ពង​កោប​អាច​ព្យាបាល​ជា

ពងស្វាស​បុរស​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​បង្កើត​នូវ​អ័រម៉ូន​និង​កោសិកា​បន្ដពូជ​ដែលមាន​ឈ្មោះថា​ស្ពែម៉ា​តូសូ​អ៊ីត។ ពងស្វាស​អាចមាន​ជម្ងឺច្រើន​មុខ ដូចជា​មហារីក រលាក របេង រមួល​ជាដើម។ រីឯ​ជម្ងឺពី​កំណើត​មានដូច​ជាពង​ទក​ពងកោប​ជាដើម។ ពេលឃើញ​នរណា​ម្នាក់មាន​ប្លោកពង​ស្វាសធំ លោកអ្នក​តែងគិត​ថាអ្នក​នោះពង​កោប​ទោះពង​ស្វាសនោះ​ធំតែ​ម្ខាង ឬទាំង​សងខាង​ក៏ ដោយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បានជួប​លោកវេជ្ជ​បណ្ឌិត ប៊ុន ហុក ប្រធាន​ផ្នែកម៉ូត្រ​សាស្ដ្រ​នៃមន្ទីរ​ពេទ្យ​ព្រះកុ​សុមៈ​ដើម្បី បកស្រាយ​អំពី​ជម្ងឺ​ពកកោប​ជូន​ប្រិយ​មិត្ដជ្រាប។

អ្វីទៅ​ជាជម្ងឺ​ពងកោប?

ពងកោប​គឺសំដៅ​ទៅលើ​បុរស​ឬក្មេង​ប្រុសណា​ដែលមាន​ពងស្វាស​ម្ខាងធំ និងម្ខាង​ធម្មតា។ តាម​កាយ​វិភាគ​វិទ្យា​លើពង ស្វាស គេបាន​ដឹងថា​ពងស្វាស​មាន​ស្រោមពីរ​ជាន់គឺ​ស្រោមទី​មួយស្ថិត​នៅស្រោប​ជុំវិញ​ជាប់នឹង​ពង​ស្វាស​និងស្រោម​ទីពីរ​នៅ​គ្របពី ក្រៅស្រោម​ទីមួយ​(ស្រោម​ក្នុង)។ ជម្ងឺពង​កោប​បណ្ដាលមក​ពីវត្ដ​មាន​វត្ថុរាវ​ថ្លានៅ​ចន្លោះ​ស្រោមទី​មួយ(​ស្រោមក្នុង) និង​ស្រោម ទីពីរ​(ស្រោម​ក្រៅ)។ វត្ថុរាវ​នោះមិន​អាច​កំណត់​បរិមាណ​តិចឬ​ច្រើនទេ​តែវា​នឹងអាច​ធ្វើឱ្យ​ប្លោកពង​ស្វាស​របស់អ្នក​ជម្ងឺ​មាន​ទំហំតូច ឬ​ធំទៅ​តាម​បរិមាណ​វត្ថុរាវ​នោះដែរ។ ជម្ងឺពង​កោបអាច​កើតលើ​មនុស្ស​គ្រប់វ័យ​ប៉ុន្ដែកូន​ក្មេងមាន​អត្រា​កើតជម្ងឺ​នេះខ្ពស់​ជាង​មនុស្ស ពេញវ័យ។

មូល​ហេតុ​ពង​កោប

ជម្ងឺពង​កោបដែល​កើតលើ​កូនក្មេង និង​មនុស្ស​ចាស់ បណ្ដាល​មកពី​មូលហេតុ​ផ្សេងគ្នា។

  • ពងកោប​លើមនុស្ស​វ័យចាស់ ៖ មនុស្ស​ពេញវ័យ ឬមនុស្ស​ចាស់ដែល​កើតជម្ងឺ​ពងកោប​ជាករណី​កម្រ​ដែលគេ​ពុំអាច សង្កេតឱ្យ​ដឹងពី​មូលហេតុ​កំណើត​ច្បាស់លាស់​នោះទេ។ ប៉ុន្ដែគេ​សង្កេត​ឃើញថា​ជម្ងឺនេះ​អាចកើត​ឡើង​ក្រោយពី​មានការ​ប៉ះទង្គិច​ចំពង ស្វាស ការឆ្លង​ជម្ងឺ​ផ្សេងៗ និង​ក្រោយការ​ព្យាបាល​ជម្ងឺ​ខ្លនលូន​ជាដើម។
  • ពងកោប​តាំងពី​កំណើត ៖ កើតឡើង​ដោយសារ​មានវត្ថុ​រាវក្នុង​ស្រោមពោះ​វៀនធ្លាក់​ចូលក្នុង​ស្រោមពង​ស្វាស​តាមរន្ធ ឈ្មោះ​កាណាល់​ប៉ែរី​តូណេ​អូវា​ហ្សីុ​ណាល់​ដែលជា​ផ្លូវវ​របស់ពង​ស្វាស​ធ្វើដំណើរ​ធ្លាក់ចុះ​ពីក្នុង​ពោះចូល​ទៅក្នុង​ប្លោកកាល​ពីទារក​នៅក្នុង ពោះ​ម្ដាយ។ រន្ធ ឬផ្លូវ​នេះនឹង​បិទជិត​ទៅវិញ​ឯកឯង​បន្ដិច​ម្ដងៗនៅ​ជិតដល់​ពេលកើត​ពីផ្ទៃ​ម្ដាយ​ឬក្រោយ​ពេលកើត​ប្រមាណ​ជា១០​ថ្ងៃ និងយ៉ាង​យូរបំផុត​មួយឆ្នាំ​កន្លះទៅ​ពីរឆ្នាំ​ប៉ុណ្ណោះ។

រោគ​សញ្ញា​ពង​កោប

ចំពោះ​មនុស្ស​ចាស់ ពងស្វាស​ម្ខាងរីក​ធំម្ដង​បន្ដិចៗ​ជា​លំដាប់ គ្មានការ​ឈឺចាប់​អ្វី​ទាំងអស់។ ប៉ុន្ដែ​នៅពេល​មានទំហំ​ធំ ធ្វើឱ្យ​អ្នកជម្ងឺ​លំបាក​ក្នុងការ​ធ្វើ​ដំណើរ និងឈឺ​ចាប់បន្ដិច​បន្ដួច។ ចំណែក​ពងកោប​កើតលើ​កូនក្មេង​គេឃើញ​ថាប្លោក​ម្ខាងមាន​សភាព​ធំជាង ម្ខាងទៀត​តាំងពី​កំណើត ឬក្រោយ​ពេលកើត​បានពី​១ឆ្នាំ​ទៅ៣​ឆ្នាំ។ ពងនេះ​កាន់តែ​រីកធំ​ពេលក្មេង​ស្រែកយំ ប្រឹងស្រែក​ប្រឹងធ្វើ​អ្វីមួយ ជួនកាល​ពងកោប​ឡើងធំ​រលោង​បាត់ភាព​ជ្រួញមាន​ពណ៌ខៀវ​ថ្លា​ហើយក៏​អាចស្រក​តូចបន្ដិច​ទៅវិញ​ពេលឈប់​យំ ឬស្រែក។ ប្រសិន បើច្របាច់​ពងកោប​នោះថ្នម​ៗបន្ដិច​ម្ដងៗ​វត្ថុរាវ​នោះនឹង​អាចហូរ​ចូលទៅ​ក្នុងពោះ​វិញបាន​ច្រើន ឬតិច​តាមទំហំ​នៃរន្ធ​ដែលហូរ​ចុះ។ តាមការ​សង្កេត ពងកោប​កាន់តែ​រីកធំ​ពេលថ្ងៃ​និងស្រក​តូចទៅ​វិញបន្ដិច​នៅពេល​ព្រឹក។ ម្យ៉ាងទៀត​បើយើង​យកពិល​មក​បញ្ចាំង ពីក្រោម​ពងកោប​នឹងឃើញ​ស្រមោល​ពីរ​គឺស្រមោល​ថ្លាគឺ​ជាវត្ថុ​រាវនោះ និង​ស្រមោល​ខ្មៅរាង​មូលទ្រវែង​ក្នុង​ស្រមោល​ថ្លានោះ វាគឺ​ជា ពង​ស្វាស។ លើសពី​នេះទៅ​ទៀតគេ​ក៏អាច​ធ្វើរោគ​វិនិច្ឆ័យ​ជម្ងឺពង​កោបដោយ​ការ​ពិនិត្យ​តាមរយៈ​ការធ្វើ​អេកូ​សាស្ដ្រ​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ព្យាបាល​ជម្ងឺពង​កោប

ជម្ងឺពង​កោបនេះ​មានតែ​ផ្នែកវេជ្ជ​សាស្ដ្រទេ​ដែលអាច​ព្យាបាល​បាន និងមាន​ប្រសិទ្ធ​ភាព​ហើយអាច​រក្សា​សមត្ថភាព​បន្ដពូជ តាម​ដំណើរ​ធម្មជាតិ​របស់ពង​ស្វាសឱ្យ​នៅល្អ​ប្រសើរ​បាន។ កន្លងមក​ក៏មាន​ប្រជា​ពលរដ្ឋ​យើង​ព្យាបាល​តាមបែប​បុរាណ​ដោយការ​អុជ លាបទឹក​មាត់អុរ ខាំញិញ លញ់ពង​ស្វាស​ជាដើម។ វិធី​ទាំងនេះ​មិនត្រឹម​ត្រូវហើយ​ពុំមាន​ប្រសិទ្ធ​ភាពទេ​តែថែម​ទាំងអាច​បង្កគ្រោះ ថ្នាក់ដល់​អ្នកជម្ងឺ ពិសេស​លើការ​បន្ដពូជ។

ផលប៉ះ​ពាល់នៃ​ជម្ងឺពង​កោប

ពងស្វាស​ជាកន្លែង​កេរខ្មាស ដូច្នេះ​ពេលណា​ឈឺ ឬមាន​ជម្ងឺ បណ្ដ្កាល​ឱ្យអ្នក​ជម្ងឺមាន​ការខ្មាស​អៀនជា​មិនខាន។ ពេលពង​កោបកាន់​តែធំ ហើយអ្នក​ជម្ងឺខ្វះ​ការប្រុង​ប្រយ័ត្ន មានការ​ប៉ះទង្គិច រលាក អាចធ្វើ​ឱ្យមាន​ការខូច​ខាតដល់​សមត្ថភាព​បន្ដពូជ។ ការ ព្យាបាល​ពុំបាន​ត្រឹមត្រូវ​អាចមាន​ផល​អាក្រក់ ដូចជា​ដំបៅ ស្លាក​ស្នាម ផ្លែសាច់ ពងស្វា​សរួញ​ឬស្វិត រហូត​អាចបាត់​បង់​សមត្ថភាព ផ្នែក​ផ្លូវភេទ និង​បន្ដពូជ។ ចំពោះ​ពងស្វាស​ដែលខូច អាចប៉ះ​ពាល់​លើសរសៃ​វិញ្ញាណ​និង​សរសៃ​ឈាមដែល​នាំឈាម​មក​ចិញ្ចឹម​ពង ស្វាស​នោះ។ កាលណា​ផ្ល្លូវលូន​នៃពង​ស្វាស​បិទមិន​ជិត រន្ធ​ធំពេក​នោះអាច​បណ្ដាល​ឱ្យមាន​បញ្ហា​ផ្សេងទៀត​ដូចជា ៖

  • មាន​ជម្ងឺខ្លន​លូន និងជម្ងឺ​ពងកោប​រួមគ្នា ព្រោះ​ពេលក្មេង​យំ ស្រែក​សម្ពាធ​ក្នុងពោះ​រុញច្រាន​ពោះវៀន​ក្មេងឱ្យ​ធ្លាក់ចុះ​តាមរន្ធ​នោះដែល​អាចបង្ក​ជាជម្ងឺ​ខ្លនលូន​នឹងពង​កោបរួម​គ្នា
  • មានជម្ងឺ​គីសនៅ​ទងពង​ស្វាស។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

សូម​អាណា​ព្យាបាល​ឬមា​តាបិតា​ដែលមាន​កូនមាន​ជម្ងឺពង​កោប នាំកូន​ទៅជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ធ្វើការ​វះកាត់​ព្យាបាល​ឱ្យទាន់​ពេលវេលា ប្រយោជន៍​ចៀសវាង​បានផល​លំបាក​ដែលកើត​ពីការ​ព្យាបាល​មិនត្រឹម​ត្រូវ​ឬតាម​បែប​បុរាណ​ដូចបាន​រៀបរាប់​ខាង លើ។ ការព្យា​បាលតាម​បែប​បុរាណ​នេះ មិនត្រឹម​តែពុំ​មាន​ប្រសិទ្ធ​ភាព​ប៉ុណ្ណោះ​ទេ​ថែមទាំង​អាចធ្វើ​ឱ្យការ​ព្យាបាល​តាមបែប វេជ្ជ​សាស្ដ្រ​តាមក្រោយ​មានផល​លំបាក ឬមិន​អាចកែ​កុនបាន​ទៀតផង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨

Google Analytics Alternative