ជម្ងឺ​រលាក​ច្រមុះរ៉ាំរ៉ៃ

ច្រមុះ​មានទីតាំង​នៅចំកណ្ដាល​នៃផ្ទៃមុខ​ដែលអា​ចជួយឱ្យ​សម្រស់​របស់​លោកអ្នក​កាន់តែ​ស្អាតឡើង​បាន។ ជាមួយ​បញ្ហា សម្រស់​ច្រមុះ​នៅមាន​បញ្ហា​មួយចំនួន​ទៀត​ដែល​ទាក់ទង​នឹងសុខភាព ធ្វើឱ្យ​លោកអ្នក​ពិបាកទ្រាំ ហើយ​ជួនកាល​មានការ​ឈឺចាប់ ទៀតផង​នោះ​គឺជម្ងឺ​រលាក​ច្រមុះ។ ជម្ងឺ​រលាកច្រមុះ​អាច​បណ្ដាលឱ្យ​មាន​គ្រោះថ្នាក់ បើមាន​ការធ្វេស​ប្រហែស​ក្នុងការ​ព្យាបាល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជបណ្ឌិត សុខ សំអាត ប្រធានផ្នែក​ព្យាបាល​ជម្ងឺច្រមុះ បំពង់ក ត្រចៀក នៃមន្ទីរ​ពេទ្យ​ព្រះអង្គឌួង បានបក​ស្រាយ​ជម្រាប​ជូន​លោកអ្នក​ឱ្យយល់​ដឹងអំពី​រឿងរ៉ាវ​ផ្សេងៗ​ដែល​ទាក់ទិន​នឹងការ​រលាក​ច្រមុះ​ដែល​មាន​លក្ខណៈ​រ៉ាំរ៉ៃ តាមរយៈ​ទស្សនាវដ្ដី សុខ ភាពយើង។

ជម្ងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ ជាអ្វី?

ជម្ងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​សំដៅ​ដល់ការ​អន់​ថយរួម ឬរលាក​រ៉ាំរ៉ៃ​នៃភ្នាស​រន្ធច្រមុះ ដែល​ធ្វើឱ្យ​ភ្នាសច្រមុះ​ឡើង​ហើម​ផ្គួបផ្សំ​នឹង​វិបត្ដិ​សំណើម​ផង។ វិបត្ដិ​សំណើម​ស្ដែង​ឡើង​ដោយ​មាន​សម្បោរ​ច្រើន ឯការ​រលាកភ្នាស​វិញស្ដែង​ឡើងដោយ​ភាពរីកធំ ពិសេស​នៅម្ដុំ សាច់​ទួលក្រោម​នៃជញ្ជាំង​ច្រមុះ។ ភាពរ៉ាំរ៉ៃ​អាចរាល​ដាលដល់​ភ្នាស​បំពង់ក ឬទងសួត​ដែល​រោគសញ្ញា​ទាំងនោះ​ធ្វើឱ្យ​អ្នក​ជម្ងឺ​យល់ ច្រឡំខ្លួន​ឯងថា​ជាជម្ងឺ​សួត​និងធ្វើឱ្យ​មាន​បម្រែ​បម្រួល​រូបសាស្ដ្រ​ឬ​ទម្រង់ ព្រមទាំង​មានភាព​អន់ថយ​នៃប្រព័ន្ធ​ផ្លូវខ្យល់។ ជម្ងឺនេះ​មាន លក្ខណៈ​ធ្ងន់ល្មម ហើយបន្ដ​ជាភាពញឹក​ញាប់​និងកាន់​តែខ្លាំង​ឡើងៗ​ជា​អចិន្ដ្រៃយ៍​ធ្វើឱ្យ​អ្នកជម្ងឺ​បាត់បង់នូវ​សុខុមាលភាព​ជាបណ្ដើរៗ។

មូលហេតុ​ជម្ងឺរលាក​ច្រមុះរ៉ាំរ៉ៃ

ជម្ងឺ​រលាក​ច្រមុះរ៉ាំរ៉ៃ​ភាគច្រើន​បណ្ដាលមក​ពីរលាក​ច្រមុះ​អាលែស្ស៊ី ឬការ​រលាក​ផ្សេងៗ។ ការរីក​សាច់ច្រមុះ​តឹង​មិនមែន មាន​ន័យថា​ដុះសាច់​ច្រមុះ​ដូចលោក​អ្នក​មួយចំនួន​យល់​ច្រឡំ​ឡើយ ធម្មតា​សាច់នោះ​មានគ្រប់ៗ​គ្នា ហើយ​គ្រប់គ្រង​ដោយ​ប្រព័ន្ធ សរសៃ​ប្រសាទ​ដោយ​ឱ្យច្រមុះ​តឹងឆ្លាស់​គ្នារាល់​ពេលពី​២ទៅ៨​ម៉ោងម្ដង ហើយ​មានលក្ខណៈ​តឹង​ជាប្រចាំ​បើវាមាន​លក្ខណៈ​រ៉ាំរ៉ៃ។ មាន​មូលហេតុ​ជាច្រើន​ដែល​អាចបង្ក​ឱ្យមាន​ជម្ងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ។

  • លោកអ្នក​ធ្លាប់មាន​ប្រវត្ដិ​រលាកច្រមុះ​ស្រួចស្រាវ​ច្រើនដង ដែល​ជាហេតុ​ធ្វើឱ្យភ្នាស​ច្រមុះមិន​អាចវិលមក​រកសភាព​ប្រក្រតី​វិញបាន
  • លោកអ្នក​មានការ​រលាក​ស៊ីនុស​នៃច្រមុះ ឬក៏​មានវិបត្ដិ​នៃការ​រីករួម​សាច់​ច្រមុះ
  • លោកអ្នក​មាន​សាច់ដុះ​ធំនៅ​លើផ្នែក​ខាង​ក្រោយ​នៃរន្ធ​ច្រមុះ​បណ្ដាលឱ្យ​មាន​ឧបសគ្គ​ដល់ការ​បង្ហូរ​សម្បោរ
  • លោកអ្នក​ដែលមាន​ប្រតិកម្ម​ជាមួយ​ធូលី សារ​ធាតុ​គីមី និង​សារធាតុ​ពុល​មួយចំនួន ដូចជា​ផ្សែង​បារី ឬក៏​លោកអ្នក​ជាអ្នក​ជក់បារី​ផ្ទាល់​តែម្ដង
  • ការ​រលាក​ច្រមុះ​រ៉ាំរ៉ៃ​អាច​បណ្ដាល​មកពី​មជ្ឈដ្ឋា​នរស់នៅ បរិស្ថាន​ជុំវិញ ឬកត្ដា​អាកាស​ធាតុ​(ត្រជាក់ សើម ក្ដៅ)។

រោគ​សញ្ញា​ជម្ងឺ​រលាក​ច្រមុះរ៉ាំរ៉ៃ

រោគ​សញ្ញា​ដំបូង អ្នកជម្ងឺ​ចាប់តឹង​ច្រមុះ​ពីម្ខាង​ប្ដូរទៅ​ម្ខាង ជួនកាល​តឹងទាំង​សងខាង​មាន​កម្រិត​កាន់តែ​ខ្លាំង​ជាលំដាប់ រួមជា​មួយ​មាន​ហៀរ​សម្បោរ​ស្អិតគ្មាន​ពណ៌ ជួនកាល​មានខ្ទុះ​ហូរចាក់​ទៅផ្នែក​ក្រោយ​នៃរន្ធ​ច្រមុះ។ ក្រៅពីនេះ​មាន​សញ្ញា​បន្ទាប់​បន្សំ​មួយ ចំនួន​ទៀត ដូចជា​ហៀរ​សម្បោរ​ក្រហម​បំពង់ក​ញឹកញាប់ សម្លេង​ក្រងួរ ហៀរ​ទឹក​ភ្នែក ឬរលាក​បំពង់ក។ ក្នុង​ករណី​ធ្ងន់ធ្ងរ អ្នកជម្ងឺ ច្រើន​អស់​កម្លាំង គេង​មិនលក់ ធ្ងន់​ក្បាល​ឈឺក្បាល តានតឹង​ចិត្ដ​ជាដើម។ ក្នុង​ស្ថាន​ភាពរ៉ាំរ៉ៃ អ្នក​ជម្ងឺត្រូវ​មានប្រវត្ដិ​ជាមូល​ហេតុ​ក្នុង ចំណោម​ចំណុច​ខាងលើ​ទាំង​អស់​នេះរយៈ​ពេល​ជាយូរ​មក​ហើយ។

រោគ​វិនិច្ឆ័យ​ជម្ងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ

ដើម្បី​ឱ្យដឹង​ថាច្រមុះ​របស់​អ្នក​ជម្ងឺ​មាន​ការរលាក ឬយ៉ាង​ណា​នោះ ជាដំបូង​ត្រូវ​ពិនិត្យ​ច្រមុះ រកឱ្យ​ឃើញ​រន្ធច្រមុះ​ដែលមាន​ភាព​តូចចង្អៀត​ដោយ​សាច់​ច្រមុះ​ដុះនៅ​សងខាង​ឡើង​ក្រហម​រីកធំ ពិសេស​នៅត្រង់​ទួលសាច់​ច្រមុះ​ក្រោម​(គឺជា​ដំណាក់​កាល​រលាក​ច្រមុះ​រ៉ាំរ៉ៃ)​ធម្មតា​ការប្រើ​ថ្នាំបន្ដក់​ពពួក​បន្ធូរ​ច្រមុះវា​នឹងរួញ ហើយ​អាចឱ្យ​ដកដង្ហើម​តាមច្រមុះ​បានធូរ ជួនកាល​មាន​លក្ខណៈ​ជាដុំពក តូចៗ ឬក្លាយ​ជាដុះ​សាច់​ចេញ​តូចៗ។ ឥទ្ធិពល​នៃការ​វិវត្ដន៍ និង​ទីតាំងនៃ​ការ​ប៉ះពាល់​រន្ធច្រមុះ​បណ្ដាលឱ្យ​មានរោគ​សញ្ញា​ខុសប្លែកៗ​គ្នា។ បើស​ភាពរីក​ធំនោះ​មាននៅ​លើក្បាល​នៃទួល​សាច់​ច្រមុះ​កណ្ដាល​វិញ អ្នក​ជម្ងឺ​មានវិបត្ដិ​ស្រង់ក្លិន ឈឺក្បាល​ខ្លាំង និងធ្វើ​ឱ្យស្ទះ​ប្រព័ន្ធ សម្បោរ​នៃកោសិ​កានានា​នៃច្រមុះ។ ផ្ទុយ​ទៅវិញ​បើ​សភាពរីកធំ​នៅលើ​កន្ទុយ​ក្រោយ​នៃទួល​សាច់​ច្រមុះ​ក្រោម អ្នក​ជម្ងឺ​មានវិបត្ដិ ដង្ហើម​ច្រមុះ​ចេញចូល។

រោគសញ្ញា​ខាងលើ​អាចឱ្យគេ​យល់​ច្រឡំ​ទៅនឹង​ជម្ងឺ​ផ្សេងៗ​ទៀត​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែលគ្នា ដូចជា​រលាក​ស៊ីនុស​ដោយ​សារការ​ញាត់​របស់​ផ្សេង​ចូល​ច្រមុះ​លេង ជាពិសេស​កូនក្មេង​ធ្វើឱ្យ​ដាច់សាច់​អាដេ​ណាអ៊ីតរីក​ធំ ឬ​រលាកច្រមុះ​ដោយ​អាលែស្ស៊ី។ មានតែ​ការពិនិត្យ​បន្ថែម​ដោយ​ធ្វើការ​វិភាគ​ឈាម វិទ្យុសាស្ដ្រ ឬឆ្លុះ​អង់ដូ​ច្រមុះ​ដោយ​គ្រូពេទ្យ​ឯកទេសទេ ទើបអាច​បញ្ជាក់​មូលហេតុ ជូន​លោកអ្នក​បានច្បាស់​លាស់។

ការ​ព្យាបាល​ជម្ងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ

ការ​ព្យាបាល​ជម្ងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃមាន២​ដំណាក់​កាល គឺការ​ប្រើប្រាស់​ថ្នាំ និង​ការវះ​កាត់។

1. ការប្រើ​ប្រាស់ថ្នាំ

ដើម្បី​បំបាត់​នូវមូល​ហេតុនានា​ខាងលើ​ដែល​ស្គាល់​ច្បាស់ ឬសង្ស័យ​ចោល លោកអ្នក​ចាំបាច់​ត្រូវបញ្ឈប់​ការប្រើ​ប្រាស់​ថ្នាំ​បន្ដក់​ពពួក​បន្ធូរ​ច្រមុះ ព្រោះ​ប្រសិទ្ធភាព​វាអាច​បន្ធូរ​ច្រមុះ​បានតែ​មួយរយៈ​ពេលតែ​ប៉ុណ្ណោះ។ ក្រៅពី​នេះ​លោកអ្នក​ត្រូវស្វែង​យល់អំពី ហេតុផល​ផ្សេងៗ​ដូចជា​បរិស្ថាន និង​ស្ថានភាព​ការងារ​ប្រចាំថ្ងៃ​របស់​លោកអ្នក។ ក្នុង​ករណី​ខ្លះ គ្រូពេទ្យ​អាចធ្វើ​ការដុត ឬលាប​លើ​សាច់​ដែល​រីកធំ​ដោយ​ប្រើអាស៊ីត​ក្រូម៉ិក​មួយ​ភាគបី ឬ​អាស៊ីត​ទ្រីក្លអាសេទិក​(ភាគច្រើន​លើទួល​សាច់​ច្រមុះ​ក្រោម)។

2. ការវះ​កាត់

ទោះបី​ជាការ​រលាក​ច្រមុះ​ដោយ​អាលែស្ស៊ី​ត្រូវ​ព្យាបាល​ជាចម្បង​ដោយវេជ្ជ​សាស្ដ្រ​ក៏ដោយ ក៏ការ​ព្យាបាល​ដោយ​វះកាត់នៅ​តែជា​ចំណែក​មួយជួយ​ឱ្យបាន​នូវលទ្ធផល​ល្អ ប្រសិនបើ​សាច់រីក​រ៉ាំរ៉ៃនោះ​មានលក្ខណៈ​ចាំបាច់​ត្រូវ​អនុវត្ដន៍ និង​ធ្វើឡើង​នៅពេល​ដែល​ការព្យាបាល​ដោយថ្នាំ​មិនអាច​ធូរស្បើយ​បាន។ ដើម្បី​បន្ថយ​ផ្ទៃរីកធំ​នៃទួលសាច់​ច្រមុះ​ក្រោម គ្រូពេទ្យ​អាចធ្វើ​ការវះកាត់​តាមវិធីជា ច្រើនដូច​ខាង​ក្រោម។

  •  ការដុត​ដោយភ្លើង   
  •  ការចាក់​ថ្នាំក្រិន​ឱ្យវារួញ
  •  គ្រីយ៉ូ​ដោយ​ប្រើបំពង់​តូចរត់ចូល​ដោយ​អាសូតរាវ
  •  ដុតដោយ​កាំរស្មី​ឡាស៊ែរ ដោយ​ប្រើ​ឧស្ម័ន​កាបូនិក ឬជាតិ​អាហ្គរ (Argor)
  •  ការកាត់​សាច់ទួល​ច្រមុះ​ក្រោម​ចេញ ដោយ​ប្រើ​កន្ដ្រៃកាត់​នៅផ្នែក​ក្រោមនៃ​ទួលសាច់​ច្រមុះ​ក្រោម ឬនៅ​ផ្នែក កន្ទុយ​ឬក៏កាត់​យក​សាច់ដុះ​តូចៗ​ចេញ ដោយ​ប្រើធ្នាក់​កឆ្កែ។

វិធី​ការពារ​ជម្ងឺ​រលាក​ច្រមុះ​រ៉ាំរ៉ៃ

ជម្ងឺ​រលាក​ច្រមុះរ៉ាំរ៉ៃ​ជាជម្ងឺ​ដែលអាច​បង្ការ​បានដោយ​លោកអ្នក​ត្រូវ​ប្រតិបត្ដិ​នូវ​វិធីមួយ​ចំនួន។

  • លោកអ្នក​មិនគប្បី​ប្រើថ្នាំ​បន្ដក់​ច្រមុះរយៈ​ពេលយូរ គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ លើស​ពី២សប្ដាហ៍ទេ ព្រោះថ្នាំ​នេះអាច​ធ្វើឱ្យ​ច្រមុះ​មាន​សភាព​តឹង
  • បើមាន​អាការ​តឹងច្រមុះ​យូរក៏​អាចបណ្ដាល​មកពីការ​រលាកផ្នែក​ផ្សេងៗ ដូចជា​រលាក​ស៊ីនុស​ជាដើម។ លោកអ្នក​ត្រូវ​អញ្ជើញ​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ ដើម្បី​ឱ្យព្យាបាល​នូវជម្ងឺ​នោះជា​សះស្បើយ ទើប​ការតឹង​ច្រមុះ​អាចបាត់​ទៅតាម​នោះដែរ។
  • ការរលាក​តឹងច្រមុះ​ដោយរោគ​ផ្ដាសាយ​ឆ្លងនោះ លោកអ្នក​ក៏មិនគួរ​បារម្ភ​ច្រើន​នោះទេ ព្រោះវា​នឹងអាច​ធូរស្រាល​ក្នុង​រយៈពេល​មួយ​អាទិត្យ។ ជាងនេះ​ទៅទៀត ការប្រើ​ថ្នាំមួយ​ចំនួន​អាចធ្វើឱ្យ​មានការ​តឹង​ច្រមុះ​បាន ដូចជា​ក្រុមថ្នាំ​បន្ដក់​បន្ធូរ​ច្រមុះ ក្រុម ថ្នាំបញ្ចុះ​សម្ពាធ​ឈាម​ពពួកថ្នាំ​អាស្ពីរីន​ជាដើម។

ដំបូន្មាន​អ្នកជំនាញ

នៅពេល​ដែល​លោកអ្នក​មានអាការ​តឹងច្រមុះ​លើសពី​២សប្ដាហ៍​ឡើងទៅ ចាំបាច់​ត្រូវទៅ​ពិគ្រោះជា​មួយគ្រូពេទ្យ​ជំនាញ។ ចំណែក​ឯការកាត់ ឬដុត​សាច់ច្រមុះ​មិនអាច​ធ្វើតាម​ចិត្ដបាន​ទេ ព្រោះថា​បើការ​កាត់នោះ​មានលក្ខណៈ​ធំពេក ពេលនោះ​អ្នកអាច​នឹង​ទទួលនូវ​ការ​រលាក​ច្រមុះរ៉ាំរ៉ៃ​បន្ថែម​ទៀត គឺឫស​ដូងស៊ី​ច្រមុះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧

Google Analytics Alternative