សូដា​នីតា សុខ​ភាព និង​សម្រស់​ជាចម្បង

បច្ចុប្បន្ន​សូដានីតា​ជាតារា​ចម្រៀង តារា​សម្ដែង និង​ជាពិធី​ការិនី​មួយដួង​ដែល​មានទឹក​ដម​សម្លេង​យ៉ាង​ក្រអួន​និង​កាយ វិការ​រស់​រវើក រួមផ្សំ​រូប​សម្ជស្ស​ដ៏ស្រស់​សោភា​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍បា​យ័ន។ ចំណុច​ទាំងនេះ​បាន​ធ្វើឱ្យ​នីតា​ទទួល​នូវការ​គាំ ទ្រ​ពីទស្ស​និកជន​គ្រប់​មជ្ឈដ្ឋាន។ សព្វថ្ងៃ​នីតាហត់​នឿយ​នឹងការ​ងារ​ជាច្រើន​របស់​នាង។ តែ​ទោះបី​ជានី​តាម​មាញឹក​នឹងការ​ងារ​ច្រើន យ៉ាង​ណាក្ដី នីតាក៏​មិនដែល​ធ្វេស​ប្រហែស​ក្នុង​ការ​ថែ​ទាំសុខភាព និង​សម្រស់​ឡើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នីតា​បាន​ស្ម័គ្រចិត្ដ​ទម្លាយ​អាថ៌​កំបាំង​ក្នុងការ​ថែ​រក្សា​សុខភាព​ក៏ដូច​ជាការ​ថែរក្សា​រូប​សម្រស់​ជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន ដឹង តាម​រយៈ​ការ​សម្ភាស​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុនឈាន​ជើង​ចូល​វិស័យ​សិល្បៈ

ដើម​ឡើយ​សូដានីតា​ជាសិស្ស​រៀន​នៅ​វិទ្យាល័យ​បាក់ទូក​ថ្នាក់​ទី១១។ ដោយ​ចិត្ដ​ស្រឡាញ់​ខាង​វិស័យ​សិល្បៈ​នីតាក៏​បោះបង់ ចោល​ការ​សិក្សា ហើយ​ស្រវាយក​អាជីព​សិល្បៈ​នៅឆ្នាំ​២០០០។ ពេល​ចាប់ផ្ដើម​ចូល​សិល្បៈ​ដំបូង​នីតា​បាន​ធ្វើពិធីករ​ក្នុង​កម្ម​វិធី “នាទី ចុង​ក្រោយ”នៅ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា។ ក្រោយ​មកក៏​មាន​ផលិតកម្ម​នានា​បាន​សម្លឹង​ឃើញ​រូប​សម្ផស្ស​និង​ទឹកដម​សម្លេង​របស់ នីតា​បានផ្ដល់​ឱកាស​ឱ្យនីតា​ទៅ​ច្រៀង និង​សម្ដែង​ខារ៉ាអូខេ​ហើយ​សព្វថ្ងៃ​នេះ​កញ្ញា​បាន​ក្លាយ​ជាពិធី​ការិនី​ប្រចាំ​នៅស្ថានីយ​ទូរទស្សន៍ ប៉ុស្ដិ៍​បាយ័ន។

វិធី​ថែរក្សា​សម្រស់

ទោះបី​ជានីតារ​វល់នឹង​ការងារ​ច្រើន​យ៉ាង​ណាក៏​ដោយ ក៏នាង​មិនដែល​ភ្លេច​ការថែ​ទាំ​សម្រស់​នោះទេ។ នៅ​ពេល​ទំនេរពី ការងារ នីតា​តែងតែ​ប្រើ​ផលិតផល​ដើម្បី​ជួយ​សម្រស់​ឱ្យស្រស់​ស្អាត​ជាប្រចាំ​តាម​បែប​ធម្មជាតិ។

  • ការថែ​រក្សា​សក់ សក់នីតា​តែងតែ​ទទួល​រងការ​គាប ឬតុប​តែង​ធ្វើជាម៉ូដ​ជារៀង​រាល់​ថ្ងៃ​ជាហេតុ​ធ្វើឱ្យ​សក់នីតា​ស្រួយ មិន​សូវមាន​សំណើម។ ដូច​នេះក្នុង​មួយ​សបា្ដហ៍ ឬ​ប្រាំថ្ងៃ នីតា​ត្រូវអប់​សក់ម្ដង ដើម្បី​ឱ្យសក់​ទន់​រលោង​ស្អាត​ហើយ​មាន​សំណើម​ឡើង វិញ រួមផ្សំ​នឹងការ​ជ្រើស​រើស​សាប៊ូ​កក់​សក់​ឱ្យត្រូវ​ជាមួយ​សរសៃ​សក់ និង​ស្បែក​ក្បាល។ រយៈ​ពេល​ពីរថ្ងៃ​នីតា​ត្រូវកក់​សក់ម្ដង ដោយ ប្រើសាប៊ូ​ដែល​មានសារ​ធាតុ​ជួយ​បន្ទន់​សក់​ជាប្រចាំ។
  • ការ​ថែរក្សា​ស្បែក​មុខ នៅ​ពេល​ងូត​ទឹក នីតា​យក​សាប៊ូ​ដុស​សម្អាត​មុខ ដើម្បី​កុំឱ្យ​ក្អែល​កាន់​នៅលើ​ស្បែក​មុខ។ ពេល សម្រាក​ពីការ​ងារ នីតា​មិន​ចូលចិត្ដ​តុប​តែង​មុខ​ឡើយ។ នៅ​ពេល​ចេញ​ទៅថត​ឬមាន​កម្មវិធី​អ្វីមួយ​នីតា​គ្រាន់តែ​ផាត់​ម្សៅ​ដើម្បី​ឱ្យ ស្បែកមុខ​ទ្រាំទ្រ​នឹង​ពន្លឺ​ភ្លើង​ហ្វារ​បាន។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន នីតា​មិន​បណ្ដោយ​ឱ្យស្បែក​ខ្លួនយារ​ជ្រីវ​ជ្រួញ​ទៅតាម​អាយុកាល​ឡើយ។ នីតា​តែង​ប្រើឡេ ដែល​ជួយឱ្យ​ស្បែក​សជា​ប្រចាំ ក្រោយ​ពេលងូត​ទឹក​ហើយ។ នៅ​ពេលចេញ​ទៅថត​ខាង​ក្រៅ ប្រើឡេ​ការពារ​កម្ដៅ​ថ្ងៃ​ដើម្បី​ការពារ ស្បែក​មាន​ប្រតិកម្ម​ជាមួយ​កម្ដៅ។
  • ការ​ថែរក្សា​ភ្នែក ៖ នៅ​ពេល​ចេញ​សម្ដែង​នៅខាង​ក្រៅ នីតា​ចាំបាច់​ត្រូវ​ពាក់​វ៉ែនតា​ការពារ​ពន្លឺថ្ងៃ។ ម្យ៉ាង​ទៀត​នីតា​តែង តែ​ឧស្សាហ៍​ទៅលាង​សម្អាត​គ្រាប់ភ្នែក​ជាប្រចាំ ដើម្បី​កុំឱ្យភ្នែក​រកាំ។
  • ការ​ថែរក្សា​រោម​ចិញ្ចើម រោមភ្នែក បបូរមាត់ ៖ នីតា​ចូលចិត្ដ​រោម​ចិញ្ចើម​មិន​ក្រាស់​ពេកទេ​ព្រោះ​សមនឹង​ទម្រង់​មុខ។ ដោយ​ឡែក​នៅពេល​ចេញ​សម្ដែង ទើប​នីតា​គូសតុប​តែង​លើ​ចិញ្ចើម។ ចំពោះ​រោម​ភ្នែក​នីតា​ស្រឡាញ់​រោមភ្នែក​ក្រាស់​វែង ហើយង។ ដូចនេះ​នាង​តែងតែ​យក​ម៉ាស្ការ៉ា​ពណ៌​ខ្មៅមក​លាប និង​ពត់​រោម​ភ្នែក​ដើម្បី​ឱ្យរោម​ភ្នែក​ក្រាស់​នៅពេល​ចេញ​សម្ដែង ឬ​កម្មវិធី​ផ្សេងៗ។ នៅ​ពេល​ទំនេរ​ពីការ​ងារ នីតា​មិន​ចូលចិត្ដ​យកក្រែម​លាប​បបូរមាត់​ទេ តែនៅ​ពេល​ចេញថត​ឬមាន​កម្មវិធី​ផ្សេងៗ នាង​ប្រើ​ក្រែម​ពណ៌ ស្រាល ដើម្បី​ការពារ​បបូរមាត់​មិនឱ្យ​ប្រេះ។
  • ការ​ថែរក្សា​ធ្មេញ ៖ អាជីព​របស់​នីតា​ត្រូវ​ធ្វើការ​ទំនាក់​ទំនង​ជាមួយ​អ្នកដទៃ​ដូចនេះ​នីតា​តែងតែ​សម្អាត​ធ្មេញ​ក្នុង​មួយ ថ្ងៃ៣​ទៅ៤ដង​យ៉ាងតិច ក្រោយ​ពេល​ទទួល​ទាន​ចំណី​អាហារ​រួច និង​មុនពេល​ចេញ​ទៅថត​នីតា​ត្រូវ​សម្អាត​ធ្មេញ​ម្ដង​ទៀត​ដើម្បី​ចៀស វាង​មានក្លិន​មាត់​មិនល្អ ធ្វើឱ្យ​ពិបាក​ទំនាក់​ទំនង​ការងារ។
  • ការថែ​រក្សា​ក្រចក​ដៃជើង ៖ នីតា​ចូលចិត្ដ​ទុកក្រចក​ដៃជើង​ឱ្យវែង​ដើម្បី​ជួយ​លើក​ស្ទួយ​ប្រអប់ដៃ​ជើងឱ្យ​ស្រឡូន​ដែរ។ ពេល​មានកម្ម​វិធី នីតា​ចូលចិត្ដ​លាបថ្នាំ​ក្រចកដៃ​ជើង​ដែល​មានពណ៌​ដូច ឬ​ស្រដៀងគ្នា​នឹង​សម្លៀក​បំពាក់។

ការថែ​រក្សា​សុខភាព​រាង​កាយ

ទោះបី​ជារវល់​នឹងការ​ងារ​ច្រើន​យ៉ាង​ណាក្ដី ក៏នីតា​មានការ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ចំពោះ​ការថែ​រក្សា​សុខភាព​មិន​បណ្ដោយ​ឱ្យ ទ្រុឌ​ទ្រោម​ឡើយ។ ព្រោះ​នីតា​យល់ថា បើ​សុខភាពល្អ​នឹងនាំ​ឱ្យសម្រស់​ស្រស់​ស្អាត​តែបើ​សុខភាព​មិនល្អ​នាំឱ្យ​មាន​ផលប៉ះ​ពាល់​ច្រើន ដល់​ការងារ និង​កត្ដា​ផ្សេងៗ​ទៀត។ នីតា​ទទួល​ទាន​អាហារ​៣ដង​ក្នុង១ថ្ងៃ​ជាទៀង​ទាត់​ដោយ​របប​អាហារ​ជាបន្លែ​ច្រើន​ជាង​សាច់ និង​ចូលចិត្ដ​ញ៉ាំផ្លែ​ឈើ​ដែល​សម្បូរ​ទៅដោយ​វីតាមីន។ នីតា​តែងតែ​ទទួល​ទានទឹក​ក្រូច១​កែវ​ជារៀង​រាល់​ព្រឹក។

បំណង​សម្រាប់​ថ្ងៃ​អនាគត

សព្វថ្ងៃ នីតា​មាន​អាជីព​ក្នុង​សិល្បៈ​ច្រើន​ក៏ដោយ អាជីព​ទាំងនោះ​គ្រាន់តែ​ជាបំណង​ប្រាថ្នា​មួយ​ផ្នែក​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ មាន​លទ្ធភាព នីតា​នឹងចាប់​យកនូវ​មុខ​របរ​មួយ​ផ្សេង​ទៀត ព្រោះនីតា​យល់ថា សម្លេង និង​សម្រស់​មិន​អាច​ឋិតឋេរ​ឡើយ។ ទោះបីជា យ៉ាងណា អាជីព​សិល្បៈ​នីតា​ក៏មិន​បោះបង់​ចោល​ដែរ នៅ​តែស្រឡាញ់​និង​បន្ដទៅ​មុខទៀត​ឱ្យតែមាន​លទ្ធ​ភាព។

រូបភាពទស្សនាវដ្ដីសុខភាពយើង

បណ្ដាំ​ផ្ញើ​របស់​សូដា​នីតា

ទោះបី​លោកអ្នក​មាន​ការ​មមាញឹក និង​ការងារ​ច្រើន​យ៉ាង​ណាក្ដី​គួរ​លោកអ្នក​គប្បី​លៃលក​ពេល​វេលាថែ​ទាំសុខភាព​ផង។ ព្រោះ​សុខភាព​សំខាន់​ណាស់​ដែល​មិនអាច​ធ្វេស​ប្រហែស​បាន​ឡើយ ជា​ពិសេស​សម្រាប់​ស្ដ្រី​គប្បី​យកចិត្ដ​ទុកដាក់​ថែរក្សា​សម្ជស្ស​ផង កុំ​បណ្ដោយឱ្យ​ស្បែក​យារ​ជ្រីវជ្រួញ​ទៅតាម​អាយុកាល ដោយ​ឧស្សាហ៍​ស្ពុង​និង​ប្រើ​ផលិតផល​ដែល​មាន​តុល្យភាព ដើម្បី​ឱ្យស្បែក​សភ្លឺ រលោង​ស្អាត។

ការ​រៀបរាប់​ជូនខាង​លើនេះ ជាការ​យល់​ឃើញ និង​ជាការ​អនុវត្ដ​ផ្ទាល់​របស់​កញ្ញា​សូដានីតា​តែ​ប៉ុណ្ណោះ។ សូម​លោកស្រី អ្នក​នាងកញ្ញា​ជ្រើស​រើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បាន​ហើយ។

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ សូដានីតា
  • កម្ពស់ ៖ ១,៦៧ ម៉ែត្រ
  • អាយុ ៖ ២៥ឆ្នាំ
  • ទំហំទាំងបី ៖ ៣៦, ២៥, ៣៦
  • មានបងប្អូន ៖ ៦នាក់ (ជាកូនទី៣)
  • អាជីពបច្ចុប្បន្ន ៖ ជាតារា​ចម្រៀង តារាសម្ដែង និង​ជាពិធីការិនី​នៅទូរទស្សន៍​បាយ័ន
  • ទីកន្លែងកំណើត ៖ ភ្នំពេញ
  • ស្ថានភាពគ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative