ធ្មេញ​ខ្មៅ ឬលឿង ៖ មូល​ហេតុ និងវិធី​ព្យាបាល

ក្រៅពី​ទម្រង់​ផ្ទៃមុខ សោភ័ណ​ទាក់ទាញ​ក៏មាន​ការរួម​ចំណែក​ពីធ្មេញ​ក្រោយ​បបូរ​មាត់ផង​ដែរ។ ដូច្នេះ​ធ្មេញដុះ​ត្រង់ជួរ និង ពណ៌​សរលោង​ជាក្ដី​ប្រាថ្នា​របស់​មនុស្ស។ លោកអ្នក​នាង ពិសេស​តរុណី​ឬស្រី​ក្រមុំ​ច្បាស់ជា​បាត់ភាព​ក្លាហាន​លែងហ៊ាន​សើច និង​ញញឹម លែង​ស្រស់ស្រាយ​ក្នុង​ចំណោម​អ្នកដទៃ បើសិន​ជាធ្មេញ​ខ្មៅ ឬលឿង​នោះ។ ក្រៅពី​កង្វះការ​ថែរក្សា​យកចិត្ដ​ទុកដាក់​ពីសាមី​ខ្លួន ធ្មេញ ខ្មៅឬ​លឿងពី​កំណើត​ដែលមិន​អាចដុស​ខាត់​សម្អាត​ដោយខ្លួន​ឯងបាន​ក៏ជា​មូលហេតុ​មួយផង​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ចៀសវាង​ការជួប​ប្រទះ​បាតុភូត​មិនល្អ​ដូចនេះ លោក​ទន្ដ​បណ្ឌិត ចៅ ប៊ុនហ៊ាន ប្រចាំ​គ្លីនិក​ទន្ដ​សាស្ដ្រ​រំចង់​បានចូល​រួម បកស្រាយ​ពីមូល​ហេតុ ផលប៉ះ​ពាល់ ការព្យា​បាលធ្មេញ​ខ្មៅ ឬលឿង និងវិធី​បង្ការ​ផ្សេងៗ​តាមរយៈ​ទស្សនាវដ្ដី​សុខភាពយើង។

មូលហេតុ​ធ្មេញខ្មៅ ឬ​លឿង

  • កត្ដារួម​ផ្សំខាង​ក្រៅ ធ្មេញខ្មៅ​ឬលឿង​អាច​បណ្ដាល​ពីការ​ទទួល​ទាន​អាហារ​ប្រភេទខ្លះ​ដែលមាន​ជាតិជ័រ​ស្អិត​ដូចជា កាហ្វេ តែ ការជក់​បារីជា​ដើម ហើយមិន​បាន​សម្អាត​ត្រឹមត្រូវ ធ្វើឱ្យ​កំណក​ជ័រទាំង​នោះស្អិត​ជាប់តាម​កន្លៀត​ធ្មេញ​ពិសេស​កន្លែង​ដែល សម្អាត​មិនដល់។
  • កត្ដាពី​កំណើត ការប្រើ​ប្រាស់ថ្នាំ​របស់​ស្ដ្រី​ពពោះ​មាន​ឥទ្ធិពល​ខ្ពស់ដល់​ទារក​ក្នុងផ្ទៃ​ដូចជា​ពពួក​ថ្នាំផ្សះ​តេត្រា​ស៊ីគ្លីន ជាដើម ធ្វើឱ្យ​ធ្មេញកូន​ដែលកើត​មក នឹងមាន​សម្បុរ​មិនល្អ អាចខ្មៅ ឬលឿង មានឆ្នូតៗ និងមិន​រឹងមាំ​យូរ​អង្វែង​ទេ។
  • កត្ដាខ្វះ​ជាតិរ៉ែ ៖ ស្ដ្រី​ពពោះ​បរិភោគ​មិន​គ្រប់គ្រាន់ ឬក្មេង​កើតមក​ហើយខ្វះ​អាហារ​បំប៉ន ខ្វះជាតិ​រ៉ែ​ដូចជា​កាល់ស្យូម  ផ្លុយអរ​ជាដើម​ក៏អាច​បណ្ដាល​ឱ្យធ្មេញ​មានពណ៌​មិនល្អ​ដែរ។
  • ធ្មេញ​ស្លាប់ នេះជា​លក្ខខណ្ឌ​ពិសេស​មួយដែល​បណ្ដាល​ឱ្យធ្មេញ​មានពណ៌​ខ្មៅ។ ដើមឡើយ​ធ្មេញនោះ​មាន​ពណ៌​សម្បុរស ដូចធ្មេញ​ឯទៀត​ដែរ ប៉ុន្ដែ​ក្រោយ​ពេលមាន​ប៉ះទង្គិច​ធ្ងន់ ឬធ្មេញ​ពុកផុយ​ដោយ​កត្ដា​ផ្សេងៗ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សរសៃ​បណ្ដូល​ធ្មេញ ធ្មេញ​នោះនឹង​ស្លាប់។ អាការ​ធ្មេញ​ស្លាប់ គឺធ្មេញ​នោះលែង​ធ្វើឱ្យ​ដឹងស្រៀវ ហើយបន្ទាប់​មកធ្មេញ​នោះ​នឹងប្រែ​ពណ៌ជា​ខ្មៅ។

ផល​ប៉ះពាល់​ធ្មេញ​ខ្មៅ ឬលឿង

  • ធ្មេញ​ខ្មៅ ឬលឿង​មិនមាន​ផលប៉ះ​ពាល់ធ្ងន់​ធ្ងរទេ ក្រៅពី​សម្រស់​លើផ្ទៃ​មុខត្រូវ​ធ្លាក់ចុះ​មួយកម្រិត។ ម្យ៉ាង​ទៀត​ក៏អាច​មានផល​រំខាន​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ឱ្យមាន​ភាពទាក់​ទាញ​ព្រោះ​ធ្មេញខ្មៅ​ឬលឿង​ធ្វើឱ្យ​លោកអ្នក​បាត់បង់​ខ្លះនូវ​ភាព​ស្រស់​ស្រាយ​និងភាព​ក្លាហាន ដែលជា​ប្រភព​នៃប្រ​ជាប្រិយ​ភាព។ ធ្លាក់ចុះ​នូវ​ចំណាប់​អារម្មណ៍​រវាង​អន្ដរ​បុគ្គល​គេពិត​ជាងាយ​បែរខ្នង​ឱ្យ​លោកអ្នក។ ប្រការ​គួរដឹង​ផងដែរ ធ្មេញខ្មៅ ឬលឿង​ពី​កំណើត​ដោយការ​ប្រើថ្នាំ​របស់​មាតា​មិនសូវ​មាំទាំ​ដូចធ្មេញ​ធម្មតា​នោះទេ។

ការ​ព្យាបាល​ធ្មេញខ្មៅ ឬលឿង

  • បាញ់​កាំរស្មី គ្រូពេទ្យ​ជំនាញ​អាចប្រើ​រយៈពេល​ប្រមាណ​១ម៉ោង​ពេលនោះ​ធ្មេញ​លោកអ្នក​អាចស​ស្អាតបាន​រយៈពេល ប្រហែល​២ឆ្នាំ។
  • ខាំពុម្ព គ្រូពេទ្យ​ធ្វើពុម្ព​ជ័រថ្លា​មួយ​តម្រូវ​តាមធ្មេញ​របស់​អតិថិ​ជន។ ការខាំ​ពុម្ពនេះ​លោកអ្នក​អាចយក​ទៅធ្វើ​នៅផ្ទះ ដោយខ្ល្លួន​ឯងពេល​ទំនេរ ដោយមាន​ប្រើថ្នាំ​ខ្លះដាក់​នៅក្នុង​ពុម្ព រួចពាក់​ចូលក្នុង​មាត់លើ​ធ្មេញជា​រៀងរាល់​ថ្ងៃ​ហើយ​លោកអ្នក​អាចធ្វើ ការងារ​ដូច​ប្រក្រតី។ ការធ្វើ​ឱ្យធ្មេញ​សតាម​រយៈការ​ខាំពុម្ព​នេះ ប្រើរយៈ​ពេល​ប្រមាណ​ពី១​ខែទៅ​២ខែ។ អ្នកជម្ងឺ​ត្រូវវិល​មកជួប​អ្នក ជំនាញ​តាមការ​ណាត់​ដើម្បីត្រួត​ពិនិត្យ​បម្រែ​បម្រួល​សម្បុរ​ធ្មេញ។
  • បិទ​សម្បក​ធ្មេញ ដំបូង​អ្នក​ជំនាញ នឹងឆាប​ស្រទាប់​ធ្មេញក្រៅ​ចោលមួយ​ស្រទាប់​ស្ដើង​ហើយដាក់​ស្រទាប់​ធ្មេញ​សិប្បនិ ម្មិតថ្មី​ពណ៌​សថ្លា​ស្អាត បិទភ្ជាប់​លើធ្មេញ​ដែលបាន​ឆាបដោយ​ប្រើស៊ី​ម៉ងត៍​ពិសេស។ សម្បក​ធ្មេញ​សិប្ប​និម្មិតនេះ​ធ្វើពី​សារធាតុ​ប៉សឺ​ឡែន ឬក៏​សេរ៉ាមីក ដែលអាច​ធ្វើឱ្យ​ធ្មេញស​មួយ​ជីវិត។ ជា​ទូទៅ​ការបិទ​សម្បក​ធ្មេញនេះ​គេធ្វើ​តែធ្មេញ​៦ខាង​មុខ​ប៉ុណ្ណោះ។
  • លាង​សម្អាត ការដុស​ខាត់លាង​សម្អាត​អាចធ្វើ​បាន​ចំពោះតែ​ធ្មេញ​សពី​កំណើត​ដែលការ​ឡើងខ្មៅ​ឬលឿង​បណ្ដាល​ពី ការតោង​ជាប់ដោយ​កម្អែល​ជ័រ​កាហ្វេ ឬតែ តែ​ប៉ុណ្ណោះ។
  • ព្យាបាល​ធ្មេញ​ស្លាប់​ពណ៌ខ្មៅ ៖ ធ្មេញ​ស្លាប់ពណ៌​ខ្មៅអាច​ធ្វើឱ្យ​សបាន​តាមរយៈ​ពីរវិធី។ វិធី​ទី១​អាចរក្សា​ធ្មេញ​ធម្មជាតិ ដែល​ស្លាប់ឱ្យ​នៅ​ដដែល​បាន តែប្រើ​ថ្នាំ​ពិសេស​ដាក់ឱ្យ​សពី​ខាងក្នុង ដោយ​ប្រើរយៈ​ពេលមួយ​សបា្ដហ៍។ រីឯ​វិធី​ទី២​គឺជា​វិធី​ចុងក្រោយ ដែលត្រូវ​ដាក់ធ្មេញ​សិប្ប​និម្មិត​ពណ៌​សស្អាត​ជំនួស​ធ្មេញ​ស្លាប់។

ការ​បង្ការមិន​ឱ្យធ្មេញ​ខ្មៅ ឬលឿង

មាន​ប្រការ​គួរអនុវត្ដ​ជាច្រើន ដើម្បី​កុំឱ្យ​ធ្មេញខ្មៅ​ឬលឿង ៖

  • មិនគួរ​ទទួល​ទាន​អាហារ​ដែលមាន​ជាតិ​ជ័រស្អិត ដូចជា​កាហ្វេ តែ ឬបារី​ច្រើនពេក​ទេ។ ហើយគួរ​សម្អាតឱ្យ​បានញឹក​ញាប់  ពិសេស​ក្រោយ​ពេល​ទទួល​ទាន​ពពួក​អាហារ​ទាំងនោះ។
  • ស្ដ្រី​ពពោះ​មិនគួរ​ទទួល​ទានថ្នាំ​ដោយចិត្ដ​ឯង ឬគ្មាន​ការ​ប្រឹក្សា​ពីគ្រូ​ពេទ្យ​ជំនាញ​ឡើយ។ លើសពី​នេះក៏​គួរ​បំប៉ន​អាហារ ទាំងកំពុង​មាន​ផ្ទៃពោះ កំពុង​បំបៅកូន និងឱ្យ​កូន​បរិភោគ​អាហារ​បានឱ្យ​បាន​គ្រប់គ្រាន់ រួមទាំង​ជាតិ​កាល់​ស្យូម​និងជាតិ​ផ្លុយ​អរផង។ សារធាតុ​ទាំងនេះ​មាននៅ​ក្នុងទឹក​ដោះគោ និងថ្នាំ​គ្រាប់ជាតិ​ផ្លុយអរ ជាតិកាល់​ស្យូមជា​ជំនួយ។ តែមុន​ប្រើថ្នាំ​ពេទ្យ គួរ​ប្រឹក្សា​ជាមួយ គ្រូពេទ្យ​ជំនាញ​សិន។ ក្រៅពី​នេះ សូមកុំ​ព្យាយាម​ខាំរបស់​រឹង​ឬធ្វើ​ឱ្យប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ដល់ធ្មេញ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

បើចង់​ឱ្យធ្មេញ​សស្អាត សុខភាព​ល្អ លោកអ្នក​គួរឈប់​ពិសា​បារី។ លោកអ្នក​គិតមើល​ថា​ធ្មេញ​ដែលយើង​អាចដុស​សម្អាត​បាន​ក៏គង់​នឹងខ្មៅ​អមដោយ​ក្លិនមិន​ល្អ ចុះ​ទម្រាំ​សួតដែល​យើងមិន​អាចដុស​ខាត់បាន​នឹងមាន​ផលប៉ះ​ពាល់​ធ្ងន់ធ្ង​រក​ម្រិត​ណា។ ម្យ៉ាង​ទៀតគួរ​កាត់​បន្ថយ​ការ​ទទួល​ទានតែ និង​កាហ្វេ។ ហើយ​សូមជួប​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​បើធ្មេញ​មាន​បញ្ហា​ចោទ ឬចង់​ឱ្យ​ធ្មេញស រលោង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៤ ខែមករា ឆ្នាំ២០០៨

Google Analytics Alternative