ជម្ងឺ​ផ្លូវ​ចិត្ដ ៖ វិធី​ថែទាំ និង​ផល​ប៉ះពាល់

មិនមែន​តែរូប​កាយខាង​ក្រៅ​ប៉ុណ្ណោះ​ទេដែល​អាច​ឈឺចាប់ ឬមាន​ជម្ងឺ ប៉ុន្ដែ​ដួងចិត្ដ​ក៏អាច​ឈឺចាប់​បានដែរ​ប្រសិន​បើមាន ការប៉ះ​ទង្គិច​ផ្នែក​អារម្មណ៍។ ពេល​ជម្ងឺ​ផ្លូវចិត្ដ​កើត​ឡើង​ការព្យា​បាល​មិនអាច​ពឹងផ្អែក​លើផ្នែក​វេជ្ជ​សាស្ដ្រ​មួយមុខ​បានទេ​ឱសថ​ដែល សំខាន់​មួយមុខ​ទៀតនោះ​គឺការ​សង្គ្រោះ​ផ្លូវចិត្ដ។ អ្នក​ជម្ងឺ​ផ្លូវចិត្ដ​ត្រូវការ​ជាចាំ​បាច់នូវ​ការលួង​លោម​ថែរក្សា​ពី​មនុស្ស​ជាទី​ស្រឡាញ់ និង ក្រុម​គ្រួសារ។ តើ​មនុស្ស​ជាទី​ស្រឡាញ់ ក្រុម​គ្រួសារ​និង​សាច់​ញាតិ​គួរធ្វើ​ដូចម្ដេច​ខ្លះ​ដើម្បី​រួម​ចំណែក​ព្យាបាល​អ្នក​ជម្ងឺ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត ស៊ិន ប៉ូលី អ្នក​ឯក​ទេស​ជម្ងឺ​ផ្លូវចិត្ដ​ប្រចាំ​អង្គការ​ចិត្ដ​សង្គម​អន្ដរ​វប្បធម៌​(ធី​ភីអូ)​បាន​ផ្ដល់បទ​សម្ភាសន៍​ដល់ ក្រុមការ​ងារនៃ​ទស្ស​នាវដ្ដី សុខភាពយើង ពាក់ព័ន្ធ​នឹងការ​ថែទាំ​អ្នកមាន​ជម្ងឺ​ផ្លូវចិត្ដ។

រោគ​សញ្ញា​ជម្ងឺ​ផ្លូវចិត្ដ

ជម្ងឺ​ផ្លូវចិត្ដ​ជាជម្ងឺ​គ្មាន​ឈ្មោះ​មេរោគ​ពិត​ប្រាកដ​ដែល​បង្កហេតុ​ដូចជម្ងឺ​ដទៃ​ទៀត​នោះទេ។ គេអាច​ដឹងថា​បុគ្គល​ម្នាក់មាន​ជម្ងឺ ផ្លូវចិត្ដ​ឬអត់​នោះ ដោយប្រើ​ការសង្កេត​ទៅលើ​អារម្មណ៍ អាកប្ប​កិរិយា​ឬការ​គិតមិន​ធម្មតា​របស់​បុគ្គល​នោះជា​ដើម។ ជា​ទូទៅ​គេអាច សម្គាល់​បានច្រើន​ទៅលើ​ការ​សង្កេត​អាកប្ប​កិរិយា សកម្ម​ភាព​រូបរាង​កាយ​ច្រងេង​ច្រងាង​សំដី​សំដៅ​កំសត់​ពេក ហ៊ាន​ពេក ឆាប់ ប្រតិ​កម្មតប គេង​មិនលក់ បាយ​មិនបាន ឆាប់​ភ័យខ្លាច ញ័រ​ទ្រូង ព្រិល​ភ្នែក​ការ​ស្លៀក​ពាក់​ខុស​បែប​បទ​កាលៈ​ទេសៈ ការតុប​តែងខ្លួន តាមតែ​អារម្មណ៍​នឹកឃើញ ទឹកមុខ​ស្រពាប់​ស្រពោន មួម៉ៅ​ច្រើន ឯកោ​ជាដើម។ និយាយ​រួម​បច្ចុប្ប​ន្នភាព​របស់​បុគ្គល​នោះ​ប្លែក ពី​ប្រក្រ​តីភាព​កាលពី​អតីត​កាល​របស់គេ។ ដំណាក់​កាលនេះ​អាច​ហៅថា​ជម្ងឺ​សរសៃ​ប្រសាទ។ ប្រសិន​បើជម្ងឺ​ផ្លូវចិត្ដ​ឈាន​ដល់​កម្រិត ធ្ងន់ធ្ងរ ដែលអាច​ហៅថា​វិកល​ចរិត ឬឆ្កួត​រ៉ាំរ៉ៃ​នោះ​ឥរិ​យាបថ​ដែលនឹង​ស្ដែង​ឡើង អាចជា​សកម្ម​ភាព​ឃោរ​ឃៅ ឆាប់តក់​ស្លុ្លត ចង់ធ្វើ អត្ដ​ឃាត ឬ​ពិឃាត​អ្នក​ដទៃ​ប្រទេច​ផ្ដាសា​ពាស​វាលពា​សកាល​និយាយ​សើច​ម្នាក់ឯង លែង​ខ្មាស​អៀន​ជាដើម។

ផល​ប៉ះពាល់​នៃជម្ងឺ​ផ្លូវចិត្ដ

ជាការ​ពិត​ណាស់ ជម្ងឺ​ផ្លូវចិត្ដ​ផ្ដល់ផល​រំខាន​ដល់​ដំណើរ​វិវឌ្ឍន៍​ទូទៅ​ទាំងខ្លួន​ឯងផ្ទាល់ គ្រួសារ និង​សង្គម​ទាំងមូល។

1. ផលប៉ះ​ពាល់​បុគ្គល​ខ្លួនឯង ៖ ឥទ្ធិពល​អាក្រក់​ច្រើន​យ៉ាង​ដែលនឹង​កើតមាន​ដូចជា​សុខភាព​ផ្លូវកាយ​ធ្លាក់ចុះ​ជាលំ​ដាប់ បាត់បង់​ឱកាស​ល្អនៃ​បំណង​ប្រាថ្នា ការ​សិក្សា​កាន់តែ​ខ្សោយ គុណ​ភាព​ការងារ​ថយចុះ​មុខ​របរ​អាជី​វកម្ម​មានឱន​ភាព បាត់បង់​ភាព ស្និទ្ធ​ស្នាល​រវាង​អន្ដរ​បុគ្គល។ បើអ្នក​ជម្ងឺ​ឈាន​ចូល​កម្រិត​វិកល​ចរិត​មាន​ន័យថា​គាត់​កំពុង​បោះជំ​ហានជា​បន្ដ​បន្ទាប់​ចូល​មាគ៌ា​បរាជ័យ នៃ​ជីវិត ទី​បំផុត គាត់នឹង​ឈរលើ​ចំណុច​សូន្យគ្មាន​ទិសដៅ។

2. ផលប៉ះ​ពាល់​គ្រួសារ ៖ បើ​ជម្ងឺ​ផ្លូវចិត្ដ​ឈានដល់​ដំណាក់​កាល​សរសៃ​ប្រសាទ ឬ​វិកល​ហើយ​នោះ​គឺនាំ​ឱ្យមាន​ភាពស្មុគ ស្មាញ​ក្នុងរង្វង់​គ្រួសារ រឿង​ឧបទ្រព​អព​មង្គល​ជាច្រើន​ដែល​អាច​កើតឡើង។ លើសពី​នេះក៏​មានផល​រំខាន​ចំពោះ​ពេល​វេលា​ប្រកប អាជី​វកម្ម សេដ្ឋកិច្ច​ធ្លាក់ចុះ​ដោយ​ត្រូវចំ​ណាយ​កម្លាំង​កាយ​ចិត្ដ ពេល និង​ថវិកា​ដើម្បី​ព្យាបាល។ ល្គឹក​ណាស​មាជិក​គ្រួសារ​គ្រប់គ្នា​មាន សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ដ​រឹងមាំ​ប្រកប​ដោយ​ឧត្ដម​គតិ និង​ចំណេះ​ដឹង​ទើប​គ្រួសារ​នោះមាន​សុភ​មង្គល​ប្រកប​ដោយការ​រីក​ចម្រើន។

3. ផលប៉ះ​ពាល់​សង្គម ៖ បើមាន​មនុស្ស​ម្នាក់ ឬច្រើន​មាន​ជម្ងឺ​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ​នោះមាន​ន័យថា​កោសិកា​សង្គម​កំពុងតែ ដំបៅ។ ដូច្នេះ​រាជ​រដ្ឋា​ភិបាល តាមរយៈ​ក្រសួង​សុខា​ភិបាល​ក៏ត្រូវ​ចំណាយ​ថវិកា​ផលិត ឬទិញ​ថ្នាំ​ដើម្បី​ព្យាបាល​ដែរ។ សព្វថ្ងៃ​នេះទោះ​បី អត្រា​អ្នកមាន​ជម្ងឺផ្លូវ​ចិត្ដមាន​ត្រឹមតែ​៥ទៅ​៧នាក់ ក្នុង​ចំណោម​ពលរដ្ឋ​១០០០​នាក់ក៏​ដោយ​ក៏វា​បង្ក​ផលប៉ះ​ពាល់ខ្លះ​ដល់​សេដ្ឋកិច្ច​ជាតិ ដែរ។ លើសពី​នេះគុណ​ភាព​ធនធាន​មនុស្ស​កម្លាំង​ចលករ​នៃសង្គម​ដែលមាន​តួនាទី​ជួយ​ទ្រទ្រង់​លើគ្រប់​វិស័យ​របស់​ជាតិ ត្រូវ​បាត់បង់ សុពល​ភាព​ទៅមួយ​ចំណែក។ ករណី​ដែល​អ្នក​ជម្ងឺដើរ​ពាស​វាល​ពាស​កាល​អាច​នាំឱ្យ​ខូច​សណ្ដាប់​ធ្នាប់ និងអាច​បង្កគ្រោះ​ថ្នាក់​ផ្សេងៗ ដល់​មនុស្ស​ទូទៅ និងទី​សាធា​រណៈ។

វិធី​ថែទាំ​ព្យាបាល​ជម្ងឺ​ផ្លូវចិត្ដ

នៅពេល​ដែលដឹង​ថា​បុគ្គល​ម្នាក់ជា​សមាជិក​គ្រួសារ​មាន​ជម្ងឺ​ផ្លូវចិត្ដ​ដោយ​ប្រការ​ណា​មួយ ការយក​ចិត្ដទុក​ដាក់ពី​អាណា​ព្យា បាល បងប្អូន និងមិត្ដ​ភក្ដិ​ជាកត្ដា​ចាំបាច់។ ការព្យា​បាល​ត្រូវមាន​ការរួម​ចំណែក​ពីផ្នែក​វេជ្ជ​សាស្ដ្រ​និងការ​ថែទាំ​ដោយ​ក្រុម​គ្រួសារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

1. ការព្យា​បាល​ដោយ​វេជ្ជ​សាស្ដ្រ ៖ ជំហាន​ដំបូង​គឺត្រូវ​នាំអ្នក​ជម្ងឺទៅ​ជួបអ្នក​ជំនាញ​ផ្នែក​វិកល​វិទ្យា​ដើម្បី​ពិគ្រោះ​និងព្យា បាល។ ក្នុងអំឡុង​ពេល​ព្យាបាល ក្រៅពី​ការប្រើ​ចិត្ដ​សាស្ដ្រ​លួង​លោម​ព្យាបាល​ក៏នៅ​មានប្រើ​ថ្នាំំមួយ​ចំនួន​ទៀតជា​ជំនួយ​ស្មារតី និង សរសៃ​ប្រសាទ។ នេះជា​កត្ដា​ចាំបាច់​ដែលអ្នក​ជម្ងឺក៏​ដូចជា​អ្នកថែ​ទាំ ត្រូវ​អនុវត្ដ​តាមឱ្យ​បានជាប់​លាប់​ដូចជា​ពេល​វេលា​ណាត់​ជួបជា​មួយ គ្រូពេទ្យ ពេល​វេលា​ដែលត្រូវ​ទទួល​ទានថ្នាំ ចំនួន​កំណត់​នៃថ្នាំ​និង​ការណែ​នាំឱ្យ​ប្រតិបត្ដិ​ផ្សេងៗ​ទៀត។

2. ការថែ​ទាំពី​ក្រុម​គ្រួសារ ៖ ជា​ចំណែក​សំខាន់​បំផុត​ដើម្បី​ជួយ​ពន្លឿន​ការជា​សះ​ស្បើយ​និងការ​ត្រឡប់​ទៅរក​ភាព ប្រក្រតី​វិញ។ ស្របនឹង​ពាក្យមួយ​ឃ្លាថា “របួស​បេះដូង ត្រូវយក​បេះដូង​មកព្យា​បាល” ពោលគឺ​ក្រុម​គ្រួសារ​មនុស្ស​ជាទី​ស្រឡាញ់​ត្រូវ ជួយថែ​ទាំផ្លូវ​ចិត្ដ។

  • ចេះយល់​ចិត្ដ លួងលោម​ថ្នាក់ថ្នម ពិសេស​គូជីវិត​(ប្ដី ឬ​ប្រពន្ធ​មនុស្ស​ជាទី​ស្រឡាញ់​)មិនគួរ​ដើរលេង​ចោល​គាត់ (ឧទា​ហរណ៍ ប្ដីដើរ​យប់)​ឬនៅ​ឆ្ងាយពី​គាត់នោះ​ទេ ត្រូវ​ចំណាយ​ពេល​វេលា​នៅក្បែរ​គាត់ឱ្យ​បានច្រើន​ដើម្បី​ថែទាំ​ដោយ​ផ្ទាល់
  • ផ្ដល់​ទីកន្លែង​ដែល​ស្ងាត់ឱ្យ​អ្នកជម្ងឺ​(ធ្ងន់ធ្ងរ​)រស់នៅ ជា​ប្រយោជន៍​កុំឱ្យ​គាត់​ក្រពុល​មុខពេល​ឃើញ​មនុស្ស​អ៊ូអរ
  • ការ​សិក្សា និង​ការងារ អាចត្រូវ​ផ្អាកមួយ​រយៈ ប្រសិន​បើគ្រូ​ពេទ្យ​រកឃើញ​ថាមាន​អាការ​ធ្ងន់ធ្ងរ
  • ជួយ​រម្លស់​បន្ទុក​ការងារ ដូចជា​ជួយ​ដណ្ដាំស្ល ជួយ​ថែទាំ​កូន(បើ​មានកូន​តូច)​ជួយ​បោកគក់​សម្លៀក​បំពាក់​ជាដើម ដោយទុក​ឱ្យអ្នក​ជម្ងឺ​សម្រាក​ឱ្យបាន​ច្រើន និងចេះ​ប្រុងប្រយ័ត្ន​ពាក្យ​សម្ដី
  • ព្យាយាម​ធ្វើតាម​បំណង​របស់គាត់ បើគាត់​មាន​សំណូម​ពរ ឬចង់​បានអ្វី​មួយ​ត្រូវរក​ឱ្យគាត់​ឱ្យអស់​ពី​លទ្ធភាព​ជាពិ សេស​ដើម្បី​ប្ដូរ និង​លួងលោម​ឱ្យគាត់​លេបថ្នាំ
  • មិនត្រូវ​ឱ្យអ្នក​ជម្ងឺ​ជួប​បញ្ហា​ដដែល​(មូល​ហេតុ​ដែលបង្ក​ឱ្យមាន​ជម្ងឺផ្លូវ​ចិត្ដ)​បើអាច​ជួយបាន
  • បើជម្ងឺ​ផ្លូវចិត្ដ​ស្រាល អ្នកជម្ងឺ​គួរទៅ​លំហែ​នៅទី​កន្លែង​ទេស​ចរណ៍ និងធ្វើ​ការងារ​ស្រាលៗ​ដើម្បី​បន្លប់​ការគិត​ហ្មង​សៅ
  • ការ​អប់រំ​បែប​សាសនា និង​សមាធិ ក៏ជា​កត្ដា​សំខាន់​(អប់រំ​កាយចិត្ដ​ឱ្យស្ងប់)។ ជម្ងឺ​ផ្លូវចិត្ដ​អាចកើត​ដោយ​ការ​បាត់ បង់ ព្រាត់​និរាស​មនុស្ស​ជាទី​ស្រឡាញ់។ ពុទ្ធោ​វាទ​មួយ​ឃ្លាថា រូបំ ទុក្ខំ អនិច្ចំ អនត្ដា មានន័យ​ថាមាន​រូប មាន​ទុក្ខ​មិន​ទៀងទាត់ មិនមែន​ជារបស់​នៃខ្លួន។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

អ្នកមាន​ជម្ងឺ​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ​អាចត្រូវ​ចំណាយ​រយៈពេល​ព្យាបាល​ពី២​រហូត​ដល់១០​ឆ្នាំ ជួនកាល​មិនអាច​ជាសះ​ស្បើយ​បាន ១០០​5ទេ។ ដូច្នេះ​មិនគួរ​ឱ្យអ្នក​ជម្ងឺ​ពិសា​ថ្នាំដែល​គ្មាន​វេជ្ជ​បញ្ជា​ត្រឹមត្រូវ​នោះទេ ពិសេស​ថ្នាំ​ងងុយ​ដេក ថ្នាំឈឺ​ក្បាល​និងថ្នាំ​វិលមុខ។ នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន សេវា​កម្ម​សុខភាព​ផ្លូវចិត្ដ​ត្រូវបាន​លើក​កម្ពស់​ដែលមាន​ទីតាំង​ព្យាបាល​នៅមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត (ពេទ្យ​រុស្ស៊ី) មន្ទីរ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ និង​មន្ទីរ​ពេទ្យ​ព្រះកុ​សុមៈ​(ពេទ្យ​លោក​សង្ឃ)​សម្រាប់​ព្យាបាល​មនុស្ស​ពេញវ័យ។ មន្ទីរ​ពេទ្យ​ព្យាបាល​ផ្លូវចិត្ដ​កុមារ​មាននៅ​ក្រុងតា​ខ្មៅ​ខេត្ដ​កណ្ដាល​និង​ទីកន្លែង​ផ្សេង​ទៀត​សរុប​ប្រមាណ​ជា៤១​កន្លែង​ទូទាំង​ខេត្ដក្រុង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative