សង្គ្រាម​ជាមហា​វិនាស​កម្ម​សង្គម

កាលណា​និយាយ​ពី​សង្គ្រាម ឬ​ចម្បាំង គេតែង​នឹកឃើញ​ភ្លាមដែរ​នូវ​វិនាស​កម្មយ៉ាង​ច្រើន​ជា​អាទិ៍ ការបាត់​បង់​អាយុ​ជីវិត ព្រាត់​ប្រាស របួស ពិការ ខូចខាត​អគារ​សំណង់ ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ វិបត្ដិ​សេដ្ឋ​កិច្ច ភាព​ក្រីក្រ។ល។ អ្នកធ្វើ​សង្គ្រាម​ហាក់​ដូចជាមិនមាន​មនុស្ស​ធម៌បន្ដិច​ណា​ឡើយ។ព្រោះគេ​ប្រឹងយក​តែឈ្នះ​ចាញ់​ប៉ុណ្ណោះ​ចង់អ្នក​ណាស្លាប់​ព្រាត់ប្រាស​គេមិន​ខ្វល់​ឡើយ លើក លែងតែ​មានការ​ប៉ះពាល់​ដល់សាច់​ញាតិ​របស់គេ​ផ្ទាល់ទើប​មានការ​ឈឺចាប់​ខ្លះ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ប្រិយមិត្ដ​អ្នកអាន​ស្វែងយល់​អំពី​មហន្ដ​រាយនៃ​សង្គ្រាម​នេះ ជាមួយ​ទស្ស​នាវដ្ដី សុខភាព​យើង តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រា​ចារ្យ​មហា​បរិញ្ញា ការ ស៊ុន​បូណាត​ប្រធាន​កម្ម​វិធី​ជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ដ។

មូល​ហេតុ​សង្គ្រាម

សង្គ្រាម​បង្កឡើង​ពី​មូលហេតុ​ច្រើន​យ៉ាងផ្សេង​ៗគ្នា ហើយ​មានភាព​ស្មុគ​ស្មាញ និងលាយ​ឡំចូល​គ្នាច្រើន​ណាស់។ មូល​ហេតុ ទាំងនោះ​អាច​បណ្ដាល​មកពី​ការមិន​ពេញចិត្ដ​គ្នា ចងគំនុំ ចង់បាន​អំណាច​ហួស​ហេតុ​ការគាប​សង្កត់ពី​អ្នកមាន​អំណាច​មកលើ​អ្នកតូច តាចជា​ដើម។ សង្គ្រាម​ខ្លះធ្វើ​ឡើងក្នុង​ផល​ប្រយោជន៍​ជំនួញ​សេដ្ឋកិច្ច នយោ​បាយ​ការវាយ​បំបាក់​អ្នកទន់​ខ្សោយឱ្យ​ចុះចូល​រណប​ខ្លួនជា ដើម។ សង្គ្រាម​ហាក់ដូច​ជាកាន់​តែ​សាហាវ​ឡើងៗ ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ទោះជា​ប្រវត្ដិ​សាស្ដ្រ​លើលោក​បានរិះ​គន់ ដាក់​បម្រាម ឱ្យនាំ​គ្នា​បញ្ចៀស​សង្គ្រាម​យ៉ាងណា​ក៏ដោយ​ក៏មនុស្ស​ជំនាន់​ក្រោយៗ​នៅតែ​បន្ដ​ប្រព្រឹត្ដ​អំពើ​មិនមែន​ជាមនុស្ស​នេះ​ដដែល។ យុត្ដិធម៌  គ្រាន់តែ​ជាជើង​មេឃ​មួយដែល​គេសន្មត់​ទុក​តែពុំ​មាន​នរណា​ម្នាក់ទៅ​ដល់​ឡើយ។ អ្នកណា​ខ្លាំងអ្នក​នោះឈ្នះ ហើយអ្នក​ឈ្នះជា​អ្នក ត្រូវ រីឯ​អ្នកចាញ់​ជាអ្នក​ខុសទាំង​ស្រុង។

ផល​វិបាក​ក្រោយ​ពេល​សង្គ្រាម

បន្ទាប់ពី​សង្គ្រាម​ត្រូវបាន​បញ្ចប់ ប្រជា​ពលរដ្ឋ​ដែលនៅ​រស់រាន​មានជីវិត​រស់នៅ​មិនបាន​សុខទេ​ព្រោះ​ផល​វិបាក​របស់​សង្គ្រាម បាន​ជះឥទ្ធិ​ពលវែង​ឆ្ងាយ រហូត​ដល់ច្រើន​ជំនាន់​ក៏មាន​ដែរ។ មិនមែន​តែអ្នក​ចូលរួម​ធ្វើសឹក​សង្គ្រាម​នោះទេ​ដែលរង​គ្រោះ ទាំងអស់​គ្នា ដែលរស់​នៅ​ជាមួយ​សង្គ្រាម​ក៏ជា​ជនរង​គ្រោះដែរ។

. ផលវិបាកផ្នែកសង្គម ក្រៅពី​បំផ្លិច​បំផ្លាញ​លើជីវិត​មនុស្ស សង្គ្រាម​ធ្វើឱ្យ​មានទុក្ខ​ព្រាត់​ប្រាស​វិនាស​ហិន​ហោច សូម្បី តែអ្នក​ឈ្នះក៏​មិនប្រាកដ​ខ្លួនឯង​ថា​ទទួល​បាន​សេចក្ដី​សុខនោះ​ដែរ។ អសន្ដិ​សុខក្នុង​សង្គម ការកាប់​សម្លាប់​អំពើ​ហិង្សា ការ​គំរាម​កំហែង ការចាប់​រំលោភ និងការ​ធ្វើ​ទារុណ​កម្ម សុទ្ធតែ​ជាផល​វិបាក​បន្សល់ទុក​ក្រោយ​សង្គ្រាម។ សង្គ្រាម​បានធ្វើ​ឱ្យមនុស្ស​យកអាវុធ​ប្រើ​ហិង្សា ជា​មធ្យោ​បាយតែ​មួយគត់​ក្នុងការ​ដោះស្រាយ​បញ្ហា។ ឥរិយា​បថ​ហិង្សា​បានដុះ​ជាប់នឹង​ខ្លួន និងចិត្ដ​មនុស្ស​រហូត​ក្លាយទៅ​ជាទម្លាប់​ទៅ ហើយ។

2 . ផល​វិបាក​ផ្នែក​សេដ្ឋកិច្ច ៖ ការ​អប់រំ​សុខភាព​ទាំងផ្លូវ​កាយ និង​ផ្លូវចិត្ដ ភាព​ក្រីក្រ​អវិជ្ជា​កាន់តែ​រីកដុះ​ដាលក្នុង​សង្គម ក្រោយ​សង្គ្រាម។ សង្គមត្រូវ​ឋិតក្នុង​អស្ថេរ​ភាព​គ្រប់បែប​យ៉ាង គ្មាន​ច្បាប់​ទម្លាប់ គ្មានអ្នក​ណាស្ដាប់​អ្នកណា​ឃើញមាន​តែការ​ប្រើ អំណាច​ធ្វើជា​មធ្យោ​បាយដោះ​ស្រាយ។ ទាំងអ្នក​ឈ្នះ ទាំងអ្នក​ចាញ់​ម្នាក់ៗ​ភ័យជា​ប្រចាំមិន​ដឹងថា​ថ្ងៃណា​ជាថ្ងៃ​អង្សា​របស់់ខ្លួន​ម្ដង វិញ។

. ផលវិបាកផ្នែកផ្លូវចិត្ដ ការភិត​ភ័យដែល​ធ្លាប់ជួប​ប្រទះក្នុង​សង្គ្រាម​បានដក់​ជាប់ក្នុង​អារម្មណ៍​ជានិច្ច្ច។ ពេលខ្លះ​ធ្វើឱ្យ តក់ស្លុត​ខ្លាំង​ភ្លាមៗ ហាក់ដូច​ជាហេតុ​ការណ៍​នោះកើត​មានឡើង​វិញ​ស្រស់ៗ។ ជាឧទា​ហរណ៍​នឹកឃើញ​ឪពុក​ម្ដាយ ឬសាច់​ញាតិ ប្ដី ប្រពន្ឋ​ខ្លួនត្រូវ​គេ​សម្លាប់​គួរឱ្យ​រន្ធត់។ ការបាត់​បង់​កិត្ដិយស​និងទ្រព្យ​សម្បត្ដិ​ដែលធ្លាប់​តែមាន​បានពី​មុន​ប្រែធ្លាក់​ខ្លួនទៅ​ជា​ក្រខ្សត់ តោកយ៉ាក​ជាដើម។ រូបភាព​ទាំងនេះ​បានដក់​ជាប់នៅ​ក្នុងខួរ​ក្បាល​រហូត​បង្កជា​វិបត្ដិផ្លូវ​ចិត្ដយ៉ាង​ធ្ងន់ធ្ងរ​បំផុត។ ជម្ងឺបាក់​ស្បាត ជម្ងឺ​ធ្លាក់ ទឹកចិត្ដ ជម្ងឺ​វិកល​ចរិត ជម្ងឺថប់​អារម្មណ៍ វិបត្ដិ​អត្ដ​ចរិត​ជាដើម​សុទ្ធតែ​ជាជម្ងឺ​ផ្លូវចិត្ដ​ដែលយើង​បានឃើញ​ក្រោយ​សង្គ្រាម​បាន​បញ្ចប់ ដូចជា​សង្គ្រាម​លោកលើក​ទីពីរ របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ជាដើម។

4. ផលវិបាកលើគ្រួសារ អ្នកដែល​នៅរស់​ពីសង្គ្រាម កើតមាន​ជម្ងឺធ្លាក់​ទឹកចិត្ដ បាក់ស្បាត ឬ​វិកល​ចរិត​ធ្វើឱ្យ​ការ​អត់ធ្មត់​សង្កត់​ចិត្ដចុះ​ថយយ៉ាង​ខ្លាំង ក្លាយជា​មនុស្ស​ឆាប់ឆេវ​ឆាវ។ ហេតុដូច​នេះហើយ​នៅក្នុង​គ្រួសារ​ការរស់​នៅច្រើន​តែមាន​ទំនាស់​បង្កជា​ហិង្សាក្នុង​គ្រួសារ កើតឡើង​ដោយសារ​មាន​បញ្ហា​ផ្លូវចិត្ដ​មិន​ប្រក្រតី​នេះឯង។ អំពើ​ហិង្សាក្នុង​គ្រួសារ​បង្ក​សោកនាដ​កម្មច្រើន​ត ទៅទៀត ធ្វើឱ្យ​គ្រួសារ​មានភាព​ក្រីក្រ កូនខ្វះ​ភាពកក់​ក្ដៅ ហើយ​កូនអាច​មានជម្ងឺ​ផ្លូវចិត្ដ​ដូចជា​ជម្ងឺថប់​អារម្មណ៍​ធ្លាក់ទឹក​ចិត្ដ ភ័យខ្លាច ចង់​សម្លាប់​ខ្លួនជា​ដើម។ កូនអាច​ចេញទៅ​ក្រៅផ្ទះ ជួបក្មេង​ពាល​រហូត​ក្លាយជា​ពាល​ឬប្រើ​ប្រាស់​គ្រឿង​ញៀនទៀត​ក៏មាន។ សង្គ្រាម ធ្វើឱ្យ​មនុស្ស​ប្រែពី​ស្លូតទៅ​ជាកាច​សាហាវ​ហើយ​ទម្រាំ​ក្លាយជា​មនុស្ស​សុភាព​រាបសារ​វិញ ត្រូវ​ចំណាយ​ពេលយូរ​ណាស់។ កុមារ​កំព្រា​ដោយ​សង្គ្រាម​បានក្លាយ​ជាបន្ទុក​សម្រាប់​មេ​គ្រួសារ​ដែលនៅ​រស់រាន​មាន​ជីវិត​ផង​និងជា​បន្ទុក​របស់​ប្រទេស​ជាតិដែល​កំពុងតែ​ត្រូវលិច លង់ដោយ​សារ​សង្គ្រាម​ផង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

5 . ផល​វិបាក​ផ្នែក​សីលធម៌ សីលធម៌​ជា​មនុស្ស​កាន់តែ​បាត់បង់​ទៅៗ​“មនុស្ស​កាន់តែ​មាន​លក្ខណៈ​លែងជា​មនុស្ស​ទៅៗ” នេះបើ​និយាយ​ក្នុង​ក្រប​ខ័ណ្ឌ​ផ្ទៃក្នុង​ប្រទេស​មួយ។ តែបើ​និយាយ​ក្នុងក្រប​ខ័ណ្ឌពី​ប្រទេស​មួយទៅ​ប្រទេស​មួយទៀត សភាព​ការណ៍​នេះ កាន់តែ​ថោកទាប​ជាងនេះ​ទៅទៀត ព្រោះ​ពិភព​លោកដែល​ត្រូវនាំ​គ្នាលើក​ស្ទួយ​មនុស្ស​ធម៌​បែរជា​ធ្លាក់ខ្លួន​ថោកទាប​មកជ្រើស​រើស សង្គ្រាម​ជា​មធ្យោ​បាយ​តាម​បែប​កម្រោល​ទៅវិញ។ តើយើង​គួរហៅ​អ្នកអស់​នោះថា​ជាអ្វី​វិញទើប​សម បើអ្នក​ទាំងនោះ​មិនមែន​ជា មនុស្ស​អវិជ្ជា​ផងនោះ។ តើភាព​ជាមនុស្ស​នៅឯ​ណា?

សេចក្ដី​សន្និ​ដ្ឋាន

សង្គ្រាម​បង្កឱ្យ​មាន​សោកនា​ដកម្ម​ធំធេង​ណាស់ ទោះបី​ជាមាន​រយៈពេល​ខ្លីក៏​ដោយ។ ទម្រាំ​តែរៀប​ចំ​ប្រទេស​ឱ្យមាន​សន្ដិភាព​ស្ថេរភាព និងការ​អប់រំ​មនុស្ស​មកដូច​ដើមវិញ មិនមែន​ជារឿង​ងាយ​ឡើយ។ ប្រៀបបាន​ដូចជា​ការសង់​ផ្ទះ​ដូច្នោះ​ដែរ​ប្រសិន បើជួស​ជុលផ្ទះ​មួយដែល​បាក់បែក គឺមិន​ងាយនឹង​ធ្វើឱ្យ​បានដូច​ដើម​ណាស់​តែបើក​ម្ទេចផ្ទះ​នោះវិញ​តែមួយ​ប៉ប្រិច​ភ្នែកប៉ុ​ណ្ណោះ។ ដូច្នេះ ហើយគេ​មិនច​ង់ឱ្យមាន​អំពើ​ហិង្សា ឬសង្គ្រាម​ទេ ព្រោះវា​មានផល​វិបាក​វែងឆ្ងាយ​និងធ្វើ​ឱ្យ​មនុស្ស​បាត់បង់​នូវ​សីលធម៌​តម្លៃជា មនុស្ស។

ដំ​បូន្មាន​អ្នក​ជំនាញ

សូមកុំ​យក​សង្គ្រាម ឬហិង្សា​មកដោះ​ស្រាយ​បញ្ហា។ ម្នាក់ៗ​ត្រូវចេះ​ពិចារ​ណាថ្លឹង​ថ្លែង ស្គាល់ពី​មនុស្ស​ធម៌​សីលធម៌​និង ប្រកាន់​ឱ្យបាន​ខ្ជាប់ខ្ជួន​ក្នុងនាម​ខ្លួនជា​មនុស្ស​ពិត​ប្រាកដ។ គួរគោរព​គ្នាទៅ​វិញទៅ​មកតាម​គន្លង​ព្រះពុទ្ធ​សាសនា​ដែលអប់​រំឱ្យ​យកអហិ ង្សាមក​ដោះ​ស្រាយ មិនបៀត​បៀន និងកេង​ប្រវ័ញ្ច​អ្នកដ៏​ទៃ​ព្រោះគេ​ក៏ចង់​រស់នៅ​ដោយ​សុខសាន្ដ​ដូចជា​រូបយើង​ដែរ។ សូមធ្វើ​អំពើ​ល្អ និងរក្សា​នូវ​សេចក្ដី​ថ្លៃថ្នូរ និងត្រូវ​ចេះខ្មាស​អៀន​ចំពោះ​មុខសត្វ​ធាតុដែល​មិនមាន​វប្បធម៌​ចេះដឹង​និងមិន​បានបង្ក​សង្គ្រាម​ដូចជា មនុស្ស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨

Google Analytics Alternative