វិធី​​​តុបតែង​​​មុខ​​​កុំឱ្យ​​​ឃើញ​​​ស្នាម​​​ជាំ

ជា​ការ​ពិត​ណាស់​សម្រាប់​សុភាព​នារី​មួយ​ចំនួន​តែង​តែ​ចង់​ស្វែង​រក​នូវ​អ្វី​ដែល​ថ្មី​ ហើយ​ប្លែក​នៅ​ក្នុង​ការ​តុប​តែង​ខ្លួន​ក៏​ដូច​ជា​​ផ្ទៃ​មុខ​។​​ដោយ​ឡែក​សម្រាប់​វិធី​តុប​តែង​មុខ​កុំ​ឱ្យ​ឃើញ​ស្នាម​ជាំ​នេះ​ ​គឺ​ជា​វិធី​សាស្ដ្រ​មួយ​ដែល​អាច​ជួយ​ដល់​ស្ដ្រី​គ្រប់​រូប​មាន​ភាព​ងាយ​​ស្រួល​ហើយ​នឹង​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​ផង​ដែរ​។ ​តាម​ពិត​វិធី​នៅ​ក្នុង​ការ​តុប​តែង​មុខ​កុំ​ឱ្យ​ឃើញ​ស្នាម​មុខ​ជាំ​នេះ​​ ​មិន​មែន​ជា​ រឿង​ដែល​លំបាក​នោះ​ទេ​ បើ​សិន​ជា​សុភាព​នារី​អនុវត្ដ​ទៅ​តាម​ការ​ណែ​នាំ​របស់​អ្នក​ជំនាញ​នោះ​។

ទស្សនាវដ្ដី​ សុខភាពយើង បាន​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​នាង​ ​ស៊ុន​ ហៀង​ នាយិកា​សាលា​បង្រៀន​ថែ​សម្ផស្ស​ គ្រីស្ទីណា​ នឹង​ធ្វើ​ការ​ពន្យល់​អំពី​វិធី​នៅ​ក្នុង​ការ​តុប​តែង​មុខ​កុំ​ឱ្យ​ឃើញ​ស្នាម​ជាំ​ ដើម្បី​ឱ្យ​ស្ដ្រី​គ្រប់​រូប​បាន​យល់ ​និង​ជ្រាប​កាន់​តែ​ច្បាស់​។

​សម្ភារៈ​គ្រឿង​សម្អាង​

រឿង​សម្អាង​នៅ​ក្នុង​ការ​តុប​តែង​មុខ​គឺ​មាន​ច្រើន​ប្រភេទ​ និង​ច្រើន​ម៉ាក​ ប៉ុន្ដែ​ជាក់​ស្ដែង​សម្រាប់​អ្នក​អាជីព​ដែល​ជា​អ្នក​មាន​ ជំនាញ​ផ្នែក​ការ​តុប​តែង​មុខ​វិញ​ គឺ​ត្រូវ​តែ​មាន​ចំណេះ​ដឹង​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ក្នុង​ការ​ស្វែង​រក​នូវ​ផលិត​ផល​ដែល​មាន​គុណ​ភាព​​ខ្ពស់​​។​ ​ពី​ព្រោះ​​ផលិត​​ផល​​ដែល​​​​មាន​​គុណ​ភាព​​គឺ​​អាច​​ធ្វើ​​ឱ្យ​​ផ្ទៃ​​មុខ​​របស់​​មិត្ដ​​នារី​​មិន​​មាន​​បញ្ហា​​ ហើយ​ស្រស់​ស្អាត​ថែម​​ទៀត​ផង​។ ​ចំណែក​ឯ​ សម្ភារៈ​នៅ​ក្នុង​ការ​តុប​តែង​មុខ​ មាន​ដូច​ជា​ម្សៅ​ស្អិត​ ម្សៅ​ផាត់​ពណ៌​សម្រាប់​លាប​នៅ​លើ​ថ្ពាល់​ និង​នៅ​លើ​ត្របក​ភ្នែក​ ខ្មៅ​ដៃ​ ​គូស​ចិញ្ចើម​ ក្រែម​លាប​មាត់​ ម៉ាស្កា​រ៉ា​ ឡេ​លាប​ការ​ពារ​ផ្ទៃ​មុខ​ ជក់​ផាត់​ភ្នែក​ ផាត់​ថ្ពាល់ ​និង​ត្រូវ​មាន​រោម​ភ្នែក​ជា​ដើម​។ ​

វិធី​តុប​តែង​មុខ​កុំ​ឱ្យ​ឃើញ​ស្នាម​ជាំ ​

សម្រាប់​ការ​តុប​តែង​មុខ​ដើម្បី​លុប​បំបាត់​ចំណុច​ផ្សេងៗ​ដែល​មាន​នៅ​លើ​ផ្ទៃ​មុខ​នេះ ​ដូច​ជា​មុខ​ជាំ ​ស្នាម​ខ្មៅៗ​ ឬ​ស្នាម​​អាចម៍​រុយ​នេះ​ សុភាព​នារី​គួរ​តែ​អនុវត្ដន៍​ដូច​ខាង​ក្រោម​ ៖​

ជា​ដំបូង​ស្ដ្រី​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​ការ​សម្អាត​ផ្ទៃ​មុខ​ឱ្យ​​បាន​ស្អាត​ជា​មុន​សិន​ បន្ទាប់​មក​ត្រូវ​ជូត​ឱ្យ​ស្ងួត​។ ​បន្ទាប់​មក​ទៀត​ ត្រូវ​ប្រើ​ ឡេ​ការពារ​លាប​ផ្ទៃមុខ​(​វា​ជា​ប្រភេទ​ឡេ​ទ្រនាប់​លាប​ដើម្បី​ការពារ​កុំ​ឱ្យ​សាច់​ម្សៅ​ស្អិត​ជាប់​ផ្ទាល់​ជា​មួយ​នឹង​ផ្ទៃ​មុខ​ ហើយ​វា​​ក៏​ជា​ឡេ​ ដែល​អាច​ការពារ​កុំ​ឱ្យ​កើត​មាន​កន្ទួល​រមាស់​ថែម​ទៀត​ផង​)​។​​បន្ទាប់​ពី​លាប​ឡេ​ការពារ​ហើយ​ ត្រូវ​ប្រើ​ម្សៅ​ស្អិត​លាប​ឱ្យ​សព្វ​ពេញ​ផ្ទៃ​​មុខ​។​​ម្សៅ​ស្អិត​មាន​ពីរ​ប្រភេទ​​គឺម្សៅ​ទឹក​​និង​ម្សៅ​ស្អិត​ខាប់​វា​ជា​ប្រភេទ​ម្សៅ​ខាន់​ឃ្យូ​លឺ​។ ​ម្សៅ​ទឹក​គឺ​ប្រើ​ប្រាស់​សម្រាប់​ស្បែក​ធម្មតា​ ចំណែក​ឯម្សៅ​ស្អិត​ខាប់​ប្រភេទ​ខាន់​ឃ្យូ​លឺ​គឺ​យក​មក​បិទ​បាំង​នៅ​លើ​ចំណុច​ដែល​មាន​បញ្ហា​ ដូច​ជា​ស្លាក​ស្នាម​អាចម៍រុយ​ ចំណុច​អុច​ខ្មៅ​ ឬ​ក៏​ជាំ​ជា​ដើម​។ ​បន្ទាប់​ពី​លាប​ម្សៅ​ស្អិត​ហើយ​ ត្រូវ​ប្រើ​ម្សៅ​ផាត់​លាប​ពី​លើ​ម្សៅ​ស្អិត​ ធ្វើ​ដូច​នេះ​គឺ​ធ្វើ​ឱ្យ​ផ្ទៃ​មុខ​មាន​ភាព​ស្រស់​ស្អាត​ ហើយ​មិន​ឃើញ​ស្នាម​ជាំ​នោះ​ទេ​។ ​បន្ទាប់​មក​ទៀត​គឺ​ត្រូវ​គូស​ចិញ្ចើម​ទៅ​តាម​ទម្រង់​មុខ​ និ​ង​ត្រូវ​ផាត់​ពណ៌​ភ្នែក​ទៅ​តាម​ចំណង់​ចំណូល​​ចិត្ដ​ និង​ទៅ​តាម​ដែល​ចង់​បាន​របស់​ស្ដ្រី​គ្រប់​រូប​។ ​ជា​ចុង​ក្រោយ​គឺ​ត្រូវ​ផាត់​ពណ៌​នៅ​លើ​ថ្ពាល់​ ហើយ​ការ​ផាត់​នេះ​គឺ​ផាត់​ទៅតាម​ ទម្រង់​មុខ​ និង​តាម​ឆ្អឹង​ថ្ពាល់​ផ្ទៃ​មុខ​ផង​ដែរ​។ ​

ដំបូន្មាន​អ្នក​ជំនាញ​

ភាព​ស្រស់​ស្អាត​អ្នក​ណា​ក៏​ចង់​បាន​ដែរ ​ដូច​នេះ​សុភាព​នារី​គ្រប់​រូប​គួរ​តែ​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​អំពី​ការ​តុប​តែង​មុខ​នេះ​​។​ នៅ​ ពេល​ដែល​ស្ដ្រី​គ្រប់​រូប​ត្រឡប់​មក​ពី​កម្ម​វិធី​ផ្សេង​ៗ ​ហើយ​មិត្ដ​នារី​គួរ​តែ​ប្រញាប់​ធ្វើ​ការ​លាង​សម្អាត​ផ្ទៃ​មុខ​ជា​មុន​សិន​ ដោយ​ត្រូវ​ធ្វើ​ការ​​លាង​សម្អាត​ជាមួយ​ហ្វូមលាង​មុខលាង​ឱ្យ​បាន​ស្អាត​។​​អ្វី​ដែល​ពិសេស​ជាង​នេះ ​បន្ទាប់​ពី​លាង​សម្អាត​ផ្ទៃ​មុខ​ហើយ​ មិត្ដ​នារី​គួរ​តែ​មាន​ឡេ ​ឬក៏​ទឹក​លាង​មុខ​ជូត​ពី​លើ​ផ្ទៃ​មុខ​មួយ​សា​ទៀត​ ដើម្បី​ការពារ​ស្បែក​មុខ​កុំឱ្យ​មាន​បញ្ហា​ ព្រោះ​ការ​លាង​សម្អាត​ផ្ទៃមុខ​ដោយ​ហ្វូម​លាង​ មុខ​មិន​ប្រាកដ​ថា​បាន​ស្អាត​មួយ​រយភាគ​រយ​នោះ​ទេ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative