កូន​ខ្ញុំ​កើត​ស្អូច

ក្នុង​ចំណោម​ជម្ងឺ​របស់​កុមារ​ជាច្រើន ដូចជា​ជម្ងឺ​គ្រុនស្វិត​ដៃជើង រលាក​ស្រោមខួរ កញ្ជ្រឹល​រលាក​ថ្លើម​ប្រភេទ​បេជា​ដើម​សុទ្ធតែ​មានថ្នាំ​បង្ការ។ ដោយឡែក​ជម្ងឺ​ស្អូច​ដែល​ឧស្សាហ៍​កើតមាន​ចំពោះ​កុមារ​ស្ទើរតែ​គ្រប់រូប​នោះ​បែរជា​នៅមិន​ទាន់មាន​ថ្នាំបង្ការ​ទៅវិញ។ ជម្ងឺ​នេះអាច​ធ្វើឱ្យ​កុមារ​មាន​គ្រោះថ្នាក់​បាន បើសិន​ជាមាន​ការធ្វេស​ប្រហែស មិនយក​ចិត្ដទុក​ដាក់នោះ។ ជម្ងឺ​ស្អូចនេះ​អាច ព្យាបាល​ដោយ​វិធី​ងាយៗ តែទាម​ទារឱ្យ​មាន​បច្ចេក​ទេស​ក្នុងការ​ព្យាបាល​និង​ចំណេះ​ដឹងក្នុង​ការ​ការពារ​ឱ្យបាន​ត្រឹមត្រូវ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត ហ៊យ គឹមហេង ឯក​ទេស​ជម្ងឺ​កុមារ​ទូទៅ​នៅក្នុង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ចូលរួម​បកស្រាយ​បំភ្លឺ​អំពី​ជម្ងឺ​ស្អូច នេះ​តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

ជម្ងឺ​ស្អូច

ស្អូចជា​ជម្ងឺ​មួយ​ប្រភេទ​ដែលមាន​លក្ខណៈ​ប្រហាក់​ប្រហែល​ទៅនឹង​ជម្ងឺ​កញ្ជ្រឹល​ដែលកើត​មានឡើង​នៅលើ​មនុស្ស​គ្រប់វ័យ ជា​ពិសេស​កុមារ​តូចៗ​ឬទារក​ដែលមាន​អាយុ​ក្រោម១​ឆ្នាំ។ ជម្ងឺនេះ​អាចឆ្លង​ពីកុមារ​ម្នាក់ទៅ​ម្នាក់ទៀត​បានដោយ​ងាយ​តាមរយៈ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា តែពុំ​មាន​បណ្ដាល​ឱ្យគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​នោះទេ។ វាកើត​ឡើងក្នុង​រយៈពេល​ខ្លី​យ៉ាងយូរ​មួយ​សប្ដាហ៍​តែ​ប៉ុណ្ណោះ​នឹង បាត់ទៅ​វិញដោយ​ឯកឯង។

រោគ​សញ្ញា​ជម្ងឺស្អូច

ការលេច​ចេញនូវ​ស្នាមកន្ទួល​ក្រហម​អុចៗ​តូចៗ​នៅលើ​ស្បែក ភ្នែក​ក្រហម​ព្រឿងៗ​មានហៀរ​សំបោរ​និងមាន​អាការ​ក្ដៅ ខ្លួន​(មិនលើស​ពី៣៨​អង្សាសេ) ដែល​មាតា​បិតា​តែងតែ​ច្រឡំ​ទៅនឹង​ជម្ងឺ​កញ្ជ្រឹល។ ស្នាម​កន្ទួល​ក្រហម​តូចៗ​ជាដំបូង​ចេញនៅ​លើផ្ទៃ​មុខ ថ្ពាល់​របស់​កុមារ ហើយ​ក្នុងរយៈ​ពេល១​-២ថ្ងៃ​ប៉ុណ្ណោះ វានឹង​រលុប​បាត់ទៅ​វិញ។ បន្ទាប់​មកវា​ចេញនៅ​លើដង​ខ្លួន​ឬដើម​ទ្រូងវិញ​ម្ដង ហើយវា​នឹងចេញ​ដេញ​បន្ដ​រហូត​ដល់ចុង​ជើងទៀត។ មិនតែ​ប៉ុណ្ណោះ​ពេលកើត​ជម្ងឺស្អូច​គេ​សង្កេត​ឃើញមាន​ចេញកូន​កណ្ដុរ​តូចៗរីក ប៉ោងប៉ុន​ៗគ្នា​នៅក្បែរ​គុម្ព​ត្រចៀក និងកញ្ចឹង-ករបស់​កុមារ​ទៀតផង។ ក្រោយ​ពេលដែល​ជម្ងឺ​ស្អូចហើរ​អស់ គឺ​បន្សល់​ទុកនូវ​ស្នាមអុចៗ ខ្មៅ-ស តូចៗ​នៅលើ​ស្បែក។

មូល​ហេតុកើត​ជម្ងឺស្អូច

ជា​ទូទៅ​ជម្ងឺ​ស្អូចកើត​ឡើង​ដោយសារ​មេរោគ​ម្យ៉ាងដែល​ច្រើនមាន​នៅក្នុង​ទឹក​សំបោរ កំហាក​និងទឹក​មាត់របស់​កុមារ​ផ្ទាល់ ។ ជម្ងឺនេះ​កើតមាន​ឡើងដោយ​ឯកឯង ពុំមាន​បណ្ដាល​មកពី​ការ​បរិភោគ​ចំណី​អាហារ​ឬ​បរិស្ថាន​ខាងក្រៅ​ណាមួយ​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺស្អូច

ដោយសារ​ជម្ងឺ​ស្អូចជា​ប្រភេទ​ជម្ងឺដែល​មិនមាន​សភាព​ធ្ងន់ធ្ងរ​នោះ ដូច្នេះ​វិធី​ព្យាបាល​ក៏មិន​សូវជា​មានភាព​ស្មុគស្មាញ​ប៉ុន្មាន​ដែរ។ ដោយ​លោកអ្នក​គ្រាន់តែ​ផ្ដល់នូវ​ចំណី​អាហារ និងទឹក​ឱ្យបាន​គ្រប់​គ្រាន់​ដើម្បី​ឱ្យ​កុមារ​មាន​សុខភាព​ល្អ​និង​ជួយ​បន្ថយ​កម្ដៅ។ ប្រការ​សំខាន់​នោះ សូមកុំ​ធ្វើការ​ព្យាបាល​តាម​ទម្លាប់​បុរាណ ដូចជា​ការយក​ស្លឹកឈើ សម្បក​ឈើ ខ្យង​ឬក្ដាម​មកត្រាំ​ទឹករួច​យកមក ងូត​ឱ្យសោះ ព្រោះការ​ធ្វើ​បែបនេះ​អាចធ្វើ​ឱ្យ​មេរោគ​មានភាព​ងាយស្រួល​ជ្រៀតចូល​ក្នុងស្បែក​ដែលជា​ហេតុធ្វើ​ឱ្យជម្ងឺ​រឹតតែ​មាន សភាព​ធ្ងន់ធ្ងរ​ឡើង និង​ពិបាក​នៅក្នុង​ការព្យា​បាល។

ផល​វិបាក​នៃជម្ងឺ​ស្អូច

ជម្ងឺ​ស្អូចមិន​សូវផ្ដល់​ផល​លំបាក ឬមាន​បញ្ហា​ប៉ះពាល់​ទៅដល់​សុខភាព និង​រាងកាយ​នោះទេ​បើទោះ​បីជា​ជម្ងឺស្អូច​អាច​បណ្ដាល​ឱ្យកុមារ​មានជម្ងឺ​រលាក​ស្រោមខួរ​ក៏ដោយ ក៏ប៉ុន្ដែ​មានអត្រា​ទាប​បំផុត​ក្រោម១%​ប៉ុណ្ណោះ។

ប្រការ​គួរ​ប្រតិបត្ដិ​ពេលកើត​ស្អូច

នៅពេល​ដែល​លោកអ្នក​មានឃើញ​លេចចេញ​នូវរោគ​សញ្ញា​ដូចដែល​បាន​ជម្រាប​ជូនខាង​លើ ឬ​ក្រោយពេល​ដែលបាន​ដឹងថា​បុត្រធីតា​របស់​លោកអ្នក​មានកើត​ជម្ងឺស្អូច លោកអ្នក​គួរតែ​យកចិត្ដ​ទុកដាក់​ទៅលើ​កុមារ​ដោយ​ត្រូវផ្ដល់​ចំណី​អាហារ​ឱ្យពួក​គេឱ្យបាន គ្រប់គ្រាន់។ ចំពោះ​កុមារ​ដែលមាន​អាយុ​ក្រោម១​ឆ្នាំ ត្រូវ​បំបៅ​ទឹកដោះ​ឱ្យបាន​គ្រប់គ្រាន់​ចៀស​វាងកុំ​ឱ្យកុមារ​ខ្វះ​អាហា​រូបត្ថម្ភ។ ម្យ៉ាង​វិញទៀត មាតា​បិតា​មិនត្រូវ​ឱ្យ​កុមារ​កើត​ជម្ងឺស្អូច​ទៅលេង​ជាមួយ​ក្មេងៗ​ដទៃ​ទៀត​ឬទៅ​សាលា​រៀនឱ្យ​សោះ ព្រោះវា​អាច បណ្ដាល​ឱ្យឆ្លង​ជម្ងឺនេះ​ទៅកុមារ​ផ្សេង​ទៀតបាន​ដោយងាយ​ស្រួល។ ប្រការ​សំខាន់​មាតា​បិតា​គួរតែ​នាំយក​កុមារ​ដែលមាន​ជម្ងឺស្អូច​ទៅ ជួប​គ្រូពេទ្យ​ជំនាញ​ឯកទេស ដើម្បី​ពិនិត្យ និង​ព្យាបាល ទើបជា​ការ​ប្រសើរ។

វិធាន​ការ​ការពារ​ជម្ងឺ​ស្អូច

ទោះបី​ជានៅ​ពេល​បច្ចុប្បន្ន​នេះ ក្នុង​ប្រទេស​កម្ពុជា​យើង​មិនទាន់​មានថ្នាំ​បង្ការ​ជម្ងឺស្អូច​ក៏ដោយ​តែក៏​មាន​វិធាន​ការទប់​ស្កាត់ ជម្ងឺ​ស្អូចនេះ​មួយ​ចំនួនដែរ។ មាតា​បិតា​ចាំបាច់​ត្រូវមើល​ថែទាំ​បុត្រ​ធីតាឱ្យ​បានល្អ​ទាំង​ចំណី​អាហារ​ទាំង​អនាម័យ​ចៀសវាង​កុំឱ្យ​កុមារ​ខ្វះ​អាហា​រូបត្ថម្ភ ពិសេស​ត្រូវ​ប្រយ័ត្ន​កុំឱ្យ​កុមារ​ទៅលេង​ជាមួយ​ក្មេងដទៃ​ទៀត​ដែលមាន​កើត​ជម្ងឺស្អូច។

ដំ​បូន្មាន​អ្នក​ជំនាញ

សូម​មាតា​បិតា​យកចិត្ដ​ទុកដាក់​ទៅលើ​កុមារ​ឱ្យបាន​ល្អទាំង​ចំណី​អាហារ​ទាំង​អនាម័យ។ នៅ​ពេលដែល​បុត្រ​ធីតា​មានកើត​ជម្ងឺស្អូច ត្រូវ​ឧស្សាហ៍​ឱ្យពួក​គេ​បរិភោគ​ទឹក និង​អាហារ​ឱ្យបាន​ច្រើន ហើយត្រូវ​នាំយក​កុមារ​ទៅជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ពិនិត្យ​និង​ព្យាបាល។ សូម​កុំរក​ដំណោះ​ស្រាយ​ដោយ​ខ្លួនឯង និងធ្វើ​ការព្យា​បាលតាម​ទម្លាប់​ឬតាម​ការយល់​ឃើញដោយ​គ្មានការ​ពិភាក្សា ជាមួយ​អ្នកជំនាញ​ឱ្យសោះ ចៀសវាង​នាំគ្រោះ​ថ្នាក់ដល់​កុមារ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative