ផ្ទះ​ល្វែង​ខ្លះគ្មាន​ស្ដង់ដារ

បច្ចុប្បន្ន​នេះការ​រីករាល​ដាលដ៏​ច្រើននៃ​ចំនួន​ផ្ទះ​ល្វែងក្នុង​ទីក្រុង​ភ្នំ​ពេញ​បាន​ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។ មាន​មនុស្ស ភាគ​ច្រើនបាន​ជ្រើស​រើសផ្ទះ​ល្វែង ដើម្បី​ធ្វើជា​ទីស្នាក់​អាស្រ័យ​របស់ខ្លួន​ដោយ​មិនបាន​គិតពី​សុវត្ថិ​ភាព​របស់ខ្លួន​នៅពេល​ទៅរស់​នៅ ក្នុងផ្ទះ​ដែលមាន​ស្ថានភាព​ជាប់ៗគ្នា​រាប់រយ​ល្វែងនោះ​ទេ។ តើការ​សាងសង់​ផ្ទះល្វែង​ទាំងអស់​នោះ​មានការ​គោរព​ទៅតាម​រូបមន្ដ ស្ដង់ដារ​បច្ចេក​ទេស​បាន​ត្រឹមត្រូវ​ហើយ ឬនៅ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចម្ងល់​ទាំងនេះ​នឹងមាន​បក​ស្រាយ​នៅក្នុង​ទស្ស​នាវដ្ដី សុខភាពយើង ដោយ​លោក នួន រតនា​សាស្ដ្រា​ចារ្យ​ស្ថាប​ត្យកម្ម​នៃ សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ជូន​ប្រិយ​មិត្ដ​អ្នកអាន។

លក្ខណៈ​ស្ដង់ដារ​ផ្ទះល្វែង

ដើម្បី​សាងសង់​ផ្ទះល្វែង​ដែលមាន​ស្ដង់ដារ​ត្រឹមត្រូវ​នោះ គឺវា​អាស្រ័យ​ទៅលើ​បច្ចេក​ទេស​ក្នុងការ​សាងសង់​និងការ​រៀបចំ ប្លង់ផ្ទះ​ឱ្យមាន​លក្ខណៈ​ប្រសើរ​ដោយ​មិនសូវ​គិតទៅ​លើការ​ចំណាយ​ប្រាក់កាស​ក្នុង​ការ​សាងស​ង់ប៉ុន្មាន​នោះទេ។

  • បទដ្ឋាន​លើ​បច្ចេក​ទេស ៖ ការ​សាងសង់​ផ្ទះល្វែង​តម្រូវ​ទៅលើ​ការសិក្សា​ពីគ្រឹះ​ផ្ទះ និងពី​ធ្នឹមផ្ទះ​ថាគួរ​ដាក់​ចំនួន​ប៉ុន្មាន ដើម្បី​អាច​ទ្រទ្រង់​ផ្ទះនោះ​បាន។ កំណត់​អាយុនៃ​ការចាក់​បេតុង​ប្លង់សេ​ផ្ទះឱ្យ​បាន​យ៉ាង​ហោច​ណាស់​ចំនួន​២១​ថ្ងៃមុន​នឹងដោះ​ក្ដារបន្ទះ ចេញ។ ធ្វើការ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ​នូវការ​លាយ​ខ្សាច់ និងស៊ី​ម៉ងត៍​សម្រាប់​បូក​ជញ្ជាំង ឬ​រៀប​ឥដ្ឋ។ល។
  • បទដ្ឋាន​លើ​ស្ថាបត្យ​កម្ម ៖ សង់ផ្ទះ​រៀបចំ​ពន្លឺ​ព្រមទាំង​ធ្វើឱ្យ​មានខ្យល់​ចេញចូល​បាន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវិត មនុស្ស​ដែល​រស់នៅ​ក្នុងផ្ទះ។ ជា​ធម្មតា​ការសាង​សង់ផ្ទះ​ល្វែងគេ​ត្រូវរៀប​ចំប្លង់​យ៉ាងណា​ទុកឱ្យ​មានខ្យល់​និង​ពន្លឺ​ចេញចូល​ឱ្យបាន ៥ភាគ​រយនៃ​លំហ​អាកាស។

ចំពោះ​ផ្ទះល្វែង​ដែល​គោរពទៅ​តាមស្ដង់​ដារនោះ អាច​មានគុណ​ភាព​រហូត​ដល់ទៅ​រយៈពេល​ពី៨០​ទៅ៩០​ឆ្នាំ។ ស្ដង់​ដារ បច្ចេក​ទេស​សាងសង់​មិនសូវ​ជា​សំខាន់​ដូច​ស្ដង់ដារ​ក្នុងការ​រស់នៅ​ប៉ុន្មាន​នោះទេ ព្រោះ​ជីវិត​របស់​មនុស្ស​រស់នៅ​គឺពឹង​ផ្អែកទៅ​លើស្ដង់ ដារនៃ​ការរៀប​ចំឱ្យ​មានខ្យល់​ចេញ​ចូល និងពន្លឺ​ឱ្យបាន​គ្រប់​គ្រាន់។ ចំពោះ​ស្ដង់ដារ​ក្នុងការ​រៀបចំ​សាងសង់​ផ្ទះល្វែង​នេះ ភាគ​ច្រើន​អ្នក សាងសង់​ផ្ទះនៅ​ក្នុង​ប្រទេស​ច្រើនតែ​មើល​រំលង។

ស្ថានភាព​ស្ដង់ដារ​ផ្ទះល្វែង​នៅក្នុង​ប្រទេស

បើទោះ​បីជា​រាល់ការ​រៀបចំ​ប្លង់ និងការ​សាងសង់​ផ្ទះល្វែង​មានការ​ទទួល​ស្គាល់ពី​សមត្ថ​កិច្ច​ដោយ​មានការ​ត្រួត​ពិនិត្យ​ពីមន្ទីរ រៀបចំ​ដែនដី​នគរ​រូបនី​យកម្ម​យ៉ាង​ណាក៏​ដោយ ក៏រាល់​ការចេញ​ការ​អនុញ្ញាត​ទាំងនោះ​នៅតែ​មើល​រំលង​នូវស្ដង់​ដារផ្ទះ​ជា​ពិសេស​គឺស្ដង់ ដារនៃ​ការរៀប​ចំឱ្យ​មានខ្យល់ និងពន្លឺ​តែម្ដង។ ដោយការ​ត្រួត​ពិនិត្យ​មានការ​ធ្វេស​ប្រហែស​ឬមិន​មានអ្នក​ជំនាញ​ខាងផ្នែក ស្ថា​បត្យ​កម្ម​ត្រួត​ពិនិត្យ។ ដូច្នេះ​ផ្ទះល្វែង​នៅទី​ក្រុង​ភ្នំពេញ​នាបច្ចុ​ប្បន្ន​ភាគច្រើន​មិនសូវ​មានស្ដង់​ដារត្រឹម​ត្រូវ​ប៉ុន្មាន​នោះទេ។ លោកអ្នក ដែល​មាន​បំណង​ចង់រស់​នៅក្នុង​ផ្ទះល្វែង ឬក៏​កំពុងតែ​រស់នៅ​ហើយ​នោះ​បើអាច​ចៀស​វាងការ​ជ្រើសរើស​ផ្ទះល្វែង​សម្រាប់​ធ្វើជា​ទី ជម្រក​របស់​ខ្លួនបាន​គឺកាន់​តែ​ប្រសើរ។ ការ​រស់នៅ​ក្នុងផ្ទះ​ល្វែង​ដែលមិន​សមស្រប​ទៅតាម​ស្ដង់ដារ មិនត្រឹម​តែធ្វើ​ឱ្យអ្នក​មិនមាន សុវត្ថិ​ភាព​ក្នុងការ​រស់នៅ​នោះទេ ថែមទាំង​ធ្វើឱ្យ​អ្នកគ្មាន​ផាសុក​ភាព​ថែម​ទៀត​ផង។ ព្រោះ​គ្មានខ្យល់​អាកាស និង​ពន្លឺ​ចេញ​ចូលបាន​គ្រប់​គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវិត​ដែល​អាច​បណ្ដាល​ឱ្យ​សុខភាព​របស់​លោកអ្នក​ចុះ​ទ្រុឌ​ទ្រោម​បាន។

មូល​ហេតុ​នៃការ​មិន​គោរព​ស្ដង់ដារ​ផ្ទះ​ល្វែង

មាន​មូល​ហេតុ​ជាច្រើន​ដែល​នាំឱ្យ​ផ្ទះ​ល្វែង​នៅក្នុង​ប្រទេស​មាន​លក្ខណៈ​មិន​គ្រប់គ្រាន់​ទៅតាម​ស្ដង់ដារ​បច្ចេក​ទេស។ តែ ហេតុ​ផល​ទាំងនោះ​មានការ​ជាប់​ពាក់​ព័ន្ធគ្នា ហើយ​មិនអាច​បន្ទោស​តែម្ខាង​ៗបាន​ដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1. អ្នកបច្ចេក​ទេស​គ្មាន​សមត្ថ​ភាព ៖ ដោយ​សារតែ​ប្រទេស​យើងជា​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​ហើយ​ទើបតែ​ងើប​ចេញពី សង្គ្រាម​នោះ ដូច្នេះ​នៅមាន​ការខ្វះ​ខាតផ្នែក​ធនធាន​មនុស្ស​ច្រើន។ បើទោះ​បីជា​អ្នក​ជំនាញ​មានការ​សិក្សា​និងបទ​ពិសោធន៍​ក្នុងការ​ងារ បាន​ច្រើនក៏​ដោយ​តែអ្នក​ជំនាញ​ទាំងនោះ​នៅខ្វះ​ការ​សិក្សា​នៅឯ​បរទេស​ពី​បច្ចេក​ទេស​ថ្មីៗ​សម្រាប់​យកមក​អនុវត្ដន៍​នៅក្នុង​ប្រទេស។

2. អ្នក​បច្ចេក​ទេស​គ្មាន​ឱកាស ៖ សេដ្ឋ​កិច្ច​ទីផ្សារ​សេរី​ក្នុង​ប្រទេស​បើក​ឱកាស​អ្នក​ជំនួញ​ជាច្រើន​បានមក​ធ្វើ​វិនិយោគ​ទុន  ដើម្បី​រក​ប្រាក់​ចំណេញ។ ក្រុមហ៊ុន​ទាំងនោះ​បានជួល​អ្នក​ជំនាញ​ដើម្បី​ធ្វើការ​ងារ​សាងសង់​ផ្ទះល្វែង​ដោយ​តម្រូវ​ទៅតាម​ការ​កំណត់ របស់​ពួកគេ​ជា​ប្រធាន ដោយ​ធ្វើ​យ៉ាង​ណា​ចំណាយ​ឱ្យអស់​តិច​ហើយ​ទទួល​ចំណូល​វិញឱ្យ​បានច្រើន​ដោយ​មិនគិត​ពីស្ដង់​ដារអ្វី​ទាំងអស់។

3. អ្នកទិញ​ខ្វះការ​យល់ដឹង ៖ លោកអ្នក​មួយ​ចំនួន​មិនបាន​យល់ពី​អ្វីទៅ​ដែល​ហៅថា​ផ្ទះដែល​មានស្ដង់​ដារ​នោះទេ។ ភាគ ច្រើន​ពួកគាត់​ទៅទិញ​ដោយ​សម្លឹង​ទៅលើ​សោភ័ណ​ភាព​ផ្ទះ​តម្លៃ​សមរម្យ​អាច​ទទួល​យកបាន​ទិញ​ហើយ​ងាយ​ស្រួល​រកស៊ី។ល។ ដោយ មិន​ខ្វាយខ្វល់​ពីការ​ប្រឈម​នៅពេល​ខាងមុខ​នោះ​ឡើយ។

ផលប៉ះ​ពាល់នៃ​ផ្ទះល្វែង​ដែលគ្មាន​ស្ដង់ដារ

ផ្ទះគឺ​ជា​ជម្រក​មួយដ៏​ប្រសើរ និងធ្វើ​ឱ្យ​ជីវិត​មានភាព​រស់​និយម​ប្រសិន​បើ​លោកអ្នក​រស់នៅ​ផ្ទះដែល​គ្មានស្ដង់​ដារត្រឹម​ត្រូវ  ធ្វើឱ្យ​លោកអ្នក​រស់នៅ​ទាំង​ប្រថុយ​ប្រថាន និងភ័យ​ខ្លាច ដែលធ្វើ​ឱ្យប៉ះ​ពាល់ដល់​សុខភាព​ទាំងផ្លូវ​ចិត្ដ និង​ផ្លូវកាយ។ ព្រោះ​មិនមាន ខ្យល់​ចេញចូល​គ្រប់គ្រាន់។ ផ្ទះ​ល្វែងភាគ​ច្រើន​ចម្លង​ម៉ូតពី​របរទេស​ទាំងស្រុង​ឬខ្លះៗ​ដោយ​មិនមាន​លក្ខណៈ​ជាម៉ូត​របស់ខ្មែរ ដែល ធ្វើឱ្យ​ពួក​បរទេស​វាយ​តម្លៃ​ប្រទេស​របស់​យើងទៅ​តាមការ​យល់​ឃើញ​របស់​ពួកគេ​រៀងៗ​ខ្លួន។

គួរធ្វើ​យ៉ាងណា​ដើម្បី​ឱ្យផ្ទះ​ល្វែងមាន​ស្ដង់ដារ​ត្រឹមត្រូវ?

ដើម្បី​កាត់​បន្ថយ​ការសាង​សង់ផ្ទះ​ល្វែងដែល​មិនស្រប​ទៅតាម​ស្ដង់ដារ​ត្រឹមត្រូវ​នោះ គឺ​អាស្រ័យ​ទៅលើ​ការ​ពង្រឹង​សមត្ថ​ភាព និង​សមត្ថ​កិច្ច​របស់​មន្ដ្រី​រាជការ ជា​ពិសេស​អ្នក​ដែលមាន​សិទ្ធិ​ទទួល​ការខុស​ត្រូវ​ឬអ្នក​ដែលមាន​សិទ្ធិ​ចុះហត្ថ​លេខា​អនុ​ញ្ញាត លើរាល់​ឯកសារ​ប្លង់ផ្ទះ​ល្វែង។ មុននឹង​ធ្វើការ​សាងសង់​ត្រូវឱ្យ​មានការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ និង​ម៉ត់ចត់​ចៀស​វាងការ​ធ្វេស​ប្រហែស ឬ មានការ​ឃុបឃិត​គ្នា។

ដំបូន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​ដែលមាន​បំណង​ទិញផ្ទះ​ល្វែង ឬក៏​សាងសង់​ផ្ទះដោយ​ខ្លួនឯង​នោះ​គួរ​គប្បី​គិតទៅ​លើ​បញ្ហា​ស្ដង់ដារ​ជា​ចម្បង។ លោកអ្នក​គួរតែ​រកអ្នក​ជំនាញ​ត្រឹមត្រូវ​ទាំងផ្នែក​គូសប្លង់ និងអ្នក​បច្ចេក​ទេស​សាងសង់​ក្នុងការ​សាង​សង់ផ្ទះ​និងមិន​គួរ​សន្សំ​សំចៃ​ការចំ ណាយ​លើការ​សាងសង់​នោះពេក​ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative