របៀប​ថែទាំ​ធ្មេញ​សម្រាប់​កុមារ​វ័យក្រោម​១៥ឆ្នាំ

នៅពេល​ចាប់ផ្ដើម​ដុះធ្មេញ​ដំបូង គេហៅ​ថាធ្មេញ​ព្រៃ ដល់អាយុ​៦ឬ៧​ឆ្នាំ ធ្មេញព្រៃ​បាក់ ធ្មេញ​ស្រុកក៏​ចាប់ផ្ដើម​ដុះ។ ដំណុះ​ធ្មេញ​ទាំងពីរ​លើកនេះ​មានចំនួន​សរុប​៥២ធ្មេញ ក្នុងនោះ​មានធ្មេញ​ព្រៃចំនួន​២០ និង​ធ្មេញស្រុក​ចំនួន​៣២។ ធ្មេញ​ទាំងពីរ​ប្រភេទនេះ មាន​លក្ខណៈ​ពិសេស​ដោយឡែក​ពីគ្នា ដែល​ចាំបាច់​ត្រូវការ​ការថែ​រក្សា​ពិសេស។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដោយសារ​ការបាក់​ទៅនៃ​ធ្មេញព្រៃ និង​ដំណុះ​នៃធ្មេញ​ស្រុកមាន​ទំនាក់​ទំនងគ្នា​យ៉ាង​សំខាន់​សម្រាប់​កុមារ​វ័យក្រោម​១៥ឆ្នាំ​ហេតុនេះ​សូមអា​ណាព្យា​បាលគ្រប់​រូបស្វែង​យល់តាម​រយៈ​ទស្ស​នាវដ្ដី សុខភាពយើងនិងការ​ស្រាយ​បំភ្លឺនូវ​ប្រធាន​បទពី​លោក​ទន្ដ​បណ្ឌិត ឃុត មី នាយក​គ្លីនិក​ធ្មេញ​អន្ដរ​ជាតិ។

ធ្មេញ​កុមារ​ក្រោម​អាយុ១៥​ឆ្នាំ

នៅវ័យ​ក្រោម១៥​ឆ្នាំ​ជាវ័យ​ដែល​កុមារដុះ​ធ្មេញព្រៃ ហើយក៏​ជាជំហាន​ដំបូង​ដែលធ្មេញ​ស្រុកចាប់​ផ្ដើមដុះ​ជំនួស​ធ្មេញ​ព្រៃ ដែលបាក់​ទៅវិញ​ផងដែរ។

  • ធ្មេញ​ព្រៃ ឬធ្មេញ​ទឹកដោះ មាន​ចំនួនតែ​២០​ប៉ុណ្ណោះ គឺធ្មេញ​លើ១០ និង​ធ្មេញ​ក្រោម​១០​ដោយ​យើងអាច​រាប់ចាប់​ពី ចំណុច​កណ្ដាល​ត្រង់ធ្មេញ​មុខទៅ​ឆ្វេង​ចំនួន៥ រាប់ទៅ​ខាងស្ដាំ​ចំនួន​៥។ ធ្មេញព្រៃ​មាន​កាចា ឫស ភ្លុក​និង​សរសៃ​ឈាមដូច​ធ្មេញ​ស្រុក ដែរ។
  • ធ្មេញស្រុក​ជាធ្មេញ​អចិន្ដ្រៃយ៍​មានចំនួន​៣២ទាំង​លើទាំង​ក្រោម។ ធ្មេញនេះ​បើបាក់​ហើយមិន​អាចដុះ​ម្ដងទៀត​ឡើយ។ ធ្មេញ​ស្រុកចែក​ចេញជា​ធ្មេញមុខ ធ្មេញ​ចង្កូម និងថ្គាម។ ធ្មេញនេះ​រស់នៅ​ជាមួយ​លោកអ្នក​មួយ​ជីវិត​បើថែ​ទាំបាន​ល្អ។

ដំ​ណាក់​កាលដុះ និងបាក់​នៃធ្មេញ

ការដុះ​ធ្មេញមាន​ច្រើន​ដំណាក់​កាលនៃ​ជីវិត​មនុស្ស។

  • ធ្មេញព្រៃ ៖ ចាប់ផ្ដើម​ដុះធ្មេញ​ខាងក្រោម​មុន នៅ​អំឡុង​កុមារ​អាយុ​ចាប់ពី​៦ទៅ​១០ខែ​ធ្មេញមុខ​ខាងក្រោម​ចាប់ផ្ដើម ដុះ និងអាច​បាក់ទៅ​វិញនៅ​ពេល​កុមារ​មានអាយុ​៦ ឬ៧​ឆ្នាំ។ ធ្មេញ​ចង្កូមនឹង​ចាប់ផ្ដើម​ដុះពេល​កុមារមាន​អាយុ​១៧ទៅ​ដល់២៣​ខែ និង អាចបាក់​ទៅវិញ​នៅ​អំឡុង​អាយុ៩​ឬ១២​ឆ្នាំ។ ចំពោះ​ធ្មេញ​ក្រោយ​អាចចាប់​ផ្ដើមដុះ​នៅក្នុង​អាយុ​១៤ទៅ​១៨ខែ និងអាច​បាក់ក្នុង​អំឡុង អាយុ៩​ឬ១១​ឆ្នាំ។ រីឯ​ធ្មេញព្រៃ​ខាងលើ​វិញ​វាអាច​ដុះក្នុង​អំឡុង​ពេលស្រ​បាលៗគ្នា​នឹងធ្មេញ​ព្រៃខាង​ក្រោមដែរ ដោយអាច​ដុះមុន ក្រោយគ្នា​យ៉ាងយូរ​២ខែ​ប៉ុណ្ណោះ។ ឯការ​បាក់ទៅ​វិញក៏​ដូច្នោះ​ដែរ​អាចមុន​ក្រោយគ្នា​ត្រឹម១​ឆ្នាំ។ ការបាក់​ធ្មេញព្រៃ​ដោយសារ​ឫសរួញ សល់ខ្លី ហើយ​ចាប់ផ្ដើម​រង្គើ​និងបាក់​នោះធ្មេញ​ស្រុកក៏​ចាប់ផ្ដើម​ដុះពី​ក្រោមទូល​ធ្មេញព្រៃ។
  • ធ្មេញស្រុក ធ្មេញស្រុក​ដែលចាប់​ផ្ដើមដុះ​មុនគេ គឺថ្គាម​ធំទីមួយ​ខាងក្រោម​២ខាង​លើ២​(ឆ្វេង១​ស្ដាំ១)​វាដុះ​ក្នុងពេល កុមារ​មាន​អាយុ​ប្រមាណ​៦ឆ្នាំ។ ធ្មេញនេះ​មាននាទី​សំខាន់​ណាស់ក្នុង​ដំណុះ​ធ្មេញស្រុក​ដទៃ​ទៀតឱ្យ​បានត្រង់​ស្អាត។ លោកអ្នក​មួយ ចំនួនក៏​ដូចជា​សាមីខ្លួន​ផងដែរ តែងតែ​យល់​ច្រឡំ​ថាថ្គាម​នេះជា​ធ្មេញព្រៃ​ដែលជា​ហេតុនាំ​ឱ្យមាន​ការធ្វេស​ប្រហែស​ក្នុងការ​ថែរក្សា។ គ្រប់ធ្មេញ​ស្រុកដែល​នឹងចាប់​ផ្ដើមដុះ គឺនៅ​ពេលដែល​ធ្មេញព្រៃ​ចាប់ផ្ដើម​បាក់ដោយ​ធម្មជាតិ​របស់វា​មិនមែន​បាក់ដោយ​ប្រការ​ផ្សេង ដូចជា​ដង្កូវស៊ី និង​ដោយការ​ប៉ះទង្គិច​ឡើយ។ ធ្មេញ​ស្រុកនឹង​ដុះជំនួស​កន្លែង​ដែល​ធ្មេញព្រៃ​បាក់ ហើយអាច​ដុះអស់​នៅអាយុ​១២ឆ្នាំ លើកលែង​តែធ្មេញ​ថ្គាមផុត ឬហៅ​ថាថ្គាម​ទាល់អាច​ដុះនៅ​អាយុ១៨​ឆ្នាំដែល​ជាទូ​ទៅដុះ​មិនល្អ ហើយគេ​ច្រើនដក​វាចោល​ផងដែរ។

របៀប​ថែរក្សា​ធ្មេញរបស់​កុមារ​ក្រោម​អាយុ១៥​ឆ្នាំ

ទោះបី​ជាធ្មេញ​ព្រៃក្ដី​ឬជា​ធ្មេញ​ស្រុកក្ដី ការដុស​សម្អាត​និងការ​ថែរក្សា​ធ្មេញជា​កត្ដាចាំ​បាច់​បំផុត​ដើម្បី​ឱ្យធ្មេញ​រឹងមាំ​បាន យូរ។ ម្យ៉ាង​ទៀតការ​បាក់ទៅ​វិញនៃ​ធ្មេញព្រៃ​តាម​ប្រក្រតី​របស់វា​អាចធ្វើ​ឱ្យធ្មេញ​ស្រុកដែល​ដុះតាម​ក្រោយមាន​លក្ខណៈ​ត្រង់ជួរ ស្អាត។ ការថែ​ធ្មេញ​ថ្គាមធំ​ទីមួយ​ដែលដុះ​មុនគេ​ឱ្យបាន​ល្អ​សំខាន់​ណាស់​សម្រាប់​ដំណុះ​ធ្មេញស្រុក​ដទៃ​ទៀតត្រង់​ជួរល្អ។

  • អាណា​ព្យាបាល​អាច​ជ្រលក់​សំឡី ឬ​ក្រណាត់​ទន់សើម​ៗជូត​ធ្មេញឱ្យ​កូន​ក្រោយ​ពេលបៅ​ឬញ៉ាំ​អាហារ​ផ្សេងៗ​(កូននៅ តូច)
  • មិនគួរ​ឱ្យកូន​គេងបៅ​ដោះ ឬទឹក​ដោះគោ​ផ្អាប់ក្នុង​មាត់​រហូត​គេងលក់​មិនបាន​សម្អាត
  • ប្រើច្រាស​ដុសធ្មេញ​ទន់ៗ​ទំហំ​តូច​សម្រាប់​ក្មេង ដោយមិន​បាច់ប្រើ​ថ្នាំ​ដុសធ្មេញ​(ក្មេង​ក្រោម​អាយុ​២ឆ្នាំ)​ធ្មេញ​ព្រៃដែល​ហួសអា​យុកាល​ត្រូវបាក់ គួរជួប​ប្រឹក្សា​ជាមួយ​ពេទ្យ​ជំនាញ​ដើម្បី​ដកចេញ
  • ប្រើថ្នាំ​ដុះធ្មេញ​ដែលមាន​ជាតិផ្ល​អូរ៉ាយ​ដ៍តិច​ល្មម​បើលើស​នឹងនាំ​ឱ្យកើត​ជម្ងឺហ្លុយ​អរ៉ូហ្ស៊ីស​(ធ្មេញ​ពុកដុំៗ​និង​ពិបាក​ក្នុង ការព្យា​បាល​ណាស់)
  • ក្រោយ​ពេលញ៉ាំ​អាហារ គួរដុស​សម្អាត​ធ្មេញឱ្យ​បានត្រឹម​ត្រូវនិង​ទៀងទាត់​ឬយ៉ាង​ហោច​ណាស់​មួយថ្ងៃ​ឱ្យបាន​ពីរដង
  • មិនគួរ​បរិភោគ​អាហារ​ដែលមាន​ជាតិផ្អែម ពពួក​នំ ស្ករ​គ្រាប់ និងគួរ​សម្អាត​ធ្មេញ​ក្រោយ​ពេល​បរិភោគ​គ្រប់ពេល
  • ករណី​ធ្មេញមាន​ប្រហោង​ដោយ​ដង្កូវស៊ី មាន​ចង្អូរ​ជ្រៅមិន​រាបស្មើ ដែលងាយ​ឱ្យដក់​ជាប់​កម្ទេច​កម្ទី​អាហារ​ជាដើម​ត្រូវ ទៅរក​សេវា​ព្យាបាល​ដើម្បី​ប៉ះភ្ជិត
  • ក្រៅពី​ប្រើច្រាស​ដុស​ធ្មេញ គួរប្រើ​អំបោះ​បន្ថែម​ទៀត​ដើម្បី​សម្អាត​កម្ទេច​អាហារ​ដែលជាប់​នៅតាម​ចន្លោះ​ធ្មេញ
  • គួរនាំ​កូនទៅ​ជួបគ្រូ​ពេទ្យ​យ៉ាងតិច​ពីរដង​ក្នុងមួយ​ឆ្នាំ បន្ទាប់ពី​ពួកគេ​មានអាយុ​១៨ខែ
  • ផល​ប៉ះពាល់​នៃការ​បាក់ធ្មេញ​ព្រៃមុន​អាយុ
  • មិនថា​ធ្មេញព្រៃ ឬធ្មេញ​ស្រុកនោះ​ទេ បើសិន​ជាធ្មេញ​បាក់មុន​អាយុ​កាល​ប្រក្រតី​របស់វា​វាអាច​នាំឱ្យ​មានផល​មិនល្អ​កើត ឡើងមួយ​ចំនួន។
  • ធ្មេញព្រៃ​ឆាប់បាក់ នោះធ្មេញ​ស្រុកដុះ​តាម​ក្រោយ​អាចមិន​ត្រង់ជួរ ព្រោះបាត់​គន្លង​ចាស់
  • ចំពោះ​ធ្មេញថ្គាម​ទីមួយ​ដែលដុះ​នៅអាយុ​៦ឆ្នាំ បើសិន​ជាឆាប់​បាក់ នឹងធ្វើ​ឱ្យធ្មេញ​ស្រុក​ដទៃ​ទៀតដុះ​មកឆែវ​ផ្អៀង​មិនល្អ
  • ធ្មេញព្រៃ​ឆាប់បាក់​ពេកអាច​កាន់តែ​យឺតយ៉ាវ​នៃ​ដំណុះ​ធ្មេញ​ស្រុក
  • ទំពា​អាហារ​មិនបាន​ស្រួល បាត់បង់​សោភ័ណ​ផ្ទៃមុខ និយាយ​មិនច្បាស់។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

សូម​អាណា​ព្យាបាល​មេត្ដា​យកចិត្ដ​ទុកដាក់​ឱ្យបាន​ល្អ​ចំពោះ​ធ្មេញ​របស់​កុមារ​ទាំងធ្មេញ​ព្រៃ និងធ្មេញ​ស្រុក។ ម្យ៉ាង​ទៀតកុំ​យល់​ច្រឡំ​រវាង​ថ្គាមធំ​ទីមួយ​ដែលដុះ​ស្របាល​គ្នានឹ​ធ្មេញ​ព្រៃដែរ ថាជា​ធ្មេញ​ព្រៃ។ ធ្មេញនេះ​សំខាន់​ណាស់​សម្រាប់​ដំណុះ​ធ្មេញ​ស្រុក​ដទៃ ទៀត ហើយយក​ល្អគួរ​មកជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​មាន​វិធី​ថែរក្សា​ធ្មេញនេះ​នៅពេល​វាដុះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨

Google Analytics Alternative