ជម្ងឺ​ឆ្កួត​ជ្រូក

កាលណា​បើ​មាន​មនុស្ស​ប្រកាច់ គេច្រើន​និយាយថា​មនុស្ស​នោះ​មាន​ជម្ងឺឆ្កួត​ជ្រូក បើនៅ​លើទារក គេហៅ​ថាស្កន់។ អ្នកខ្លះ យល់ថា​ឆ្កួតជ្រូក​ជាជម្ងឺ​សួរពូជ និងមិន​អាច​ព្យាបាល​ជាសះ​ស្បើយ​បានឡើយ។ ជម្ងឺ​ឆ្កួត​ជ្រូក​បាន​បន្សល់​ទុកនូវ​ផលវិបាក​ដល់​សាម៉ីខ្លួន ក្រុម​គ្រួសារ​ជាច្រើន ជាពិសេស​គឺការរើស​អើង ដោយ​សារការ​យល់ច្រឡំ​និង​បកស្រាយ​មិនពិត​ប្រាកដ​ទៅលើ​ជម្ងឺនេះ។ តើ​ជម្ងឺឆ្កួត ជ្រូកជាអ្វី? កើត​ឡើងយ៉ាង​ដូចម្ដេច? អាច​ព្យាបាល​ជាឬទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ស្រាយ​ចម្ងល់​ទាំងនេះ ទស្សនាវដ្ដី សុខភាពយើង​សូម​លើក​យក​ជម្ងឺឆ្កួត​ជ្រូក​មកបក​ស្រាយ​ជូន​ប្រិយមិត្ដ​អ្នកអាន តាមរយៈ​លទ្ធផល​នៃកិច្ច​សម្ភាសន៍​ជាមួយ​នឹង​លោក​សាស្ដ្រាចារ្យ​មហាបរិញ្ញា ការ ស៊ុនបូណាត​ប្រធាន​កម្មវិធី​ជាតិ​សម្រាប់​សុខភាព ផ្លូវចិត្ដ និង​ជាប្រធាន​ស្ដីទី​នៃ​សមាគមកម្ពុជា​ប្រឆាំង​នឹង​ជម្ងឺឆ្កួត​ជ្រូក។

ការរីក​រាលដាល​របស់​ជម្ងឺ​ឆ្កួតជ្រូក

សព្វ​ថ្ងៃនេះ នៅ​កម្ពុជា​ពុំទាន់​មានការ​សិក្សា​ណាមួយ​បញ្ជាក់​ច្បាស់​លាស់ពី​ស្ថិតិ​នៃអត្រា​អ្នកកើត​ជម្ងឺឆ្កួត​ជ្រូក​នៅ​ឡើយ​ទេ។ ប៉ុន្ដែ​អាច​សន្និដ្ឋាន​បានថា ជម្ងឺឆ្កួត​ជ្រូក​កើតមាន​ច្រើននៅ​ប្រទេស​កម្ពុជា និងនៅ​បណ្ដា​ប្រទេស​ដ៏ទៃទៀត​លើពិភព​លោក។ នាពេល​ថ្មី ៗនេះ​កម្ពុជា​បាន​សហប្រតិ​បត្ដិការ​ជាមួយ​ប្រទេស​បារាំង បាន​បង្កើត​ឱ្យមាន​សមាគម​ប្រឆាំង​នឹង​ជម្ងឺ​ឆ្កួតជ្រូក ដើម្បី​ធ្វើការ​សិក្សាស្រាវ ជ្រាវអំពី​ជម្ងឺនេះ​និង​ធ្វើការ​បណ្ដុះ​បណ្ដាល​ជំនាញនេះ​ឱ្យបាន​ច្រើន​សម្រាប់​ពង្រីក​សេវា​ព្យាបាល។

មូលហេតុ​ជម្ងឺឆ្កួត​ជ្រូក

ជម្ងឺឆ្កួត​ជ្រូកនេះ​ច្រើនកើត​ឡើង​ពីគ្រោះ​ថ្នាក់ ដែល​បណ្ដាល​មកពី​ការប៉ះពាល់​ដល់​ខួរក្បាល​ធ្ងន់ធ្ងរ។ គ្រោះថ្នាក់​ទាំងនោះ​អាច​មានតាំង​ពីពេល​កើត​មកម្ល៉េះ។ ទារក​ដែល​ពិបាក​សម្រាល ជួនកាល​សម្រាល​ដោយ​ប្រើកែវ​ជប់ បូម ជួន​ដោយ​ប្រើ​ប្រដាប់​កៀប ឬទាញ​ក្បាល។ ទារក​ដែល​កើត​ចេញពី​ម្ដាយ​ដែល​មានល្អាង​ត្រគាកតូច​ពេក ក្រសម្រាល​នាំឱ្យ​ទារក​ឈ្លក់​ទឹកភ្លោះ ថប់​ដង្ហើម ធ្វើឱ្យខ្វះ​អុកស៊ីសែន​សម្រាប់​ចិញ្ចឹម​ខួរក្បាល​នាខណៈ​ពេល​នោះ។ ក្រៅពីនេះ​ជម្ងឺ​រលាក​ស្រោមខួរ គ្រុនក្ដៅ​ខ្លាំង​អាចធ្វើ​ឱ្យប្រកាច់​ដែល​គេច្រើន ហៅ​ថាស្កន់។ ការមាន​របួស​ក្បាល​ដែលធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ខួរក្បាល ដូចជា​គ្រោះថ្នាក់​នានា មានទាំង​គ្រោះថ្នាក់​ចរាចរណ៍ ការ​វាយតប់ ការធ្លាក់​ពីលើ​ទីខ្ពស់​(ដើម​ឈើ ផ្ទះ)​ជាដើម។

រោគ​សញ្ញា​ជម្ងឺឆ្កួត​ជ្រូក

កាលពី​មុន​ទាល់តែ​មនុស្ស​ប្រកាច់​ទើប​សង្ស័យថា​អ្នកនោះ​មាន​ជម្ងឺ​ឆ្កួតជ្រូក។ ប៉ុន្ដែ​មកដល់​បច្ចុប្បន្ន​នេះ តាមការ​សិក្សា​ស្រាវ ជ្រាវ​ជម្ងឺ​ឆ្កួតជ្រូក​មួយ​ចំនួន​អាចស្ដែង​ចេញ​ជារោគ​សញ្ញា​តែមិន​មានការ​ប្រកាច់​ទេ ដូចជា​គ្រាន់​តែភ្លឹក​មួយភ្លែត​មានរយៈ​ពេលតែ៣ ឬ៤វិនាទី​ហើយ​អ្នកជម្ងឺ​មានភ្នែក​ព្រិចតិចៗ ជួនកាល​អ្នកជម្ងឺ​អាច​រវើរវាយ​ធ្វើអ្វី​ដែល​ប្លែក​ខុស​ពីធម្មតា​ជាដើម។ ពេលខ្លះ​អ្នក​ជម្ងឺឆ្កួត​ជ្រូក​អាចក្លាយ​ជាមនុស្ស​ម្នាក់​ផ្សេងទៀត​មួយ​រំពេច គឺពេល​កំពុង​ធ្វើទុក្ខ​គាត់​រវើរវាយ​មិនដឹងអ្វី ជួនកាល​សើច ជួនកាល​ខឹង ហើយ​ជួន ជេរគេ​ឯងមួយ​រយៈ​រួចមក ក៏ប្រែ​ជាធម្មតា​វិញ។ ចំពោះ​អ្នកដែល​មិនបាន​យល់ដឹង​អំពីបញ្ហា​នេះ អាចចាប់​ថ្នាក់​ប្រកាន់ខឹង​ជាមួយអ្នក ជម្ងឺ​ទៀត​ផង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រភេទ​ជម្ងឺឆ្កួត​ជ្រូក

នៅលើ​ពិភព​លោក គេបាន​កំណត់​ជម្ងឺឆ្កួត​ជ្រូក​ជាពីរ​ជំពូកធំ គឺជម្ងឺឆ្កួត​ជ្រូកមាន​ការ​ប្រកាច់ និង​មានភ្លឹក និង​ជម្ងឺ​ឆ្កួតជ្រូក​ធ្វើទុក្ខ​តិចតួច​ត្រឹមតែ​ប្រទាញ​ដៃ-ជើង។

1 . ជំពូក​ទីមួយ ឬជម្ងឺ​ឆ្កួត​ជ្រូក​ប្រទាញ​ដៃជើង ៖ ជម្ងឺ​ឆ្កួត​ជ្រូក​ជំពូកនេះ​ត្រូវបាន​បែងចែក​ជាពីរ​ប្រភេទ​ទៀតគឺៈ

  • ប្រភេទ​សាំញ៉ាំ ៖ អ្នក​ជម្ងឺ​ដឹងខ្លួន​ជាមុន ដូចជា​ឈឺក្បាល ណែន​ទ្រូង បន្ទាប់​មកមាន​ញាក់​ភ្នែក ក្អក ញាក់ដៃ-ជើង​អវយវៈ​ត្រង់​កំណាត់​ណាមួយ​ជាដើម។ ប៉ុន្ដែ​សាម៉ីខ្លួន​មិនបាន​ដឹងថាខ្លួន​មានអាការ​បែប​នេះទេ។
  • ប្រភេទ​ស្រាល ៖ ជាប្រភេទ​ជម្ងឺ ដែល​មិនឱ្យដឹងមុនទេ​នៅពេល​ធ្វើទុក្ខ អ្នក​ជម្ងឺ​នៅដឹង​ខ្លួន មិន​សន្លប់​បាត់​សតិទេ។

2 . ជំពូក​ទី២ ឬជម្ងឺ​ឆ្កួតជ្រូក​មានប្រកាច់ ៖ ជម្ងឺ​ឆ្កួតជ្រូក​ជំពូកនេះ​ត្រូវបាន​បែងចែក​ជាពីរ​ប្រភេទ​ទៀត គឺពើទីម៉ាល់ ឬ​កម្រិត​តូច និង​ហ្គ្រង់​ម៉ាល់ ឬ​កម្រិតធំ។

  • ពើទីម៉ាល់ ឬកម្រិត​តូច នៅពេល​ជម្ងឺ​ធ្វើទុក្ខ​មិនប្រកាច់​ទេ គ្រាន់តែ​ភ្លឹកមួយ​ភ្លែត ពី៣ទៅ​៥វិនាទី​ប៉ុណ្ណោះ ភ្នែក​ព្រិចបី​ដងក្នុង​មួយ​វិនាទី។ អ្នក​ជម្ងឺ​មិនដួល​ទេ បើ​កំពុងជិះ​កង់គេ​នៅតែ​បន្ដជិះ​ដដែល គ្រាន់តែ​បាត់សតិ​មួយ​ភ្លែត ហើយ​ក៏ដឹង​ខ្លួនវិញ​ធម្មតា ភ្លាម។
  • ហ្គ្រង់ម៉ាល់ ឬ​កម្រិតធំ នៅពេល​ធ្វើទុក្ខ​អ្នកជម្ងឺ​មាន​អកប្ប​កិរិយា​គួរឱ្យ​ខ្លាច ប្រកាច់​ពេញទាំង​ដងខ្លួន ប៉ុន្ដែ​ជាទូទៅ​អ្នក​ជម្ងឺ​អាចដឹង​ខ្លួន​ជាមុន ដូចជា​ងងឹត​មុខ ឈឺក្បាល ក្ដៅ ថប់ដង្ហើម​ជាដើម។ បន្ទាប់​មកមុខឡើង​ស្លេកស្លាំង គាំងដង្ហើម រឹងដៃជើង រួចដួល ហើយ​ប្រកាច់​តែម្ដង។ ជួន​កាល​បែក​ពពុះមាត់ ដោយ​មានសម្លេង​ដង្ហើម​ឃឺតខតៗ​ទៀត​ផង។ ការ​ប្រកាច់​អាចមាន​រយៈ ពេល​ពីកន្លះនាទី​ទៅ៥ឬ​១០នាទី។ ពេល​ប្រកាច់​អ្នក​ជម្ងឺ​វៀសដៃ​ជើងធ្វើ​ឱ្យ​របស់របរ​នៅជិត​ខ្លួនបាក់​បែក ឬរាង​កាយ​របស់​ជនរង គ្រោះ​មាន​របួស​ផងដែរ។ នេះ​ជាករណី​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់​ប្រសិនបើ​ធ្វើទុក្ខ​នៅពេល​កំពុងបើក​បរយាន​យន្ដវិញ អាចមាន គ្រោះថ្នាក់​ឱ្យ​ក្រឡាប់ បុកគេ ឬដួល​ជាដើម។ ប្រសិនបើ​កំពុង​ងូតទឹក​បឹងអាច​លង់ទឹក​ស្លាប់​បានដោយ​ឈ្លក់ទឹក។ បើនៅ​ជាប់នឹង​ជើង ក្រាន ឬភ្នក់​ភ្លើង​អាចរលាក ឬ​ស្លាប់​ដោយ​ភ្លើងឆេះ​បាន។
  • ករណី​ជម្ងឺ​ឆ្កួតជ្រូក​មួយបែប​ទៀត គេហៅ​ថាម៉ាល់​អេពីលិបទិក ឬ​ប្រកាច់​ញឹកញាប់ ជាប្រភេទ​ជម្ងឺ​ឆ្កួតជ្រូក​ធ្ងន់ធ្ងរ​ដែល​ធ្វើឱ្យ​ប្រកាច់​មួយថ្ងៃ​ពី៣ទៅ​១០ដង រហូត​ធ្វើការងារ​អ្វីមិន​កើត​ក៏មាន។

ការធ្វើ​រោគ​វិនិច្ឆ័យ

ក្នុងការ​ធ្វើរោគ​វិនិច្ឆ័យ ជាទូទៅ​គ្រូពេទ្យ​ច្រើន​ពិនិត្យ​សាកសួរ​លម្អិត​អំពី​អាការ​កន្លងមក។ បើមាន​ឧបករណ៍​គ្រប់គ្រាន់ គេ​អាច​ត្រួត​ពិនិត្យ​សកម្មភាព​ខួរក្បាល​ពេញ​មួយ​ថ្ងៃ២៤​ម៉ោង​ក្នុងរយៈ​ពេល​មួយ​សប្ដាហ៍​ដោយ​ម៉ាស៊ីន​វាស់​សកម្មភាព​អគ្គិសនី​ខួរក្បាល​ដែល​អាច​តាម​ដាន​ពេល​អ្នក​ជម្ងឺ​ប្រកាច់់។ ប្រព័ន្ធ​សម្រាប់​ឃ្លាំមើល​រោគសញ្ញា​ជម្ងឺនឹង​ថតទាំង​រូបភាព ទាំង​គំនូស​តាង​សកម្មភាព អគ្គិសនី​របស់​កោសិកា​ខួរក្បាល។ នៅពេល​អ្នក​ជម្ងឺ​ប្រកាច់ គេនឹង​ឃើញ​វាមាន​ស្នាម​គំនូស​បញ្ជាក់ថា​មាន ឬគ្មាន​ជម្ងឺ​ឆ្កួតជ្រូក។ ករណី ខ្លះទៀត​អ្នក​ជម្ងឺ​មាន​ប្រកាច់ដែរ​តែគំនូស​តាង​មាន​លក្ខណៈ​ធម្មតា មានន័យ​ប្រកាច់​បណ្ដាលមក​ពីជម្ងឺ​ផ្សេង ដែល​មិនមែន​ជា​ជម្ងឺ​ឆ្កួត ជ្រូកទេ។ ហេតុនេះ​រាល់​អាការ​ដែល​ប្រកាច់​មិនសុទ្ធ​តែជា​ជម្ងឺឆ្កួត​ជ្រូក​នោះទេ។

ការធ្វើ​ទុក្ខនៃ​ជម្ងឺ​ឆ្កួតជ្រូក​អាចត្រូវ​បង្កឡើង​ដោយ​សាម៉ីខ្លួន អាច​បណ្ដាលមក​ពីអ្នក​ជម្ងឺ​អត់ងងុយ ព្រួយ​ចិត្ដខ្លាំង ទទួលទាន​មិន​បាន​គ្រប់គ្រាន់ ហើយ​ជាតិស្ករ​ក្នុងឈាម​ថយចុះ ធ្វើការ​ធ្ងន់និង​ប្រឈម​នឹងពន្លឺ ដូចជា​មើល​ទូរទស្សន៍ កុំព្យូទ័រ​យូរពេក ជួនកាល​គ្រាន់តែ​ពន្លឺហ្វា​ថតរូប​ចាំងខ្លាំង​អាចធ្វើ​ឱ្យអ្នក​ជម្ងឺ​ប្រកាច់​មួយរំពេច​ក៏មានដែរ។

ប្រការ​ត្រូវធ្វើ​នៅពេល​មានជម្ងឺ​ឆ្កួតជ្រូក

ជម្ងឺ​ឆ្កួតជ្រូក ជាជម្ងឺមួយដែលអាចបង្កឱ្យមានការប៉ះពាល់ដល់សុខភាពផ្លូវចិត្ដ និងបញ្ញាស្មារតី។ ប្រសិនបើជម្ងឺនេះនៅតែ មានជាប់រហូត ឬកាន់តែធ្ងន់ទៅៗ និងអាច​មាន​គ្រោះថ្នាក់​ដល់រាង​កាយ​នៅពេល​ធ្វើ​ទុក្ខម្ដងៗ។ អ្នកជម្ងឺ​ស្ថិតក្នុង​ស្ថានភាព​ដែល​ងាយ ប្រឈម​នឹង​គ្រោះថ្នាក់​ដូចជា​ពេល​កំពុង​បើកបរ ដើរ​លើស្នួរ ឡើង​ដើមឈើ នៅក្បែរ​ភ្លើង។ល។ នៅប្រទេស​ជឿន​លឿន អ្នកដែល​កំពុង​មាន​ជម្ងឺឆ្កួត​ជ្រូក​ត្រូវបាន​គេហាម​ឃាត់​មិនឱ្យ​បើកបរ។

ជាទូទៅ​ដើម្បី​បង្ការ​នូវគ្រោះ​ថ្នាក់​ទាំងនេះ​ដែលអាច​កើត​មាន​ដោយ​ចៃដន្យ​ពេលធ្វើ​ទុក្ខម្ដងៗ គេហាម​មិនឱ្យ​អ្នក​ជម្ងឺ​បើកបរ​ជិះលើ​ដំបូល​យានយន្ដ ជិះទូក​តូចៗ ហែលទឹក ដើរលើ​ស្នួរខ្ពស់ ឡើង​ដើមឈើ ដើរកាត់​ត្រញំង​ភក់ និងនៅ​ក្បែរភ្លើង​ឡើយ។ ពេល ធ្វើទុក្ខ​គេត្រូវ​យក​អ្នកជម្ងឺ​ដាក់​កន្លែង​ទូលាយ​មិនមាន​អ្វីដែល​អាចធ្វើ​ឱ្យ​របួស​ដល់អ្នក​ជម្ងឺ រក្សា​ផ្លូវដក​ដង្ហើម។ល។ ដើម្បី​បង្ការ ការធ្វើ​ទុក្ខញឹក​ញាប់​អ្នក​​ជម្ងឺ​ត្រូវ​ព្យាយាម​កុំអត់​ងងុយ កុំធ្វើ​ការងារធ្ងន់ ព្រួយចិត្ដ មើល​ទូរទស្សន៍ ឬនៅ​មុខកុំព្យូទ័រ​យូរពេក ត្រូវ​តមគ្រឿង​ស្រវឹង​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការ​ព្យាបាល​ជម្ងឺឆ្កួត​ជ្រូក

មាន​ប្រភេទ​ជម្ងឺឆ្កួត​ជ្រូកខ្លះ​មិនអាច​ព្យាបាល​ជាសះ​ស្បើយទេ គឺគ្រាន់​តែឱ្យបាន​ធូរស្រាល​តែប៉ុណ្ណោះ។ ប៉ុន្ដែ​ក៏មាន​ប្រភេទ​ខ្លះដែល​កើតមាន​លើកុមារ​អាចជា​សះស្បើយ​ដោយខ្លួន​ឯង​នៅពេល​កុមារ​នោះ​ធំឡើង។ បច្ចុប្បន្ន​នេះ នៅលើ​សាកល​លោក ការព្យា​បាល​ជម្ងឺ​ឆ្កួតជ្រូក​មាន៤យ៉ាង​សំខាន់។

1 . ការ​ព្យាបាល​ដោយ​ប្រើថ្នាំ ក្រោយ​ពេល​គ្រូពេទ្យ​ពិនិត្យ​ល្អិតល្អន់​ទើបអាច​ឱ្យអ្នក​ជម្ងឺ​ប្រើប្រាស់​ថ្នាំបាន ហើយ​ត្រូវ​ប្រើថ្នាំ​ឱ្យបាន​ទៀងទាត់ និងធ្វើ​តាម​វេជ្ជបញ្ជា​ឱ្យបាន​ត្រឹមត្រូវ។ ​

2 . ការ​ព្យាបាល​ដោយ​ការវះ​កាត់​ខួរក្បាល ការវះ​កាត់​ខួរក្បាលអាច​ធ្វើទៅ​បាន​លុះត្រា​ណាគេ​ស្រាវជ្រាវ​ឃើញថា​កន្លែង​ណា​មួយនៃ​ខួរក្បាល​ជាចំណុច​ផ្ដើម​បង្កការ​ប្រកាច់ គ្រូពេទ្យ​ធ្វើការ​វះកាត់​យកកន្លែង​នោះចេញ។

3 . ការ​ព្យាបាល​ដោយ​ប្រើម៉ាស៊ីន​ភ្ញោច ប្រសិន​បើការ​ប្រើថ្នាំ និងការ​វះកាត់​មិនធ្វើឱ្យ​ជម្ងឺ​ឆ្កួតជ្រូក​ធូរស្បើយ​ទេ គេ​ព្យាបាល​ដោយ​ភ្ញោច​ទៅលើ​សរសៃ​មួយនៅ​ចំហៀងក​ខាងឆ្វេង គឺ​សរសៃ​វ៉ាក ដោយ​ប្រើកុំព្យូទរ័ និង​ឧបករណ៍​សម្រាប់​រក្សា​រំញោច ដែល គេដាក់​ក្នុងសាច់​ក្រោមដោះ។ មធ្យោបាយ​នេះមាន​ប្រសិទ្ធិភាព​មួយ​កម្រិតដែរ តែមិន​បានទាំង​ស្រុង​នោះទេ។

4 . ការ​ព្យាបាល​ដោយ​ចំណី​អាហារ​សម្បូរ​ខ្លាញ់ បើគេ​ប្រើប្រាស់​វិធីខាង​លើទាំង​អស់ហើយ​នៅតែ​មិនទទួល​បាន​លទ្ធផល ល្អ​គេអាច​ព្យាបាល​ដោយ​ប្រើអាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិខ្លាញ់ ឬ​ប្រេង​ច្រើន មានដូច​ជា​សណ្ដែកដី ហ្វ្រូម៉ា ប៊ឺរ ជាតិខ្លាញ់ ប្រេង​ធម្មជាតិ​ដែល​មាន​ប្រភព​ពីសត្វ និង​ធម្មជាតិ។ ប៉ុន្ដែ វិធីនេះ​ធ្វើឱ្យ​អ្នកជម្ងឺ​ពិបាក​ទ្រាំណាស់ ព្រោះវា​ធ្វើឱ្យ​ធាត់ពេក។

សម្រាប់​នៅ​ប្រទេស​កម្ពុជា​យើង មានតែ​មធ្យោបាយ​ព្យាបាល​ដោយ​ប្រើថ្នាំ និង​ធ្វើការ​តមទេ។ យើង​មិនទាន់​ឈានទៅ​ដល់ការ​ព្យាបាល​ដោយ​វះកាត់ ឬ​ប្រើ​ម៉ាស៊ីនទេ ព្រោះវា​មានតម្លៃ​ថ្លៃ​ហើយ​ត្រូវការ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ប្រើប្រាស់​ម៉ាស៊ីន​ទាំងនោះ។

ផល​វិបាក​របស់​ជម្ងឺ​ឆ្កួតជ្រូក

អ្នកជម្ងឺ​នឹងស្លាប់​ប្រសិនបើ​មានការ​ធ្វេស​ប្រហែស។ លើស​ពីនេះ​ជម្ងឺឆ្កួត​ជ្រូក​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ដ អាចធ្វើឱ្យ​មនុស្ស​អាប់បញ្ញា​មាន​ពិការ​ភាព (អ្នកជម្ងឺ​បាត់​សមត្ថភាព​ធ្វើការងារ) អាច​ខូចចិត្ដ​នាំឱ្យ​មានជម្ងឺ​ធ្លាក់​ទឹកចិត្ដ ឬអាច​ក្លាយ​ជាមនុស្ស មាន​ជម្ងឺ​វិកលចរិត​ទៀតផង។

វិធាន​ការណ៍​ការពារ​ជម្ងឺ​ឆ្កួតជ្រូក

ដើម្បី​ចៀស​វាង​ជម្ងឺ​ឆ្កួតជ្រូក ស្ដ្រី​ជាម្ដាយ​ត្រូវថែ​រក្សាគភ៌​ឱ្យបាន​ល្អ គឺអ្នក​ម្ដាយ​មិនត្រូវ​ឱ្យមាន​ជម្ងឺ​អ្វីទេ​ក្នុង​អំឡុង​ពេល​នោះ ។ រហូត​ដល់​ពេល​សម្រាល​ទៀត​ត្រូវធ្វើ​យ៉ាងណា​ឱ្យទារក​កើត​មកតាម​សម្រួល​មិនមាន​ប៉ះពាល់​ដល់​ក្បាល។ សូមថែ​ទាំកូន​ក្រោយថ្ងៃ កើត​រហូត​ដល់ធំ​បង្ការ​កុំឱ្យកើត​មាន​នូវជម្ងឺ ឬ​គ្រោះថ្នាក់​ដែលជា​មូលហេតុ​បង្កជម្ងឺ​នេះដូច​បាន​រៀបរាប់​ខាងលើ។ ឆ្កួតជ្រូក​ជាជម្ងឺ​សួរ ពូជផង​ដែរ​ប្រសិនបើ​មានជី​ដូនជីតា​ធ្លាប់​កើត​មានជម្ងឺ​នេះ កូនចៅ​ជំនាន់​ក្រោយ​អាចកើត​ដែរ តែមិន​មែនមាន​ន័យថា​កូនចៅ​ទាំងអស់ កើត​ជម្ងឺ​ឆ្កួតជ្រូក​នោះទេ​មានតែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។

ដំបូន្មាន​អ្នកប្រឹក្សា 

នៅក្នុង​គ្រួសារ ប្រសិនបើ​មាននរណា​ម្នាក់​កើតមាន​ជម្ងឺឆ្កួត​ជ្រូកនេះ សូមកុំ​មានការ​រើសអើង ឬ​ប្រកាន់​ខឹង​នៅពេល​ដែល​អ្នក​ជម្ងឺ​បញ្ចេញ​អាការ​ឆ្កួតជ្រូក។ អ្នកជម្ងឺ​ត្រូវតម​ឱ្យបាននូវ​ប្រការមួយ​ចំនួន​ដូចរៀប​រាប់​ជម្រាប​ជូន។ បើមាន​កូនចៅ​កើត​ជម្ងឺនេះ ត្រូវ​ប្រញាប់​នាំទៅ​រកគ្រូពេទ្យ​ព្យាបាល ជាពិសេស​នៅទីណា​មានសេវា​សុខភាព​ផ្លូវចិត្ដ​ឱ្យបាន​ទាន់​ពេលវេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *