​ត្រឡប់​មកពី​ថត​ចម្រៀង​វិញ លោក​លុបលាង​មុខជា​មួយ​សាប៊ូ​ម្ដងទៀត ដើម្បី​ជម្រះ​ធូលីឬ​ម្សៅផ្ទៃ​មុខ។ លុះ​ពេលយប់​ជែម​តែងតែ​ប្រើក្រែម​សម្រាប់ លាបពេល​យប់ជា​ប្រភេទ​ផ្ដល់​សំណើម និងបំប៉ន​ស្បែក។

  • ការ​ថែរក្សា​ស្បែក​ដងខ្លួន

ស្បែក​សរលោង​នៅលើ​ដងខ្លួន​របស់​ជែមគឺ​ជាលក្ខណៈ​ពី​ធម្មជាតិ។ ពេលនៅ​ផ្ទះ ជែមមិន​ដែលលាប​ឡេ​ឬ​ផលិត​ផលអ្វី​ដើម្បី ធ្វើឱ្យ​ស្បែក​សទេ គឺគ្រាន់​តែប្រើ​សាប៊ូ​ដុសខ្លួន​ដែលមាន​សារៈ​ប្រយោជន៍​ដល់ស្បែក​ជាប្រចាំ​នៅពេល​ងូតទឹក​តែ​ប៉ុណ្ណោះ។

  • ការ​ថែរក្សា​សក់

សក់មាន​សារៈ​សំខាន់​សម្រាប់​ជួយលើក​ទម្រង់មុខ​មនុស្ស។ ដូច្នេះ​ហើយ ជែមបាន​យកចិត្ដ​ទុកដាក់​ទៅលើ​ការថែ​រក្សាដោយ ប្រើ​សាប៊ូ​ដែលត្រូវ​នឹង​សរសៃ​សក់ ហើយ​ធ្វើការ​អប់រៀង​រាល់៤​ថ្ងៃម្ដង​និងមាន​ប្រើ​ផលិត​ផល​លាបសក់​ដើម្បី​ងាយស្រួល​ក្នុងការ​កែច្នៃ ម៉ូដ នៅពេល​ចេញទៅ​សម្ដែង ឬ​ចូលរួម​ក្នុងកម្ម​វិធី​ផ្សេងៗ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

  •  ការ​ថែរក្សា​ភ្នែក

ពន្លឺ ឬ​កម្ដៅ​ព្រះអា​ទិត្យ ផ្សែង ធូលី សុទ្ធតែ​អាចធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កែវភ្នែក។ ដូច្នេះ​ហើយ​ទើប​លោក​ជ្រើស​រើសនូវ វ៉ែនតា​ដែល​មាន​កញ្ចក់​ពណ៌ខ្មៅ​មកពាក់​ការពារ​ភ្នែក​របស់​លោក ដើម្បី​បញ្ចៀស​ពីបញ្ហា​ទាំងនេះ​។

  • ការ​ថែរក្សា​សុខភាព

សម្រស់​ស្រស់​ស្អាត និង​សុខភាព​ល្អ ត្រូវតែ​ដើរ​ទន្ទឹម​នឹងគ្នា។ ខាន់​ជែ​មមិន​ដែល​ព្រងើយ​កន្ដើយ​ពីការថែ​ទាំសុខ​ភាពឡើយ ។

  • ការ​ទទួល​ទាន​អាហារ

ជម្ងឺ​ក្រពះ​កើតឡើង​ពីការ​ទទួល​ទាន​អាហារ​មិនទៀង​ទាត់​ពេល។ ដូច្នេះ​ដើម្បី​ចៀស​វាងពី​ជម្ងឺនេះ​លោក​តែងតែ​ព្យាយាម ទទួល​ទាន​អាហារ​ទៀង​ពេល ជា​ពិសេស​អាហារ​ណាដែល​មាន​ប្រយោជន៍​ដល់​សុខភាព​រាងកាយ​និងមិន​ប៉ះពាល់​ដល់​បំពង់​សម្លេង។

  • ការ​ទទួល​ទាន​ដំណេក

ការ​ទទួល​ទាន​ដំណេក​មាន​ប្រយោជន៍​ចំពោះ​សុខភាព និង​សម្រស់។ បើគេង​មិនបាន​គ្រប់គ្រាន់​វានឹង​បង្កឱ្យ​មាន​បញ្ហា​ជាមិន ខាន។ រាល់ថ្ងៃ លោកជែម​ព្យាយាម​គេងឱ្យ​បានយ៉ាង​តិច៨​ម៉ោង ដើម្បី​សុខភាព និង​បញ្ចៀស​ពីជម្ងឺ​ផ្សេងៗ។

  • សុខភាព​មាត់​ធ្មេញ

ជា​ធម្មតា ខាន់ ជែម​សម្អាត​ធ្មេញ​ក្នុងមួយ​ថ្ងៃ៣​ដងយ៉ាង​តិច​ជាមួយ​ថ្នាំ​ដុស​ធ្មេញ​ដែល​មានសារ​ជាតិ​ជួយធ្វើ​ឱ្យ​ធ្មេញស និង រឹងមាំ ជា​ពិសេស​ក្រោយ​ពេល​ទទួល​ទាន​អាហារ។ ជែម​តែងតែ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ធ្មេញជា​ប្រចាំ​ដើម្បី​ពិនិត្យ និង​សម្អាត​៣ខែ ម្ដង។

  • ការ​ហាត់កីឡា

កីឡា​អាចធ្វើ​ឱ្យ​សុខភាព​ល្អ រាងកាយ​មាំមួន និង​សម្រស់​ស្រស់​ថ្លា។ រាល់​ល្ងាច​ពេល​ទំនេរពី​ការងារ​ជែមតែង​តែឆ្លៀត​ធ្វើ លំហាត់​ប្រាណខ្លះ ដើម្បី​បញ្ចេញ​ជាតិពុល​ចេញពី​ក្នុងខ្លួន និង​ជួយដល់​ដំណក​ដង្ហើម និង​ចលនា​សួត ងាយ​ស្រួលក្នុង​ពេលច្រៀង។

បំណង​ថ្ងៃ​អនាគត

ទោះបី​នៅពេល​បច្ចុប្បន្ន​នេះ លោកមាន​អាជីព​ជាតារា​ចម្រៀង តែនៅ​ពេលថ្ងៃ​អនាគត​ប្រសិន​បើលោក​មាន​លទ្ធភាព​លោក នឹងបើក​ហាងលក់​សម្លៀក​បំពាក់​ទាន់​សម័យ​មួយ ដើម្បី​ទ្រទ្រង់​នូវ​ជីវភាព​គ្រួសារ​របស់​លោក។

បណ្ដាំ​ផ្ញើ​របស់​លោក ខាន់ ជែម

សូម​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់យក​ចិត្ដទុក​ដាក់​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ដើម្បី​ចៀសផុត​ពីជម្ងឺ​ដែលមក​បៀត​បៀន។ ហើយក៏​សូម​អរគុណ​ដល់បង​ប្អូនដែល​ជួយ​គាំទ្រ​នូវបទ​ចម្រៀង​របស់​លោក ដែលជា​បទ​ចម្រៀង​និពន្ធ​ដោយខ្មែរ​ស្នាដៃ​របស់​ខ្មែរពិតៗ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ​ពិត ៖ ខាន់ មករា
  • ឈ្មោះ​ក្នុងសិល្បៈ ៖ ខាន់ ជែម
  • អាយុ ៖ ២៧ឆ្នាំ
  • កម្ពស់ ៖ ១,៦២ ម៉ែត្រ
  • ទម្ងន់ ៖ ៦១​គីឡូ​ក្រាម
  • បងប្អូន ៖ ៦នាក់ ស្រី៣ (ជាកូន​ទី២)​ក្នុង​គ្រួសារ
  • ឪពុក​ឈ្មោះ ៖ ខាន់ ចឹម, ម្ដាយ​ឈ្មោះ ៖ ផុន ភា
  • បច្ចុប្បន្ន ៖ ជាតារា​ចម្រៀង
  • ស្ថានភាព​គ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative