ពាក់​ដែក​លើ​ធ្មេញ​ជាវិធី​ពុតធ្មេញ

ធ្មេញ​អាច​ជួយ​លើក​សម្រស់​នៅលើ​ផ្ទៃមុខ​របស់​លោកអ្នក​បានមួយ​កម្រិត។ ធម្មជាតិ​បង្កើត​ឱ្យ​មនុស្ស​មាន​ធ្មេញ​មិន​ដូចគ្នា នោះទេ អ្នកខ្លះ​មាន​ធ្មេញ​ត្រង់​ស្មើ តូច ធំ អ្នកខ្លះ​ទៀត​មានធ្មេញ​មិន​ស្មើគ្នា មិនត្រង់​ជួរ​(ចំពើស)​ជាដើម។ មនុស្ស​ក៏មាន​ចំណង់ ចំណូល​ចិត្ដ​ខុសគ្នា​ដែរ លោកអ្នក​ខ្លះ​ចូលចិត្ដ​ធ្មេញ​ដែល​ដុះមិន​ត្រង់ជួរ​(ចំពើស) ចំណែក​លោកអ្នក​ខ្លះ​ចូលចិត្ដ​និង​ចង់បាន​ធ្មេញត្រង់​ស្មើ។ ហេតុនេះ​ហើយ​ទើប​លោកអ្នក​ទាំងនោះ​ស្វែងរក​ដំណោះ​ស្រាយ​ដោយ​រក​ទន្ដបណ្ឌិត​ដើម្បី​ពុតធ្មេញ​ឱ្យត្រង់​ជួរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​ទន្ដបណ្ឌិត ញាណ ភីរម្យ ប្រធាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចឹម​ចូលរួម​បកស្រាយ​បំភ្លឺ​អំពី​បញ្ហានេះ​ជូន មិត្ដ​អ្នកអាន​តាម​រយៈ​ទស្សនាវដ្ដី សុខភាយើង។

ពុត​ធ្មេញ ជាអ្វី?

ពុត គឺជាការ​ធ្វើវត្ថុ​អ្វីមួយ​ដែល​មិនត្រង់ មិន​មាន​ជួរ ឱ្យត្រង់ ឱ្យមាន​ជួរ​ឡើង​វិញ។ ក៏ដូចគ្នា​នោះ​ដែរ​ពុតធ្មេញ​គឺធ្វើ​ឱ្យធ្មេញ ដែល​មិន​ត្រង់ជួ​រ(ចំពើស)​បានចូល​ជួរ​ជាមួយ​ធ្មេញ​ដទៃទៀត។ ប៉ុន្ដែ​ការពុត​ធ្មេញ​មិន​ដូចគ្នា​នឹង​ការពុត​វត្ថុ​ឬ​របស់​ផ្សេង​នោះ​ឡើយ។ មុន​នឹងពុត​ធ្មេញ ទន្ដបណ្ឌិត​ចាំបាច់​ត្រូវ​ពិនិត្យ​ទៅ​លើឆ្អឹង និង​ចន្លោះ​ធ្មេញថា​ត្រូវពុត ឬមិន​ត្រូវពុត។

ហេតុអ្វី​ត្រូវពុត​ធ្មេញ?

ជាធម្មតា​មនុស្ស​ត្រូវការ​ភាព​ស្រស់​ស្អាត​គួរឱ្យ​ស្រឡាញ់ អាស្រ័យ​ទៅលើ​ចំណូល​ចិត្ដ​នៃបុគ្គល​ម្នាក់ៗ។ លោកអ្នក​ខ្លះ​ស្រឡាញ់​ធ្មេញ​ចំពើស លោកអ្នក​ខ្លះ​ស្រឡាញ់​ធ្មេញ​ត្រង់ជួរ មិន​មាន​មុខ​ក្រោយ។ កត្ដានេះ​ហើយ​ធ្វើឱ្យ​លោកអ្នក​ដែល​មិនពេញ​ចិត្ដនឹង ធ្មេញ​ចំពើស មិន​ត្រង់ជួរ​របស់ខ្លួន ចាំបាច់​ត្រូវទៅ​ពុតធ្មេញ​ដើម្បី​បំពេញ​ចិត្ដខ្លួន​ដែល​យល់ថា​ស្រស់​ស្អាត។ ម្យ៉ាង​ទៀត​ប្រការ​ដែល តម្រូវឱ្យ​លោកអ្នក​ទៅពុត​ធ្មេញ អាច​ដោយ​សារ​ធ្មេញ​ដែលមិន​ត្រង់ជួរ​ចំពើស​មានការ​ពិបាក​ក្នុងការ​ថែរក្សា​និង​ពិបាក​ក្នុងការ​សម្អាត ឱ្យបាន​ស្អាត។

វិធី​ពុត​ធ្មេញ

ការពុត​ធ្មេញ មិនមែន​អ្នកណាៗ​ក៏អាច​ធ្វើបាន​នោះទេ។ ព្រោះបើ​មិនមាន​ការពិនិត្យ​ទៅលើ​ឆ្អឹងធ្មេញ​ឱ្យបាន​ត្រឹមត្រូវ​ពេល ពុត​អាច​ធ្វើឱ្យ​មានការ​ប៉ះ​ពាល់​ដល់ឆ្អឹង។ មួយ​ទៀត​បើពុត​មិនបាន​ត្រឹមត្រូវ អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់ធ្មេញ​ជិតខាង។ ដូចនេះ​ដើម្បី​ចៀស​វាង​ប្រការ​ទាំង​នេះ​លោកអ្នក​គួរទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពិតប្រាក​ដដើម្បី​ពុតធ្មេញ​ប្រកប​ដោយ​សុវត្ថិភាព។

មាន​វិធីពីរ​យ៉ាង​សម្រាប់​ការពុត​ធ្មេញ។

1 . វិធី​ទីមួយ ពុតធ្មេញ​ដោយ​ការ​ទាញ ឬរុញ​ធ្មេញពី​ក្នុង​ក្រអូម​ដែល​មិនត្រង់​ជួរ​នោះ​ឱ្យចូល​ក្នុងជួរ​ធ្មេញ។ នេះ​ជាវិធី ដែល​ចាស់​បុរាណ​ធ្លាប់បាន​ធ្វើកន្លង​មក។ វិធីនេះ​មានការ​លំបាក និង​ឈឺចាប់​បន្ដិច​ឯលទ្ធផល​ក៏ពុំសូវ​ទទួល​បាន​គាប់​ប្រសើរ​ដែរ។ ព្រោះ ពេលខ្លះ​ពុតរុញ​មិនទៅ​ដោយសារ​តែឆ្អឹង​ធ្មេញ​រឹងពេក​ជាដើម។

2 . វិធី​ទីពីរ ៖ ជាបច្ចេក​វិទ្យាថ្មី​មាន​ភាព​ងាយ​ស្រួល​និង​ឆាប់​រហ័ស​ដោយ​គ្រាន់តែ​ពាក់​ឧបករណ៍​ម្យ៉ាង​(ដែក​ប្រេក​ខេប) នៅលើ​ធ្មេញ​ដើម្បី​ទាញ​ធ្មេញ​ឱ្យត្រង់​ជួរ។ វិធីនេះ​កំពុង​ទទួល​បាននូវ​ការពេញ​និយម​នៅ​បរទេស​និង​មាន​លទ្ធផល​ជោគ​ជ័យ​ជាវិជ្ជ​មាន មិន​សូវ​ចំណាយ​ពេល​វេលាយូរ និង​មានភាព​ងាយ​ស្រួល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

គួរ​ចាប់ផ្ដើម​ពុតធ្មេញ​នៅពេល​ណា?

ការពុត​ធ្មេញ​អាច​ប្រព្រឹត្ដ​ទៅបាន​ទាំង​មនុស្ស​ចាស់ ទាំង​វ័យក្មេង។ ពេល​ដែល​ក្មេង​ចាប់ផ្ដើម​ដុះធ្មេញ​ស្រុកក៏​ជាពេល​ដែល ត្រូវ​ពិនិត្យ​មើល​ធ្មេញ​របស់​ពួកគេថា​ត្រូវពុត​ធ្មេញ ឬមិន​ត្រូវ។ ការពុត​ធ្មេញ​របស់ក្មេង​មាន​ភាពងាយ​ស្រួល​និង​ឆាប់​រហ័ស​ជាង​មនុស្ស ចាស់ ព្រោះ​ឆ្អឹងធ្មេញ​របស់​ក្មេង​នៅខ្ចី និង​មិន​ពិបាកពុត។ ចំណែក​ឆ្អឹងធ្មេញ​មនុស្ស​ចាស់ជា​ឆ្អឹងរឹង​ពិបាក​ពុត​និង​ត្រូវ​ចំណាយ​ពេល​វេលា យូរ។

គុណ​សម្បត្ដិ​នៃ​ការ​ពុតធ្មេញ

ដូចបាន​ជម្រាប​ជូន​ក្នុង​មូលហេតុ​ខាងលើ ការពុត​ធ្មេញ​គឺដើម្បី​សោភ័ណភាព និង​ភាព​ស្រស់​ស្អាត។ ក្រៅពី​ធ្វើឱ្យ​ធ្មេញ​រត់ ត្រង់​ជួរបាន​ល្អ ការពុត​ធ្មេញ​ក៏ផ្ដល់​នូវគុណ​សម្បត្ដិ​ម្យ៉ាង ដូចជា​ធ្វើឱ្យ​មានភាព​ងាយ​ស្រួល​ក្នុងការ​ថែរក្សា​ងាយ​ស្រួល​ក្នុងការ​សម្អាត​និងធ្វើ​អនាម័យ​ធ្មេញ​ជាដើម។

គុណ​វិបត្ដិ​នៃការ​ពុត​ធ្មេញ

ទន្ទឹម​នឹង​គុណ​សម្បត្ដិ ការ​ពុតធ្មេញ​ក៏ផ្ដល់​នូវ​គុណវិបត្ដិ​សម្រាប់​លោកអ្នក​ផងដែរ។ ការពាក់​ឧបករណ៍​ពុត​ធ្មេញ​អាច​ធ្វើឱ្យ ទើស​មាត់ និង​មានការ​លំបាក​ក្នុងការ​បើក​បិទមាត់។ ជួន​កាលអាច​ធ្វើឱ្យ​មានការ​ឈឺចាប់​បន្ដិច​បន្ដួច​ឬ​រលាក​ក្រអូម​មាត់​និង​ផ្នែក​ខាង ក្នុង​នៃ​បបូរមាត់​ផងក៏​មាន។ ម្យ៉ាង​ទៀត​អាច​ថាមកពី​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​និង​ការ​ដែល​មិន​ទម្លាប់​ធ្វើអ្វី​ប្លែកៗ​ដូចនេះ​ពេល ពាក់​ឧបករណ៍​ពុត​ធ្មេញ​ធ្វើឱ្យ​ក្លាយ​ទៅជា​គុណវិបត្ដិ​ផ្នែក​សម្រស់ មើល​ទៅមិន​ស្រស់​ស្អាត​និង​មិនជាទី​គាប់​ចិត្ដនៃ​អ្នកផង​ទាំង​ពួង​ដែល នៅជុំវិញ​ខ្លួន។

ដំបូន្មាន​អ្នក​ប្រឹក្សា

ប្រសិន​បើ​ចង់​ពុត​ធ្មេញ សូម​លោកអ្នក​ប្រុង​ប្រយ័ត្ន។ ថ្វីត្បិត​មិនមាន​ផល​ប៉ះពាល់​ណាមួយ​ធ្ងន់ធ្ងរ​ប៉ុន្ដែ​ក៏អាច​មាន​គ្រោះថ្នាក់ ប្រសិនបើ​ការពុត​មិន​ប្រកប​ដោយ​ជំនាញ​ច្បាស់​លាស់។ សូម​ពិគ្រោះ​យោបល់​និង​ពុតធ្មេញ​ជាមួយ​អ្នក​ឯកទេស​ពិត​ប្រាកដ ទើប​អាច ជួយ​បង្កើន​សម្រស់​ពីធម្មជាតិ​តាមដែល​លោកអ្នក​ចង់បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកក្កដា ឆ្នាំ២០០៧

Google Analytics Alternative