កីឡា​បាល់​ទាត់

ភាព​កក្រើក​រំជើប​រំជួល​ដែលធ្វើ​ឱ្យពិភព​លោក​មានការ​ភ្ញាក់ផ្អើល​ជាមួយ​នឹង​ព្រឹត្ដិការណ៍​បួនឆ្នាំម្ដង​នៃការ​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​ដើម្បី​ជ្រើស​រើស​ប្រទេស​ម្ចាស់​ពានរង្វាន់​បាល់​ទាត់។ មិនមែន​មានតែ​ការប្រកួត​ជាលក្ខណៈ​ពិភព​លោក​ប៉ុណ្ណោះ​ទេ​កីឡា​បាល់ទាត់​មានការ​ប្រជា​ប្រិយភាព​នៅតាម​តំបន់ និង​ប្រទេស​ទូទាំង​ពិភព​លោក ហើយក៏​ជាការ​លេង​កម្សាន្ដ​ដើម្បី​សុខភាពល្អ​ផង ដែរ។ ជាពិសេស​នាពេល​បច្ចុប្បន្ន​បាល់ទាត់​ក្លាយ​ជាទី​ពេញ​និយម​សម្រាប់​យុវវ័យ​មានគ្រប់​ទីកន្លែង​នៃព្រះ​រាជាណា​ចក្រកម្ពុជា។ ហើយ​កីឡា​បាល់ទាត់​ក៏កំពុង​ក្លាយជា​ល្បែងភ្នាល់​ដ៏មាន​គ្រោះថ្នាក់​ទៀតផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូមតាម​ដានស្វែង​យល់​អំពី​កីឡា​បាល់ទាត់​ជាមួយ​នឹងការ​ស្រាយ​បំភ្លឺ​របស់​លោក យាន ឈៀង អគ្គលេខា​ធិការរង​សហព័ន្ធ​ខ្មែរ​កីឡា​បាល់ទាត់ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិ​កីឡាបាល់​ទាត់នៅ​កម្ពុជា

ទាក់ទង​នឹងបញ្ហានេះ​ពុំមាន​ព័ត៌មាន​ច្បាស់លាស់​ណាមួយ​ស្ដីអំពី​ប្រវត្ដិ ឬបុព្វ​ហេតុ​ដែល​នាំឱ្យ​កើតមាន​កីឡា​ប្រភេទ​នេះ ឡើយ​ហើយ​ក៏គ្មាន​ភ័ស្ដុតាង​ណាមួយ​បញ្ជាក់ថា​វាកើត​នៅក្នុង​ប្រទេស​កម្ពុជា ឬនាំចូល​មកពី​បរទេស​ដែរ។ អ្វីដែល​យើងអាច​ដឹងបាន គឺ​កីឡា​បាល់ទាត់​គ្រាន់តែ​ជាការ​លេង​កម្សាន្ដ​សម្រាប់​លោកអ្នក​ដែល​ស្នេហា​វិស័យកីឡា​តែប៉ុណ្ណោះ។ នៅ​ប្រទេស​កម្ពុជា កីឡា​បាល់ទាត់​ជាវិញ្ញាសា​ដែលធ្លាប់​ចូលរួមការ​ប្រកួត​ជាលក្ខណៈ​អន្ដរជាតិ​ជាច្រើន​លើក​រួចមក​ហើយ ប៉ុន្ដែ​ការលេង​ជាទូទៅ​នៅពុំទាន់​មានភាព​ទូលំ ទូលាយ​នៅឡើយ​ទើបតែ​មួយរយៈ​ពេលចុង​ក្រោយនេះ​ទើបមាន​ភាពផុស​ផុលឡើង។ បច្ចុប្បន្ន​កីឡា​នេះកំពុង​ជាទីពេញ​និយម ពិសេស​សម្រាប់​យុវវ័យ​ពេល​លេង​ពួកគេ​មិនទាម​ទារនូវ​លក្ខន្ដិកៈ​អ្វីច្រើន​ទេ ពួកគេ​អាចជួប​ជុំជា​ក្រុមតូចៗ​ចាប់ពី៣​ទៅ៤នាក់​ឡើងទៅ សម្រាប់​មួយ​ក្រុម រួមជា​មួយនឹង​ទីធ្លាតូច​ល្មម។ ដោយ​ឡែក​សម្រាប់​កុមារ​នៅជនបទ​ស្រែចម្ការ ខ្លះពួក​គេអាច​កែ​ច្នៃវត្ថុ​ផ្សេងៗ​ឱ្យ មាន​សណ្ឋាន​ដូចបាល់ និង​ដាក់​ចំណុច​ចំណាំថា ជាទី​ត្រូវទាត់​បាល់បញ្ចូល​ជាការ​ស្រេច។

របៀប​ហាត់​កីឡា​បាល់ទាត់

បើតាម​ក្រឹត្យ​ក្រមច្បាស់​លាស់ កីឡា​បាល់ទាត់​ជាប្រភេទ​កីឡា​មួយធ្ងន់​ធ្ងរ​ដែល​ចាំបាច់​និងទាម​ទារការ​អនុវត្ដន៍​ច្រើន​ប្រការ ។ ការហាត់​ត្រូវបែង​ចែក​ទៅតាម​ដំណាក់​កាលនីមួយៗ​តាំងពី​ចំណុច​ចាប់ផ្ដើម​រហូត​ដល់ក្លាយ​ជាកីឡាករ​ម្នាក់​ដ៏ឆ្នើម។ មុននឹង​ឈាន​ទៅដល់ការ​ហាត់​បច្ចេកទេស​កីឡាករ​ត្រូវហាត់​ដំណាក់​មូលដ្ឋា​នជាមុន​សិន។ បទ​មូលដ្ឋាន​នេះរួម​មានការ​ហាត់ឱ្យ​មាន​ជំហរ ដើម្បីឱ្យ រាងកាយ​រឹងមាំ​រួមទាំង​ការហាត់​រត់​ដើម្បី​ឱ្យមាន​ភាព​អំណត់។ ព្រោះថា​ការប្រកួត​បាល់ទាត់​សំខាន់​បំផុត គឺស៊ុស​នៃការ​រត់នេះ​ឯង ដែល​មានរយៈ​ពេលយ៉ាង​តិច១ម៉ោង​ដែល​កីឡាករ​ត្រូវរត់។ បន្ទាប់​មកចូល​ដល់ដំណាក់​បច្ចេកទេស កីឡាករ​ត្រូវហ្វឹក​ហាត់ រួមមាន បច្ចេកទេស​ទប់បាល់ បញ្ជូន​បាល់ ការពារ​និងគ្រប់​គ្រង​បាល់​បច្ចេកទេស​វាយលុក ដកថយរួម​ទាំង​បច្ចេកទេស​ជាច្រើន​ផ្សេង​ទៀត ដែល​អាចជួប​នៅពេល​ប្រកួត។ រីឯពេល​វេលា​ហ្វឹកហាត់​អាស្រ័យ​ទៅលើ​រដូវកាល​តាមផែន​ការ​វិទ្យាសាស្ដ្រ និង​ទៅតាម​កម្រិត​(ក្រុម ស្ម័គ្រចិត្ដ ឬក្រុម​ជម្រើស​ជាតិ)។ ក្រុមខ្លះ​ហាត់បី​ពេលក្នុង​មួយ​សបា្ដហ៍ ខ្លះដប់​ពេលក្នុង​មួយ​សបា្ដហ៍​ហើយ​ក្នុងមួយ​ពេលៗ​អាច​មាន រយៈចាប់ពី​១ម៉ោង​ឡើងទៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ប្រកួត​កីឡា​បាល់ទាត់

ការប្រកួត​មានក្រឹត្យ​ក្រម​ច្បាស់លាស់​ដោយ​មាន​អាជ្ញា​កណ្ដាល ឬគណៈ​កម្មការ​សម្រាប់​ត្រួត​ពិនិត្យ។ ហើយ​គណៈ​កម្មការ មានច្រើន​ដូច​ជាស្នង​ការការ​ប្រកួត អធិការ អាជ្ញា​កណ្ដាល អ្នក​សម្រប​សម្រួល និង​អាជ្ញា​កណ្ដាល។ ប្រកួត​ជាលក្ខណៈ​ក្រុម ដែលក្នុង​មួយក្រុម​មាន​កីឡាករ​១១រូប និង​មាន​កីឡាករ​បម្រុង​អាស្រ័យ​ទៅតាម​បទបញ្ជា​នៃការ​ប្រកួត។ ប៉ុន្ដែ​កីឡាករ​ដែលអាច​ដូរបាន នោះត្រឹម​តែ៣នាក់​ប៉ុណ្ណោះ​និង៦នាក់​សម្រាប់​ការប្រកួត​ជាលក្ខណៈ​មិត្ដភាព។ ក្នុង​ចំណោម​កីឡាករ​ទាំង១១​រូបនោះ បែង​ចែកទៅ តាមតួនាទី​រៀងៗខ្លួន​មានដូច​ជាអ្នក​ចាំទី ខ្សែការ​ពារ​ខ្សែ​បម្រើ ខ្សែ​ប្រយុទ្ធ និង​ស្លាប​សង្ខាង។ ឯរបៀប​នៃការបែង​ចែក​ចំនួន​ខ្សែ នីមួយៗ​អាស្រ័យ​ទៅលើ​បច្ចេកទេស​អ្នក​ដឹកនាំ​ក្រុម។ ការផ្ដល់​ពិន្ទុ​មាន​លក្ខណៈ​ច្បាស់​លាស់ គឺឈ្នះ​ទទួល​បាន៣ពិន្ទុ ស្មើ​បាន១ពិន្ទុ​ដូចគ្នា និងចាញ់​បានសូន្យ​ពិន្ទុ។ ក្រៅពីនេះ​នៅមាន​គណៈ​កម្មការ​មួយទៀត​ដែលផ្ដល់​ពិន្ទុ​សម្រាប់​កីឡាករ​ណាដែល​លេងបាន​ល្អជាង​គេ ទាត់ បាល់​បញ្ចូលទី​បានច្រើន​ជាងគេ អ្នកចាំ​ទីល្អ​ជាងគេ​រួមទាំង​ផ្ដល់ពិន្ទុ​សម្រាប់​កីឡាករ​ខ្សែការ​ពារ​ដែល​អាចការ​ពារ​បានល្អ សម្រាប់​ទទួល រង្វាន់​ពិសេស​ផ្ទាល់ខ្លួន​ទៀតផង។

អត្ថប្រយោជន៍​នៃការហាត់​កីឡា​បាល់ទាត់

មិន​ត្រឹមតែ​ដើម្បី​មាន​សុខភាពល្អ​តែប៉ុណ្ណោះ​ទេ កីឡា​បាល់ទាត់​អាចជា​ឱកាស​ក្នុងការ​ផ្ដល់អាជីព​សម្រាប់​លោកអ្នក​ដែលចង់​មានភាព​រហ័ស​រហួន ក្លាយ​ជាមនុស្ស​ដែលមាន​ការតស៊ូ​ព្យាយាម ពិសេស​ធ្វើឱ្យ​លោកអ្នក​មានភាព​វាងវៃ។ ព្រោះថា​គ្រប់រយៈ​ពេល​នៃការហ្វឹក​ហាត់​ត្រូវមាន​ការតស៊ូ​អំណត់ និង​ព្យាយាម រួម​ជាមួយ​នឹងការ​ដុសខាត់​ផ្នែក​ប្រាជ្ញា​ស្មារតី​ដើម្បី​ទទួល​យកនូវ​បច្ចេកទេស​ល្អ ៗពីការ​ហាត់។

លក្ខណៈ​សម្បត្ដិ​របស់​កីឡាករ

កីឡា​បាល់ទាត់​ទាមទារ​ឱ្យមាន​លក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់​ដើម្បី​ឈាន​ទៅដល់​ដំណាក់​កាល​ហ្វឹក​ហាត់។ គុណ​សម្បត្ដិ​ទាំង​នោះ​មានដូច​ជាកាយ​សម្បទា​រឹងមាំ មានការ​តស៊ូ អំណត់ ព្យាយាម មោះមុត និងមាន​ជំនឿលើ​ខ្លួនឯង។ ហើយអ្វី​ដែល​ចាំបាច់ បំផុត​នោះ​គឺការ​មានជំនឿ​លើគ្នា​ទៅវិញ​ទៅមក សាមគ្គី​ភាព និង​មានភាព​វាងវៃ​រហ័ស​រហួន។ ក្រៅពីនេះ​ការហ្វឹក​ហាត់ និង​ការ​គោរព វិន័យ​បានខ្ជាប់​ខ្ជួន​ចៀសវាង​បាននូវ​ការប្រើ​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​គ្រប់ប្រភេទ ជាពិសេស​រាល់​អបាយមុខ​ទាំងឡាយ​ដែលមិន គួរប្រព្រឹត្ដ។

ដំបូន្មាន​អ្នកប្រឹក្សា

កីឡា​ពិតជា​បានផ្ដល់​នូវសុខភាពល្អ​សម្រាប់​លោកអ្នក ប៉ុន្ដែ​សូមឱ្យ​ការហាត់​នោះដើម្បី​ប្រយោជន៍​ដោយ​ចៀស​វាងការ​ហាត់​ហួស​ហេតុ​ពេក​និងមិន​បាន​ត្រឹមត្រូវ។ សូមលោក​អ្នកចេះ​ថែរក្សា​សុខភាព​ឱ្យបានល្អ និងធ្វើ​ជាមនុស្ស​ដ៏ល្អ​សម្រាប់​ខ្លួនឯង សម្រាប់​គ្រួសារ និង​សម្រាប់​សង្គម​ជាតិ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧

Google Analytics Alternative