ព្រៃឈើជាអ្នកអភិរក្សបរិស្ថានដ៏ឆ្នើម

រុក្ខជាតិ ឬដើម​ឈើដែល​ដុះត្រៀប​ត្រាស្ទើរ​គ្រប់ទី​កន្លែងនៃ​សម្បក​ផែនដី មានព្រៃ​ស្រោង ព្រៃស្ដុក ព្រៃរនាម​ព្រៃលិច​ទឹក ព្រៃ​របោះ​ជាដើម។ នៅតំបន់​ខ្លះ ព្រៃឈើ​ទាំងនោះ​កំពុងរង​នូវការ​កាប់យក​ទៅប្រើ​ប្រាស់ដោយ​ពុំមាន​តុល្យភាព​និងធ្វើ​ការ​អភិវឌ្ឍ​ដោយ​ត្រូវបាន​កាប់​បំផ្លាញ។ ដើមឡើយ​ព្រៃឈើ​មាន​ទំហំ​ប្រមាណ​៨០5​នៃផ្ទៃ​ដី​ពិភព​លោក​តែ​បច្ចុប្បន្ន​សល់ត្រឹម​ប្រមាណ​ជា​៣៦5​តែប៉ុ​ណ្ណោះ។ ទាំងនេះ​ធ្វើឱ្យ​ដើមឈើ​កាន់តែ​ហិនហោច​ទៅៗ និងនាំ​ឱ្យមាន​បម្រែប​ម្រួលផ្នែក​បរិស្ថាន។ បច្ចុប្បន្ន​ការដាំ​កូន ឈើជា​ប្រធាន​បទមួយ​ដែល​មនុស្ស​ទូទៅ និងរាជ​រដ្ឋា​ភិបាល​ចាប់​អារម្មណ៍​ដោយ​កន្លែងខ្លះ​ត្រូវបាន​អភិរក្ស​និងធ្វើ​ការដាំ​ឡើង​វិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សម្រាប់​លេខនេះ ទស្ស​នាវដ្ដី សុខភាពយើង មានក្ដី​សោមនស្ស​លើកយក​អត្ថបទ​ដែល​បង្ហាញពី​អត្ថ​ប្រយោជន៍​នៃការ​ដាំដើម​ឈើ ជូន​ប្រិយមិត្រ​អ្នកអាន​ស្វែងយល់​បន្ថែម តាមរយៈ​ការ​ប្រឹក្សា​ជាមួយ​លោក ស៊ឹម គង់​នាយក​អភិវឌ្ឍ​កម្ម​វិធីនៃ​អង្គការ​ម្លប់បៃ តង។

ទំនាក់​ទំនង​រវាង​ដើម​ឈើ និង​បរិស្ថាន

បរិស្ថាន​ជាអ្វីៗ​ដែលនៅ​ជុំវិញ​ខ្លួនយើង រាប់​បញ្ចូល​ទាំង​ភាវៈមាន​ជីវិត និងគ្មាន​ជីវិត។ ក្នុងនោះ​ដើមឈើ​ជាផ្នែក​មួយដែល​បរិស្ថាន​មិនអាច​ខ្វះបាន។ ដើមឈើ​ដែលដុះ​ចម្រុះ​ប្រជ្រៀត​ចង្អៀត​ជុំជិត​គ្នាជា​ច្រើន​ប្រភេទ​មានតូច​មានធំ​នៅតំបន់​ណាមួយ​នោះ គេ ហៅថា​ព្រៃឈើ។ ព្រៃឈើ​ជា​ចំណែក​ដ៏ធំ​ធេង ដែលជួយ​ឱ្យ​បរិស្ថាន​មាន​លំនឹង​និងបង្ក​ឱ្យ​ជីវិត​សត្វនានា​អាចចាប់​កំណើត​តកូន​តចៅ រស់នៅ​ដោយ​សុខសាន្ដ។ ភាពស្រស់​បំព្រង​នៃរុក្ខ​ជាតិ​ទាំងឡាយ​គឺជា​ភាពស្រស់​បំព្រង​នៃជីវិត​របស់​មនុស្ស។ មនុស្ស​ចូលរួម​ការពារ ដើមឈើ គឺមាន​ន័យថា​មនុស្ស​ចូលរួម​ការពារ​បរិស្ថាន ការពារ​ជីវិត​សត្វ​និងមនុស្ស​ខ្លួនឯង​ផងដែរ។

អត្ថ​ប្រយោជន៍​របស់​ព្រៃឈើ

អ្វីៗ​ដែលមាន​ជីវិត​នៅលោក​នេះ សុទ្ធតែ​ទទួល​ផល​ប្រយោជន៍​ពីដើម​ឈើ រួមទាំង​ជីវិត​សត្វ មនុស្ស​និង​បរិស្ថាន​ផ្សេង​ទៀត។

1 . ផល​ប្រយោជន៍​ដល់​បរិស្ថាន ព្រៃឈើ​មាន​ទំនាក់​ទំនង​យ៉ាង​សំខាន់​ទៅនឹង​បរិស្ថាន​ទូទៅ។ បើគ្មាន​ព្រៃឈើ​ពិភព លោកនឹង​ក្លាយទៅ​ជាវាល​រហស្ថាន​គ្មាន​ជីវិត​ជីវីអ្វី​ទាំងអស់។

  • ព្រៃឈើ​បង្កឱ្យ​មានភ្លៀង​ធ្លាក់ និងជួយ​ការពារ​ដីកុំ​ឱ្យហូរ​ច្រោះ ព្រមទាំង​ស្រូបយក​ពន្លឺ​ព្រះអាទិត្យ​និងឧស្ម័ន​កាបូនិច ដែលជា​ជាតិពុល​ក្នុង​ស្រទាប់​ខ្យល់ ហើយ​បញ្ចេញ​មកវិញ​នូវឧស្ម័ន​អុកស៊ី​សែន(​ពេលថ្ងៃ)​ដែល​មនុស្ស​សត្វត្រូវ​ការដក​ដង្ហើម ដើម្បី រស់។ ដើមឈើ​ធំមួយ​ដើមអាច​ផលិត​ឧស្ម័ន​អុកស៊ី​សែនបាន​៣២​ម៉ែត្រ​គូប ក្នុងរយៈ​ពេល១២​ម៉ោង។
  • ព្រៃឈើ​ជួយ​រក្សា​បរិយាកាស​ឱ្យត្រជាក់​ជានិច្ច ព្រមទាំង​ជួយកាត់​បន្ថយ​ការរំខាន​ដោយសូរ​សម្លេង និងខ្យល់​កខ្វក់​ឬពុល ។ លើសពី​នេះ វាធ្វើ​ឱ្យអណ្ដូង បឹង ស្ទឹង ជ្រោះជា​ដើមមាន​ទឹកថ្លា​ស្អាត។ ព្រោះស្លឹក​ឈើដែល​ជ្រុះគរ​យ៉ាង​ក្រាស់នៅ​លើដី ឬក្នុង​ដីជា តម្រង និងធ្វើ​ឱ្យដី​មានជី​ជាតិ ដោយសារ​ស្លឹកនិង​ផ្លែផ្សេង​ៗរបស់​វាពុក​ផុយ​រលួយ។ ឫសឈើ​ដែលចាក់​ចូលយ៉ាង​ជ្រៅទៅ​ក្នុងដី​បានទប់ ដីមិន​ឱ្យបាក់​ស្រុតទៀត​ផង។

2 . ផល​ប្រយោជន៍​ដល់សត្វ លោកអ្នក​សាកល្បង​រកនឹក​មើលថា​វាលខ្សាច់​សាហា​រានៅ​ទ្វីប​អាហ្វ្រិក​មានអ្វី​រស់នៅ​ខ្លះ។  វាល​រហស្ថាន​នោះគ្មាន​អ្វីក្រៅ​ពីគ្រាប់​ខ្សាច់ដែល​លាត​សន្ធឹង​ដាច់កន្ទុយ​ភ្នែកដូច​មហា​សាគរ​នោះឡើយ។ បើមាន​ដើមឈើ​នាំឱ្យ​មាន ជីវិត​សត្វគ្រប់​ប្រភេទ ទាំង​ពពួក​ល្មូន ថនិក​សត្វ បក្សា​បក្សី​ជាដើម។ តើសត្វ​ទាំងនោះ​វា​អាស្រ័យ​ព្រៃឈើ​ដូចម្ដេច?

  • ព្រៃឈើ​ជាជម្រក​ដ៏ប្រសើរ​នៃសត្វ​គ្រប់​ប្រភេទ ព្រោះជា​កន្លែង​សម្រាប់​ពួកសត្វ​ទាំងអស់​នោះបង្ក​បង្កើត​កូន​និងលាក់​ខ្លួន ពួនសម្ងំ​ពីសត្រូវ​ទាំងឡាយ​យ៉ាងសុខ​សាន្ដ។ ហើយ​ព្រៃឈើ​ជា​អាហារ​របស់​សត្វស្ទើរ​គ្រប់​ប្រភេទ​ដែលស៊ី​ផ្លែឈើ​និងស្លឹក​ឈើជា អាហារ​ចិញ្ចឹម​ជីវិត។ រីឯ​សត្វដែល​ស៊ីសាច់​សត្វជា​អាហារ ដូចជា​ខ្លា​តោជា​ដើមក៏​អាចរក​ចំណី​របស់ខ្លួន​បានយ៉ាង​សម្បូរ​បែបដែរ។
  • ព្រៃលិច​ទឹកជា​ជម្រក​នៃពពួក​មច្ឆា​ជាតិ ពងកូន ចាប់​ចំណី​និងផ្ដល់​ឧស្ម័ន​អុកស៊ី​សែនក្នុង​ការដក​ដង្ហើម​នៃសត្វ​គ្រប់ប្រ ភេទ។

3 . ផល​ប្រយោជន៍​ដល់​មនុស្ស ព្រៃឈើ​ជាចំណែក​មួយមិន​អាចខ្វះ​បាននៃ​ជីវិត​របស់​មនុស្ស។

  • ព្រៃឈើ​ជាកន្លែង​ប្រកប​របរ​ច្រើន​ប្រភេទ ដូចជា​កាប់ឈើ​លក់ ឬធ្វើ​ផ្ទះ បោច​វល្លិ៍ រកឃ្មុំ​យកសាច់​និងទឹក​រកអុស​ដុត​រកឱសថ​បូរាណ​ធ្វើថ្នាំ​កែរោគ​(ផ្សិត​សូក្រំ ដើមឆ្កែ​ស្រែង វល្លិ៍មុខ​ឈ្នាង) របរ​យកជ័រ។ល។
  • ព្រៃឈើ​ផ្ដល់ឈើ​ធ្វើគ្រឿង​សំណង់ គ្រឿង​សង្ហារិម គ្រឿង​សម្អាង និងវត្ថុ​ប្រើប្រាស់​ផ្សេងៗ។ ម្យ៉ាង​ទៀតវា​ជារបាំង ការពារ​ខ្យល់ព្យុះ​សម្រាប់​ភូមិឋាន។ ព្រៃឈើ និងព្រៃ​លិចទឹក​ផ្ដល់ឱ្យ​នូវ​អាហារ សាច់ បន្លែ ផ្លែ ស្លឹក​គ្រាប់​ធញ្ញជាតិ​ត្រីជា​ដើម​និងផ្ដល់​ឧស្ម័ន​អុកស៊ី​សែនឱ្យ​មនុស្ស​ដកដង្ហើម​បាន​ដោយផា​សុខភាព។
  • ព្រៃឈើ​ជាកន្លែង​ទេស​ចរណ៍​ធម្មជាតិ អាចព្យា​បាល​ការតាន​តឹងខាង​ផ្លូវចិត្ដ​និងជា​កន្លែង​ស្ងប់ស្ងាត់​សម្រាប់​អារម្មណ៍​(ព្រះពុទ្ធ​ត្រាស់ដឹង​ក្នុងព្រៃ)។ ពោល​ព្រៃឈើ​ជួយ​មនុស្ស​តាំងពី​ចាប់​កំណើត​រហូត​ដល់ស្លាប់ ជា​អាទិ​ធ្វើក្ដារម​ឈូស​ឧសដុត​សពជា​ដើម។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

ផលប៉ះ​ពាល់នៃ​ការបាត់​បង់ព្រៃ​ឈើ

ពេលបាត់​បង់ព្រៃ​ឈើ​មនុស្ស សត្វ និង​បរិស្ថាន​ប្រាកដ​ជារង​ផល​លំបាក​ធ្ងន់ធ្ងរ។

  • ដីត្រូវ​ហូរច្រោះ​ជីជាតិ ឬត្រូវ​បាក់ធ្លាក់​ចុះទាំង​ផ្ទាំងៗ​ចូលក្នុង​ព្រែក បឹង ស្ទឹង និង​ទន្លេ​ហើយ​ធ្វើឱ្យ​ទឹកក្លាយ​ជារាក់ ទឹក​ល្អក់កខ្វក់​ដោយទឹក​នោះនាំ​កាក​សំណល់ និង​កករ​ដីមក​ជាមួយ។
  • សីតុណ្ហ​ភាពក្នុង​បរិយា​កាស​ឡើង​កម្ដៅ​ខ្លាំង សត្វត្រូវ​បាត់បង់​ទីជម្រក និងខ្វះ​ចំណី​អាហារ​ហើយ​ទីបំផុត​សត្វក៏​ត្រូវ បាត់បង់​ដោយ​ប្រការ​ផ្សេងៗ​ជាបន្ដ​បន្ទាប់​ដែរ។
  • ភ្លៀងធ្លាក់​ខ្លាំងនៅ​តំបន់ទី​ទួលឬ​ភ្នំ នោះទឹក​នឹងហូរ​ធ្លាក់យ៉ាង​គំហុក​ព្រោះគ្មាន​អ្វីជួយ​ទប់ដោយ​បង្កជា​ទឹកជំនន់​ប្រកប ដោយ​គ្រោះថ្នាក់​ដល់​មនុស្ស​សត្វ។ ឧស្ម័ន​ពុលនៅ​ក្នុងស្រទាប់​បរិយា​កាសមាន​កាន់តែ​ច្រើន​ដែលបង្ក​ជាផល​ប៉ះពាល់​ដល់ផ្លូវ​ដង្ហើម។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

យើងមិន​អាច​និយាយ​ថា យើងមិន​ប្រើប្រាស់​ដើមឈើ​បាននោះ​ទេ។ ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង​តើយើង​គួរធ្វើ​យ៉ាងម៉េច?

បើលោក​អ្នកបាន​កាប់ដើម​ឈើមួយ​ដើម សូមចូល​រួមដាំ​ដើមឈើ​មួយ ឬពីរ​ដើមវិញ នោះមាន​ឈ្មោះថា​បានធ្វើ​ល្អ​និងរួម​ចំណែក ថែរក្សា​បរិស្ថាន​ហើយ។ ការយល់​ដឹងពី​ផល​ប្រយោជន៍​របស់ដើម​ឈើក្នុង​ស្រទាប់​មហាជន​ជាកត្ដា​ចាំបាច់​មួយ។ មនុស្ស​មិនគួរ​កាប់ ឈើប្រើ​ប្រាស់ហួស​ហេតុដោយ​ខ្វះការ​ថ្លឹងថ្លែង​ពីផល​ប៉ះពាល់​នោះឡើយ។ ដូច្នេះ​ការដាំ​កូនឈើ​និងថែ​រក្សាព្រៃ​ឈើឱ្យ​បាន​គង់វង្ស ប្រៀបបាន​ទៅនឹង​ការថែ​រក្សា​កំណប់​ទ្រព្យដ៏​មានតម្លៃ​បំផុត​សម្រាប់​ជីវិត ដូច្នោះ​ដែរ​គឺធ្វើ​ឱ្យខ្លួន​យើង សហគមន៍​យើង និង​ពិភព​លោក យើង មានការ​រស់នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨

Google Analytics Alternative