ក្មេងកំព្រាកំពុងដង្ហើយហៅមនុស្សធម៌

លោកអ្នក​ប្រាកដ​ជាបាន​ជ្រាប​ហើយនៅ​ពេលបាន​ឃើញ និងបាន​ឮពាក្យ​ក្មេង​កំព្រា​នេះ។ ប៉ុន្ដែ​លោកអ្នក​ក៏​ប្រហែល​ជាចង់​ជ្រាបឱ្យ​កាន់តែ​ច្បាស់​ថែមទៀត​ថា​ហេតុអ្វី​ទើបកើត​មានក្មេង​កំព្រា ហើយ​តើ​ពួកគេ​រស់នៅ​យ៉ាង​ដូចម្ដេច​ខ្លះ។ ដំណើរ​ជីវិត​របស់​មនុស្ស​តែង​ប្រព្រឹត្ដ​ទៅខុស​គ្នា ហើយ​កត្ដា​នេះគឺ​អាស្រ័យ​ទៅលើ​បុគ្គល​ផ្ទាល់ខ្លួន​តែម្ដង​ទោះបី​អ្នកនោះ​ជាក្មេង​កំព្រា​គ្មានការ​គ្រប់គ្រង ក៏ដោយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ង៉ូវ ឈីវ ទី​ប្រឹក្សា​មជ្ឈ​មណ្ឌល​កុមារ​អាស៊ី​អាស្ពេកា​នឹង​ស្រាយ​បំភ្លឺ​អំពី​បញ្ហា​នេះជូន​មិត្ដអ្នក​អាន​សម្រាប់​ជាការ​ស្វែង​យល់​តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

ក្មេង​កំព្រាជា​អ្នកណា?

ក្មេង​កំព្រា​គឺចង់​សំដៅ​ទៅលើ​ក្មេងដែល​គ្មាន​ឪពុកម្ដាយ ឬ​មានតែ​ម្ដាយគ្មាន​ឪពុក ឬក៏​មានតែ​ឪពុក​គ្មានម្ដាយ។ ពោលគឺ​ក្មេង​ដែល​គ្មាន​ទីពឹង។ ម្យ៉ាងទៀត​កុមារ​កំព្រា​មិន​ត្រឹមតែ​ជាកុមារ​ដែលគ្មាន​ឪពុក​ម្ដាយ ឬគ្មាន​សាច់​ញាតិ​ប៉ុណ្ណោះ​ទេ​គឺពួក​កុមារ​ដែល​គ្មាន​លទ្ធភាព​ក្នុងការ​រស់នៅ​ដោយខ្លួន​ឯង កុមារ​ដែល​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ​និងកុមារ​ដែលអ​សមត្ថ​ភាព​មួយ​ចំនួន​ទៀត។

មូលហេតុ​នាំឱ្យ​កើតមាន​ក្មេង​កំព្រា

គ្មានអ្នក​ណាម្នាក់​ចង់​រស់នៅ​តែឯក​ឯងនិង​គ្មានអ្នក​ថែរក្សា មើលការ​ខុសត្រូវ​នោះឡើយ​ប៉ុន្ដែនេះ​ជារឿង​ដែលមិន​អាចកែ​ប្រែបាន។ កុមារ​ប្រមាណ​ជាង៣​៤០០​នាក់ដែល​បានមក​រស់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​អាស្ពេកា​ទូទាំង​ប្រទេស​ពួកគេ​សុទ្ធតែ​មានមូល ហេតុផ្សេង​ៗពីគ្នា។ ប៉ុន្ដែ​ទោះបី​ជាយ៉ាង​ណា នេះ​គ្រាន់តែ​ជាចំនួន​មួយ​ផ្នែក​ប៉ុណ្ណោះ។ មូលហេតុ​ជាច្រើន​ដែល​បណ្ដាល​ឱ្យមាន​ក្មេង កំព្រា។

1 . បញ្ហាជម្ងឺអេដស៍ ជាជម្ងឺ​ដ៏កាច​សាហាវ​មួយដែល​គ្មាន​មនោ​សញ្ចេត​នា និងគ្មាន​ការ​យោគ​យល់។ ថ្វីត្បិត​តែវា​ទើបនឹង កើតមាន​ឡើង​ក្រោយ​សង្គ្រាម ប៉ុន្ដែ​មនុស្ស​មិនតិច​ទេដែល​ស្លាប់​ដោយសារ​ជម្ងឺនេះ​នាពេល​បច្ចុប្បន្ន​មានការ​កើនឡើង​ស្ទើរ​ទូទាំង ពិភព​លោក រួមទាំង​កម្ពុជា​ផងដែរ។ កុមារ​កំព្រា​មួយចំនួន​ដែល​កំពុង​រស់នៅ​តាមអង្គ​ការ​សង្គ្រោះ​ឬមណ្ឌល​កុមារ​កំព្រា​មានផ្ទុក មេរោគ​អេដស៍​ដែលឆ្លង​ពីឪពុក​ម្ដាយ​ហើយ​ដែល​ឪពុកម្ដាយ​កុមារ​ទាំងនោះ​បានស្លាប់​បាត់បង់​ជីវិត​ទៅហើយ។

2. បញ្ហាសង្គ្រាម បើ​ប្រៀប​ធៀប​ជាមួយ​នឹងពេល​បច្ចុប្បន្ន​សង្គ្រាម​មិនមែន​ជាកត្ដា​ទីមួយ​ដែល​បណ្ដាល​ឱ្យកើត​មានក្មេង កំព្រា​នោះទេ តែវា​អាចឈរ​នៅ​លំដាប់​ថ្នាក់​លេខពីរ​បាន។ ដោយ​សារតែ​សង្គ្រាម​នេះ​ហើយ​ដែល​បណ្ដាល​ឱ្យកើត​មាននូវ​កុមារ​កំព្រា និងក្មេង​អនាថា គ្មាន​ទីពឹង​ពាក់​អាស្រ័យ។ ប៉ុន្ដែ​មូលហេតុ​មួយនេះ​បាន​កន្លងទៅ​ជាច្រើន​ឆ្នាំមក​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​យើង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

3. កត្ដាផ្សេងៗ ក្រៅពី​ជម្ងឺ​អេដស៍ និង​បញ្ហាសង្គ្រាម ក៏នៅ​មានមូល​ហេតុជា​ច្រើនផ្សេង​ទៀតដែល​រួមផ្សំ​បង្កើត​ឬ បន្សល់​ទុកនូវ​កុមារ​កំព្រា ដូចជា​គ្រោះថ្នាក់​ចរាចរណ៍ ជម្ងឺ​ផ្សេងៗ និង​កុមារ​ខ្លួនឯង​ផ្ទាល់តែ​ម្ដង។ ប៉ុន្ដែ​កត្ដា​ផ្សេងៗ​នេះមិន​សូវចោទ​ជា បញ្ហា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ឡើយ។ ហើយ​ភាគច្រើន​កុមារ​ដែលនៅ​រស់ក្រោយ​ឧបទ្ទវ​ហេតុ​ឬឪពុក​ម្ដាយ​របស់គេ​រងគ្រោះ​នោះ ពួកគេ​តែង មានអ្នក​មើលថែ និង​ចិញ្ចឹម។

ជីវភាព​រស់នៅ​របស់​ក្មេង​កំព្រា​ដំណើរ​ជីវិត និង​តម្រូវ​ការ​មនុស្ស​គ្រប់រូប​មានដូច​ៗគ្នា ការរស់​រានមាន​ជីវិត ការហូប​ចុក ស្លៀក​ពាក់ ជ្រក​កោន​និង​តម្រូវ ការនៃ​ការ​ទទួល​បាននូវ​ចំណេះ​ដឹង។ ក្មេង​កំព្រា​ក៏ត្រូវ​ការអ្វី​ទាំងអស់​នោះដែរ​គ្រាន់តែ​ថាតើ​គេអាច​ទទួល​បានយ៉ាង​ដូចម្ដេច​តែ ប៉ុណ្ណោះ។ កុមារ​ខ្លះរស់​នៅក្នុង​មណ្ឌល​កុមារ​កំព្រា ខ្លះ​រស់នៅ​ក្រោម​កិច្ច​ឧបត្ថម្ភ​របស់​អង្គការ​ខ្លះទៀត​សាច់ញាតិ​បងប្អូន​យកទៅ ចិញ្ចឹម​មើលថែ ពួកគេ​ទាំងនោះ​មា​នសិទ្ធិ​ដូចគ្នា​នឹងកុមារ​ទូទៅ​ដែរ។ នេះ​គ្រាន់តែ​ក្រឡេក​មើលទៅ​លើផ្លូវ​វិជ្ជ​មានតែ​ប៉ុណ្ណោះ ចំណែក​ឯ ផ្លូវ​អវិជ្ជ​មានវិញ​ក៏ឃើញ​មានច្រើន​ដែរ។ ក្មេង​កំព្រា​ជាបញ្ហា​គួរឱ្យ​ព្រួយ​បារម្ភ​ព្រោះ​កុមារខ្លះ​ដែល​បាត់បង់​ឪពុក​ម្ដាយ គ្មានអ្នក​មើលថែ បានដើរ​ផ្សង​ព្រេង​គ្មានទី​ដៅពិត​ប្រាកដ ស្វែងរក​ចំណី​អាហារ​ដើម្បី​រស់​ខ្លះក្លាយ​ទៅជា​ក្មេង​អនាថា​ដើរដេក​តាម​ចិញ្ចើម​ថ្នល់ និងមួយ ចំនួន​ទៀត​ក្លាយទៅ​ជាក្មេង​មិនល្អ​លួចឆក់​ទ្រព្យ​សម្បត្ដិ​អ្នកដទៃ​ជាដើម។

ក្មេង​កំព្រា​ប្រឈម​មុខនឹង​បញ្ហា

ទន្ទឹមនឹង​ការ​រស់នៅ​ដោយ​គ្មានភាព​កក់ក្ដៅ ខ្វះការ​ថ្នាក់ថ្នម​ពី​សំណាក់​ឪពុក​ម្ដាយ ឬសាច់​ញាតិ​ក្មេងៗ​ទាំងនោះ​ងាយនឹង​ជួប​ប្រទះ​នូវគ្រោះ​ថ្នាក់​ផ្សេងៗ ពិសេស​កុមារី។ ទាំងក្មេង​ស្រី​ទាំងក្មេង​ប្រុស​ដែលពុំ​សូវ​ទទួល​បានការ​អប់រំ​រៀន​សូត្រ​អាច​ប្រឈម​មុខនឹង ការលួង​លោម​បោក​បញ្ឆោត អូសទាញ​បោកប្រាស់​យកទៅ​លក់ ឬយក​ទៅ​ប្រព្រឹត្ដ​អំពើ​អានាចា​និងរក​ស៊ីផ្លូវ​ភេទជា​ដើម។ កុមារ​មួយ​ចំនួន​ទៀត​ដោយសារ​គ្មានអ្នក​គ្រប់គ្រង​មើលថែ​ក៏ត្រូវ​សង្គម​អូសទាញ​ឱ្យ​ប្រព្រឹត្ដ​អំពើ​អបាយ​មុខ​ផ្សេងៗ​រួមទាំង​ការប្រើ​ប្រាស់​គ្រឿង ញៀន ចូល​ប្រឡូក​ក្នុងការ​រួមភេទ​ទាំងវ័យ​ក្មេង ដែល​ងាយឆ្លង​ជម្ងឺ​អេដស៍​និង​ជម្ងឺកាម​រោគ​ផ្សេងៗ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

សូម​លោកអ្នក​កុំគិត​ថាក្មេង​កំព្រា​ជាមនុស្ស​គ្មាន​តម្លៃ​ឱ្យសោះ តាមពិត​តម្លៃ​មនុស្ស​គឺស្ថិត​នៅលើ​មនុស្ស​ខ្លួនឯង។ សូមលោក​អ្នក​មេត្ដា​ជួយផ្ដល់​កម្លាំង​ចិត្ដ​ដើម្បី​ឱ្យពួក​គេមាន​ភាព​កក់ក្ដៅ កុំមាន​ការរើស​អើង តែសូម​អាណិត​អាសូរ​ដល់ពួកគេ​និងផ្ដល់​ឱកាស​ឱ្យ ពួកគេ​បាន​បង្ហាញពី​សមត្ថ​ភាព​របស់​ខ្លួន​គេផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative