ប្រជាជន​រស់​នៅ​លើ​ផ្ទៃ​​បឹង​ទន្លេ​សាបកំពុង​ជួប​បញ្ហា​អនាម័យ ​ទឹក​ស្អាត និង​បង្គន់ ​

កង្វះ​អនាម័យ ទឹក​ស្អាត និង​បង្គន់​ប្រើ​ប្រាស់​ជា​បញ្ហា​សំខាន់​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​បាត់​បង់​ចំណូល​គ្រួសារ​របស់​អ្នក​រស់​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប។ តំបន់​ដែល​ប្រឈម​ទៅនឹង​ការ​ខ្វះ​អនាម័យ​ខ្លាំង គឺ​តំបន់​នៅ​តាម​ដង​ទន្លេ​សាប ភាគ​ច្រើន​លើស​លុប​គ្មាន​បង្គន់​ប្រើ​ប្រាស់ និង​ទឹក​ស្អាត។ ការប្រឈម​នេះបាន​ធ្វើឲ្យអ្នក​រស់នៅ​លើផ្ទៃទឹក​បឹងទន្លេ​សាប​មាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុវត្ថិភាព​សុខភាព​ទៅថ្ងៃ​អនាគត​។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​បោះ​ចោល​កាក​សំណល់​ផ្សេងៗ ទៅ​ក្នុង​ទឹក​មាន​ចំនួន​កាន់តែ​ច្រើន ដែល​ជាហេតុ​ធ្វើ​ឲ្យ​ប្រជាជន​នៅលើ​ផ្ទៃទឹក​ទន្លេ​សាប ត្រូវ​ប្រឈម​បញ្ហា​សុខ​ភាព​កាន់​តែ​ខ្លាំង​ឡើង នៅ​ថ្ងៃ​ខាង​មុខ ប្រសិនបើ​គ្មាន​វិធាន​ការ​ដោះ​ស្រាយ​បាន​សមរម្យ​នោះទេ។ នេះ​បើយោងតាម​របាយការណ៍​ព័ត៌មាន​របស់​វិទ្យុអាស៊ី​សេរី​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗ​នេះ។

សារ​ព័ត៌មាន​នេះ​បន្តថា តំបន់​ឆ្នុក​ទ្រូ​មាន​ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង គឺ​ជា​តំបន់​មាន​ប្រជាជន​រាប់​ពាន់​គ្រួសារ រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ខ្វាត់​ខ្វែង​គ្នា​ រួម​ទាំង​សម្លេង​ទូក​ម៉ាស៊ីន កាណូត​ តូច​ធំ​ បើក​ទៅ​មក​ដឹក​ទំនិញ​​ទៅ​កាន់​ទីផ្សារ បាន​លាន់​ឮ​កង​រំពង​នៅ​តំបន់​នោះ កំពុង​មានបញ្ហា​អនាម័យ​ខ្ពស់គួរ​ជាទី​បារម្ភ​ចំពោះ​បញ្ហា​សុខភាព។

បើតាម​សម្តី​របស់​លោក ​ទឹម សុខ​ទៀង ប្រជា​នេសាទ​រស់​នៅ​ក្នុង​ឃុំ​កំពង់លួង ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ថា ​​ប្រជាជន​នៅ​ទី​នេះ​ភាគ​ច្រើន​បរិភោគ​​ទឹក​ស្ទឹង ហើយការ​យល់​ដឹង​អំពី​​ថែ​រក្សា​បរិស្ថាន​​រួម​ទាំង​បញ្ហា​អនាម័យ​និង​ទឹក​ស្អាត​ ក៏​នៅ​មាន​តិច​តួច​នៅ​ឡើយ។ លោក​បន្ថែម​ថា ឥឡូវ​បញ្ហា​អនាម័យ​នេះ មាន​ភាព​ប្រសើរ​ជាង​មុន ដោយ​សារ​តែ​មាន​អង្គការ​មួយ​ចំនួន បាន​ចុះ​អប់រំ និង​លើក​កម្ពស់​អនាម័យ​នៅ​ក្នុង​ភូមិ​នេះ។

បញ្ជាក់​បន្ថែម​ពី​បញ្ហា​អនាម័យ ប្រជា​នេសាទ​អាយុ ៦២ ឆ្នាំ​ម្នាក់ គឺ​លោក គង់ ឃៀន មាន​ប្រសាសន៍​ថា ប្រជាជនដែល​រស់​នៅ​ទី​នេះ តែង​តែ​ប្រើប្រាស់​ទឹក​ស្ទឹង​នេះ សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ហើយ​ពួក​គាត់​មិន​មាន​បង្គន់​ប្រើ​ប្រាស់​ទេ ដោយ​សារ​តែ​ពួក​គាត់​រស់​នៅ​ជា​ផ្ទះ​បណ្ដែត ចល័ត​តាម​ទឹក​ឡើង​ស្រក។

មេឃុំ​ផាត់​សណ្ដាយ លោក ហេង មនោ មាន​ប្រសាសន៍​ថា ទូទាំង​ឃុំ​ទាំង​មូល មាន​ប្រជាជន​ចំនួន​ជាង ១១០០​គ្រួសារ ត្រូវ​ជា ៥ ពាន់​នាក់។ ​៩៥% ជា​អ្នក​នេសាទ ៣% ធ្វើ​កសិកម្ម និង ២% ជា​អ្នក​លក់​ដូរ​នៅ​តាម​ផ្ទះ​បណ្ដែត​ទឹក។ លោក​បញ្ជាក់​ទៀត​ថា ប្រជាជន​យល់​ដឹង​មាន​កម្រិត​ទាប​នៅ​ឡើយ​អំពី​ការ​ថែរក្សា​បញ្ហា​បរិស្ថាន និង​ចំនួន​បង្គន់​ប្រើ​ប្រាស់​តាម​ផ្ទះ​បណ្ដែត​ទឹក​មាន​តិច​តួច​​នៅ​ឡើយ។

ទាក់​ទងនឹង​បញ្ហា​អនាម័យ និង​ទឹក​ស្អាត​ក្នុង​ឃុំ​ផាត់​សណ្ដាយ​ខេត្ត​កំពង់ធំ​នេះ មន្ត្រី​អង្គការ លីវ អ៊ែន លើន (Live and Learn) លោក កែ ហាក់ឡី បាន​ឲ្យ​ដឹង​ថា ទឹក​សព្វ​ថ្ងៃ​មាន​សភាព​ល្អក់​ជាង​មុន ដោយសារ​តែ​ការ​បំពុល​ទឹក​របស់​ប្រជាជន ដែល​រស់​នៅ​ទី​នេះ និង​ចំនួន​ប្រជាជន​ក៏​មាន​ការ​កើន​ឡើង​រៀង​រាល់​ឆ្នាំ។ លោក ហាក់ឡី បន្ថែម​ថា ការ​ចោល​សំរាម​គ្មាន​សណ្ដាប់​ធ្នាប់ ការ​បន្ទោបង់ និង​កាក​សំណល់​ផ្សេងៗ ចោល​ក្នុង​ទឹក គឺជា​មូលហេតុ​ធ្វើ​ឲ្យ​គុណភាព​ទឹក​កាន់​តែ​កខ្វក់។ លោក ហាក់ឡី បាន​អង្កេតឃើញ​ថា ប្រជាជន​តែង​តែ​មាន​ជម្ងឺរាក និង​ជម្ងឺ​ឆ្លង​ផ្សេងៗ ដោយ​សារ​តែ​ការ​ខ្វះ​អនាម័យ និង​ប្រជាជន​ចំណាយ​កាន់​តែ​ច្រើន ដោយ​សារ​តែ​មន្ទីរពេទ្យ​ស្ថិត​នៅ​ឆ្ងាយ។ បញ្ហា​នេះ ត្រូវ​បាន​អង្គការ​មួយ​ចំនួន​ចូល​រួម​លើក​ស្ទួយ​អនាម័យ​នៅ​តំបន់​នោះ ដូច​ជា ការ​កសាង​បង្គន់​បណ្ដែត​ទឹក និង​អាង​ស្តុក​លាមក​ជា​ដើម។ លោកបានបន្ថែមថា «យើង​មាន​អង្គការ​អប់រំ​ស្ដី​ពី​ការ​រស់​នៅ​ជា​មួយ​បរិស្ថាន ដែល​ហៅ​កាត់​ថា Live ​and​ Learn រួម​ជា​មួយ​វិស្វករ​គ្មាន​ព្រំដែន​អូស្ត្រាលី ហើយ​និង​ក្រសួង​អភិវឌ្ឍ​ជន​បទ ដែល​មាន​ជំនួយ​មក​ពី​អាយបប់ ដោយគេ​បាន​បង្កើត​ផែ​ស្តុក​ទុក​លាមក និង​បង្គន់​បណ្ដែត​ទឹក។ គេ​រចនា​ឡើង​ដើម្បី​កុំ​ប្រជា​ពលរដ្ឋ​បន្ទោរបង់​ផ្ទាល់​ដល់​ប្រភព​ទឹក​ប្រើ​ប្រាស់។ នេះ​ជា​រឿង​ប្រសើរ​បំផុត ដែល​ពី​មុន​មក​យើង​អត់​ធ្លាប់​មាន»។

វិស្វករ​ផ្ដល់​យោបល់​គម្រោង​ថាមពល​ជីវឧស្ម័ន ទឹក​ស្អាត និង​អនាម័យនៃ​អង្គការ(លីវ អ៊ែន លើន) លោក គ្រីស បាន​ឲ្យ​ដឹង​ថា គម្រោង​សាង​សង់​បង្គន់​បណ្ដែត​ទឹក​នេះ គឺ​ជា​គម្រោង​សាក​ល្បង​មុន​គេ ដែល​ធ្វើ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ចំនួន ១២ គ្រួសារ និង​សាលា​រៀន​មួយ នៅ​ក្នុង​ឃុំ​ផាត់​សណ្ដាយ ក្នុង​គោល​បំណង​លើក​កម្ពស់​ផ្នែក​អនាម័យ នៅ​ក្នុង​ឃុំ​នេះ។​ លោក​បន្ថែម​ថា ការ​សង់​បង្គន់​បណ្ដែត​ទឹក និង​ការ​សាង​សង់​ផែ​ស្តុក​លាមក គឺ​អាច​យក​មក​កែច្នៃ​ធ្វើ​ជា​ឡ​ជីវឧស្ម័ន ដើម្បី​ប្រើ​ជា​ប្រភព​សម្រាប់​ចម្អិន​អាហារ និង​កាក​សំណល់​អាច​យក​មក​ធ្វើ​ជា​ជី​ធម្មជាតិ​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ ជាដើម។ លោក គ្រីស​បានមាន​ប្រសាសន៍​បន្ត​ថា៖ «ចំណុច​សំខាន់​បំផុត​នោះ គឺ​ជួយ​លើក​កម្ពស់​ផ្នែក​អនាម័យ​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប។ ដូច្នេះ​យើង​ធ្វើ​ការ​សាកល្បង​ដំបូង​ក្នុង​សហគមន៍​ផ្ទះ​បណ្ដែត​ទឹក ហើយ​បើ​គម្រោង​នេះ​ជោគជ័យ យើង​នឹង​បន្ត​ទៅ​ទី​កន្លែង​ផ្សេង​ទៀត​ទៅ​សហគមន៍​ផ្ទះ​បណ្ដែត​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​​​មន្ត្រី​អង្គការ លិវ អ៊ែន លើន (Live and Learn) លោក កែ ហាក់ឡី អង្កេត​ឃើញ​ថា បញ្ហា​ទាំង​ឡាយ ជា​ពិសេស​បញ្ហា​អនាម័យ​នៅ​ឃុំ​ផាត់​សណ្ដាយ មិន​ទាន់​បាន​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​នៅ​ឡើយ​ទេ។

យោង​តាម​របាយ​ការណ៍ ដែល​ស្រាវជ្រាវ​ដោយ​ធនាគារ​ពិភពលោក​អំពី​អនាម័យ​កន្លង​មក បាន​បង្ហាញ​ថា មាន​កាក​សំណល់​ប្រមាណ ២ ពាន់​ម៉ែត្រគីប បោះ​ចោល​ពាស​វាល​ពាស​កាល​នៅ​តំបន់​ជនបទ និង​យ៉ាង​ហោច​ណាស់ ក៏​មាន​ទឹក​ក្រខ្វក់​ប្រមាណ​ ៨ ពាន់​ម៉ែត្រ​គីប ទឹក​មូត្រ ឬ​ទឹក​នោម​ប្រមាណ ២ ពាន់​ម៉ែត្រ​គីប និង​លាមក​ប្រមាណ ២០០ តោន​បោះ​ចោល​ទៅ​ក្នុង​ទឹក​រៀង​រាល់​ថ្ងៃ។

ចំពោះ​បញ្ហា​កង្វះ​អនាម័យ និង​ទឹក​ស្អាត ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា កម្ពុជា​ខាត​បង់​ប្រមាណ ៤៥០ លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ ឬ​ប្រជាជន​ម្នាក់ ត្រូវ​ខាត​បង់​ប្រមាណ ៣២ ដុល្លារ​ក្នុង​មួយ​ឆ្នាំ តាម​រយៈ​ការ​ព្យាបាល​ជម្ងឺ ដែល​បង្ក​ឡើង​ដោយសារ​កង្វះ​ទឹក​ស្អាត និង​អនាម័យ។ ចំពោះ​តំបន់​ដែល​គ្មាន​បង្គន់​ប្រើ​ប្រាស់ ​​និង​ប្រឈម​​កង្វះ​ទឹក​ស្អាត គឺ​ខេត្ត​ដែល​នៅ​ជុំ​វិញ​បឹង​ទន្លេ​សាប មាន​ដូច​ជា បាត់​ដំបង សៀមរាប កំពង់ធំ កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ មាន​ប្រជាជន​រាប់​ម៉ឺន​គ្រួសារ​ជា​ផ្ទះ​បណ្ដែត​ទឹក រស់​នៅ​ទី​នោះ។ ឯមុខ​របររបស់ប្រជាជន​ភាគ​ច្រើន គឺ​ពឹងផ្នែក​លើ​ការ​នេសាទ។

ក្នុង​របាយការណ៍​ដដែលនេះ​បាន​បញ្ជាក់​ទៀត​ថា ប្រជាជន​កម្ពុជា​ច្រើន​ជាង ១១ លាន​នាក់ គ្មាន​បង្គន់​ និង​ការ​ខ្វះ​អនាម័យ។ ក្នុង​នោះ​ចំនួន ២ ភាគ ៣ ប្រឈម​នឹង​ជម្ងឺ​រាករូស។ ចំនួន​មនុស្ស​ស្លាប់​ប្រចាំ​ឆ្នាំ ដោយ​សារ​តែ​កង្វះ​អនាម័យ មាន​ប្រមាណ ១ ម៉ឺន​នាក់។ ក្នុង​នោះ មាន ២ នាក់​ក្នុង​ចំណោម ១០ នាក់ ស្លាប់​ដោយ​សារ​ជម្ងឺ​រាក និង​មាន​ប្រជាជន​ប្រមាណ​ជិត ១០ លាន​នាក់ ជា​អ្នក​ក្រីក្រ​ប្រឈម​នឹង​បញ្ហា​ខ្វះ​អនាម័យ និង​ទឹក​ស្អាត។ បើទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​វាយ​តម្លៃ​បាន​បង្ហាញ​ថា ការ​លើក​កម្ពស់​បញ្ហា​អនាម័យ​ដោយ​ការ​លាង​ដៃ​ឲ្យ​បាន​ស្អាត គឺ​ទទួល​បាន​ការ​កាត់​បន្ថយ​ការ​ចំណាយ​លើ​សុខភាព​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៤ លាន​ដុល្លារ និង ៦០ លាន​ដុល្លារ​តាម​រយៈ​ការ​ប្រើប្រាស់​បង្គន់។ អ្នក​ជំនាញ​ផ្នែក​អនាម័យ​និង​ទឹក​ស្អាត​បាន​បង្ហាញ​ថា​ ប្រសិន​បើ​កម្ពុជា​អាច​ដោះ​ស្រាយ​បញ្ហា​អនាម័យ​នេះ​បាន​ កម្ពុជា​និង​ទទួល​បាន​នូវ​​ផល​ចំណេញ​ដែល​មាន​តម្លៃ​ប្រមាណ​៧​ភាគ​រយ​នៃ​ផលិត​ផល​សរុប​ (GDP) ​រៀង​រាល់​ឆ្នាំ៕

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី១៦ ឧសភា ឆ្នាំ​ ២០១២

Google Analytics Alternative