វិធី​បំបាត់​ក្លិន​សក់

ក្លិនសក់​មិនល្អ​ជាមូល​ហេតុបង្ក​ធ្វើឱ្យ​មា​នអារម្មណ៍​តប់​ប្រមល់ មិនជ្រះ​ស្រឡះ​ថែមទាំងស្អិត​លើ​ស្បែក​ក្បាល​ទៀតផង។ ម្យ៉ាង​វិញទៀត ទោះបី​ជាក្លិន​ខ្លួន​ក្រអូប​បែប​ណាក៏​ដោយ តែបើ​ក្លិនសក់​មាន​បញ្ហា​កើតឡើង​ហើយ​នោះក្លិន​ខ្លួនក៏​មិនអាច​ស្រស់ ស្រាយ​ដែរ។ លោកអ្នក​ពិតជា​ធ្លាប់មាន​បញ្ហា​នេះកើត​ចំពោះ​ខ្លួនជា​មិនខាន​ឡើយ​គ្មានអ្នក​ណាម្នាក់​ចៀសរួច​បានទេ។ តើក្លិន​សក់ បណ្ដាល​មកពី​អ្វី ហើយ​ចំពោះ​វិធី​បំបាត់​នោះគួរ​ធ្វើបែប​ណា?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោកស្រី សិទ្ធិ ច័ន្ទ​ហេង​ដែលជា​ម្ចាស់​ហាងកែ​សម្ផស្ស​ថប​ស្ដាយ ដើម្បី បក​ស្រាយ​អំពី​បញ្ហា​ក្លិនសក់ និងវិធី​បំបាត់​ក្លិន​សក់។

មូល​ហេតុ​បង្កធុំ​ក្លិនសក់

ស្បែក​ក្បាល​ឧស្សាហ៍​បែក​ញើស​ជាញឹក​ញាប់អាច​បង្កកើត​អង្គែ ព្រោះ​មាន​កម្ទេច​ធូលី​មកប៉ះ​ជាមួយ​ស្បែក​ដែលមាន​ញើស ។ សម្រាប់​លោកអ្នក​សម្បូរ​ជាតិ​ញើស​លើស្បែក​ក្បាល នោះក៏​មិនមាន​ន័យថា​អាចកើត​បញ្ហា​អង្គែទាំង​អស់ឡើយ។ សាប៊ូ​កក់សក់​ក៏ជា បញ្ហា​ប៉ះ​ទង្គិច​លើស្បែក​ក្បាល ដូចជា​ការ​ជ្រើស​រើស​សាប៊ូ​មិនត្រូវ​ជាមួយ​ស្បែក​ក្បាល​ឬសរ​សៃសក់។ ចំពោះ​ការកក់​សក់ ប្រសិន​បើ សម្អាត​មិនបាន​ល្អទេ ធ្វើឱ្យ​កម្ទេច​ដែលនៅ​សល់លើ​ស្បែក​ក្បាលនិង​នាំឱ្យ​សក់ឆាប់​ធុំក្លិន។ ផ្ទុយ​មកវិញ​ការខ្វះ​អនាម័យ​ជា​ចំណុច​សំខាន់ ជួន​កាលដៃ​មិនស្អាត​យកទៅ​ប៉ះនឹង​ស្បែក​ក្បាលធ្វើ​ឱ្យ​ប្រឡាក់​ឬ​ដាច់​រហែក​បង្កជា​ដំបៅ​ក៏មាន។ ម្យ៉ាង​ទៀត​ពេល​សក់កក់​មិនទាន់​ស្ងួត ហើយ​លោកអ្នក​ចង ក៏អាច​ជា​បញ្ហា​នាំឱ្យ​ធុំក្លិន​ដែរ។

វិធី​បំបាត់​ក្លិន​សក់

ដោយ​សារ​មាន​បញ្ហា​ជាច្រើន​ធ្វើឱ្យ​ធុំក្លិន​សរសៃ​សក់និង​បង្កពី​អង្គែ ការ​បែក​ញើស គ្មាន​អនាម័យ​ជាដើម។ លោកអ្នក​ដែល កើត​អង្គែ​លើស្បែក​ក្បាល​គួរទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ព្យាបាល​ពីមូល​ហេតុ​ដែល​បង្កឱ្យ​មាន​អង្គែ។ គប្បី​ជ្រើស​រើស​សាប៊ូ​កក់​សក់ ដែល​មាន​គុណ​ភាព ជា​ពិសេស​ត្រូវ​ជាមួយ​ស្បែក​ក្បាល។ សូម​អាន​អត្ថបទ​ស្ដីពី​វិធី​ជ្រើស​រើស​សាប៊ូ​កក់​សក់ ដែល​បានចេញ​ផ្សាយ​នៅ ក្នុង​ទស្ស​នាវដ្ដី សុខភាព​យើង លេខ​០១១ ខែធ្នូ ឆ្នាំ​២០០៦។ ប្រការ​សំខាន់​លោកអ្នក​ត្រូវធ្វើ​អនាម័យ​ជា​ប្រចាំ ដោយ​ឧស្សាហ៍​សម្អាត សរសៃ​សក់ឱ្យ​បាន​ញឹក​ញាប់។ ក្នុងការ​សម្អាត​លោកអ្នក​គួរតែ​អេះថ្នម​ៗដើម្បី​ឱ្យ​អស់​ជាតិ​កំអែល​លើ​ស្បែក​ក្បាល​(អង្គែ)។ ក្រោយ ពេលកក់​សក់រួច សូម​ទុកសក់​ឱ្យបាន​ស្ងួត​មុននឹង​ចង​ឬរចនា​ម៉ូត​ផ្សេងៗ។ ចំពោះ​ប្រេង​អប់​សក់ ឬ​ប្រេង​បន្ទន់​សក់ លោកអ្នក​មិន គួរ​មើល​រំលង​ឡើយ ក្នុងមួយ​សបា្ដហ៍​ត្រូវអប់​សក់​ម្ដង​ទើប​សក់មាន​ក្លិន​ប្រហើរ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ធុំក្លិន​សក់​បង្ក​បញ្ហា​ជាច្រើន​ដែលមិន​ត្រឹមតែ​ប៉ះពាល់​ដល់​ស្បែក​ក្បាល​ប៉ុណ្ណោះ​ទេ វាថែម​ទាំងអាច​ធ្វើឱ្យ​លោកអ្នក​ខ្វះ​ទំនុក ចិត្ដក្នុង​ការ​ប្រា​ស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ។ សូម​ចងចាំ​ថាការ​សម្អាត​ជា​ប្រការ​ចម្បង​ក្នុងការ​បំបាត់​ក្លិន​អាប់អួរ​នៃ​សរសៃ​សក់។ ជា ពិ​សេស​ការជ្រើស​រើស​ប្រភេទ​សាប៊ូ លោកអ្នក​អាចទៅ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ទើបល្អ មិន​ខាតបង់​ថវិកា​និង​ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative