របៀប​គូស​ចិញ្ចើម

ការគូស​ចិញ្ចើម​ជាសិល្បៈ​តុបតែង​មួយ​ដើម្បី​រំលេច​សម្រស់​លើផ្ទៃ​មុខតាម​រយៈចិញ្ចើម​មួយគូ​ដែលមាន​រាងកោង​ដូច​ឥន្ធ​ធនូ។ ហេតុ​ដូចនេះ​ហើយ​ទើបស្ដ្រី​ទាំងអស់​រមែង​ចង់បាន​រោម​ចិញ្ចើម​ស្អាតដែល​ប្រកប​ទៅដោយ​ភាពទាក់​ទាញ។ មិនមែន​ជាការ​លំបាក ក្នុងការ​គូស​ចិញ្ចើម​នោះទេ សុភាព​នារីអាច​គូសបាន​គ្រប់គ្នា​ដោយគ្រាន់​តែស្វែង​យល់​អំពី​ទម្រង់​ចិញ្ចើម​របស់ខ្លួន​និងល្បិច​មួយចំនួន សម្រាប់​គូសជា​ការស្រេច។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូមស្វែង​យល់ជា​មួយ​ទស្ស​នាវដ្ដី សុខភាពយើងអំពី​វិធី​សាស្ដ្រ​មួយចំនួន​ដែលនាំ​ឱ្យលោក​ស្រីអ្នក​នាង​កញ្ញាមាន​ចិញ្ចើម​មួយគូ​ដ៏ស្រស់​ស្អាតតាម​រយៈការ​បកស្រាយ​របស់​លោកស្រី ច័ន្ទ ស្រីណុច ដែលជា​ម្ចាស់ហាង​កែ​សម្ផស្ស មីកាសា។

វិធី​គូស​ចិញ្ចើម

ចិញ្ចើម​កោងមួយ​គូអាច​ស្រស់ស្អាត​បាន​អាស្រ័យ​លើការ​តុបតែង និង​ថែរក្សា​ឱ្យបាន​ត្រឹមត្រូវ​ល្អ។ ចំពោះ​របៀប​នៃការ​គូស​ចិញ្ចើម​មាន​លក្ខណៈ​ធម្មជាតិ និង​សម័យ​ទំនើប​នោះ លោកស្រី​អ្នកនាង​ត្រូវ​សង្កេត​ទំហំ​ចិញ្ចើម​និងរោម​ចិញ្ចើម​ជាមុន​សិន។ ជាការ​ប្រ សើរ ស្ដ្រីគ្រប់​រូបគប្បី​គូស​ចិញ្ចើម​ទៅតាម​ទំហំ​ចិញ្ចើម ដូចជា​ចិញ្ចើម​តូច ចិញ្ចើម​ធំ រោមក្រាស់​រោមស្ដើង​ជាដើម។

1. ចិញ្ចើម​ធំ លោកស្រី​អ្នកនាង​មិនគួរ​គូសឱ្យ​ខ្មៅពេក​ទេ ព្រោះមើល​ទៅមិន​សូវសក្ដិ​សម​ធ្វើឱ្យ​មើលទៅ​ឃើញតែ​រោម​ចិញ្ចើម។ មិនតែ​ប៉ុណ្ណោះ​មិនត្រូវ​គូសឱ្យ​ដល់គល់​នៃ​ចិញ្ចើម​ឡើយ គួរតែ​ចោល​ចន្លោះពី​គល់​ចិញ្ចើម​បន្ដិចទើប​ស្រឡះ​ស្អាត។

2. ចិញ្ចើម​តូច សុភាព​នារីមួយ​ចំនួន​មិនត្រឹម​តែមាន​រោម​ចិញ្ចើម​តូច​ប៉ុណ្ណោះ​ទេ ថែមទាំង​គ្មានរោម​ចិញ្ចើម​តែម្ដង។ មិត្ដនារី​ដែល មានរោម​ចិញ្ចើម​តូចឬ​ស្ដើង ឬអត់​មានរោម​ចិញ្ចើម​សូមគូស​ចេញជា​រាង​ចិញ្ចើម​បានដូច​អ្នកដែល​មានរោម​ចិញ្ចើម​ដែរ។ មិត្ដនារី​ដែល មានរោម​ចិញ្ចើម​តូចហើយ​ស្ដើងនោះ​ត្រូវគូស​ឱ្យចេញ​មកក្រៅ​ចិញ្ចើម​បន្ដិច​ទើបមើល​ទៅ​ចិញ្ចើម​មានរាង​ធំជាង​មុនបន្ដិច ឃើញ​រោម ចិញ្ចើម​ក្រាស់។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

សុភាព​នារី​ទាំងអស់​គួរតែ​ប្រុង​ប្រយ័ត្ន​នៅពេល​តុបតែង​ចិញ្ចើម ព្រោះការ​តុបតែង​អាស្រ័យ​ទៅតាម​ទំហំ​ចិញ្ចើម​របស់​មនុស្ស​ម្នាក់ៗ មិនអាច​តុបតែង​ដូចគ្នា​ទាំងអស់​បាន​ឡើយ។ ចំណុច​ល្អ​បំផុត​លោកស្រី​អ្នកនាង​កញ្ញា​ត្រូវរៀន​គូស​ដោយខ្លួន​ឯងនៅ​មុខ​កញ្ចក់ ដើម្បី​បញ្ជាក់​ភាព​សក្ដិសម ឬមិន​សក្ដិសម និងជា​ការដក​ពិសោធន៍​លើខ្លួន​ឯងផ្ទាល់​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨

Google Analytics Alternative