វិធី​អ៊ុត​បន្ដឹង​ស្បែក​មុខ

សម្រស់​ជារឿង​មួយ​ដែល​ត្រូវ​យក​ចិត្ដ​ទុកដាក់​ជា​ចាំបាច់ ជា​ពិសេស​សម្រាប់​សុភាព​នារី។ ដូចនេះ​សុភាព​នារី​ទាំង​ឡាយ មិន​គួរ​ធ្វេស​ប្រហែស​ចំពោះ​ការ​ថែរក្សា​សម្រស់​នោះទេ។ ដើម្បី​បំពេញ​តាម​បំណង​វិទ្យាសាស្ដ្រ​រីក​ចម្រើន​បាន​បង្កើត​នូវ​ឧបករណ៍ គ្រប់​បែប​យ៉ាង​ខាង​ផ្នែក​សម្ផស្ស ដូច​ជាម៉ាស៊ីន​អ៊ុត​បន្ដឹង​ស្បែក​មុខ​ជាដើម ដែល​ធ្វើឱ្យ​ស្បែក​សភ្លឺ​រលោង​ហើយ​ធ្វើឱ្យ​កោសិកា​ស្បែក មុខ​តឹង​ណែន​បានល្អ​ទៀត​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ទម្លាយ​អាថ៌​កំបាំង​អំពីការ​អ៊ុត​បន្ដឹង​ស្បែកមុខ​ជូនមិត្ដ​អ្នកអាន​ឱ្យបាន​ជ្រាប ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​អ្នកនាង លីណា អ្នក​ជំនាញ​នៅ​មជ្ឈ​មណ្ឌល​អ៊ីតាលី​ព្យា​បាល និង​កែ​សម្ជស្ស។

ការអ៊ុត​បន្ដឹង​ស្បែក​មុខ?

ការអ៊ុត​បន្ដឹង​ស្បែក​មុខ គឺសំដៅ​ទៅលើ​ការ​យក​ម៉ាស៊ីន​សម្រាប់​អ៊ុត​មកអ៊ុត​នៅលើ​ផ្ទៃមុខ​ដែល​យារ​ជ្រីវ​ជ្រួញ​ប្រយោជន៍ ធ្វើឱ្យ​កោសិកា​ស្បែកមុខ​តឹង​ណែន​ឡើង​វិញ។

វិធី​អ៊ុត​បន្ដឹង​ស្បែក​មុខ

មុន​នឹង​លោកអ្នក​ចាប់​ផ្ដើម​ធ្វើការ​អ៊ុត​បន្ដឹង​ស្បែក​មុខ ជាបឋម​លោកអ្នក​ត្រូវ​លាង​សម្អាត​ផ្ទៃមុខ​ឱ្យស្អាត​ជាមុន​សិន​ទើប យក​ផលិតផល​សម្រាប់​អ៊ុត​បន្ដឹង​ស្បែក​មុខ​មកលាប​នៅលើ​ស្បែកមុខ​ឱ្យសព្វ ដើម្បី​ជំនួយ​ដល់ការ​អ៊ុត​បន្ដឹង​ស្បែកមុខ។ បន្ទាប់​មក​ទើប យក​ម៉ាស៊ីន​សម្រាប់​អ៊ុត​បន្ដឹង​ស្បែក​មកអ៊ុត​នៅលើ​ផ្ទៃមុខ ដោយ​អូសទាញ​ម៉ាស៊ីន​អ៊ុតនេះ​ឡើង​ទៅលើ​ដើម្បី​ឱ្យ​ស្បែក​មុខ​ឡើង​ទៅលើ តាម​កម្លាំង​ម៉ាស៊ីន ហើយ​ចៀសវាង​កុំឱ្យ​ស្បែកមុខ​យារ​ធ្លាក់​មក​ក្រោម​វិញ។ ក្រោយ​ពីអ៊ុត​បន្ដឹង​ស្បែក​មុខ​ហើយ លោកអ្នក​ពុំចាំ​បាច់ ប្រើ​ផលិតផល​ការពារ​ស្បែកមុខ​អ្វីទេ​ហើយ​ក៏ពុំ​ចាំបាច់​ជូត​ផលិតផល​ដែល​លាប​នៅ​លើ​ស្បែក​មុខ​នៅពេល​កំពុង​តែអ៊ុត​បន្ដឹង​ស្បែកមុខ នោះ​ចោល​ដែរ​ព្រោះ​បើ​ផលិតផល​នោះកាន់​តែជ្រាប​ធ្វើឱ្យ​ស្បែក​កាន់​តែ​ណែន​បានល្អ​ទៀត​ផង។ ការ​អ៊ុត​បន្ដឹង​ស្បែកមុខ​នេះ ប្រើរយៈ ពេល​ប្រមាណ​តែ២០នាទី​ប៉ុណ្ណោះ។

អត្ថ​ប្រយោជន៍​នៃ​ការ​អ៊ុត​បន្ដឹង​ស្បែក​មុខ

បន្ទាប់ពី​លោកអ្នក​អ៊ុត​បន្ដឹង​ស្បែកមុខ​ហើយ លោកអ្នក​នឹង​ទទួល​បានផល​ប្រយោជន៍​ជាច្រើន​ដូចជា ៖

  • ធ្វើឱ្យ​ស្បែកមុខ​បាត់ភាព​យារ​ជ្រីវ​ជ្រួញ
  • ធ្វើឱ្យ​ស្បែក​មុខ​តឹង​ណែន​ល្អ
  • ធ្វើឱ្យ​ស្បែក​មុខ​រាង​សភ្លឺ​រលោង​ស្អាត
  • និង​ជួយ​លើក​សម្រស់​ឱ្យក្មេង​ជាង​វ័យ។

ផល​ប៉ះពាល់​នៃការ​អ៊ុត​បន្ដឹង​ស្បែក​មុខ

ការ​អ៊ុត​បន្ដឹង​ស្បែកមុខ​នេះ​កម្រ​ធ្វើឱ្យ​មានផល​ប៉ះពាល់​ណាស់ ប្រសិនបើ​លោកអ្នក​ជ្រើស​រើស​កន្លែង​ដែល​មាន​ឯកទេស​ពិត ប្រាកដ។ វាអាច​បណ្ដាល​ឱ្យមាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដូចជា​មានការ​ឈឺចាប់​នៅពេល​ដែល​អ៊ុត​បន្ដឹង​ស្បែក​មុខ​ព្រោះ​ដោយ​ប្រើ ម៉ាស៊ីន​អ៊ុត​មាន​កម្ដៅ​ខ្លាំង និង​ធ្វើឱ្យ​ស្បែកមុខ​មាន​ស្លាក​ស្នាម ឬ​ស្បែក​មុខ​យារ​លើស​ដើម​ក៏មាន។

ដំបូន្មាន​អ្នក​ប្រឹក្សា

ដើម្បី​បំបាត់​ស្បែក​យារ​ជ្រីវ​ជ្រួញ​នៅលើ​ផ្ទៃមុខ ហើយ​ធ្វើឱ្យ​ក្មេង​ជាង​វ័យ​នោះ លោកអ្នក​ត្រូវអ៊ុត​បន្ដឹង​ស្បែក​មុខ។ លោក អ្នក​ត្រូវ​ប្រយ័ត្ន​ប្រយែង​បន្ដិច​ក្នុងការ​ជ្រើស​រើស​កន្លែង​ព្រោះ​ការ​ជ្រើស​រើស​កន្លែង​ដែល​មិន​មាន​វិជ្ជាជីវៈ​ពិត​ប្រាកដ​អាច​ធ្វើឱ្យ​មាន​ផល វិបាក​កើត​ឡើង។

អ្វីដែល​បាន​រៀបរាប់​ជូនខាង​លើនេះ គ្រាន់តែ​ជា​ចំណេះ​ដឹង​សម្រាប់​លោកអ្នក​ពិចារណា​តែ​ប៉ុណ្ណោះ។ សូម​លោកអ្នក​ជ្រើស រើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អត្រឹម​ត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative