វិធី​​​ថែទាំ​​​សុខភាព​​​របស់​​​អ្នកជម្ងឺ​​​ទឹកនោម​​​ផ្អែម

ជម្ងឺ​ទឹក​នោម​ផ្អែម​គឺ​ជា​ជម្ងឺ​រ៉ាំ​រ៉ៃ​មួយ​ដែល​កើត​ឡើង​ដោយ​សារ​អត្រា​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ខុស​ពី​ធម្មតា​។ ​នៅ​ពេល​ដែល​ស្ករ​ ក្នុង​សរី​រាង្គ​នៅ​យូរ​ទៅ​ វា​ធ្វើ​ឱ្យ​ខូច​សរី​រាង្គ​ក្នុង​ខ្លួន​របស់​មនុស្ស​។ ​កាល​ណា​ស្ករ​ឡើង​ខ្ពស់​ វា​ធ្វើ​ឱ្យ​អ្នក​ជម្ងឺ​មាន​រោគ​សញ្ញា​មួយ​ចំនួន​ ខុស​ពី​ធម្មតា​ ដូច​ជា​នោម​យប់​ញឹក​ញាប់​ពេក​ ហើយ​នៅ​ពេល​ដែល​ទទួល​ទាន​ទឹក​ច្រើន​ឬ​ក៏​ទទួល​ទាន​អាហារ​ច្រើន​ អ្នក​ជម្ងឺ​មិន​សូវ​មាន​ កម្លាំង​នោះ​ទេ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទ​ស្ស​នា​វដ្ដី​ សុខភាពយើង ជួប​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ សេង​ សេរី​ ឯក​ទេស​ជម្ងឺ​ទឹក​នោម​ផ្អែម​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ នឹង​ប្រាប់​ពី​វិធី​នៅ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​របស់​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​ ដើម្បី​ឱ្យ​លោក​អ្នក​ជ្រាប ​និង​យល់​ឱ្យ​កាន់​តែ​ច្បាស់​អំពី​បញ្ហា​នេះ​។

​វិធី​ថែ​ទាំ​សុខ​ភាព​របស់​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​

វិធី​ថែ​ទាំ​សុខ​ភាព​របស់​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​គឺ​ត្រូវ​តែ​ធ្វើ​ការ​ថែ​ទាំ ​និង​ព្យាបាល​មួយ​ជីវិត​ ព្រោះ​ថា​វា​ជា​ជម្ងឺ​មួយ ​ដែល​ព្យាបាល​មិន​ជា​នោះ​ទេ។​ ប៉ុន្ដែ​ការ​ព្យាបាល​ជម្ងឺ​អាច​ពន្យារ​ជីវិត​អ្នក​ជម្ងឺ​ឱ្យ​រ​ស់​នៅ​បាន​យូរ​ដូច​គេ​ឯង​បាន​ និង​អាច​ធ្វើ​ការ​បាន​ ចៀស​វាង​ផុត​ពី​ពិការ​ភាព​។ ​ចំពោះ​ការ​ថែ​ទាំ​សុខ​ភាព​របស់​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​នេះ​មាន​បី​ប្រការ​ ​ដែល​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​គួរ​តែ ​ប្រតិ​បត្ដិ ​ដែល​មាន​ដូច​តទៅ​ ៖​

១​ .​ របប​អាហារ​ អ្នក​ជម្ងឺ​ត្រូវ​កាត់​បន្ថយ​ចំពោះ​ចំណី​អាហារ​ណា​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ ​មិន​ត្រូវ​ទទួល​ទាន​ផ្អែម​ ពេ​ក​។ ​កាត់​បន្ថយ​ចំពោះ​អាហា​រ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ ដូច​ជា​ខ្លាញ់​ជ្រូក​ ខ្លាញ់​មាន់​ ទា ​ប្រភេទ​ត្រី​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ត្រូវ​បរិ​ភោគ​តែ​សាច់​សុទ្ធ​ដែល​គ្មាន​ជាតិ​ខ្លាញ់​។ ​លោក​អ្នក​ត្រូវ​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ ​ជា​ពិសេស​កុំ​ទម្លាប់​ហូប​ប្រៃ ​ច្រើន​ពេក​។

២​ .​ ការ​ធ្វើ​លំ​ហាត់​ប្រាណ​ ៖ ​ការ​ធ្វើ​លំហាត់់​ប្រាណ​មាន​សារ​ប្រយោជន៍​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​ជួយ​ធ្វើ​ឱ្យ​អ្នក​ជម្ងឺ​ទឹក​នោម​ ផ្អែម​មិន​សូវ​ឡើង​ទម្ងន់​ខ្លាំង​ ព្រោះ​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​ច្រើន​តែ​ធាត់​។

៣​ .​ ឱសថ​ អ្នក​ជម្ងឺ​ត្រូវ​តែ​ទទួល​ទាន​ថ្នាំ​ឱ្យ​បាន​ទៀង​ទាត់​ទៅ​តាម​គ្រូ​ពេទ្យ​ណែ​នាំ ​មិន​អាច​ធ្វេស​ប្រហែស​ឡើយ​។

​ដំ​បូន្មាន​អ្នក​ជំនាញ​

ជា​​ទូទៅ​អ្នក​ជម្ងឺ​ទឹក​នោម​ផ្អែម​ត្រូវ​តែ​អនុវត្ដន៍​ទៅ​តាម​ដំបូន្មាន​របស់​អ្នក​ជំនាញ​ខាង​ក្រោម​ ៖

  • ត្រូវ​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​តិច​ឱ្យ​បាន​៣០​នាទី​នៅ​ក្នុង​មួយ​ថ្ងៃ
  • ត្រូវ​បរិ​ភោគ​អាហារ​ឱ្យ​បាន​យ៉ាង​តិច​៣​ដង​នៅ​​ក្នុង​មួយ​ថ្ងៃ ​និង​ទៀង​ទាត់​ពេល​វេលា​។
  • ត្រូវ​ទទួល​ទាន​ថ្នាំ​ឱ្យ​បាន​ទៀង​ទាត់​ និង​តាម​ពេល​វេលា​ដែល​បាន​កំណត់​ និង​ជា​ប្រចាំ​។​
  • មិន​ត្រូវ​ឈប់​ទទួល​ទាន​ថ្នាំ​ដោយ​ចិត្ដ​ឯង​ ពេល​ឃើញ​អត្រា​ស្ករ​ក្នុង​ឈាម​ចុះ​ធម្មតា​។
  • ​ពេល​មាន​រោគ​សញ្ញា​ឈឺ​ក្បាល​ ញ័រ​ដើម​ទ្រូង​ បែក​​ញើស​ពេល​ល្ងាច​មុន​ពេល​បាយ​ឬ​ពាក់​កណ្ដាល​យប់​ ឬ​​​ជិត​ភ្លឺ​ លោក​អ្នក​ គួរ​តែ​ទទួល​ទាន​ស្ករ​គ្រាប់​ ទឹក​ស្ករ​ ឬ​ទឹក​ផ្លែ​ឈើ​ភ្លាម​ ព្រោះ​អត្រា​ស្ករ​ក្នុង​ឈាម​អ្នក​ជម្ងឺ​អាច​ចុះ​ហួស​ធម្មតា​ម្ដង​ម្កាល​នា​ពេល​នោះ ​ដោយ​សារ​ការ​បរិ​ភោគ​មិន​ប្រក្រ​តី​។
  • ​កុំ​បរិ​ភោគ​ប្រៃ​ពេក​ អាច​បណ្ដាល​ឱ្យ​លើស​ឈាម​ ខូច​តម្រង​នោម​។​ល​។
  • កុំ​ពិសា​បារី​ឱ្យ​សោះ ​អាច​បណ្ដាល​ឱ្យ​ឆាប់​ខូច​សរសៃ​ឈាម​
  • កុំ​ដើរ​ជើង​ទទេ​ សម្អាត​ជើង​ឱ្យ​បាន​រៀង​រាល់​ថ្ងៃ ​ការពារ​ដំបៅ​តូច​តាច​ផ្សេង​ៗ​។
  • គ្រប់​បញ្ហា​ទាំង​ឡាយ​ណា​ដែល​កើត​មាន​ឡើង​ ត្រូវ​តែ​មក​ជួប​ពិ​ភា​ក្សា​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​ជា​បន្ទាន់​។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative