ប្រការត្រូវធ្វើពេលឡើងក្តៅខ្លាំង «រលកកំដៅ»

ការឡើងកំដៅខ្ពស់នៅកម្ពជាពេលនេះ គឺជាករណី«រលកកំដៅ»។ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ លើកឡើងថា រលកកំដៅ ជាគ្រោះទុរភិក្ស ដូចជាទឹកជំនន់ ខ្យល់ព្យុះជាដើមដែរ ដែលជាប្រធានបទនៃបទអន្តរាគមន៍ក្នុងការជួយសង្គ្រោះបន្ទាន់។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នាបពលថ្មីៗនេះ បានអោយដឹងថានៅប្រទេសកម្ពុជា បាននិងបន្តមានបាតុភូតអាកាសធាតុអាក្រក់ជាច្រើន ដូចជាការឡើងកំដៅ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅពេលមេឃរកកល់ភ្លៀង ក្នុងចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃ២២ ខែមេសា ឆ្នាំ២០១៦នេះ។

ចាប់តាំងពីមុនចូលឆ្នាំខ្មែរ រហូតមកដល់ពេលនេះ ប្រជារាស្ត្រខ្មែរបានត្អូញត្អែរពីអាកាសធាតុក្តៅហែងមិនធាប់មានពីមុនមកទេ។ ការឡើងកំដៅបែបនេះ មិនមែនជាបាតុភូតធម្មតាទេ តែជាគ្រោះទុរភិក្សមួយ ដែលគេហៅថា «រលកកំដៅ» គឺជាប្រធានបទនៃបទអន្តរាគមន៍ក្នុងការជួយសង្គ្រោះបន្ទាន់ (បើយោងតាមបទពិសោធន៍របស់ប្រទេសនៅអឺរ៉ុប ជាពិសេសប្រទេសបារាំង)។ ខាងក្រោមនេះ លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ផ្តល់ជូនប្រជារាស្ត្រខ្មែរនូវចំណេះដឹង និងប្រការត្រូវធ្វើ ដើម្បីទប់ទល់នឹងរលកកំដៅ និងការឡើងកំដៅខ្លាំង នៅកម្ពុជា នាពេលនេះ។

តើអ្វីទៅជា«រលកកំដៅ» និងការឡើងកំដៅខ្លាំង?

Head wave 01បើយោងតាមឯកសារក្រសួងសុខាភិបាលនៃប្រទេសបារាំង ការឡើងកំដៅ និង «រលកកំដៅ» អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់យើង ក្នុងករណីដូចតទៅ៖

-សីតុណ្ហភាពក្តៅខ្លាំងលើសធម្មតា

-សីតុណ្ហភាពមិនព្រមចុះ ឬថយចុះតិចតួចនៅពេលយប់

-សីតុណ្ហភាពក្តៅយូរ ក្នុងរយៈពេល៣ថ្ងៃ ឬលើសពីនេះ។

 

សញ្ញាប៉ះពាល់ដល់សុខភាព នៃ«រលកកំដៅ» និងការឡើងកំដៅខ្លាំង

ការឡើងកំដៅ និង«រលកកំដៅ»អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់យើង ដោយស្តែងចេញជាអាការៈ ឬសញ្ញាអាសន្នមួយចំនួនដូចតទៅ៖

-អស់កម្លាំង ខុសធម្មតា

-វិលមុខ និងចង្អោរ

-វិលវល់ គិតអីមិនចេញ

-ឈឺក្បាល

-រមួលក្រពើ

-ក្តៅខ្លួន ។ល។

 

ប្រការត្រូវធ្វើ ពេលមានរលកកំដៅ» និងការឡើងកំដៅខ្លាំង

ពេលមានការឡើងកំដៅ និង«រលកកំដៅ» សូមប្រជាពលរដ្ឋស្វែងរកជំនួយសង្គ្រោះ ជាពិសេសប្រតិបត្តិវិធានការ និងប្រការមួយចំនួនដូចតទៅ៖

Head wave 02-ទទួលទានទឹក ជាទៀងទាត់ និងគ្រប់គ្រាន់ (១លីត្រកន្លះ ក្នុង១ថ្ងៃ)

-ផ្សើម ឬបន្សើមទឹក ដូចជាងូតទឹក ប្រោះឬបាញ់ទឹកដាក់ខ្លួន ជ្រលក់ក្រណាត់ជូតខ្លួនជាដើម

-ត្រូវខ្យល់ត្រេជាក់ ដូចជាដាក់កង្ហាល់ បក់ផ្លិតជាដើម

-ស្នាក់នៅក្នុងផ្ទះត្រជាក់សើម (បិតបង្អួចដែលចាំងថ្ងៃចូល) នៅក្នុងម៉ាស៊ីនត្រជាក់ ឬជ្រកម្លប់

-សម្រាក និងចៀសវាងសកម្មភាពផ្លូវកាយខ្លាំង

-មិនត្រូវទទួលទានស្រា (ជាតិអាល់កុល)

-ទទួលទានអាហារគ្រប់គ្រាន់ ដូចធម្មតា

-តាមដាន និងចែកចាយព័ត៌មានពាក់ព័ន្ធ ជាមួយអ្នកដទៃ។

 

សូមតាមដានពត័មានលំអិតផ្សេងទៀតនៅលើគេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖ វេជ្ជ. លី ចេងហ៊ុយ

ចេញផ្សាយ ៖ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦

Google Analytics Alternative