វិធី​កាត់​បន្ថយ​ការចម្លង​មេរោគ​អេដស៍​ពីម្ដាយ​ទៅកូន

ទោះបី​ជាអត្រា​អ្នកឆ្លង​មេរោគ​អេដស៍​នៅកម្ពុជា​បានចុះ​ថយយ៉ាង​ណាក៏​ដោយ ក៏កម្រិត​នៃការ​ឆ្លង​មេរោគ​នេះ​ពីស្វាមី​ទៅ ភរិយា​នៅតែ​បន្ដ​ឥតឈប់​ឈរ មិន​តែប៉ុណ្ណោះ​ព្រមទាំង​បង្កផល​វិបាក​ដល់​ទារក​នៅក្នុង​ផ្ទៃទៀត​ផង។ ទោះជា​យ៉ាង​ណាក៏​ដោយ​មិន មាន​ន័យថា​មេរោគ​នេះ​អាចឆ្លង​ពីម្ដាយ​ទៅកូន​ទាំងស្រុង​បាននោះ​ឡើយ។ លោកអ្នក​មួយចំនួន​ពិតជា​ចង់ដឹង​មិនខាន​អំពី​វិធីកាត់​បន្ថយ ការចម្លង​មេរោគ​អេដស៍​ពីម្ដាយ​ទៅកូន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៏​ជាមួយ​លោក​វេជ្ជបណ្ឌិត ហោ ប៊ុនឡេង ដែល​ជាអគ្គ​លេខាធិការ​រងនៃ​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​នឹងជម្ងឺ​អេដស៍​ដើម្បី​បក​ស្រាយ​អំពីវិធី​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​អេដស៍​ពីម្ដាយ​ទៅកូន។

របៀប​ចម្លង​មេរោគ​អេដស៍​ពីម្ដាយ​ទៅកូន

ស្វាមី​មួយ​ចំនួន​ជាអ្នក​ចម្លង​មេរោគ​អេដស៍​ដល់​ភរិយា​ដោយ​មិនដឹងថា​ខ្លួនឯង​មានផ្ទុក​មេរោគ តែស្វាមី​ខ្លះ​ទៀត​មាន​បំណង ចម្លង​ក៏មាន​ដែរដោយ​មិនមាន​ការគិត​បាន​ត្រឹមត្រូវ។ ការចម្លង​មេរោគ​អេដស៍​ពីស្វាមី​ទៅភរិយា​មាន​សកម្មភាព​រហ័ស​តែចំពោះ​​ការ ចម្លង​បន្ដទៅ​ទារក​ស្ដ្រី​ជាម្ដាយ​ដែល​មានផ្ទុក​មេរោគ​អេដស៍​ក្នុងខ្លួន​មិនអាច​ឆ្លងទៅ​ទារក​១០០ភាគរ​យនោះ​ឡើយ​គឺមាន​ត្រឹមតែ​ពី ២៥ភាគរយ​ទៅ​៣៥ភាគរយ​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​អាច​ឆ្លង​បាន។ ហើយ​ការឆ្លង​បែបនេះ​មាន៣​ដំណាក់​កាល គឺពេល​ទារក​នៅ ក្នុងពោះ ពេល​សម្រាល​(មាតុភាព) និងពេល​បំបៅ​កូនដោយ​ទឹកដោះ​ម្ដាយ។

1. ពេល​ពពោះ ៖ ជាដំណាក់​កាលមួយ​ដែល​មានការ​ប៉ះទង្គិច​រវាង​អ្នកម្ដាយ និង​ទារក​នៅក្នុង​ពោះ។ ការ​ចម្លង​បែប​នេះគឺ​តាម​រយៈ ទងសុក ហើយ​ករណី​ដែល​មាន​ការចម្លង​តាម​សុក​នេះ​គឺមិន​ទាន់​មានអ្នក​ណាម្នាក់​ស្រាវ​ជ្រាវ​រកឃើញ​ថាឆ្លង​ដោយវិធី​ណា​ឡើយ គ្រាន់ តែដឹង​​ថាការ​ចម្លង​មេរោគ​អេដស៍​តាម​ទងសុក​ជា​ជំហ៊ាន​ដំបូង​នៃការ​ផ្ទេរមេ​រោគពី​ម្ដាយ​ទៅ​ទារក។

2. ពេល​សម្រាល(មាតុភាព) ជាដំណាក់​កាលទី២ ដោយ​ឆ្លង​តាមការ​សម្រាល​កូនតាម​ទ្វារមាស។ ពេល​សម្រាល​ធម្មតា​ស្ដ្រី​តែងតែ មាន​ការធ្លាក់​ឈាម​ច្រើន ដែល​មានលក្ខណៈ​ងាយស្រួល​ក្នុងការ​ចម្លង​ព្រោះ​ពេល​សម្រាល​ទារក​តែង​កកិត​ជាមួយ​ទ្វារមាស។ ម្យ៉ាង ទៀត​ពេល​សម្រាល​បើមាន​ការដាច់​រលាត់​ស្បែក​រវាង​ទារក និង​អ្នកម្ដាយ​ចៀស​មិនផុត​ឡើយ​នេះ​ជាឱកាស​បើកផ្លូវ​ឱ្យមេរោគ​អាចឆ្លង បាន។

3. ពេល​បំបៅ​ទឹកដោះ ស្ដ្រីតែងតែ​បំបៅ​កូនដោយ​ទឹកដោះ​ខ្លួនឯង ប៉ុន្ដែ​សម្រាប់​ស្ដ្រី​ដែល​មានផ្ទុក​មេរោគ​អេដស៍​ការ​បំបៅ​បែបនេះ មានផល​មិនល្អទេ និង​ជួយ​បង្កើន​ការចម្លង​មេរោគ​បន្ថែម​ទៀត។ ព្រោះ​ពេល​ទារក​បៅគឺ​ត្រូវ​ការ​ទាញ​ញ៉ិញ​ដោយ​ធ្មេញ​(ខាំ)​ធ្វើឱ្យ រលាត់​ស្បែក និង​កើត​ជាដំបៅ​ក្បាល​ដោះ​ជាពិសេស​នៅ​ពេល​ដែល​ទារក​បៅបង្ក​ជាពងតូចៗ​នៅលើ​អណ្ដាត​(ច្រាំង​អណ្ដាត)។ តាមពិត នេះជា​រោគសញ្ញា​ដែល​បញ្ជាក់ការ​ឆ្លងមក​ពីម្ដាយ​ទើបបង្ក​មានដំបៅ​មាត់​និងច្រាំង​ក្នុងមាត់់។

វិធីកាត់​បន្ថយ​ការចម្លង​មេរោគ​អេដស៍​ពីម្ដាយ​ទៅកូន

លោកអ្នក​បានដឹង​ហើយពីរ​បៀប​ចម្លង​មេរោគ​អេដស៍​ពីម្ដាយ​ទៅកូន។ បើ​អនុវត្ដន៍​បាន​ត្រឹមត្រូវ​អំពីប្រការ​មួយ​តាម​ដំណាក់ កាលនេះ កម្រិត​នៃការ​ឆ្លងអាច​ជួយកាត់​បន្ថយ​ពី២៥ភាគរយ​ទៅ៣៥ភាគរយ​មកសល់​ត្រឹមតែ​៨ភាគរយ​ប៉ុណ្ណោះ​ឬ​ជួនកាល​មិនឆ្លង តែម្ដង។

1. ពេល​ពពោះ ស្ដ្រី​ជាម្ដាយ​នៅពេល​ពិនិត្យ​ឈាម​ឃើញ​មាន​មេរោគ​អេដស៍​នេះ​ហើយ​គួរតែ​ប្រើប្រាស់​ឱសថ​ប្រឆាំង​នឹង​មេរោគ នោះ ដើម្បី​ទប់ស្កាត់​មិនឱ្យ​មានការ​ឆ្លង​រាលដាល​ទៅ​ទារក​បន្ដទៀត។ សូម​អញ្ជើញ​ទៅពិនិត្យ​សុខភាព​ខ្លួនផ្ទាល់​ពិនិត្យ​ពោះ និង​សុខភាព​របស់​ទារក​នៅក្នុង​ផ្ទៃជារៀង​រាល់ខែ ដើម្បី​ងាយស្រួល​ប្រើថ្នាំ និង​ផ្លាស់ប្ដូរ​ថ្នាំផង​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

2. ពេល​សម្រាល បញ្ហា​ជីវភាព​ជាករណី​មួយដែល​ពិបាក​នៅក្នុង​ការ​សម្រាល។ ចំពោះ​អ្នកដែល​មាន​ជីវភាព​សមរម្យ​ពេល​សម្រាល គប្បី​ត្រូវ​វះកាត់ ព្រោះ​អាច​ជួយ​សម្រួល​មិនឱ្យ​មានការ​ប៉ះទង្គិច​រវាង​ឈាម​ម្ដាយ និង​ស្បែក​របស់​ទារក។ ប៉ុន្ដែ​ប្រសិនបើ​អ្នកដែល​មាន ជីវភាព​មិនសូវ​ធូរធារ ដាច់ខាត​ត្រូវតែ​សម្រាល​នៅមន្ទីរ​ពេទ្យ​ទើប​ល្អ​ចៀសវាង​ការ​សម្រាល​ដោយ​ឆ្មបនៅ​តាមផ្ទះ ព្រោះ​ការប្រើ ប្រាស់​ឧបករណ៍​មិន​គ្រប់គ្រាន់ និង​មិនសូវ​មាន​អនាម័យល្អ អត្រា​នៃការឆ្លង​មាន​កម្រិត​ខ្ពស់។

3. ការបំបៅដោះ ស្ដ្រី​ដែល​មានផ្ទុក​មេរោគ​អេដស៍​គួរតែ​ជ្រើស​រើស​យកម្សៅ​ទឹកដោះ​គោមក​បំបៅ​ជំនួស​ទឹកដោះ​ម្ដាយវិញ​ទើប​ល្អ។ សម្រាប់​អ្នកខ្សត់​ថវិកា​សូមធ្វើ​ការបំបៅ​កូនដោយ​ទឹក​ដោះ​ធម្មជាតិ​បាន​ដោយ​គ្រាន់តែ​បំបៅ​រយៈ​ពេល៦ខែ​ត្រូវ​បញ្ឈប់​បំបៅ និង​សូម ប្ដូរយក​អាហារូបត្ថម្ភ​មកជំនួស​វិញ។ សរុបមក​ការ​ចម្លង​មេរោគ​នេះ​មិន​មែន​កើត​១០០ភាគរយ​លើ​កុមារ​ទាំង​អស់​ឡើយ។ ដូចនេះ ហើយ​នៅពេល​ដែល​ទារក​កើត​បាន៦ខែ​ទៅ៨ខែ ត្រូវ​ពិនិត្យ​សុខភាព​ទារកម្ដង​ទៀត​ដើម្បី​ឱ្យ​ប្រាកដ​ថាមាន​មេរោគ​ពិត​ប្រាកដ ឬ​អត់។ ជាទូទៅ​ផុត​ពីរយៈ​ពេល៦​ទៅ៨ខែ បើ​ពិនិត្យ​គ្មាន​រោគ​សញ្ញា​នោះ​បញ្ជាក់​ថាទារក​គ្មាន​ការ​ចម្លង​ពីអ្នក​ម្ដាយទេ។

ដំបូន្មាន​អ្នក​ប្រឹក្សា

ស្ដ្រី​ដែល​មាន​ស្វាមី​គ្រប់រូប​ត្រូវ​បង្ការ​ការពារ​ខ្លួនឯង ដើម្បី​ចៀស​វាងនូវ​ការឆ្លង​មេរោគ​និង​ជម្ងឺ​ទាំង​ឡាយ​ដែល​បង្ក​ឡើងពី ស្វាមី។ ក្នុង​ករណី​ដែល​ដឹងថា​ខ្លួន​មានផ្ទុក​មេរោក​អេដស៍​ដែលឆ្លង​ពីស្វាមី​ត្រូវរឹង​ប៉ឹង​ឡើង ដើម្បី​ថែទាំ​សុខភាព​ខ្លួនឯង​ថែទាំ​កូនៗ និង ទារក​ដែល​នៅក្នុង​ផ្ទៃ​(បើមានផ្ទៃពោះ)។ ជាពិសេស​គ្រប់​ស្ដ្រីមាន​ផ្ទៃពោះ​ទាំងអស់​គួរតែ​ធ្វើតេស្ដ​ឈាម​រកមេរោគ​អេដស៍ ដើម្បី​ជួយ សង្គ្រោះ​កូន​របស់​លោកស្រី​អ្នកនាង​ឱ្យទាន់​ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧

Google Analytics Alternative