វិធី​ជ្រើស​រើស​វាំងនន​តុបតែង​ផ្ទះ

វាំងនន​ជាគ្រឿង​សម្រាប់​លម្អ​ដើម្បី​ឱ្យមាន​ភាពស្រស់​ស្អាត​និង​សិរី​សួស្ដី​នៅក្នុង​គេហ​ដ្ឋាន។ គេហ​ដ្ឋាន​នីមួយ​ៗមិន​មែនអាច រៀបចំ​វាំងនន​បានតែ​នៅពេល​ដែលមាន​កម្ម​វិធី ឬ​ពិធី​បុណ្យ​ផ្សេងៗ​នោះទេ។ លោកអ្នក​អាចតុប​តែង​ប្រចាំ​ថ្ងៃបាន​ដោយ​គ្រាន់តែ ជ្រើស​រើស​វាំង​នន​យកមក​រៀបចំ​តុបតែង​ជា​លក្ខណៈ​ធម្មតា ឬ​បែប​ទំនើប​បន្ដិច​ក៏បាន។ វាំង​នន​មាន​ច្រើន​សណ្ឋាន ចំណែក​ការជ្រើស រើសវាំង​ននគឺ​អាស្រ័យ​ទៅលើ​ប្រភេទ​គេហ​ដ្ឋាន មិនអាច​ជ្រើស​រើស​ដូចគ្នា​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូមអាន​អំពី​វិធី​ជ្រើស​រើស​វាំង​នន​សម្រាប់​តុបតែង​ផ្ទះ ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង​តាមរយៈ​ការបក​ស្រាយ​របស់លោក​ស្រី ហ្គេច រ៉ុង ដែលជា​ម្ចាស់ហាង​លក់វាំង​នន​ដាឡា។

វាជា​ការពិត​ណាស់ គ្រប់ផ្ទះ​ទាំងអស់​មានការ​រៀបចំ​ដោយ​ឡែកៗ​ពីគ្នា​ទៅតាម​ការ​និយម​ចូលចិត្ដ​របស់​គ្រួសារ​នីមួយៗ។ ប៉ុន្ដែ​អ្វីដែល​ចង់​ជម្រាប​ជូន​ពេលនេះ​គឺសំ​ដៅ​បន្ថែម​ភាព​ស្រស់​ស្អាតទៅ​លើអ្វី​ដែលមាន​ស្រាប់រួច​ទៅហើយ​នោះ​ដូចជា​ការតុប​តែងវាំង នន​តាម​ខ្លោង​ទ្វារ បង្អួច ចង្ក្រាន​បាយ បន្ទប់​ទទួល​ភេឬៀវ​ជាដើម។

ការ​ជ្រើស​រើសវាំង​នន​តុបតែង​ផ្ទះ​បូរាណ

កាលពី​សម័យ​មុន ម៉ូត​ផ្ទះមាន​តែមួយ​មុខគត់​គឺផ្ទះ​បូរាណ ហើយ​មាន​ឈ្មោះ​ផ្សេងៗ​ពីគ្នា។ ទោះបី​ជាមាន​ការហូរ​ចូល នូវម៉ូត​ផ្សេងៗ​ច្រើន​បន្ដិច​មែន លោកអ្នក​មួយ​ចំនួន​នៅតែ​រក្សាបាន និង​សាងសង់​ផ្ទះតាម​ម៉ូត​បូរាណ​ដដែល។ ចំពោះ​ការតុប​តែងផ្ទះ បូរាណ​មិនមាន​ការ​ពិបាក​ឡើយ​ជាទូ​ទៅនៅ​ក្នុងការ​រៀបចំ​វាំងនន​មាន​លក្ខណៈ​ខុសពី​ផ្ទះម៉ូត​ផ្សេងៗ​នៅត្រង់​ខ្លោងទ្វារ បង្អួច បន្ទប់​គេង ចង្ក្រាន​បាយ គឺដេរ​ម៉ូត​ធម្មតា​ដោយ​បត់វាំង​ននជា​ផ្នត់ដូច​អ៊ុត និងដេរ​ដាក់កង​ឈើ​ហើយ​ដាក់ផ្កា​ជាស្បៃ​ខាងក្នុង​វាំងនន។ ការដេរ​បែប នេះ​សាមញ្ញ​មែនពិត​តែក៏​មាន​លោកអ្នក​មួយ​ចំនួន​នៅតែ​ត្រូវការ។

ការ​ជ្រើសរើស​វាំងនន​តុបតែង​ផ្ទះល្វែង

ផ្ទះល្វែង​នាសម័យ​បច្ចុប្បន្ន​មាន​ជាច្រើន ជា​ពិសេស​នៅទី​ក្រុង ឬទី​ប្រជុំ​ជន។ ចំពោះ​ការតុប​តែងវាំង​ននក្នុង​ផ្ទះ​អាស្រ័យ​ទៅ លើ​ចំណង់​ចំណូល​ចិត្ដ លោកអ្នក​មួយ​ចំនួន​ត្រូវការ​រៀបចំ និង​មានខ្លះ​ទៀតមិន​រៀបចំ​ក៏គ្មាន​បញ្ហា​អ្វីដែរ។ ប៉ុន្ដែ​ទោះបី​ជាយ៉ាង​ណាក៏ ដោយ ដើម្បី​បន្ថែម​ភាព​ស្រស់​ស្អាត​ដល់​គេហ​ដ្ឋាន​របស់​លោកអ្នក​ព្រម​ទាំងអាច​ជួយឱ្យ​មាន​ផាសុក​ភាពគួរ​តែរៀប​ចំវាំង​នន។ បន្ទប់ ទទួល​ភេឬៀវ​វាំងនន​ធម្មតា ឬ​ម៉ូត​សម័យថ្មី​(រំលេច​ដោយ​ស្រមោល​ទឹក​រលក)​ភាគច្រើន​សព្វថ្ងៃ​មានការ​និយម​ម៉ូត​សម័យថ្មី​នៅក្នុង បន្ទប់គេង​ដូចគ្នា​ដែរ។ ជា​ទូទៅ​បន្ទប់​បាយច្រើន​រើស​ប្រើវាំង​ននធម្មតា​ដោយ​គ្មានការ​រចនា​ម៉ូត។ ជាង​នេះទៅ​ទៀត​សម្រាប់​ទ្វារ​បង្អួច វាំង​នន​ធម្មតា ឬម៉ូត​ក៏ដោយ​ប្រសិន​ទ្វារម៉ូត​បែប​ណា​បង្អួច​ក៏បែប​នោះ​(ឈុត​ដូចគ្នា)។

ការ​ជ្រើស​រើស​វាំងនន​តុបតែង​ភូមិគ្រឹះ​(ផ្ទះ​វីឡា)

សម្រាប់​ភូមិគ្រឹះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​បន្ដិច​នៅក្នុង​ការរៀប​ចំ​វាំងនន ស្រដៀង​គ្នានឹង​ផ្ទះល្វែង។ ប៉ុន្ដែ​មាន​លក្ខណៈ​ពិសេស​ត្រង់​បន្ទប់​គេង និង​បន្ទប់​ទទួល​ភេឬៀវ ចាំបាច់​ត្រូវ​ប្រើ​វាំងនន​ម៉ូត​ទំនើប​ដើម្បី​មានភាព​ស័ក្ដិសម​ទៅតាម​ម៉ូត​សម័យថ្មី។ ជា ពិ​សេស​ការច្នៃ​ម៉ូត​បំពាក់​បន្ទប់​គេង និង​បន្ទប់​ទទួល​ភ្ញៀវ លោកអ្នក​មួយ​ចំនួន​ទៀតត្រូវ​ការឱ្យ​ច្នៃម៉ូត​ដែល​ស្អាត​ប្លែក​ជាងគេ​ដោយ គ្រាន់តែ​ចំណាយ​ប្រាក់​ច្រើនជា​ធម្មតា។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ជ្រើស​រើស​ពណ៌​វាំងនន​ឱ្យ​ស័ក្ដិ​សម​តាម​ពណ៌​ជញ្ជាំង

ចង់បាន​ផ្ទះ​ស្រស់​ស្អាត​បន្ថែម​ទៀត​ការជ្រើស​រើស​វាំងនន​ត្រូវ​ពិនិត្យ​មើលលើ​ពណ៌ផ្ទះ ហើយ​ម្យ៉ាងវិញ​ទៀតក៏​អាស្រ័យ​លើ កម្រាល​ការ៉ូ សាឡុង​ជាដើម។ ជញ្ជាំង​ផ្ទះ​ពណ៌អ្វី​ត្រូវដាក់​ពណ៌​វាំងនន​បែបនោះ​ដែរ។ ប៉ុន្ដែ​ចំពោះ​ជញ្ជាំង​ពណ៌ស​ដាក់វាំង​នន​ពណ៌​បែប ណាក៏​ស័ក្ដិ​សម​ដែរ ដូចជា​ពណ៌​ឈើ ពណ៌​ខៀវ ពណ៌​លឿង ពណ៌​ចំប៉ា​ក្រៀម​(ពណ៌​ស៊ីជម្ពូ)​ឬពណ៌​ផ្សេងៗ​ទៀតជា​ដើម។ ជាង​នេះទៅ ទៀត លោកអ្នក​គួរតែ​ដឹង​អំពី​វាំងនន​ការពារ​ពន្លឺ​ថ្ងៃ​ដោយ​ដេរ​ក្រណាត់​កៅស៊ូ​ដែល​មាន​ពណ៌​អាលុយ​មីញ៉ូម​ដាក់ខាង​ក្រៅ និង​ពណ៌​ខ្មៅ ដាក់ខាង​ក្នុង​ក្រៅពី​នេះត្រូវ​ដេរ​វាំងនន​ក្រណាត់​ដាក់ខាង​ក្នុងមួយ​ជាន់​ទៀត។ ចំពោះ​នៅតាម​បណ្ដា​ក្រុមហ៊ុន​នានា​មិនសូវ​ផ្ដោត​លើការ ជ្រើស​រើស​វាំងនន​ទេ​ជា​ពិសេស​នៅតាម​ការិយា​ល័យ​ច្រើន​និយម​ប្រើបង្អួច​ស្លាប​ព្រិល​បញ្ឈរ និង​លីមី​ញ៉ូម​(ពណ៌ស​ថ្លាៗ) ឬវាំង​នន ធម្មតា។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​គួរតែ​ប្រុង​ប្រយ័ត្ន​បន្ដិច​នៅពេល​ជ្រើស​រើស​វាំងនន​តុបតែង​ផ្ទះ ព្រោះការ​រៀបចំ​ត្រូវ​ពឹងផ្អែក​ទៅលើ​ការ​រចនា​ម៉ូត និង​ពណ៌​ផ្ទះ។ ប្រការ​ល្អ​បំផុត​លោកអ្នក​ត្រូវទៅ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ក្នុងការ​ជ្រើស​រើស​វាំង​នន​និង​រៀបចំ​ឱ្យត្រូវ​ទៅតាម​ប្រភេទ នៃផ្ទះ ដើម្បី​ចៀស​វាង​ការ​ពិបាក​លើក​ក្រោយ​ក្នុងការ​ប្ដូរ​ផ្លាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative