ការ​​​បណ្ដុះ​​​កោសិកា​​​នៅលើ​​​ផ្ទៃមុខ ក្នុង​​​គោល​​​បំណង​​​ធ្វើឱ្យ​​​ផ្ទៃមុខ​​​មាន​​​សភាព​​​ក្មេង​​​ជាងវ័យ

មនុស្ស​គ្រប់​រូប​តែង​តែ​ប្រាថ្នា​ចង់​បាន​រូបរាង​កាយ​ និង​សម្រស់​ស្រស់​ស្អាត​ស្ថិត​ស្ថេរ​ ដោយ​ជ្រើស​រើស​យក​វិធី​សាស្ដ្រ​ផ្សេ​ងៗមក​ការពារ​ ឬ​ទប់​ស្កាត់​កុំ​ឱ្យ​មាន​សភាព​ជ្រីវ​ជ្រួញ​ ឬ​មាន​សម្រស់​ឆាប់​ចាស់​មុន​វ័យ​។ ​អ្នក​ខ្លះ​ជ្រើស​រើស​ផលិត​ផល​ផ្សេង​ៗ​មក​ប្រើ​ប្រាស់​  អ្នក​ខ្លះ​ទៀត​ជ្រើស​រើស​វិធី​ការ​ពារ​ដោយ​ធម្មជាតិ​តាម​ចំណង់​ចំណូល​ចិត្ដ​ផ្សេង​ៗ​គ្នា​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាស្ដ្រ​បណ្ដុះ​កោសិកា​នៅ​លើ​ផ្ទៃ​មុខ​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ផ្ទៃ​មុខ​មាន​សភាព​ក្មេង​ជាងវ័យ

ណែ​នាំ​ បក​ស្រាយ​ដោយ​វេជ្ជ​បណ្ឌិត​ ធឿង​ ច័ន្ទ​សីហា​ ឯក​ទេស​វះ​កាត់​ទូទៅ ​និង​វះ​កាត់​កែ​សម្ផស្ស​នៃ​បន្ទប់​ពិគ្រោះ​ជម្ងឺ​ Pearl​ Medical​ Cabinet​ តាមរយៈ​ទស្សនាវដ្ដី​ សុខភាពយើង ធ្វើ​ការ​បង្ហាញ​ដូចតទៅ​។ ​

វិធី​សាស្ដ្រ​

វិធី​សាស្ដ្រ​ក្នុង​ការ​បណ្ដុះ​កោសិកា​នៅ​លើ​ផ្ទៃ​មុខ​នេះ​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នៃ​កោសិកា​ដែល​វិវឌ្ឍ​ទៅ​រក​សភាព​ចាស់​ជរា​ជា​ពិសេស​អាច​ជួយ​បង្កើត​ឡើង​វិញ​នៃ​ទំហំ​ផ្ទៃ​មុខ​ដែល​តែង​តែ​មាន​សភាព​ថយ​ចុះ​ពេល​វ័យ​ដែល​មាន​អាយុ​ច្រើន​។

លក្ខណៈ​សំខាន់​នៃ​វិធី​សាស្ដ្រ​

វិធី​សាស្ដ្រ​នេះ​មាន​លក្ខណៈ​សំខាន់​ គឺ​យើង​ប្រើ​នូវ​សារ​ធាតុ​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ម្នាក់​ៗ​ ដើម្បី​ជំរុញ​ឱ្យ​កោសិកា​លើ​ផ្ទៃ​មុខ​ មាន​សភាព​រស់​ឡើង​វិញ​បន្ថយ​នូវ​ភាព​ចាស់​លើ​ផ្ទៃមុខ​។           នៅ​ក្នុង​ឈាម​របស់​មនុស្ស​ម្នាក់​មាន​កោសិកា​៣​ប្រភេទ​ គឺ​គ្រាប់​ឈាម​ក្រហម​ គ្រាប់​ឈាម​ស ​និង​ប្លា​កែត​។ ​វិធី​សាស្ដ្រ​វេជ្ជ​សាស្ដ្រ​អនុ​ញ្ញាត​ឱ្យ​យើង​ប្រើ​ប្រាស់​នូវ​ប្លា​កែ​ត​ដែល​មាន​កំហាប់​ខ្ពស់​ ដើម្បី​ចាក់​បំពេញ​លើ ​ផ្ទៃមុខ​ និង​ជា​សារ​ធាតុ​ជំ​រុញ​ឱ្យ​កោសិកា​ផ្ទៃ​មុខ​រស់​ឡើង​វិញ​។ ​

តើ​វិធី​សាស្ដ្រ​នេះ​អាច​កែ​និង​ព្យាបាល​នូវ​បញ្ហា​អ្វីខ្លះ​? ​

កត្ដា​រីក​ចម្រើន​ដែល​បញ្ចេញ​ដោយ​ប្លាកែត​ជំរុញ​កោសិកា​ដើម​នៃ​ស្បែក​ឱ្យ​បង្កើត​កោសិកា​ថ្មីៗ​ក្មេងៗ​ជាច្រើន​។​ មានបញ្ហា យ៉ាងដែលអាចព្យាបាលដោយវិធីសាស្ដ្រនេះ

. ការបង្កើតឡើងវិញនូវកោសិកាថ្មី​ ៖ កត្ដា​រីក​ចម្រើន​ដែល​បញ្ចេញ​ដោយ​ប្លា​កែត​ នឹង​ជំរុញ​ឱ្យ​មាន​ការ​បង្កើត​ឡើង​វិញ​នូវ​សរសៃ ​ឈាម​តូចៗ​និង​បង្កើត​នូវ​កូឡា​ហ្សែន​ដែល​ធានា​ឱ្យ​ស្បែក​មាន​សភាព​ទន់​ភ្លឺថ្លា​និង​តឹង​ បំបាត់​នូវ​ស្នាម​ជ្រួញ​ៗ​តូច​ៗ​ដែល​មាន​នៅ​លើ​ផ្ទៃ ​មុខ​។​ រាល់​បុគ្គល​ដែល​ទទួល​បាន​នូវ​ការ​ព្យាបាល​ តែង​តែ​មាន​ការ​ភ្ញាក់​ផ្អើល​នូវ​លទ្ធ​ផល​ដែល​ពុំ​គួរ​ឱ្យ​ជឿ​នេះ​នៅ​​ថ្ងៃ​ទី៥​ ក្រោយ​ការ​ ព្យា​បាល​។ ​

រូបភាពទស្សនាវដ្តីសុខភាពយើង

. ការព្យាបាលរង្វង់ខ្មៅនៅជុំវិញរង្វង់ភ្នែក ការ​ព្យាបាល​សភាព​ខ្មៅ​ជុំ​វិញ​រង្វង់​ភ្នែក​នេះ ​មាន​លក្ខណៈ​ពិសេស​យ៉ាង​ខ្លាំង​ចំពោះ ​ប្លា​កែត​។ ​សារ​ធាតុ​ដែល​យើង​នឹង​ចាក់​បញ្ចូល​ទៅ​ក្រោម​ស្បែក​នេះ ​មាន​ពណ៌​ថ្លា​ដែល​ធ្វើ​ឱ្យ​ស្បែក​ខ្មៅ​ក្លាយ​ទៅ​ជា​ស្រស់​ថ្លា។​ វិធី​សាស្ដ្រ​ នេះ​មាន​សភាព​ងាយ​ស្រួល​ក្នុង​ការ​ចាក់​បញ្ចូល​ជាង​សារ​ធាតុ​ចាក់​បំពេញ​ដទៃ​ទៀត​។​​ លទ្ធ​ផល​នឹង​ទទួល​បាន​គឺ​មាន​សភាព​​ស្មើ​នឹង​ លក្ខណៈ​ដូច​ធម្មជាតិ​។

. ការព្យាបាលភាពជ្រីវជ្រួញលើផ្ទៃមុខ     ដើម្បី​ព្យាបាល​ទៅ​លើ​ភាព​ជ្រីវ​ជ្រួញ​លើ​ផ្ទៃ​មុខ​​​យើង​អាច​ប្រើ​ប្លា​កែត​នេះ ​ជា​សារ​ធាតុ​ចាក់​ បំពេញ​បាន​។​ពេល​ដែល​ចាក់​បញ្ចូល​ទៅ​ក្នុង​ក្រោម​ស្បែក​​ប្លា​កែត​នេះ​នឹង​បណ្ដុះ​កោ​សិកា​ដទៃ​ទៀត​ដែល​នៅ​ជុំវិញ​ ហើយ​ជំរុញ​ឱ្យ​កើន​ ឡើង​នូវ​ទំហំ​ស្បែក​។ ​ជា​លទ្ធផល​ភាព​ជ្រីវ​ជ្រួញ​លើ​ផ្ទៃ​មុខ​នឹង​ត្រូវ​បំបាត់​បន្ដិច​ម្ដង​ៗ។​

. ការបណ្ដុះសក់ឡើងវិញ វិធី​បណ្ដុះ​សក់​ឡើង​វិញ​នេះ​ គល់​សក់​ដែល​នៅ​ក្រោម​ស្បែក​នឹង​ទទួល​យក​នូវ​សារ​ធាតុ​ជំរុញ​ដោយ​ប្លា​កែត​ ដើម្បី​ឱ្យ​កោសិកា​សក់​ដុះ​ឡើង​វិញ​។ ​ប៉ុន្ដែ​តាម​ជាក់​ស្ដែង​ កោសិកា​សក់​ដែល​ដុះ​ឡើង​វិញ​នេះ​អាច​សង្កេត​ឃើញ​ប្រហែល​ជា​៥​ខែ​ក្រោយ​ ពេល​ព្យាបាល​។

​តើ​វិធី​សាស្ដ្រ​នេះ​អនុ​វត្ដ​ទៅ​យ៉ាង​ដូច​ម្ដេច​?​

ក្រោយ​ពេល​ពិនិត្យ​លើ​បញ្ហា​ស្បែក​របស់​លោក​លោក​ស្រី​​​វេជ្ជ​បណ្ឌិត​ឯកទេស​នឹង​ពន្យល់​ពី​ផល​ចំណេញ​និង​ផលវិបាក​របស់​ វិធី​សាស្ដ្រ​វេជ្ជ​សាស្ដ្រ​នេះ​ ជា​ពិសេស​លទ្ធផល​ដែល​អាច​ទទួល​បាន​។

ឈាម​នៅ​ដៃ​អ្នក​ជម្ងឺ​នឹង​ត្រូវ​បូម​យក​ប្រហែល​២០​មី​លី​លីត្រ​ ដើម្បី​បង្កើត​ជា​ប្លាកែត​ដែល​នឹង​ត្រូវ​បំលែង​ដោយ​សារ​ធាតុ​ ម្យ៉ាង​ដើម្បី​បញ្ចេញ​សារ​ធាតុ​ជំរុញ​។​  ​បន្ទាប់​មក​ប្លាកែត​ទាំង​នេះ​នឹង​ត្រូវ​ចាក់​បញ្ចូល​ទៅ​ក្រោម​ស្បែក​និង​ក្នុង​ស្បែក​ដែល​មានបញ្ហា។ ​លទ្ធ​ផល​ដែល​នឹង​ទទួល​បាន​ គឺ​ស្បែក​មាន​លក្ខណៈ​ទន់​ភ្លឺ​ថ្លា​បំបាត់​នូវ​សភាព​ជ្រួញ​តូច​ៗ។​

ដំបូន្មាន​អ្នក​ឯកទេស​

លក្ខណៈ​សំខាន់​នៃ​វិធី​សាស្ដ្រ​នេះ​ គឺ​ត្រង់​ថា​វិធី​នេះ​ជា​វិធី​សាស្ដ្រ​វេជ្ជ​សាស្ដ្រ​ដែល​ប្រើ​សារ​ធាតុ​ពី​អ្នក​ជម្ងឺ​ផ្ទាល់​ដែល​អាច​ចៀស​ ផុត​ពី​បញ្ហា​ប្រតិកម្ម​ថ្នាំ ​និង​ការ​ឆ្លង​រោគ​។ ​វិធី​សាស្ដ្រ​នេះ​មាន​សារ​សំខាន់​សម្រាប់​ស្ដ្រី​ដែល​មាន​ស្បែក​ស្ងួត​ជ្រួញ​លើ​ផ្ទៃ​មុខ​ និ​ង​សភាព​ ខ្មៅ​នៅ​លើ​ភ្នែក​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative