លោក ថោង ខុន ស្នើ​ឲ្យមាន​ការរៀបចំ​ទិវាគ្មាន​ថង់​ប្លាស្ទិក

ទេសចរណ៍បៃតង បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ព្យាបាលមនុស្ស​គ្រប់រូប ទាំង​ជម្ងឺ​ផ្លូវកាយ និង​ជម្ងឺ​ផ្លូវចិត្ត​កាលណា​បើ​តំបន់​ទេសចរណ៍​បៃតង គ្មាន​កាក​សំណល់ និង​សម្រាម​ច្រើននៅ​តំបន់​ទាំងនោះ។ ការរក្សា​និរន្តភាព​នៃ​ការ​ប្រើប្រាស់​វត្ថុ​ប្រើប្រាស់ ទៅ​តាម​លក្ខណៈ​សន្សំ​សំចៃ គឺជា​កិច្ចការ​ដែលមនុស្ស​ជាតិគ្រប់រូប​ត្រូវ​ចូលរួម​អភិវឌ្ឃ ដើម្បី​ភពផែនដី​របស់​យើង​ទាំងអស់​គ្នា។ តើ​ប្រជាជន​កម្ពុជា​គ្រប់រូប ត្រូវ​ចូលរួម​ធ្វើដូចម្តេច​ដើម្បី​បង្កើន​សុវត្ថិភាព​សុខភាព​ទេសចរណ៍​បៃតង​នៅកម្ពុជា?

រូបភាពគេហទំព័រសុខភាពកម្ពុជា

នៅល្ងាច​ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១២ នៅសណ្ឋាគារ​ណាហ្កាវើល លោករដ្ឋមន្រ្តី ថោង ខុន បានថ្លែង​ឲ្យដឹងថា ការរៀបចំ​គោលនយោបាយ​ថ្នាក់ជាតិ ស្ដីពី​ការគ្រប់គ្រង និង​ការកាត់​បន្ថយ​កាក​សំណល់ និង​ក្រដាស​វាពិតជា​មាន​សារៈ​សំខាន់ និង​ជា​តម្រូវការ​បច្ចុប្បន្ន​ក្នុងការ​ធានា​និរន្តភាព ស្របពេល​ជាមួយនឹងការ​ប្រកួត​ប្រជែង​សំដៅ​ដល់ការ​ពង្រឹង​តុល្យភាព នៃការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម សម្រាប់​មនុស្សជាតិ និង​ភពផែនដី​ទាំងមូល។ លោក​រដ្ឋមន្រ្តី​បានបន្ត​ទៀតថា ការណ៍​នេះ​ពិតជា​មានភាព​ចាំបាច់ និងមាន​សារៈសំខាន់​ជាមូលដ្ឋាន ដែលជា​គំរូដល់ការ​អភិវឌ្ឍន៍​ទេសរណ៍​បៃតង និងស្អាត ដែល​ជា​ជម្រើស​ដ៏ឆ្លាតវៃ និង​សក្ដិសម​បំផុតនា​ពេល​បច្ចុប្បន្ន ដោយ​ត្រូវធានា​ឲ្យបាន​នូវនិរន្តរភាព និង​តុល្យភាព​ផ្នែក​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន សំដៅ​ឈាន​ឆ្ពោះទៅ​រកការ​កសាង​សង្គមមួយ ដែលមាន​បរិស្ថាន​ល្អស្អាត និង​មាន​ពណ៌បៃតង​ស្រស់​បំព្រង។

នៅក្នុង​ពិធីបិទ​សិក្ខាសាលា​ស្ដីពី​ការរៀបចំ​ឯកសារ​គោលនយោបាយ​ថ្នាក់ជាតិ ស្ដីពី​ការគ្រប់គ្រង និងការ​កាត់​បន្ថយ​កាក​សំណល់​ដែលជា​ផលិតផល​ប្លាស្ទិក និង​ក្រដាស តាមរយៈ​នៃបទ​បង្ហាញ​របស់​វាគ្មិន​ទាំងអស់ យើង​សង្កេត​ឃើញថា​ការ​គ្រប់គ្រង និង​ការកាត់​បន្ថយ​នូវបញ្ហា​ទាំងអស់​នេះ វាមិន​ត្រឹមតែ​ចូលរួម​ដល់ការ​ថែរក្សា​បរិស្ថាន​ឲ្យល្អស្អាត​តែប៉ុណ្ណោះទេ វា​ថែមទាំង​អាចកាត់​បន្ថយ​នូវការ​បំពុល និង​គ្រោះថ្នាក់ ដែលអាច​កើតមាន​ពីប្រភេទ​សំណល់​ទាំងនេះ មកលើដី ទឹក ជីវិត ការ​រស់នៅ​របស់​សត្វ រុក្ខជាតិ និង​មនុស្ស​ថែមទៀត​ផង។ ក្រៅពីនេះ វាក៏​បានរួម​ចំណែក​ដល់ការ​ធានា​និរន្តរភាព នៃ​ការអភិវឌ្ឍន៍​រួម តាមរយៈ​ការបង្កើន​នូវប្រសិទ្ធផល ផ្នែក​សេដ្ឋកិច្ច ដែលជា​គ្រិះកសាង​កំណើន​វិស័យ​ទាំងឡាយ ប្រកប​ដោយ​ចីរភាព​នៅកម្ពុជា ដោយ​កាត់បន្ថយ​បាននូវការ​ចំណាយ លើកាក​សំណល់ និងការ​ពង្រឹង​និរន្តរភាព នៃការ​ប្រើប្រាស់​ប្រភព​ធនធាន​ផ្សេងៗ​សម្រាប់​ផលិតកម្ម​បានមួយ​ចំណែក​ថែមទៀត​ផង។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​មាន​ប្រសាសន៍​បន្ថែមថា បន្ទាប់ពី​អង្គ​សិក្ខាសាលា​នេះ​បញ្ចប់​ទៅ នឹង​មាន​ការបូក​សរុប​នូវគំនិត និងទស្សនៈ​សំខាន់​សម្រាប់​រៀបចំ​ឯកសារ​គោល​នយោបាយ​ថ្នាក់ជាតិ ស្តីពី​ការគ្រប់គ្រង និង​ការកាត់​បន្ថយ​សំណល់​ពីផលិតផល​ប្លាស្ទិក និងក្រដាស ដោយនឹង​ដាក់ចេញ​នូវវិធានការ​បន្ទាន់ វិធានការ​រយៈពេល​មធ្យម និង​វិធានការ​វែង​ផងដែរ។ លោក​រដ្ឋមន្រ្តី ក៏បាន​ស្នើឲ្យ​មានការ​រៀបចំ ទិវា​គ្មានថង់​ប្លាស្ទិក ដើម្បី​លើក​ទឹកចឹត្ត និង​បញ្រ្ជាប​ការយល់ដឹង​ដល់​សាធារណជន​អំពីផល​ប៉ះពាល់​អវិជ្ជមាន នៃការ​ប្រើប្រាស់​ថង់ប្លាស្ទិក និង​សារៈសំខាន់ នៃ​ការចូលរួម​របស់​សាធារណជន​ក្នុងការ​ប្រើប្រាស់​សំណល់​ផងដែរ។

គួររំឮក​ផងដែរថា កាលពី​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យអនុវត្ត​ចលនា​ប្រឡង​ប្រណាំង​ទីក្រុងស្អាត ដែល​ក្នុងនោះ​ក៏មាន​រាប់បញ្ចូល​ទាំងការ​មិនឲ្យ​មាន​ថង់​ប្លាស្ទិក និង​ក្រដាស​សម្រាម​នៅ​តាម​ទី​សាធារណៈ ព្រមទាំងការ​បញ្ឈប់​មិន​ឲ្យ​មានការ​ធ្វើ​អាជីវកម្ម​ដុត​គោ ដាក់​លក់​តាម​ដង​ផ្លូវ​សាធារណៈ​ផងដែរ។

សូម​គូស​បញ្ជាក់​បន្ថែមផងដែរ​ថា សម្រាម​នៅ​ទីក្រុង​ភ្នំពេញ​ទាំងមូល​មាន​ប្រមាណ ១៦០០តោន ដែល​ត្រូវ​បាន​ប្រមូល​ទៅ​ចាក់​ចោល​ជា​រៀង​រាល់ថ្ងៃ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី១៣ ឧសភា ឆ្នាំ​ ២០១២

Google Analytics Alternative