ភាព​ឯកោ​ជាសញ្ញា​ជម្ងឺធ្លាក់​ទឹកចិត្ដ

ភាពទុក្ខ​ព្រួយក្ដីស្មុគ​ស្មាញការមិន​សប្បាយ​ចិត្ដឬមាន​វិបត្ដិ​ផ្លូវចិត្ដ​ផ្សេងៗ​បានជំរុញ​ឱ្យលោក​អ្នកឈាន​ទៅរក​ភាព​ឯកោ​បានយ៉ាង​ងាយ​បំផុត។ ប្រសិន​បើ​កង្វល់​ទាំងនោះ​កើតឡើង​កាន់តែ​ធំទៅៗ​លោកអ្នក​ប្រាកដ​ជាទទួល​នូវ​សម្ពាធ​បញ្ហាជា​ច្រើន​ដែល បណ្ដាល​មកពី​កត្ដា​ផ្សេងៗ។ បើ​បណ្ដែត​បណ្ដោយ​ឱ្យភាព​ឯកោ​ស្ថិតនៅ​ក្នុងខ្លួន​ដោយមិន​មានថ្ងៃ​បាត់បង់​នោះ​លោកអ្នក​នឹងអាច​កើត ជម្ងឺបាក់​ទឹកចិត្ដ។ ដូច្នេះ​ដើម្បី​កុំឱ្យ​ឈានចូល​ដល់ភាព​ឯកោ​បាន​លោកអ្នក​គួរស្វែង​យល់នូវ​វិធី​សាស្ដ្រ​ដោះស្រាយ​ដែលអាច​ជួយ សម្រួល​លោកអ្នក​បានមួយ​ចំនួន​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ជាគន្លឹះ​ក្នុងការ​ដោះស្រាយ​ភាព​ឯកោ ទស្ស​នាវដ្ដី សុខភាពយើង​បានជួប​សម្ភាស​ជាមួយ​លោកស្រី​វេជ្ជ​បណ្ឌិត​ចក ធីតា​ឯកទេស​វិកល​វិទ្យា និងជា​អនុ​ប្រធាន​កម្មវិធី​ជាតិ​សម្រាប់​សុខភាព​ផ្លូវចិត្ដ​នៃក្រសួង​សុខា​ភិបាល ដើម្បី​ទុកជា​ទុនមួយ​សម្រាប់​លោកអ្នក​ក្នុងការ​បង្ការកុំ​ឱ្យឈាន​ទៅដល់​ភាព​ឯកោ។

ភាព​ឯកោ​គឺជា​អ្វី?

ភាពឯកោ​គឺជា​រោគ​សញ្ញាមួយ​នៃជម្ងឺ​ធ្លាក់ទឹក​ចិត្ដ ដែលភាព​ឯកោ​ទាំងនេះ​អាចកើត​ឡើងទាំង​ផ្លូវកាយ និង​ផ្លូវចិត្ដ។ ចំពោះ​កុមារ​កំព្រា​ដែលគ្មាន​ទីពឹង ស្នាក់​អាស្រ័យ គឺជា​ភាព​ឯកោ​ផ្លូវកាយ។ ដោយឡែក​ចំពោះ​ភាព​ឯកោ​ផ្លូវចិត្ដ​អាចកើត​ឡើង​ដោយសារ​តែ បុគ្គល​ខ្លួនឯង​មិនមាន​ទំនាក់​ទំនង​ជាមួយ​អ្នក​ដទៃ និងមួយ​ទៀតអាច​កើតឡើង​ដោយ​សារ​តែអ្នក​ដទៃ​ឬមជ្ឈ​ដ្ឋានខាង​ក្រៅមិន​ចង់រាប់ រក មិនទ្រាំ​ទ្រនូវ​រាល់​ទង្វើ​ដែលខ្លួន​បាន​ប្រព្រឹត្ដ។

រោគ​សញ្ញា​អ្នកមាន​ជម្ងឺ​ឯកោ

មិនមែន​មានការ​លំបាក​នោះទេ ប្រសិន​បើលោក​អ្នកចង់​ដឹងថា​អ្នកនៅ​ជុំវិញ​ខ្លួនមាន​ភាព​ឯកោ ឬក៏​រួសរាយ​នោះ។ គ្រាន់តែ​លោកអ្នក​ព្យាយាម​សង្កេត ដោយយក​ចិត្ដទុក​ដាក់នូវ​រាល់​ទង្វើដែល​សម្ដែង​ចេញតាម​រយៈកាយ​វិការ​ខាងក្រៅ​ឬការ​ផ្លាស់ប្ដូរ​អត្ដ​ចរិត ខុសកាល​ពីមុន។ អ្នកទាំង​នោះធ្លាប់​តែមាន​ការរាក់​ទាក់ បែរជា​សោះ​អង្គើយ។ ឧស្សាហ៍​ចូលរួម​កម្មវិធី​ផ្សេងៗ បែរជា​បោះបង់​ចោល ឱកាស​ទាំងនោះ ដោយមិន​មានមូល​ហេតុ។ មិនអាច​ចូលរួម​ក្នុងសង្គម​ដោយការ​ផ្ដាច់​ទំនាក់​ទំនងពី​មជ្ឈដ្ឋាន​ខាងក្រៅ និងដក​ខ្លួន​បន្ដិច ម្ដងៗ​ពីអ្នក​ដទៃ។ ប៉ុន្ដែ​នៅពេល​ខ្លះក៏​ពិបាក​សម្គាល់​ដែរ​ចំពោះ​អ្នកដែល​ខិតខំ​ធ្វើឫក​ពាធម្មតា​ដូចជា​មិនមាន​រឿងរ៉ាវ​អ្វីកើត​ឡើង  តែ មាន​អារម្មណ៍​គិតថា​ខ្លួនមិន​បានការ មនុស្ស​ក្នុងសង្គម​លែង​ត្រូវការ​មិនមាន​ការងារ​ធ្វើ​មិនអាច​ចូលរួម​ក្នុងសង្គម​បាន។ល។

មូល​ហេតុដែល​បង្កឱ្យ​មានភាព​ឯកោ

ដោយសារ​តែភាព​ឯកោ​ជាសញ្ញា​មួយនៃ​ជម្ងឺ​ផ្លូវចិត្ដ ដូច្នេះ​រាល់​ទង្វើ​និងបញ្ហា​អ្វីៗ​ដែល​លោកអ្នក​តែងតែ​ជួបប្រទះ​នៅក្នុង ជីវិត​រស់នៅ វាងាយ​នឹងធ្វើ​ឱ្យប៉ះ​ពាល់ដល់​សតិ​អារម្មណ៍​ចៀសមិន​ផុតឡើយ។ ប្រភព​នៃភាព​ឯកោអាច​កើតឡើង​ដោយសារ​កត្ដា៣​យ៉ាង។

1. កត្ដា​សង្គម ៖ មនុស្ស​រស់នៅ​ក្នុងសង្គម រមែងជួប​នូវ​បញ្ហាជា​ច្រើនដែល​ត្រូវដោះ​ស្រាយដោយ​ខានមិន​បាន។ ក្នុង ចំណោម​បញ្ហា​ទាំងនោះ មានមួយ​ចំនួន​មិនអាច​ដោះស្រាយ​បាន ដែលជា​ហេតុធ្វើ​ឱ្យលោក​អ្នកខ្លះ​មានការ​អស់​សង្ឃឹម​មិនចង់​រស់នៅ តទៅ​ទៀត មិនមាន​អ្នកដទៃ​យល់ចិត្ដ ឬយក​ចិត្ដទុក​ដាក់។ កត្ដា​ទាំងនេះ​បានជំរុញ​ឱ្យមាន​ភាព​ឯកោរ​ហូតទៅ​ដល់កើត​ជម្ងឺ​ផ្លូវចិត្ដ។

2. កត្ដាចិត្ដ​សាស្ដ្រ ៖ រាល់ពេល​ជួបនូវ​បញ្ហា​អ្វីមួយ លោកអ្នក​តែងតែ​មាន​វិធី​សាស្ដ្រ​ផ្សេងៗ​គ្នា សម្រាប់​គ្រប់គ្រង​និង​ដើម្បី ដោះ​ស្រាយ។ តែបើ​ខណៈ​ណាដែល​លោកអ្នក​ជួបនូវ​រឿងរ៉ាវ​ដែល​លំបាក រហូតដល់​ថ្នាក់ដោះ​ស្រាយ​មិនបាន​ធ្វើឱ្យ​មានវិបត្ដិ​នៅក្នុង ចិត្ដយ៉ាង​ធ្ងន់ធ្ងរ។ ហើយបើ​មិនចេះ​ទប់​អារម្មណ៍​ឱ្យវិល​ត្រឡប់​ដូចដើម​វិញនោះ​គឺអាច​ងាយរង​នូវបញ្ហា​ផ្លូវចិត្ដ។

3. កត្ដាជី​វសាស្ដ្រ ៖ ប្រសិន​បើឪពុក​ម្ដាយ ឬជីដូន​ជីតា​របស់លោក​អ្នកធ្លាប់​មាន​ប្រវត្ដិ​កើតជម្ងឺ​ធ្ល្លាក់ទឹក​ចិត្ដនោះ​លោកអ្នក ជា​បុគ្គល​ដែលងាយ​នឹងកើត​ជម្ងឺធ្លាក់​ទឹកចិត្ដ ដោយ​ស្ដែង​ចេញ​តាមរយៈ​ភាពឯ​កោរបស់​ខ្លួន។ ក៏ប៉ុន្ដែ​បើលោក​អ្នករស់​នៅក្នុង​សង្គម មួយដែល​មានការ​គាំទ្រ ផ្ដល់ភាព​កក់ក្ដៅ មិនមាន​បញ្ហា​ធ្ងន់ធ្ងរ ដែល​ពិបាក​ដោះស្រាយ​នោះ​ក៏មិន​អាចធ្វើ​ឱ្យអ្នក​មានការ​ធ្លាក់ទឹក​ចិត្ដ ឬមាន​ភាពឯ​កោបាន​ដែរ។

ផល​ប៉ះពាល់​នៃភាព​ឯកោ

នៅពេល​ដែលលោក​អ្នកមាន​ភាព​ឯកោ វាអាច​ធ្វើឱ្យ​រងនូវ​ផលប៉ះ​ពាល់ជា​ច្រើន ទាំងក្នុង​គ្រួសារ និងក្នុង​សង្គម។ ភាគ​ច្រើនលោក​អ្នកអាច​នឹង​ប្រឈម​នូវការ​បាត់បង់​ការងារ ដោយសារ​មិនមាន​ទំនាក់​ទំនង​ឬការ​សហការ​ដើម្បី​អភិវឌ្ឍន៍​ការងារ​រវាងអ្នក រួម​អាជីព​ជាមួយ​គ្នា។ ការឃ្លាត​ឆ្ងាយពី​មជ្ឈដ្ឋាន​ខាងក្រៅ ជា​ពិសេស​ចំពោះក្រុម​គ្រួសារ​ដូចជា​ក្រុម​គ្រួសារ​មិន​គាំទ្រ​ឬសាមី​ខ្លួនមិន ចង់ឱ្យ​អ្នកដទៃ​គាំទ្រ ធ្វើឱ្យ​លោកអ្នក​បាត់បង់​នូវការ​ប្រាស្រ័យ​ទាក់ទង​គ្នា​និងមិន​មាន​សេចក្ដី​សុខក្នុង​ការ​រស់នៅ​សុខភាព​ចុះខ្សោយ។ លើសពី​នេះទៅ​ទៀតបើ​ប្រទេស​ជាតិមួយ​ពោរពេញ​ទៅដោយ​អ្នកមាន​ភាព​ឯកោ​ច្រើននោះ ការ​អភិវឌ្ឍន៍​បានជឿន​លឿនពិត​ជាមិន​អាចកើត​មានបាន​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​បង្ការ​ភាព​ឯកោ

ការខឹង​សម្បា និងការ​សប្បាយ​ចិត្ដ មាននៅ​លាយឡំ​គ្នានៅ​ក្នុងកម្រិត​មួយ មនុស្ស​ទូទៅ​មានស្ទើរ​គ្រប់ៗ​គ្នា។ ភាព​ឯកោ​និងការ​អស់​សង្ឃឹម​អាចកើត​មានឡើង​តែមួយ​ភ្លែតរួច​ក៏បាត់​ទៅវិញ ដោយគ្មាន​បញ្ហា​ចោទនោះ​ទេ។ ក៏ប៉ុន្ដែ​បើសិន​ជាលោក​អ្នកនៅ តែបន្ដ​មាន​អាការ​បែបនេះ គួរតែ​ទៅជួប​ជាមួយ​គ្រូពេទ្យ​ផ្លូវចិត្ដ ដើម្បី​ផ្ដល់​ប្រឹក្សា និង​ពិគ្រោះ​ព្យាបាល។ ប្រសិន​បើលោក​អ្នកកំពុង​តែ មានបញ្ហា​ជាច្រើន ហើយ​ឈានទៅ​ដល់ភាព​ឯកោ គួរកុំ​ព្យាយាម​នៅម្នាក់​ឯង​ហើយគួរ​ស្វែងរក​នរណា​ម្នាក់​ដើម្បី​ជាជំនួយ​ផ្លូវចិត្ដ និង​គាំទ្រ។ ចំពោះ​សាមីខ្លួន​ក៏គួរ​មានការ​សង្កេត​រាល់​អត្ដ​ចរិត និងកាយ​វិការ​របស់ខ្លួន​ផងដែរ​បើមាន​ការប្រែ​ប្រួលខុស​ពីធម្មតា គួរគិត ថាខ្លួន​កំពុងមាន​បញ្ហា​ផ្លូវចិត្ដ។ ដើម្បី​កែប្រែ​នូវ​អារម្មណ៍​ដ៏ស្មុគ​ស្មាញ​ទាំងនោះ​គួរតែ​បន្ធូរ​អារម្មណ៍​តាមរយៈ​ការដើរ​លំហែ​កាយ ឬប្រើ វិធី​ដកដង្ហើម​ចូលឱ្យ​វែង រួចដក​ដង្ហើម​ចេញយឺត​ៗដោយ​ក្នុងមួយ​ថ្ងៃ២​លើក​ហើយមួយ​លើកៗ​ប្រមាណ​ជា១០​ដង។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ភាព​ឯកោជា​រោគ​សញ្ញាមួយ​នៃជម្ងឺ​ផ្លូវចិត្ដ ដូចនេះ​វាទាម​ទារជំនួយ​ផ្នែកផ្លូវ​ចិត្ដជា​ចាំបាច់។ សាមីខ្លួន​គួរដឹង​ថាខ្លួន​ឯងកំពុង​ត្រូវការ​ជំនួយ ដោយមិន​ត្រូវខ្លាច​ការជួយ​(ផ្លូវចិត្ដ)​ពីអ្នក​នៅជុំវិញ​ខ្លួនឡើយ។ មិត្ដភក្ដិ​និងសាច់​ញាតិគួរ​តែផ្ដល់​នូវការ​គាំទ្រ​និងលើក ទឹកចិត្ដ​ឱ្យបាន​ច្រើន ដើម្បីកុំ​ឱ្យអ្នក​នោះមាន​ភាព​ឯកោ​ជាបន្ដ​ទៀត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨

Google Analytics Alternative