គ្រោះ​ធម្មជាតិ​ដើមឆ្នាំ​២០១២​ នៅ​កម្ពុជា

កត្តា​ប្រែប្រួល​ធម្មជាតិ​ និងការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​គ្មានការ​គិត​ពិចារណា​ពីសំណាក់​ជន​ទុច្ចរិត ជា​ហេតុ​ធ្វើឲ្យ​គ្រោះ​ធម្មជាតិ​កាន់តែ​ធ្ងន់​ធ្ងរ​ឡើងៗ​ពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ។ ទោះបី​ជាអ្នក​ទាំងនោះ​ បានដឹង​រួចមក​ហើយ​អំពី​ផលប៉ះ​ពាល់​ដល់​កូនចៅ​ជំនាន់​ក្រោយរ​បស់​ពួកគេ​ក៏ដោយ​ ក៏ពួក​គេនៅ​តែកាប់​បំផ្លាញ​ព្រៃឈើ​ទាំងនោះ​តទៅ​ទៀត។ តើ​គ្រោះ​មហន្តរាយ​នៅប៉ុន្មាន​ខែដើម​ឆ្នាំនេះ​មានអ្វី​ខុសប្លែក​ពីឆ្នាំ​កន្លងទៅ​នៅក្នុង​ប្រទេស​កម្ពុជា​? ដើម្បី​ជ្រាបកាន់​តែច្បាស់​ពីបញ្ហា​នេះ សូម​ប្រិយអ្នក​អាន តាម​អានជា​មួយ​គេហ​ទំព័រ​សុខភាព​កម្ពុជា​ដូច​តទៅ​៖

រូបភាពគេហទំព័រសុខភាពកម្ពុជា

ការប្រែ​ប្រួល​ខុស​ប្លែក​ យ៉ាង​ឆាប់​រហ័ស​ បាន​ចូលមក​យាយី ឈ្លាន​ពាន​អាយុ​ជីវិត ព្រម​ទាំង​សុខភាព​របស់​មនុស្ស​ជាតិ​ទាំងមូល​នៅលើ​ពិភព​លោក​ឲ្យរស់​នៅ​ពោពេញ​ទៅដោយ​បញ្ហា​ប្រឈម​ជាបន្ត​បន្ទាប់​ទៅ​ថ្ងៃ​អនាគត​។ របាយ​ការណ៍​របស់​គណៈ​កម្មការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​របស់​កម្ពុជា​បានឲ្យ​ដឹងថា​ នៅក្នុង​កំឡុង​ពេល៤​ខែដើម​ឆ្នាំ ២០១២​នេះ គ្រោះ​ថ្នាក់​ដោយសារ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ មាន​ការ​កើន​ឡើងជាង​ឆ្នាំមុន​ច្រើន​ ដែលបាន​សម្លាប់​មនុស្ស​ចំនួន ២១​នាក់ និង​រង​របួស ៥៣​នាក់ ព្រម​ទាំង​រលំ​ផ្ទះ​របស់​ប្រជាពល​រដ្ឋ ១៤២​ខ្នង រួម​ទាំងខួច​ខាត​ជាច្រើន​រយខ្នង​ផ្សេង​ទៀត។ នេះ​ហើយ​គឺជា​លទ្ធផល​ដែល​ទទួល​បានពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដោយ​ការ​បាត់បង់​របាំង​ការពារ​ខ្យល់ព្យុះ​ ដែល​ប្រជាពល​រដ្ឋ​កម្ពុជា​ត្រូវ​រង​ទុក​វេទនា រួមផ្សំ​នឹង​កត្តា​បំពុល​បរិស្ថាន​មួយចំនួន​ជាច្រើន​ផ្សេង​ទៀត ។

ទេស​រដ្ឋ​មន្ត្រី និង​ជាអនុ​ប្រធាន​ទីមួយ​គណៈ​កម្មការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ លោក ញឹម វណ្ណ​ដា បាន​មាន​ប្រសាសន៍​ប្រាប់​ដល់អ្នក​សារព័ត៌​មាននៅ​ព្រឹកថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០១២​ថា គ្រោះ​ថ្នាក់​ធម្មជាតិ ដែល បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​បាត់​បង់​ជីវិត​នេះ​បណ្តាល​មក​ពីរន្ទះ​បាញ់ ខ្យល់​ព្យុះ និង​គ្រោះ​ធម្មជាតិ​ផ្សេង​ទៀត។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា បញ្ហា​ពីគ្រោះ​ធម្មជាតិ​បាន​កើតឡើង​ច្រើន​ណាស់​សម្រាប់​ឆ្នាំ ២០១២​នេះ បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូចគ្នា ឆ្នាំ​២០១១ ដោយ​សារ​តែប្រទេស​កម្ពុជា​ទទួល​សម្ពាធ​ពីការ​ប្រែប្រួល​អាកាស​ធាតុខ្លាំង​នោះ។ «បញ្ហា​ខ្យល់ព្យុះ ខ្យល់​ព្យុះឥឡូវ​វាអត់​ប្រាប់​មុនទេ វា​មក វាខ្មៅ​នៅលើ ហើយ​ចំទី​ណា វាកួច​យកផ្ទះត្រង់​ទីនោះ ហើយ​ជាមួយ​គ្នានោះ​ភ្លៀង​មក​ទៀត ថែម​រន្ទះ​បាញ់​មកទៀត​។ ខ្យល់​ព្យុះ​វា​កួច លើក​ឈើ​មក​សង្កត់​ស្លាប់​មនុស្ស​ជាច្រើន ហើយ​ក្តៅ​ណាស់​រហូត​មកដល់​ពេល​នេះ គឺក្តៅ​គ្រប់​កន្លែង នៅ​តាម សមុទ្រ​ជួបការ​រងគ្រោះ​ខ្លាំង។»

ការ​ប្រឡយ​ពាក្យ​ថាក្តៅ​ពី​សំណាក់​មន្ត្រី និង​ប្រជាជន​ទូទៅ​នេះ គេ​តែងតែ​ឮជា​ញឹកញយ​នៅក្នុង​សង្គម​កម្ពុជា បើ​ទោះបី​ជាខែនេះ​ជារដូវ​វស្សា មាន​ភ្លៀងធ្លាក់​ក៏ដោយ ក៏នៅ​ពេលមេឃ​បើកថ្ងៃ កម្តៅ​ព្រះអាទិត្យ​ក៏នៅ​តែក្តៅ​ដូចកាល​ពីខែក្តៅ​ផងដែរ មានន័យ​កម្តៅពុំ​សូវ​ចុះ​ប៉ុន្មាននោះ​ទេ ហើយ​បើ​ភ្លៀង គឺ​ភ្លៀង​មាន​សភាព​អាក្រក់​ថែម​ទៀតផង។ មិនត្រឹម​តែមាន​ភ្លៀង​នោះ​ទេ ព្យុះ រន្ទះ​បាញ់​ក៏មក​ព្រម​ជាមួយ​គ្នាជា​បន្ត​បន្ទាប់​យ៉ាង​ច្រើន​ផង​ដែរ។ រន្ទះ​ខ្លះ កាច​សាហាវ ព្រម​ទាំង​មាន​សម្លេង​លាន់ឮ​ជាងគ្រាប់​មីនតោន​ថែម​ទៀត។ ចំពោះ​ការព្យា​ករណ៍​សម្រាប់​ថ្ងៃ​នេះ អប្បរ​មា២៧​អង្សារ​សេ អតិ​ប្បរមា​៣៥អង្សារ​សេ ថ្ងៃរះ​នៅម៉ោង៦​និង២១​នាទី​ព្រឹក ថ្ងៃលិច​នៅម៉ោង​៦និង៨​នាទី​ល្ងាច និងមាន​សំណើម​ក្នុងបរិ​យាកាស​៤៦% សម្ពាធ​ខ្យល់​១០០៦.១ មេ​កា​បៃ(mb) ទឹក​សន្សើម​ពេលព្រឹក​ព្រលឹម​មានកម្រិត​១៨អង្សារ​សេ និងរយៈ​ចម្ងាយ​ដែលអាច​មើល​ឃើញ​ផ្ទាល់នឹង​ភ្នែក១០​គីឡូ​ម៉េត្រ។ នេះបើ​យោង​តាម​ការ​ព្យាករណ៍​អាកាស​ធាតុ និង​ឧតុនិយម​នៅក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។

បើយោង​តាមរបាយ​ការណ៍​គ្រប់គ្រង​គ្រោះមហន្ត​រាយបាន​ឲ្យដឹង​ថា អាកាស​ធាតុ​ត្រជាក់​ដើម​ឆ្នាំនេះ គឺមាន​រយៈ​ពេល​ខ្លី ហើយ​មាន​កម្រិត​ទាប ពោល​គឺមាន​កម្រិត​ត្រឹមតែ ២០​អង្សា​សេ ទៅ​២១​អង្សារ​សេតែ​ប៉ុណ្ណោះ តែ​សម្រាប់​អាកាស​ធាតុក្តៅ​វិញ គឺវា​ស្ថិត​នៅក្នុង​វង្វង់​ក្រោម ៣៨​អង្សា​សេ ។ របាយ​ការណ៍​នេះបាន​បន្តថា ការ​ទទួល​រងភាព​មិនប្រក្រតី​បែបនេះ ពីអាកាស​ធាតុគឺ​បណ្តាល​មកពីប្រទេស​កម្ពុជា​កំពុង​ទំនោរ​ទៅ​រកបាតុ​ភូត ឡានី​ណា។ របាយ​ការណ៍​ដដែល​នេះ បាន​ឲ្យដឹង​ទៀត​ថា ខ្យល់​ព្យុះអាច​នឹងកើត​មានឡើង​សម្រាប់​កម្ពុជា​ក្នុងឆ្នាំ​នេះរហូត​ដល់​ទៅ​២០-២៥​ដង។ ហើយ​មិនមែន​តែប្រទេស​កម្ពុជា​ទេ ដែល​ទទួល​រង​គ្រោះ​ដោយសារ​តែការ​ប្រែប្រួល​អាកាស​ធាតុ​បែបនេះ​ទូទាំង​អាស៊ី​ប៉ាស៊ី-​ហ្វិក និង​អាស៊ាន គឺ​ទទួល​រងគ្រោះ​កាន់តែ​ខ្លាំង​ទៅៗ​ជាងគេ ដូច​ជា គ្រោះ​ទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត ខ្យល់​ព្យុះ និង​រន្ទះ​ជាដើម។

គួរ​បញ្ជាក់​ផងដែរ​ថា កាល​ពីឆ្នាំ​២០១១កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា​ទទួល​គ្រោះ​ធម្មជាតិ ពីទឹក​ជំនន់​បាន​សម្លាប់​មនុស្ស​ចំនួន ២៥០ ​នាក់ បាត់​បង់ផ្ទះ​សម្បែង​ជាច្រើន​ពាន់​ខ្នង ស្រូវ​របស់​ប្រជាពល​រដ្ឋរាប់​សែនហិក​តា ផ្លូវ​ថ្នល់​រាប់រយ​គីឡូ​ម៉ែត្រ ដែល​ការខូច​ខាតទាំង​នេះ បាន​បណ្តាល​ឲ្យប្រទេស​កម្ពុជា​ខាតបង់​នូវទឹក​ប្រាក់​ចំនួន ៦០០​លាន​ដុល្លា​អាមេរិក។

ម្យ៉ាងវិញ​ទៀត កាល​ពីពេល​កន្លងទៅ​ថ្មីៗ នារាជ​ធានី​ភ្នំពេញ ប្រមុខ​រាជ​រដ្ឋា​ភិបាល កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ស្នើ​ទៅដល់​បណ្តា​មេដឹក​នាំ​អាស៊ាន​ទាំង​១០ ក្នុង​ផែន​ការ​ឆ្នាំ​២០១២-​២០១៥​ចំពោះ​ការគ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ពី​ធម្មជាតិ​នៅក្នុង​កិច្ច​ជំនួប​កំពូល​របស់​អាស៊ាន​ផងដែរ ដោយ​ហេតុថា​គ្រោះថ្នាក់​ធម្មជាតិ​នាពេល​បច្ចប្បន្ន​នេះ កាន់​តែមាន​សន្ទុះ​កើន​ខ្លាំង​ទៅៗ ពីការ​ទទួល​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​បណ្តាល​មក​ពីការ ប្រែ​ប្រួល​អាកាស​ធាតុ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី១៤ ឧសភា ឆ្នាំ​ ២០១២

Google Analytics Alternative