សុខភាព​ល្អ ការងារបវររុងរឿង

សុខភាព​ល្អ ការងារ​ប្រសើរ។ ការងារ​គឺជា​មុខរបរ​មួយ ដែល​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​ឲ្យកាន់​តែ​ប្រសើរ​ឡើង។ ប៉ុន្តែ​បើសិន​ជា​សុវត្ថិភាព​សុខភាព​ការងារ​របស់​អ្នក​ធ្វើការ មាន​ផល​រំខាន​ ដោយ​សារ​ជម្ងឺ​ផ្សេងៗ​ព្រោះ​តែ​ការងារ ​នោះ​ប្រាក់​ចំណូលនៅ​ក្នុង​គ្រួសារ​នឹង​ត្រូវ​បាន​បាត់​បង់ជំហ។ ​ក្នុង​ប្រទេស​ជឿន​លឿន​ និន្នាការ​នៃ​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក្នុង​ការងារ​បាន​ថយ​ចុះ​ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​​ នៅ​ទ្វីប​អាស៊ី និង​អាមេរិក​ឡាទីន​វិញ អត្រា​គ្រោះ​ថ្នាក់ការងារ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទិវាសុវត្ថិភាព​ និង​សុខភាពពិភពលោក​​នៅ​កន្លែង​ធ្វើការ នាថ្ងៃទី២៨ មេសា ដែលទើបកន្លងផុតទៅថ្មីៗនេះ មានតាំង​ពី​ឆ្នាំ​១៩៩៦​មកហើយ។ ប៉ុន្តែទិវានេះ ​ទើប​តែ​​បាន​ផ្តួច​ផ្តើម​ប្រារព្ធ​ជា​ទូទៅ​នៅ​ពេញ​​ពិភពលោកនៅ​ឆ្នាំ​២០០៣​ប៉ុណ្ណោះ ដើម្បី​​ជំរុញ​ឲ្យ​មាន​ការ​គិត​គូរ​ដល់​សុវត្ថិភាព​​ ក្នុង​ពេលបំពេញ​​ការងារ ដោយ​ឈរ​លើ​ទស្សនៈ​ការពារ​​ប្រសើរ​ជាង​ព្យាបាល និងការពារ​ប្រឆាំង​នឹង​គ្រោះ​ថ្នាក់​ក្នុង​ពេល​ធ្វើ​ការ ការពារ​កុំ​ឲ្យ​មាន​ជម្ងឺ​ព្រោះ​ការងារ។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​វិទ្យុ​បារាំង។

សារព័ត៌មាន​ដដែល​នេះ​បានបន្ត​ថា អង្គការ​សុខភាព​ពិភពលោក និង​ការិយាល័យ​ពលកម្ម​អន្តរជាតិ​ បាន​ចេញ​របាយការណ៍​មួយ​នៅថ្ងៃ​ទិវា​សុវត្ថិភាព​ការងារ​ថា កាលពី​ឆ្នាំ២០១១កន្លងទៅ​នេះ មាន​បុគ្គលិក​ កម្មករ អ្នក​ធ្វើ​ការ​ចំនួន​ ២​លាន​២​សែន​នាក់​ស្លាប់ ជា​រៀង​រាល់ឆ្នាំ ពោល​គឺ​៥ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ នៅ​លើ​ពិភពលោក ដោយ​ហេតុ​តែ​គ្រោះ​ថ្នាក់ ឬ​ជម្ងឺ​ក្នុង​ក្រប​ខ័ណ្ឌ​ការងារ។ អត្រា​អ្នក​ស្លាប់​ និង​អ្នក​ឈឺ​ព្រោះ​ការងារ​ កើន​ឡើង​ជា​លំដាប់ ព្រោះ​តែ​ភាព​ជឿន​លឿន និង​លូតលាស់​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម។ ចំណែក​ឯ​គ្រោះ​ថ្នាក់​មិន​ស្លាប់​នៅ​កន្លែង​ធ្វើ​ការ​វិញ មាន​ប្រមាណ​ជា​ជិត ២៦៨​លា​ន​ករណី ក្នុង​មួយ​ឆ្នាំៗ។ ហេតុ​ដូច្នេះ​ហើយ​បានជា​អង្គការ​សុខភាព​ពិភពលោក និង​ការិយាល័យ​ពលកម្ម​អន្តរជាតិ អំពាវ​នាវ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ និង​បណ្តុះ​បណ្តាល​វប្បធម៌​ការពារ​សុវត្ថិភាព​សុខភាព។

គ្រោះថ្នាក់ដល់​ជីវិត​បាន​ថយ​ចុះ​ ក្នុង​ប្រទេស​ឧស្សាហកម្ម​រីក​ចម្រើន​ខ្លាំងក៏​ពិត​មែន ប៉ុន្តែ​រោគា​ដែល​បង្កឡើង​ដោយ​ការ​ងារ បានកើន​ឡើង​នៅ​គ្រប់​ទិសទី​ទាំង​អស់។ ជម្ងឺ​ដែល​គេ​តែងជួប​ប្រទះ​ញឹក​ញាប់ជាង​គេ មាន​ដូច​ជា ជម្ងឺផ្លូវ​ចិត្ត ជម្ងឺ​មហារីក (បង្ក​ឡើង​ដោយ​ការ​ប្រឈម​មុខ​សារធាតុគីមី​ពុល) ជម្ងឺរលាក​សាច់​ដុំ​ឬ​ឆ្អឹង ជម្ងឺ​ផ្លូវដង្ហើម ជម្ងឺរលាក​សួត ជម្ងឺខូច​ត្រចៀក (ថ្លង់) ជម្ងឺស្ទះ​សរសៃ​ឈាម​ (ជម្ងឺសរសៃ​ឈាម) ជម្ងឺឆ្លង និងជម្ងឺជា​ច្រើន​ផ្សេងទៀត។

បើ​តាម​របាយ​ការណ៍​ដដែលនេះ​ បានឲ្យដឹងថាវិស័យ​​កសិកម្ម ដែល​​ស្រូប​យក​​កម្លាំង​ពលកម្ម​បាន​​ពាក់​កណ្តាល​ និង​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍ភាគ​ច្រើននោះ បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​៧ម៉ឺន​​នាក់​ក្នុង​មួយ​ឆ្នាំដោយ​មូលហេតុ​ ពុល​ថ្នាំ​សម្លាប់សត្វ​ល្អិត។ ការណ៍នេះ​គេ​មិន​បាន​រាប់​បញ្ចូល​​ទាំងចំនួន​អ្នក​ស្លាប់​ដោយ​មូលហេតុ​ផ្សេង​ទៀត និង​មិន​បានគិត​ពី​ចំនួន​អ្នក​រង​គ្រោះ​ដោយកើត​ជម្ងឺ​រ៉ាំរ៉ៃ​ដ៏​សន្ធឹក​សន្ធាប់​ផ្សេងទៀត​នោះផងទេ។

ដូច្នេះ​ដើម្បី​សុវត្ថិភាព​សុខភាព​ការងារ មាន​លក្ខណៈ​ល្អ​ប្រសើរ សូម​អ្នកបម្រើ​ការងារ​នៅតាម​ស្ថាប័នរដ្ឋ និងឯកជន ជា​ពិសេស​ កម្មករ កម្មការនី​បម្រើការ​នៅតាម​បណ្តា​រោងចក្រ​សហគ្រាស​ផ្សេងៗ​ទាំងអស់ ត្រូវគិត​គូរឡើង​វិញ​អំពី​របប​អាហារ ដែល​ទទួលទាន​ប្រចាំថ្ងៃ និង​សម្រាន្ត​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​មានកម្លាំង​ធ្វើការ​នៅថ្ងៃ​ស្អែក​បន្តទៀត។ សូម​ចងចាំ​ថា អាហារ​ដែល​លោកអ្នក​បរិភោគ គឺជា​អាហារ​ដែល​សម្បូរ​ដោយ​ជីវជាតិ និង​សារជាតិ​គ្រប់គ្រាន់ និង​មាន​អនាម័យ​ផងដែរ។ សុខភាព​ល្អ ការងារ​បវរ​រុងរឿង!

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី១១ ឧសភា ឆ្នាំ​ ២០១២

Google Analytics Alternative