សេចក្តីប្រកាសព័ត៌មានស្តីពី កម្មវិធី«សុខភាពការងារ» នៅកម្ពុជា

ដោយមើលឃើញពីការគាំពារសុខភាពការងារ នៅព្រះរាជាណាចក្រកម្ពុជានៅមានកម្រិត លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ បានដាក់ចេញនូវកម្មវិធី «សុខភាព និងសុខុមាលភាពនៅកន្លែងធ្វើការងារ» ដែលអាចហៅកាត់ថា «សុខភាពការងារ» ដំបូងគេនៅកម្ពុជា នៅចុងឆ្នាំ២០១៥ តាមរយៈសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ជាមួយនិយោជក និងនិយោជិត នៅតាមក្រុមហ៊ុន និងអង្គការនានាជាច្រើន ស្តីពីជំនាញគ្រប់គ្រងស្ត្រេស ធ្វើការនិងរស់មានសុខភាពល្អ សុខភាពស្ត្រី សុវត្ថិភាពផ្លូវភេទ ការត្រួតពិនិត្យសុខភាព ការចាក់ថ្នាំបង្ការ។ល។

Dr.-Ly-Chenghuy-EV71-261x300ខ្ញុំបាទវេជ្ជបណ្ឌិត លី ចេងហ៊ុយ ជាអ្នកជំនាញវេជ្ជសាស្ត្រទូទៅ និងសុខភាពសាធារណៈ វាគ្មិន ស្ថាបនិក និងជាប្រធានបណ្តាញព័ត៌មានសុខភាពកម្ពុជា អេចស៊ីអិនអិន (HCNN Health Cambodia News Network) ដែលបានបោះពុម្ពនិងផ្សព្វផ្សាយពីសុខភាពដំបូងគេនៅ កម្ពុជា ដោយបានបង្កើតជាទស្សនាវដ្តីសុខភាពយើង (Health Magazine) គេហទំព័រសុខភាពកម្ពុជា (HealthCambodia.com) និងគ្រឹះស្ថានបោះពុម្ពផ្សាយកាឡាក់ស៊ី (Galaxy Editions/Books) តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ព្រមទាំងមជ្ឍមណ្ឌលវេជ្ជសាស្ត្រអិលស៊ីស៊ី (LCC Medical Center) សម្រាប់សេវាពិគ្រោះសុខភាពឯកទេស និងសិក្ខាសាលា។ ថ្ងៃនេះ ខ្ញុំបាទមានកិត្តិយសសូមធ្វើសេចក្តីប្រកាសព័ត៌មាន និងជម្រាមជូនប្រជាពលរដ្ឋខ្មែរ សាធារណៈជន ក្រុមហ៊ុន ម្ចាស់អាជីវកម្ម/និយោជក និយោជិត/បុគ្គលិក អង្គការ ស្ថាប័នរដ្ឋ និងឯកជននានាដូចតទៅនេះ។

សព្វថ្ងៃនេះ កម្ពុជាយើងកំពុងទទួលរងនូវវិបត្តិនៃការថែទាំសុខភាពយ៉ាងធ្ងន់ធ្ងរ។ អត្រាប្រជារាស្ត្រកម្ពុជាមានសុខភាពមិនល្អ និងអ្នកទៅព្យាបាលជំងឺនៅក្រៅស្រុក កំពុងកើនឡើងគួរឲចាប់អារម្មណ៍។ ជនកម្ពុជាភាគច្រើនមានរបៀបរស់នៅបែបបំផ្លាញសុខភាព មិនមែនដោយជម្រើសនោះទេ ពីព្រោះដោយសារកង្វះការអប់រំ ដែលពួកគាត់ត្រូវការក្នុងជីវភាពរស់មានសុខភាពល្អ។ កង្វះការអប់រំដើម្បីរស់នៅល្អ និងមានសុខភាព ជះឥទ្ធិពលទៅដល់ការជ្រើសរើសបុគ្គលិកដែលមានអត្តចរិតសុខភាពល្អ មកបម្រើការងារណាស់។ បែបនេះជាចំណោទមួយក្នុងចំណោមបញ្ហាធំៗនានានៅកម្ពុជា ដែលត្រូវដោះស្រាយជាបន្ទាន់ ។

Work life triangle YOUR KHដោយមើលឃើញពីកង្វះការថែទាំសុខភាព សុវត្ថិភាព និងសុខុមាលភាពផ្ទាល់ខ្លួន ក្នុងគ្រួសារ និងក្នុងសង្គមខ្មែរ ជាពិសេសនៅកន្លែងធ្វើការ មិនទាន់មាន នៅមានកម្រិត និងកំពុងប្រឈមនឹងគ្រោះថ្នាក់នោះ ខ្ញុំបាទបានផ្តួចផ្តើមបង្កើតឡើងនូវកម្មវិធីថ្មីមួយទៀតដំបូងគេនៅកម្ពុជា ដែលមានឈ្មោះថា «សុខភាព និងសុខុមាលភាពនៅកន្លែងធ្វើការ» (Health and Wellness at the Workplace)  ដែលអាចហៅកាត់ជាភាសាខ្មែរថា«សុខភាពការងារ» និងជាអង់គ្លេសថា «Health@Work» ឬ «Wellness@Work» តាំងពីឆមាសទី២ឆ្នាំ២០១៥មក។ ឆ្លងតាមបទពិសោធន៍ជាច្រើនឆ្នាំដែលខ្ញុំបាទបានសាកល្បង និងអនុវត្តដោយផ្ទាល់ជាមួយក្រុមហ៊ុន អង្គការ និងស្ថាប័ននានានៅព្រះរាជាណាចក្រកម្ពុជា ក្នុងការថែទាំសុខភាពប្រជាពលរដ្ឋ បុគ្គលិក/និយោជិត មន្ត្រីរាជការ និងអ្នកដឹកនាំស្ថាប័នទាំងនោះ ជាលទ្ធផលការថែទាំសុខភាព និងសុខុមាលភាពមានអត្ថន័យជ្រាលជ្រៅ និងផ្តល់ផលប្រយោជន៍ជាខ្លាំង ដល់និយោជក និយោជិត/បុគ្គលិកផ្ទាល់ខ្លួន គ្រួសារ ក្រុមហ៊ុន អាជីវកម្ម ស្ថាប័ន និងដល់សង្គមជាតិ។

Learning-How-to-Manage-Your-Site-Easily-With-The-cPanel-Hosting-Dashboardមិនថានៅកម្ពុជា និងនៅប្រទេសកំពុងអភិវឌ្ឍដទៃទៀតនោះទេ សុខភាពនិងសុខុមាលភាពនៅកន្លែងធ្វើការ ត្រូវបានបំភ្លេចចោល និងមិនសូវយកចិត្តទុកដាក់នោះឡើយ។ ខុសពីប្រទេសជឿនលឿន ដែលមានការយកចិត្តទុកដាក់ជាខ្លាំង។ ដោយសារកង្វះខាតទាំងនេះបានធ្វើឲកម្ពុជាខាតបង់ប្រាក់ជាច្រើនទៅលើគ្រោះថ្នាក់ការងារ ការព្យាបាលថែទាំជំងឺដង្កាត់ និងបន្ទុកនានាជាច្រើនដែលកើតនៅកន្លែងធ្វើការ បើគិតជាថវិកាចំណាយរាប់រយលានដុល្លារ និងជាពេលវេលាខាតបង់រាប់រយលានថ្ងៃធ្វើការ ក្នុងមួយឆ្នាំៗ។ តាមការប៉ានប្រមាណ និយោជក(ឬម្ចាស់ក្រុមហ៊ុន) ខាតបង់ប្រាក់ជាមធ្យមចំនួន៥០០ដុល្លារអាមេរិកសម្រាប់និយោជិត(បុគ្គលិក)ដែលមានសុខភាពមិនល្អ១នាក់។ ជារួម បញ្ហានិងការប្រឈមនៅកន្លែងការងារ មានដូចជាគ្រោះថ្នាក់ការងារ ជំងឺរាំរ៉ៃ(លើសឈាម ទឹកនោមផ្អែមជាដើម) អតុល្យភាពការងារជីវិត ស្ត្រេស ធាត់ រវល់ភ្លេចហាត់ប្រាណ ភ្លេចទទួលទាន ទទួលទានស្រា កាហ្វេនិងបារី ទំនាស់ផ្ទៃក្នុង  ពិការភាព បន្ទុកសង្គមកិច្ច(ស្ត្រីមេម៉ាយ កុមារកំព្រាជាដើម)។ល។

ជាដំណោះស្រាយ ខ្ញុំបាទសូមលើកជាគម្រោងងាយៗ និងផែនការយូរអង្វែង  ដូចជាការវាយតម្លៃព្រឹត្តិការណ៍ តេស្ត/ត្រួតពិនិត្យសុខភាព ចាក់ថ្នាំបង្ការ ប្រាប់ព័ត៌មាន ផ្តល់ចំណេះដឹង វគ្គបណ្តុះបណ្តាល បង្ហាត់បង្រៀន តាមដាន និងផ្តល់ប្រឹក្សាទាក់ទងនឹងការងារនឹងរឿងរ៉ាវនានានៅកន្លែងធ្វើការ និងសង្គមគ្រួសារជាដើម។ កម្មវិធី«សុខភាពនិងសុខុមាលភាពនៅកន្លែងធ្វើការ» ដែលមានគោលបំណងលើកកំពស់សុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់និយោជកនិងនិយោជិត គឺជាយុទ្ធសាស្ត្រយូរអង្វែងក្នងការថែទាំសុខភាពបុគ្គលិក កាត់បន្ថយចំណាយលើការព្យាបាលជំងឺ បង្កើនផលិតភាពនិងចំណូល និងសម្រេចគោលដៅពាណិជ្ជកម្ម តាមរយៈការអភិវឌ្ឍន៍ចិរភាពនៃកម្លាំងពលកម្ម។

ព័ត៌មានលម្អិតអំពីកម្មវិធី«សុខភាពការងារ» និងសេវាកម្មពាក់ព័ន្ធនានា យើងខ្ញុំនឹងផ្តល់ជូននាពេលអនាគតដ៏ខ្លីខាងមុខនេះ ជាពិសេសលោកអ្នកអាចទំនាក់ទំនងលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ តាមលេខទូរស័ព្ទ 012 889 556 និងតាម អ៊ីម៉ែល lychenghuy@yahoo.com

សូមតាមដានពត័មានលំអិតផ្សេងទៀតនៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ចេញផ្សាយ ៖ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦

Google Analytics Alternative