វិធីធ្វើ​ឱ្យអារម្មណ៍​ជ្រះថ្លា

ការគិត​របស់​មនុស្សម្នាក់ៗ​មានលក្ខណៈ​ខុសៗពីគ្នា។ លោកអ្នក​ខ្លះគិត​ផ្ដោត​ទៅលើ​អ្វីដែល​ងាយ​ស្រួល និង​មានភាព សប្បាយ​ហើយ​លោកអ្នក​ខ្លះទៀត​គិតទៅ​លើចំណុច​ណា​ដែលមាន​ការពិបាក​ស្មុគស្មាញ។ ការគិត​អំពីការ​លំបាក​ស្មុគស្មាញ​បែបនេះ​អាច​បណ្ដាល​ឱ្យ​អារម្មណ៍​សោកសៅ មិន​សប្បាយ​ចិត្ដ និង​សម្ដែង​ចេញនូវ​កង្វល់​ឱ្យអ្នក​ដទៃ​បានដឹង។ ការគិត​ទៅលើរឿង​ស្មុគស្មាញ ច្រើនពេក​មិនត្រឹម​តែធ្វើឱ្យ​លោកអ្នក​តប់ប្រមល់​នោះទេ តែវាអាច​ធ្វើឱ្យ​លោកអ្នក​ឆាប់ចាស់​មុនអាយុ ឬក៏​អាចបង្ក​ទៅជា​ជម្ងឺផ្សេងៗ ទៀតផង។ តើមាន​វិធីអ្វីខ្លះ​ដែលធ្វើ​ឱ្យអារម្មណ៍​ជ្រះថ្លា​បាន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យជ្រាប​ច្បាស់​អំពីវិធី​ធ្វើឱ្យ​អារម្មណ៍​ជ្រះថ្លា ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​ឧកញ៉ាមហា ឧបាសិកា ញ៉ឹក​ប៊ុនថា ឧត្ដម​ប្រឹក្សា​សម្ដេច​មហា​ព្រះសង្ឃរាជ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា។

មូល​ហេតុបង្ក​ឱ្យមាន​កង្វល់

នរណា​ក៏អាច​មានការ​បារម្ភ​ចំពោះ​ខ្លួនឯងដែរ វាជាការ​ធម្មតា​សម្រាប់​មនុស្ស។ បញ្ហា​កង្វល់​កើតនៅ​លើស្ដ្រី​ច្រើន​ជាង​បុរស ។ ការ​មានកង្វល់​ចិត្ដកើត​ឡើងចំពោះ​មនុស្ស​គ្រប់រូប គ្រាន់តែ​ខុសគ្នា​បន្ដិចត្រង់​ថាអ្នកខ្លះ​មានកង្វល់​ចំពោះ​គ្រួសារ កង្វល់​ចំពោះខ្លួន ឯង​និង​កង្វល់​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ទៅនឹងការ​រស់នៅ​ប្រចាំថ្ងៃ​ជាដើម។

  • កង្វល់​ក្នុងគ្រួសារ មនុស្ស​កើតមក មានរូប​មានទុក្ខ​ដូចៗគ្នា គ្មានអ្នក​ណាម្នាក់​ចៀសរួច​បាន​ឡើយ។ លោកអ្នក​ជាមា​តាបិតា​គិត​ចំពោះ​អនាគតកូន​ថាតើ​ទៅថ្ងៃមុខ​កូនទៅ​ជាយ៉ាង​ណា។ ទឹកចិត្ដ​របស់​ឪពុកម្ដាយ​មានទំហំ​ធំបំផុត​ចំពោះ​កូន ទើបលោក​ទាំងពីរ​ខិតខំ​ប្រឹងប្រែង​រកស៊ី​ដើម្បី​ឱ្យកូន​បានទទួល​ទានគ្រប់​គ្រាន់ រៀនបាន​ខ្ពង់ខ្ពស់​និងមាន​ការងារ​ធ្វើត្រឹម​ត្រូវល្អ។ ចំណែក​មាតាបិតា​ខ្លះទៀត​ព្យាយាម​តាមដាន​កូនខ្លាច​កូនដើរ​ទៅរកផ្លូវ​ខុសដោយ​សេពគប់​មិត្ដភក្ដិ​មិនល្អ ដើរលេង​ផ្ដេសផ្ដាស មិន​ឧស្សាហ៍​សិក្សា​(គេច សាលា)​ជាដើម។ មិនតែ​ប៉ុណ្ណោះ​ស្ដ្រីមួយ​ចំនួន​បារម្ភពី​ប្រាក់​ចំណូល​មិនសូវ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ក្រុម​គ្រួសារ ឬបារម្ភ​ពីស្វាមីទៅ មានស្រី​ខាងក្រៅ​មិនយក​ចិត្ដទុក​ដាក់លើ​ក្រុមគ្រួសារ។ ជាពិសេស​នៅ​ពេល​ឃើញ​គ្រួសារ​អ្នកដទៃ​មាន​សេចក្ដីសុខ ចំណែក​គ្រួសារ​ខ្លួន ឯងហេតុអ្វី​ពិបាក​មិនចេះ​ចប់មិន​ចេះ​ហើយ?
  • កង្វល់​ក្នុង​អាជីវកម្ម ឬការងារ ជាធម្មតា​លោកអ្នក​ទាំងឡាយ​ដែលមាន​របរអាជីវកម្ម​តែងមាន​ការព្រួយ​បារម្ភទាំង​ការ​ចំណាយ​ក៏ដូច​ជាចំណូល។ អ្នក​ជំនួញ​ភាគច្រើន​នៅពេល​មានបញ្ហា​អ្វីកើត​ឡើង មិន​ចូលចិត្ដ​ប្រាប់ក្រុម​គ្រួសារ​បងប្អូន​ញាតិ​សន្ដានទេ​តែង​តែព្យាយាម​រកដំណោះ​ស្រាយ​ដោយ​ខ្លួនឯង។
  • កង្វល់​ចំពោះ​ខ្លួនឯង ការគ្រប់​គ្រង​អារម្មណ៍​ជាការ​ពិបាក​បំផុត ប្រសិនបើ​លោកអ្នក​មិនមាន​ការបែង​ចែកឱ្យ​បានត្រឹម​ត្រូវក្នុង​ដំណាក់​កាល​នីមួយៗ។ ការតូច​ចិត្ដនឹង​ខ្លួនឯង​ចង់មាន​ចង់បាន ដូចជាចង់​បានការ​ងារល្អ ឬប្រាក់​ខែច្រើន នាំឱ្យ​មាន​អារម្មណ៍ កង្វល់។ ម្យ៉ាង​ទៀត​ការគិត​ថាខ្លួនអន់​ជាងអ្នកដទៃ​ខាង​ចំណេះវិជ្ជា ហេតុដូច​ម្ដេចបាន​ជាគេ​រៀនពូកែ ការចង​ចាំល្អ និង​អនាគតភ្លឺ ស្វាង។ និយាយ​ពីខាង​សម្ផស្ស​វិញ​លោកអ្នក​មួយចំនួន​កើតមក​ស្អាតគ្រប់​យ៉ាង អ្នកខ្លះ​មានរូបរាង​មិនសម​ប្រកប ហេតុនេះ​ក៏នាំឱ្យ​មាន អារម្មណ៍​តូចចិត្ដ មាន​កង្វល់​រហូត។

វិធី​ធ្វើឱ្យ​អារម្មណ៍​ជ្រះថ្លា

វិធីធ្វើ​ឱ្យអារម្មណ៍​ជ្រះថ្លា​ត្រូវចំណាយ​ពេលវេលា​ច្រើនបន្ដិច។ បើ​លោកអ្នក​ចង់បាន​សុខភាពល្អ ភាពស្រស់​ស្រាយ​ក្នុងឆាក​ជី វិត​លោកអ្នក​ត្រូវតែ​ចំណាយ​ពេល​សម្រាប់​ខ្លួនឯង​ដើម្បីកាត់​បន្ថយភាព​តានតឹង​នៅក្នុង​ឆាកជីវិត។ ដូចនេះ​លោកអ្នក​គួរតែ​អនុវត្ដ​តាម​ប្រការមួយ​ចំនួនដូច​ខាងក្រោម។

1. ការតាំង​សមាធិ សំដៅ​លើការ​ផ្ដោត​អារម្មណ៍​តែមួយ​ដោយ​អប់រំ​ខ្លួនឯង​ឱ្យរីក​ចម្រើន ត្រូវគិត​តែចំណុច​ណា​ដែល​ប្រសើរ​សម្រាប់​ជីវិត។ ម្យ៉ាង​ទៀត​សូម​លោកអ្នក​កាត់បន្ថយ​នូវទុក្ខ​កង្វល់​ទាំងឡាយ​ដែលបាន​កើតមាន​ពេល​មុន។ សម្រួល​អារម្មណ៍​ឱ្យ​ស្រួល​ដោយគិត​ថាមនុស្ស​កើត​មកមាន​ជោគវាសនា​មិនដូច​គ្នាទេ។ ការទុកចិត្ដ​ចំពោះ​ខ្លួនឯងវា​ប្រសើរ​ជាងទៅ​ពឹងផ្អែក​អ្នកផ្សេង​ហើយត្រូវ​ប្រកាន់​ភ្ជាប់នូវ​ធម៌វៀរ​ចាក​អំពើ​អាក្រក់។

2. ការ​សេព​គប់ លោកអ្នក​រស់នៅ​ក្នុងសង្គម ការរាប់​អានបង​ប្អូនញាតិ​មិត្ដអ្នក​ជិតខាង​ជាការ​ត្រឹមត្រូវ។ ប៉ុន្ដែ​ចំពោះ​ការ​សេពគប់​គួរជ្រើស​រើស​មនុស្ស​បែបណា​ដែលអាច​ប្រាស្រ័យ​ទាក់ទង​គ្នាបាន ឬជាដៃ​គូពិភាក្សា​លើចំណុច​ការងារ​ក៏ដូចជា​ជីវិត​រស់នៅ ប្រចាំថ្ងៃ។ បន្ថែម​ពីលើ​នេះទៀត​ធ្វើយ៉ាង​ណាត្រូវ​ចេះសម្រប​ខ្លួន​សហការ​រវាង​បងប្អូន និង​ញាតិសន្ដាន​ក្នុងក្រុម​គ្រួសារ ទើបការ​រស់នៅ មាន​សុភមង្គល។ ការចូល​រួម​ចំណែក​ក្នុងសង្គម​ក៏ជាទឹក​ចិត្ដជ្រះ​ថ្លាដែរ ដូចជា​បរិច្ចាគ​បច្ច័យ​ជួយ​កសាង​សង្គម​ដើម្បី​កាត់បន្ថយ​ភាពក្រី ក្រ​ជាដើម។

3. ការដើរទស្សនាចរ(កម្សាន្ដ) នៅថ្ងៃ​ឈប់​សម្រាក លោកអ្នក​គួរឆ្លៀត​ឱកាស​លំហែ​កាយ ធ្វើ​ដំណើរ​កម្សាន្ដ​នៅ ទីកន្លែង​ជិតឆ្ងាយ។ ការ​សម្រាក​ជួយបន្ធូរ​អារម្មណ៍​និងភាព​តានតឹង​ពីការងារ​បានមួយ​កម្រិតធំ ពេលដើរ​កម្សាន្ដ​មិនគួរ​គិតពី​ការងារ ឬ​រឿង​ច្របូក​ច្របល់​ឡើយ​ត្រូវធ្វើ​ចិត្ដ​សប្បាយ។

ដំបូន្មាន​អ្នកប្រឹក្សា

ការ​រម្ងាប់​អារម្មណ៍​ជួយបំបាត់​នូវភាព​កង្វល់ និង​ភាព​ឆេវឆាវ​បាន។ ដូចនេះ​ហើយ​សូម​លោកអ្នក​ព្យាយាម​តាំង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ប្រសើរ។ នៅពេល​មានបញ្ហា​កើតឡើង​ក្នុងក្រុម​គ្រួសារក្ដី ខាង​ក្រៅក្ដី សូមលោក​អ្នករក​ដំណោះ​ស្រាយ​ដោយ​សន្ដិវិធី​ដើម្បី​ចៀស​វាងការ​បង្កឱ្យ​មានរឿង​កាន់​តែធំ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧

Google Analytics Alternative