វ៉ាក់សាំងការពារជម្ងឺរលាកថ្លើម

សព្វថ្ងៃ​នេះមិន​ត្រឹមតែ​វិទ្យាសា​ស្ដ្ររីក​ចម្រើន​ទេសូម្បី​តែជម្ងឺ​ផ្សេងៗ​ក៏រីក​លូតលាស់​ទៅតាម​នោះដែរ​តួយ៉ាង​ដូចជា​ជម្ងឺ​រលាកថ្លើម​ប្រភេទ​បេជា​ដើម។ បច្ចុប្បន្ន​កម្មវិធី​ជាតិ​របស់​ក្រសួង​សុខា​ភិបាល​បានរៀប​ចំការ​ចាក់ថ្នាំ​ការពារ​ដល់កុមារ​ចាប់ពី​ពេលកើត ភ្លាម។ រីឯ​ប្រជា​ពលរដ្ឋ​ភាគច្រើន ជា​ពិសេស​អ្នករស់​នៅតាម​ទីក្រុង និងទី​ប្រជុំ​ជន​នានា​មានការ​យល់ដឹង​ហើយនាំ​គ្នាមក​ចាក់ថ្នាំ ការពារ​ជម្ងឺថ្លើម ដែលមាន​តួលេខ​កើនឡើង​គួរឱ្យ​កត់​សម្គាល់។ អ្នកចាក់​ថ្នាំការ​ពារកើន​រីឯអ្នក​មាន​ជម្ងឺថ្លើម​ក៏កើន​ឡើង​ដូចគ្នា។ បញ្ហា​ទាំងនេះ​អាច​បណ្ដាល​មកពី​ការចាក់​ថ្នាំការ​ពារគ្មាន​ប្រសិទ្ធ​ភាព ឬយ៉ាង​ណា?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកវេជ្ជ​បណ្ឌិត ប៊ុត សុខល់ នាយក​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធា​រណៈ​ចូលរួម​ជម្រាប​ជូនមិត្ដ​អ្នកអាន​អំពី ប្រការ​គួរយល់​ដឹងមួយ​ចំនួន​ដែលទាក់​ទងទៅ​នឹងថ្នាំ​ការពារ​ជម្ងឺ​រលាក​ថ្លើមនេះ តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

កំណើន​នៃអ្នក​ជម្ងឺថ្លើម

តាមរយៈ​ការអង្កេត​ថ្មីមួយ​របស់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធា​រណៈបាន​បង្ហាញ​ថា បច្ចុប្បន្ន​នេះនៅ​កម្ពុជា​មាន អត្រា​អ្នករង​គ្រោះ​ដោយសារ​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេច្រើន​គួរឱ្យ​កត់​សម្គាល់។ ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេបាន​កើតលើ​កុមារ​ដែលមាន អាយុ​ក្រោម៥​ឆ្នាំចំនួន​៣,៤​ភាគរយ។ កុមារ​អាយុពី​១៣ទៅ​១៥ឆ្នាំ​មាន៩​,២ភាគ​រយ។ រីឯ​មនុស្ស​ពេញវ័យ​ពី២០​ទៅ៣៥​ឆ្នាំមាន ១១,​៨ភាគ​រយ។ អត្រា​កើនឡើង​ទាំងនេះ​ហើយដែល​ជំរុញ​ឱ្យលោក​អ្នកត្រូវ​ចាក់ថ្នាំ​ការពារ​ជម្ងឺ​ថ្លើម​ព្រោះលោក​អ្នកមិន​អាច​សម្គាល់ លើស​ម្បកក្រៅ ដោយ​វិនិច្ឆ័យ​ថានរណា​ម្នាក់មាន​ផ្ទុក​មេរោគ​ថ្លើម​នោះទេ។

ផល​ប្រយោជន៍​របស់ថ្នាំ​ការពារ

ដោយ​ហេតុថា​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេងាយ​ឆ្លងពី​មនុស្សម្នាក់​ទៅម្នាក់​នោះ ទើប​លោកអ្នក​ទាំងអស់​គ្នាត្រូវ​មានការ​ប្រុង ប្រយ័ត្ន​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ។ ការចាក់​ថ្នាំការ​ពារជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេអាច​នាំឱ្យ​លោកអ្នក​ទាំងអស់​ចៀសផុត​ពីការ​ឆ្លងរាល ដាលនៃ​ជម្ងឺនេះ។ ម្យ៉ាងទៀត​ការចាក់​ថ្នាំការ​ពារនេះ​ប្រៀបដូច​ជាលោក​អ្នកកំពុង​បង្កើត​កងអង្គ​រក្សការ​ពារសុខ​ភាពលោក​អ្នកដូច្នេះ ដែរ។ លោកអ្នក​លែងមាន​ការព្រួយ​បារម្ភពី​ប្រការ​ឆ្លង ដូចជា​ការ​បញ្ចូល​ឈាម ការរួម​ភេទ​ការប៉ះ​ពាល់ជា​មួយអ្នក​មានជម្ងឺ​ថ្លើម ជាដើម​ទៀតហើយ។

កាល​វិភាគនៃ​ការចាក់​ថ្នាំ​ការពារ

មិនទាម​ទារលក្ខ​ខណ្ឌអ្វី​ច្រើនទេ សម្រាប់​ការចាក់​ថ្នាំការ​ពារជម្ងឺ​រលាកថ្លើម​ប្រភេទ​បេនេះ។ ចំពោះ​ទារកទើប​នឹងកើត​អាច ចាក់បាន​ភ្លាមក្នុង​រយៈពេល​មួយ​សប្ដាហ៍ បើលើស​ពីនេះចាំ​បាច់ត្រូវ​ពិនិត្យ​ឈាមជា​មុនសិន។ ដោយឡែក​សម្រាប់​កុមារ​ឬមនុស្ស​ពេញ វ័យដែល​មិនទាន់​បានចាក់​ថ្នាំការ​ពារជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេនេះក៏​ត្រូវពិនិត្យ​ឈាមដែរ​ដើម្បីរក​ឱ្យ​ឃើញនូវ​មេរោគ​រលាក​ថ្លើមនេះ ឬប្រព័ន្ធ​ការពារ​ជម្ងឺ​(អង់​ទីក័រ)។ បើលទ្ធ​ផល​បង្ហាញ​ថាមាន​មេរោគ​ថ្លើម​ប្រភេទ​បេនោះ​ពុំចាំ​បាច់ចាក់​ថ្នាំការ​ពារទេ ព្រោះថ្នាំ​នឹងគ្មាន ប្រសិទ្ធ​ភាពឡើយ។ ជាមួយ​គ្នានេះ​ផងដែរ​ចំពោះ​អ្នកដែល​មាន​ប្រព័ន្ធ​ការពារ​ជម្ងឺ​(អង់ទីក័រ​)នៅក្នុង​ខ្លួនស្រាប់​ហើយ ក៏ពុំចាំ​បាច់ចាក់ ថ្នាំការ​ពារដែរ ព្រោះមាន​កូន​ទាហាន​ជួយការ​ពាររួច​ជាស្រេច​ហើយ។ ចំពោះ​លោកអ្នក​ដែលមិន​មាន​មេរោគ ឬ​ប្រព័ន្ធ​ការពារ​ជម្ងឺទេ នោះ អាចចាក់​ថ្នាំការ​ពារបាន​ដោយត្រូវ​គោរព​ទៅតាម​កាល​វិភាគនៃ​ការចាក់​ឱ្យបាន​ត្រឹមត្រូវ​ទើប​ទទួល​លទ្ធផល​ល្អ។

ដំណាក់​កាលនៃ​ការចាក់​ថ្នាំការ​ពារត្រូវ​ធ្វើឡើង​៣ដង នៅខែ​ទីមួយ ខែទី២ និងខែ​ទី៦។ ប៉ុន្ដែ​ប្រសិន​បើលោក​អ្នកចង់​បាន ប្រព័ន្ធ​ការពារ​(អង់ទីក័​រ)ឆាប់ ត្រូវចាក់​ថ្នាំការ​ពារចំនួន​៤ដង​គឺ នៅខែ​ទី១ ខែទី២ ខែ​ទី៣ និងមួយ​ឆ្នាំ។ ក្រោយ​ពេល​ចាក់ថ្នាំ​ការពារ បាន២ ឬ៣​លើករួច​ហើយ លោកអ្នក​ត្រូវ​ពិនិត្យ​ឈាមរក​មើល​ប្រព័ន្ធ​កាពារ​(អង់ទី​ក័រ)​ដើម្បី​ឱ្យដឹង​ថាការ​ចាក់ថ្នាំ​នោះបាន​ជោគជ័យ ឬក៏​អត់។ បើក្នុង​ករណី​ដែលមិន​ទាន់មាន​អង់ទី​ក័រ លោកអ្នក​ត្រូវរង​ចាំរហូត​ដល់ការ​ចាក់ថ្នាំ​បញ្ចប់​ហើយ​ពិនិត្យ​ម្ដងទៀត។ បើការ​ពិនិត្យ​លើកចុង​ក្រោយនៅ​តែពុំ​មានអង់​ទីក័រ​នោះ លោកអ្នក​ត្រូវរក​មូលហេតុ​ឱ្យឃើញ​ហើយចាប់​ផ្ដើមចាក់​សារជា​ថ្មីឡើង​វិញ។

មូល​ហេតុ​ដែលនាំ​ឱ្យថ្នាំ​ការពារ​មិនមាន​ប្រសិទ្ធ​ភាព

ក្រោយ​ពេល​ដែលបាន​ចាក់ថ្នាំ​ការពារ​តាមពេល​វេលា​កំណត់​ហើយនោះ នៅពេល​ដែល​ពិនិត្យ​ឈាម​ដើម្បីរក​ប្រព័ន្ធ​ការពារ លោកអ្នក​មួយ​ចំនួន​បែរជា​មិនមាន​ទៅវិញ។ បែបនេះ​មានមូល​ហេតុមួយ​ចំនួន​ដែលធ្វើ​ឱ្យការ​ចាក់ថ្នាំ​ការពារ​ជម្ងឺថ្លើម​ប្រភេទ​បេនេះ មិនបាន​ជោគជ័យ។

  • ដោយសារ​ការពិនិត្យ​ឈាមមិន​បានត្រឹម​ត្រូវ មុនការ​ចាក់ថ្នាំ​ការពារ
  • ការទុក​ដាក់ថ្នាំ​ការពារ​មិនបាន​ត្រឹមត្រូវ​តាមក្បួន​វេជ្ជ​សាស្ដ្រ
  • អាយុ​ក្មេង ឬចាស់​ពេក ប្រព័ន្ធ​ការពារ​នៅខ្សោយ​ឬមិនមាំ​ទាំ ធ្វើឱ្យ​ថ្នាំការ​ពារមិន​មានប្រ​សិទ្ធភាព
  • ក្មេងដែល​មានអាយុ​តិចជាង​២ឆ្នាំ ហើយចាក់​ថ្នាំចំ​ពេលដែល​មានជម្ងឺ​ផ្សេងៗ​ដូចជា​ជម្ងឺផ្ដា​សាយ ក្ដៅខ្លួន ជម្ងឺរាក​(មនុស្ស ចាស់)​គ្រុនចាញ់​ជាដើម។ ជម្ងឺទាំង​នេះបាន​ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ បើចាក់​ថ្នាំការ​ពារនៅ​ពេលនេះ​នោះមិន​អាច ជោគ​ជ័យទេ។
  • កុមារ ឬមនុស្ស​ពេញវ័យ​ដែលមិន​មាន​អាហា​រូបត្ថម្ភ​គ្រប់គ្រាន់ និងស្ដ្រី​មានផ្ទៃ​ពោះ ដែលប្រព័ន្ធ​ការពារ​ចុះខ្សោយ​ក៏ធ្វើ ឱ្យការ​ចាក់ថ្នាំ​ការពារ​ជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេ មិនមាន​ប្រយោជន៍​ដែរ។
  • មួយវិញ​ទៀតអាច​បណ្ដាល​មកពី​កត្ដា​តំណពូជ ដែលមិន​អនុញ្ញាត​ឱ្យមាន​ប្រព័ន្ធ​ការពារ​រាងកាយ
  • ការ​ប្រើប្រាស់​ថ្នាំពេទ្យ​មួយ​ចំនួន​ក៏ធ្វើ​ឱ្យប៉ះ​ពាល់ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​ដែរ
  • លោកអ្នក​មួយចំនួន​ពេលដែល​ចាក់ថ្នាំ​ការពារ​ជម្ងឺ​រលាក​ថ្លើមនេះ​មាន​ប្រតិកម្ម​ដោយលេច​ចេញជា​កន្ទួល​រមាស់​នោះក៏ពុំ មាន​ប្រព័ន្ធ​ការពារ​ដែរទេ។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​ចៀសវាង​នូវការ​ចាក់ថ្នាំ​ការពារ ហើយពុំ​មាន​ប្រសិទ្ធ​ភាពនោះ​លោកអ្នក​គួរតែ​ទៅរក​សេវាចាក់​ថ្នាំការ​ពារណា​ដែល ត្រឹមត្រូវ​ស្របច្បាប់។ ជា​ពិសេស​លោកអ្នក​មិនគួរ​ធ្វេស​ប្រហែស ឬក៏​កំណាញ់​ចំពោះការ​ចំណាយ​ប្រាក់តិច​តួច​ដើម្បី​បានកូន​ទាហាន ការពារ​រាងកាយ​នោះទេ ព្រោះ​លោកអ្នក​ដឹងហើយ​ថាជម្ងឺ​រលាក​ថ្លើម​ប្រភេទ​បេងាយ​ឆ្លង​ហើយ​បង្កគ្រោះ​ថ្នាក់យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ អាយុ​ជីវិត​លោកអ្នក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨

Google Analytics Alternative