កូនខ្ញុំកើតព្រូន

ព្រូន គឺជា​បញ្ហា​មួយ​ដែល​លោកអ្នក​ត្រូវមាន​ការប្រុង​ប្រយ័ត្ន និង​ការការ​ពារឱ្យ​បានល្អ។ មិនថា​តែកុមារ​នោះទេ​ដែល​ប្រឈម​មុខនឹង​ការកើត​ព្រូន មនុស្ស​ធំក៏កើត​បានដូច​គ្នាដែរ។ ជាពិសេស​កុមារ​ដែល​រស់នៅ​តំបន់​ឆ្ងាយ​មិនបាន​ធ្វើ​អនាម័យ​ខ្លួន​ប្រាណ និង បរិស្ថាន​រស់នៅ​មិន​ស្អាតល្អ។ ព្រូន​ធ្វើឱ្យ​រាងកាយ​មនុស្ស​បាត់​បង់នូវ​ការរីក​ធំធាត់​ដោយ​សារ​វាស៊ីនូវ​សារ​ធាតុ​ចិញ្ចឹម​ទាំង​ឡាយ​ដែល មនុស្ស​បាន​បរិភោគ​ទៅមួយ​ផ្នែក និង​អាចស៊ី​ឈាម​នៅតាម​ភ្នាស​របស់​ពោះ​វៀន។ តើត្រូវ​មានវិធាន​ការដូច​ម្ដេចខ្លះ​ដើម្បី​កុំឱ្យ​កើត ព្រូន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជាការ​រួមចំណែក​ផ្ដល់​ចំណេះ​ដឹង​អំពីការ​ថែរក្សា​សុខភាព ទស្សនាវដ្ដី សុខភាពយើង​បាន​ជួប​សម្ភាសន៍​ជាមួយ​លោក វេជ្ជបណ្ឌិត ហ៊យ គឹមហេង អ្នក​ឯកទេស​រោគកុមារ នៅមន្ទីរ​ពេទ្យ​កុមារជាតិ។

ព្រូន ជាអ្វី?

ព្រូន គឺជា​ពពួក​ប៉ារ៉ាសិត ឬ​ប្រភេទ​ដង្កូវ​ដែល​រស់នៅ​ក្នុងខ្លួន​របស់​មនុស្ស។ ដង្កូវ​ទាំងនេះ​មានបី​ប្រភេទ គឺអៀន​ព្រូន​ចង្កឹះ (អាស្ការី) និង​អង់គីឡូស្ដូម។

  • អៀន អាច​សង្កេត​ឃើញ​មាននៅ​គូថ​របស់​កុមារ ឬ​មនុស្សធំ។
  • ព្រូនចង្កឹះ ៖ វាមាន​លក្ខណៈ​ដូច​ជន្លេន​រស់នៅ​ក្នុង​ពោះវៀន​របស់​មនុស្ស។
  • អង់គីឡូស្ដូម ជាប្រភេទ​ព្រូន​ម្យ៉ាង​រស់នៅ​ក្នុង​ពោះវៀន និង​ស៊ីឈាម​របស់​មនុស្ស។ មិនថា​តែ​មនុស្ស​ភេទ​ណា​ឬវ័យ​ណា​នោះទេ អាច​ប្រឈមមុខ​នឹង​ការកើត​ព្រូនដូចៗ​គ្នា ប៉ុន្ដែ​កុមារ​ប្រឈម​មុខ​ជាងគេ។

រោគ​សញ្ញា​កើត​ព្រូន

កុមារ​កើត​ព្រូន​មានរោគ​សញ្ញា​មួយ​ចំនួន​ដូចជា​រាករូស ស្លេក​ស្លាំង ក្បាល​ពោះធំ កង្វះ​អាហា​រូបត្ថម្ភ​ជាដើម​ដែល​បណ្ដាល មក​ពីព្រូន​ស៊ី​ចំណី​អាហារ​មួយ​ផ្នែក​ដែល​មនុស្ស​ទទួលទាន​សម្រាប់​ចិញ្ចឹម​សព៌ាង្គ​កាយ។ ព្រូន​អាច​ស៊ីឈាម​នៅតាម​ភ្នាស​របស់​ពោះវៀន ធ្វើឱ្យ​ប្រដាប់​រំលាយ​អាហារ​មានវិបត្ដិ។ ទាំង​មនុស្ស​ចាស់ ទាំង​វ័យក្មេង ច្រើន​តែយល់​សប្ដិ​អាក្រក់​មមើម​មាយ​នៅពេល​យប់​ច្រើនតែ ដេក​សង្គ្រឺត​ធ្មេញ។ អាច​មាន​រោគសញ្ញា​មួយ​ចំនួន​ទៀត​ដូច​ជាក្អួត រាក មិនចង់​បរិភោគ​បាយ​ចុក​ពោះ រមាស់​ជាដើម។ ក្នុង​ករណី ធ្ងន់ធ្ងរ​មាន​រោគសញ្ញា​ដូចជា​ការស្ទះ​ពោះវៀន​បណ្ដាល​មក​អំពី​ព្រូន​ចង្កឹះ​ដែលផ្ដុំ​គ្នានៅ​ក្នុង​ពោះវៀន​ជាដើម រហូត​តម្រូវ​ឱ្យធ្វើ​ការវះ កាត់​ព្យាបាល​ទៀតផង។

មូល​ហេតុ​កើត​ព្រូន

មូលហេតុ​ចម្បង​បណ្ដាល​មកពីការ​ធ្វើ​អនាម័យ​មិនបានល្អ ដូចជា​អនាម័យ​ខ្លួនប្រាណ ចំណី​អាហារ​ឬ​បរិស្ថាន​ជាដើម។

1. អនាម័យ​ខ្លួន​ប្រាណ ដោយសារ​អ្នកម្ដាយ​មួយចំនួន​ចូលចិត្ដ​ទុកកុមារ​ឱ្យនៅ​លេងផ្ទាល់​នឹងដី​ហើយ​កុមារ​យក​ដៃដែល ប្រឡាក់ដី​នោះទៅ​លូកដាក់​ក្នុងមាត់​បណ្ដាល​ឱ្យពង​ព្រូន​ដែលមាន​នៅក្នុងដី​ចូលទៅ​ក្នុងខ្លួន​របស់​កុមារ​បាន។

ចំពោះ​កុមារ​ធំអាចឆ្លង​ដោយដៃន​កាន់​ចំណី​អាហារ និង​របស់​មិនស្អាត ហើយ​មិនបាន​លាងដៃ​ជាមួយ​សាប៊ូ​ឬផេះ​មុនពេល បរិភោគ​អាហារ ឬ​ក្រោយពី​ការបន្ទោរ​បង់លាមក​រួច។

2. អនាម័យ​ចំណី​អាហារ ៖ មាន​អនាម័យ​ម្ហូប​អាហារ និងទឹក​ប្រើប្រាស់។

  • ម្ហូបអាហារ​មានដូច​ជាសាច់ បន្លែ និងផ្លែ​ឈើ​បរិភោគ​ដែល​មិនបាន​លាង​សម្អាត​បានល្អ​មិនបាន​គ្របឱ្យ​បាន ត្រឹមត្រូវ។ ជាហេតុ​បណ្ដោយ​ឱ្យ​សត្វល្អិត​ដូច​ជារុយ ស្រមោច កន្លាត​មករោម​ឬឆ្លង​កាត់​ទំនៅ​លើចំណី​អាហារ​ដែល​មានពង​ព្រូនជាប់ ជាមួយ​ជើង​សត្វល្អិត​ទាំងនោះ​ដែល​ចម្លង​ចូលទៅ​ក្នុងខ្លួន​មនុស្ស​តាមរយៈ​ការ​បរិភោគ។
  • ទឹក​ប្រើ​ប្រាស់ ដូចជា​ការបរិភោគ​ទឹកមិន​ស្អាត ឬចម្អិន​មិន​បានល្អ។ ការប្រើ​ប្រាស់ទឹក​ត្រញំង​ស្រះ​ដែល មិនបាន​ធ្វើរបង​ការពារ អាច​មាន​គោ ក្របី មាន់​មកផឹក និងជុះ​អាចម៍​ដាក់ក្នុងទឹក។ នៅតាម​តំបន់​ដាច់​ស្រយាល ការប្រើ​ប្រាស់​ទឹក និង​អនាម័យ​ទឹកនៅ​មាន​កម្រិត​ហើយ​មិនសូវ​មានការ​យកចិត្ដ​ទុកដាក់​ពីបញ្ហា​នេះ​ឡើយ។ ម្យ៉ាង​ទៀត ការប្រើ​ទឹក​អណ្ដូង ដែល​មានសត្វ ឬជន្លេន​នៅក្នុង​ទឹក​អាចបង្ក​ឱ្យកើត​មានរោគ​គ្រប់បែប​យ៉ាង​បានដែរ។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

3. អនាម័យ​បរិស្ថាន បរិស្ថាន​ជុំវិញផ្ទះ​មិនមាន​អនាម័យ​គ្រប់គ្រាន់ ដូចជា​ការបន្ទោរ​បង់លាមក​មិនបាន​កប់​ឬធ្វើ​បង្គន់ មិនបាន​ត្រឹមត្រូវ។ លាមក​សត្វ​ពាហនៈ ភក់ជ្រាំ ធុំក្លិន​មិនល្អ​និង​ខ្យល់​អាកាស​មិន​បរិសុទ្ធ​ក៏ជា​មូលហេតុ​បង្កការ​កើត​ព្រូន​ដែរ។ វិធីការ​ពារ​ដើម្បីកុំ​ឱ្យកើត​ព្រូនប្រការ​ចម្បង​ត្រូវមាន​អនាម័យ​ល្អ ជាពិសេស​ទាក់ទង​នឹងការ​បង្កព្រូន គឺការ​អនាម័យ​ខ្លួន​ប្រាណ ចំណី​អាហារ​និង​បរិស្ថាន។ គួរមាន​អនាម័យ ដូចជា​ការ​ទុកដាក់​ចំណី​អាហារ​គ្រប​ជានិច្ច មិនត្រូវ​បណ្ដោយ​ឱ្យកុមារ​លេងដី​ឬដាក់​ផ្ទាល់​នឹងដី​នោះទេ។ ប្រយ័ត្ន​នៅ រាល់​ពេល​ចាប់កាន់​របស់​ដែល​មិនល្អ ត្រូវលាង​សម្អាតដៃ​នឹងសាប៊ូ​ជាមុន​ជាប្រចាំ។ ត្រូវ​ឧស្សាហ៍​ងូតទឹក​សម្អាត​កុមារឱ្យ​បានបី ឬបួន ដង​ក្នុង​មួយថ្ងៃ ឱ្យកុមារ​បរិភោគ​អាហារ​ឱ្យបាន​គ្រប់គ្រាន់​មាន​ជីវជាតិ​និង​មាន​អនាម័យ​ព្រមទាំង​ប្រើប្រាស់​ទឹកស្អាត​ជាប់​ជានិច្ច និង សម្ភារៈ​ក្នុងផ្ទះ​មាន​អនាម័យ។ ជាពិសេស​គួរតែ​សម្អាត​បរិស្ថាន​ជុំវិញ​លំនៅដ្ឋាន​ឱ្យបាន​ស្អាត ធ្វើបង្គន់​អនាម័យ​ឱ្យបាន​គ្រប់គ្នាទៅ តាម​លទ្ធភាព។ ចៀស​វាងកុំ​ឱ្យរុយទំ​ឬសត្វល្អិតផ្សេងៗប៉ះលើចំណីអាហារ​ត្រូវ​បរិភោគ​ទឹកឆ្អិន​ជានិច្ច។ បើ​លោកអ្នក​អាចធ្វើ​អនាម័យ បាននូវ​ប្រការ​ខាងលើ នឹងចៀស​ផុតពី​ជម្ងឺផង​ទាំងពួង។

វិធីព្យា​បាលព្រូន

មនុស្ស​ទូទៅមិន​ថាក្មេង ឬមនុស្ស​ធំនោះ​ទេទាម​ទារឱ្យ​ទៅជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​និង​ធ្វើការ​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​ពេល​មាន​បញ្ហា​សុខភាព។ ប្រសិនបើ​លោកអ្នក​មានបញ្ហា ដូចជា​កើតព្រូន​ចង្កឹះ ឬអៀន ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ចៀសវាង ការ​ប្រើប្រាស់ថ្នាំ​ដោយ​ខ្លួនឯង។ ការប្រើ​ប្រាស់​ថ្នាំត្រូវ​គោរព​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ។ ក្រោយ​ពីការ​ព្យាបាល​ត្រូវផ្ដល់​ចំណី អាហារ​ឱ្យបាន​គ្រប់គ្រាន់ មានទាំង​សាច់ បន្លែ និង​ផ្លែឈើ។

ដំបូន្មាន​អ្នកជំនាញ

សូម​លោកអ្នក​គិតគូរ​ពីអនាម័យ​ឱ្យបាន​ត្រឹមត្រូវ ទាំង​ការលាង​សម្អាតដៃ ថែរក្សា​ប្រភព​ទឹក​និង​របស់របរ​ប្រើប្រាស់​ប្រចាំ ថ្ងៃ។ គប្បី​រក្សាអនាម័យ​ម្ហូបអាហារ​គ្រប់​ពេលវេលា និង​ចៀសវាង​កុំឱ្យកុមារ​តូចលេង​នូវរបស់​ដែល​មិនស្អាត​និង​ផ្ដល់​ចំណី​អាហារ​ឱ្យ បាន​គ្រប់គ្រាន់ ដើម្បី​អនាគត​បវររុង​រឿង។ រក្សា​សុខភាព​បានល្អ ជីវិត​ស្រស់ថ្លា គ្រួសារ​មាន​សុភមង្គល​សង្គម​រីក​ចម្រើន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧

Google Analytics Alternative