កាច ខូច​អនា​គត បំ​ផ្លាញ​សង្គម

សារ​ជាតិ​មនុស្ស​កើតមក​មិនមាន​លក្ខណៈ​ដូចគ្នា​នោះទេ អ្នកខ្លះ​មាន​ចរិត​ស្លូត​បូត​រាបសារ ទន់ភ្លន់​មានភាព​អំណត់​អត់ធ្មត់ តស៊ូ​និង​ព្យាយាម ឯ​មនុស្ស​ខ្លះទៀត​មាន​ចរិត​កោងកាច ឆាប់ខឹង និង​ឆេវឆាវ។ ពេលខ្លះ​ភាពកាច​របស់​មនុស្ស​អាច​ផ្ដល់ជា​គុណ​សម្បត្ដិ ។ ប៉ុន្ដែ​ជា​ទូទៅ​មនុស្ស​មិនអាច​ទទួល​បាននូវ​ផល​ប្រយោជន៍​គាប់ចិត្ដ​ពីភាព​កាច​របស់​ខ្លួនបាន​ឡើយ។ ផ្ទុយ​ទៅវិញ​ភាព​កាចភាគ​ច្រើន បែរជា​ផ្ដល់​នូវ​គុណ​វិបត្ដិ​ទៅវិញ។ តើ​ភាព​កាច​បណ្ដាល​មកពី​មូល​ហេតុអ្វី​និង​ផ្ដល់នូវ​គុណ​វិបត្ដិ​យ៉ាងណា​ខ្លះ​សម្រាប់​មនុស្ស?

រូបភាពគេហទំព័រសុខភាពកម្ពុជា

លោក​សាស្ដ្រា​ចារ្យ ផាន់ ចាន់ពៅ សាស្ដ្រា​ចារ្យ​ចិត្ដ​វិទ្យា​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ចូលរួម​ស្រាយ​បំភ្លឺ​អំពី​បញ្ហា​នេះ ជូន​មិត្ដអ្នក​អានឱ្យ​បាន​ជ្រាប តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

កាច ជាអ្វី?

តាម​វចនា​នុក្រម​ខ្មែរ​សម្ដេច​សង្ឃ​រាជ ជួន ណាត ពាក្យ​ថាកាច មានន័យ​ទីទៃ​ពីភាព​ស្លូត​បូត សុភាព​រាបសារ​តែជា​ការប្រ កាន់ជាប់​នូវ​កំហឹង​ក្រេវ​ក្រោធ។ កាចក៏​សម្គាល់​ទៅលើ​ភាព​ឆាប់ខឹង ឆេវឆាវ​របស់​មនុស្ស​ផងដែរ។ ជា​ទូទៅ​មនុស្ស​ម្នាក់​តែងតែ​មាន លក្ខណៈ​សម្គាល់​បួនយ៉ាង គឺ​ទំនោរ សម្បទា អត្ដ​ចរិត និង​ឫកពា។ ចំណុច​ទីបួន​(ឫក​ពា)នេះ​ហើយ​ដែលអាច​ធ្វើឱ្យ​គេ​កំណត់​បានថា មនុស្ស​ម្នាក់នោះ​ជា​មនុស្ស​ប្រភេទ​ណា ស្លូត​បូត សុភាព​រាប​សារ កាច ឆាប់ខឹង ឆេវឆាវ​ជាដើម។ ឫកពា​នេះទៀត​សោត បើតាម​ចិត្ដ វិទូ​បានធ្វើ​ការ​បែងចែក​ជាបួន​បែប។

  • មនុស្ស​ដែលមាន​ឫកពា​ក្លា​ហាន សកម្ម ក្លៀវ​ក្លា ចិត្ដមុត គឺ​សម្គាល់​ទៅលើ​អ្នកដែល​មាន​បរិមាណ​ឈាម​ច្រើន​ឬ​ឈាម រាវ។
  • តាម​ការ​ពិនិត្យ អ្នក​ដែល​មានជាតិ​អ័រម៉ូន​ច្រើន​វិញ មនុស្ស​នោះ​ច្រើន​មាន​ឫកពា​រឹងប៉ឹង នឹង​ធឹង មិន​ច្រឡោត។
  • សម្រាប់​អ្នក​ដែលមាន​ប្រម៉ាត់​ពណ៌​លឿង​ច្រើននៅ​ក្នុង​ថ្លើម សម្គាល់​លើ​មនុស្ស​ដែល​មាន​អាការ​កាច ឆេវឆាវ​ឆាប់​ខឹង។
  • ប៉ុន្ដែ​សម្រាប់​អ្នក​ដែលមាន​ទឹក​ប្រម៉ាត់​ពណ៌​ខ្មៅ គឺ​សម្គាល់​លើ​មនុស្ស​ដែលមាន​ឫកពា​ទុក្ខ​ព្រួយ កើតទុក្ខ​ក្រៀមក្រំ​កង្វល់ ឯកោ ជា​មនុស្ស​ដែលមាន​អារម្មណ៍​មិន​សប្បាយ​ចិត្ដ។

មូល​ហេតុ​មនុស្ស​កាច

បុគ្គលិក​លក្ខណៈ​គ្រប់​យ៉ាង​ដែល​មនុស្ស​មាន គឺ​សុទ្ធ​ជាសារ​ជាតិពី​កំណើត និងមិន​អាចធ្វើ​ការផ្លាស់​ប្ដូរបាន​ឡើយ។ ឫក​ពាជា សារជាតិ​របស់​មនុស្ស​ដែល​មិនអាច​ផ្លាស់​ប្ដូរបាន មាន​តាំងពី​កំណើត​មក។ ប៉ុន្ដែ​ការ​អភិ​វឌ្ឍន៍​ផ្លូវ​អារម្មណ៍​របស់​មនុស្ស ការ​ប្រព្រឹត្ដ និង ទឹកចិត្ដ​របស់​មនុស្ស​អាស្រ័យ​ទៅលើ​ចំណុច​ពីរយ៉ាង​ធំៗ គឺមុន​ពេលចាប់​កំណើត​និង​ក្រោយ​ពេល​ចាប់​កំណើត។ ចំណុច​ពីរយ៉ាង​នេះតែង តែមាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​រមួត​រវាង​គ្នានឹង​គ្នា។

1. កាចពី​កំណើត​(ទទួល​ពីម្ដាយ) ៖ មូល​ហេតុ​ចម្បង​ទីមួយ​ដែលធ្វើ​ឱ្យ​មនុស្ស​កាចបាន​គឺ​ដោយ​សារ​ទំនាក់​ទំនង​រវាង​ម្ដាយ និងកូន​ក្នុងផ្ទៃ។ ទារក​ដែលជា​គក៌​ចាប់​កំណើត​ក្នុងផ្ទៃ​មាន​អារម្មណ៍​ដូចគ្នា​នឹងម្ដាយ​ម្ដាយ​មាន​អារម្មណ៍​យ៉ាងណា​កូនក្នុង​ផ្ទៃមាន​អារម្ម ណ៍យ៉ាង​នោះដែរ។ ស្ដ្រីខ្លះ​ពេលមាន​គភ៌ ក៏ចាប់​ផ្ដើមផ្លាស់​ប្ដូរ​អារម្មណ៍​ខុសពី​ធម្មតា ឆាប់ខឹង ក្នក់ចិត្ដ​កាច មួម៉ៅ ហើយ​ពេលនោះ​កូន ក្នុងផ្ទៃ​នឹងមាន​អារម្មណ៍​ឬឫក​ពាយ៉ាង​នោះតាម​ម្ដាយ។ ការ​ទទួល​អារម្មណ៍​របស់​ម្ដាយក៏​បណ្ដាល​មកពី​កត្ដា​ច្រើនយ៉ាង​ផងដែរ។ បរិ យាកាស​ជុំវិញ​ខ្លួន សង្គម​រស់នៅ​រាល់ថ្ងៃ​និង​តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដូចជា​ភាពយន្ដ​បែប​រន្ធត់ ភ័យ​ខ្លាច កាចសា​ហាវ ការ​សម្ដែង​ដែល​បង្ហាញពី​ការកាប់​សម្លាប់​យ៉ាងសា​ហាវ​ឃោរឃៅ​ជាដើម​ទាំងនេះ​ធ្វើឱ្យ​ស្ដ្រីមាន​គភ៌​ទទួល​អារម្មណ៍​ប្លែក។

2. កាច​ដោយ​បរិយា​កាស​សង្គម​(ទទួល​ពីសង្គម) ៖ កើត​ឡើង​ក្រោយ​កំណើត​រហូត​ចម្រើន​វ័យ​លូតលាស់។ ចំណុច​នេះលែ ងជា​ឬកពារ​ដែល​ទទួល​ពីម្ដាយ​ទៀត​ហើយ តែជា​អត្ដ​ចរិត​ដែល​ទទួល​បានពី​ការរៀន​សូត្រ​ក្នុងសង្គម​ការ​ទទួល​យកពី​សង្គម​រស់នៅ ប្រចាំ​ថ្ងៃ។ ការប៉ះ​ទង្គិច​ក្នុង​សង្គម​អាចធ្វើ​ឱ្យ​មនុស្ស​ម្នាក់​ដែលមាន​ចរិត​ស្លូត​បូត​មានការ​ផ្លាស់ប្ដូរ​ទៅជា​មនុស្ស​ដែលមាន​លក្ខណៈ​កាច ឆាប់ខឹង ជាអាទិ​ការចាប់​កំណើត​រស់នៅ​ក្នុង​គ្រួសារ​ដែលមាន​តែអំពើ​ហិង្សា ឈ្លោះ​ទាស់ទែង​ប្រវាយ​ប្រតប់​គ្នា គ្រួសារ​ដែលមាន​តែ ពាក្យ​សម្ដី​ខ្លាំងៗ​ធ្ងន់ៗ​ជាដើម។ ឯសង្គម​ខាង​ក្រៅក៏​ជា​បញ្ហា​យ៉ាង​សំខាន់​មួយដែរ​ដែលនាំ​ឱ្យ​មនុស្ស​មាន​អត្ដ​ចរិត​កាច ឆេវ​ឆាវ ឆាប់ខឹង ដូចជា​ការរស់​នៅក្នុង​សង្គម​អនា​ធិប​តេយ្យ មានតែ​រឿងទាស់​ទែងគ្នា​ឆក់ប្លន់ ប្រើ​គ្រឿង​ញៀន ក្មេង​ហិត​កាវ ជន​ពាលា​អាវា​សែ បងតូ ចបង​ធំជា​ដើម។

កាច​មានគុណ​សម្បត្ដិ​និងគុណ​វិបត្ដិ

ពេលខ្លះ​កាចអាច​ផ្ដល់ជា​គុណ​សម្បត្ដិ​សម្រាប់​មនុស្ស​បានខ្លះ​ផងដែរ ដូចជា​ការការ​ពារខ្លួន​ពីជន​មួយ​ចំនួន​ដែលមាន​បំណងមិ នល្អ​មកលើ​ខ្លួន។ ប៉ុន្ដែ​ជាទូ​ទៅអាការ​បែបនេះ​តែងផ្ដល់​នូវ​គុណ​វិបត្ដិ​ច្រើន​ប្រការ​ដូចជា​ទំនាក់​ទំនង​នៅក្នុង​សង្គមជា​ដើម។ ព្រោះមនុ ស្សដែល​រស់នៅ​ក្នុងសង្គម​ជាមួយ​គ្នាតែង​មាន​ទំនាក់​ទំនង​រវាង​គ្នាទៅ​វិញទៅ​មកជា​រឿងខាន​មិនបាន។ ដោយ​ឡែក​ប្រសិន​បើ​មនុស្ស​មា នឫក​ពាកាច ឆេវឆាវ និង​ឆាប់ខឹង​នឹងធ្វើ​ឱ្យមាន​ការលំ​បាកក្នុង​ការមាន​សម្ព័ន្ធ​ភាព។ ពុំមាន​អ្នកណា​ម្នាក់ចង់​រាប់អាន ឬទាក់​ទងជាមួ យ​មនុស្ស​ប្រភេទ​នេះទេ​ព្រោះ​លោកអ្នក​ទាំងនោះ​តែង​យល់ថា​មនុស្ស​ប្រភេទ​នេះរមែង​នាំមក​នូវក្ដី​វិនាស និងអាច​បង្កជា​រឿងហេតុ ផ្ដល់នូវ​គ្រោះថ្នាក់​ចំពោះ​រូបគេ និង​សហគមន៍​ដែល​គេរស់​នៅ។ ម្យ៉ាង​ទៀត​សេចក្ដី​សុខក្នុង​សង្គម​គ្រួសារ​អាចនឹង​មិនកើត​មាន ប្រសិន​បើមាន​សមាជិក​ណាម្នាក់​ជា​មនុស្ស​ដែលមាន​អាកប្ប​កិរិយា​កាចឆាប់​ខឹងនោះ។ ដោយ​ហេតុ​ថា​ទំនាក់​ទំនង​រវាង​គ្រួសារ​មានការ​ថយចុះ  ការ​ភ័យខ្លាច​មិនបង្ក​ទំនាក់​ទំនង​និងមិន​ផ្ដល់ការ​ពិភាក្សា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយចំនួន​បានល្អ​ឡើយ។ គ្រួសារ​ក៏ងាយ​ទទួល​រងនូវ ការប៉ះ​ទង្គិច​ទាំងផ្លូវ​កាយទាំង​ផ្លូវចិត្ដ​ព្រោះ​មនុស្ស​ប្រភេទ​នេះងាយ​នឹងនាំ​យកការ​ណាដែល​មិនល្អ​មកទម្លាក់​លើស​មាជិក​ក្នុង​គ្រួសារ តាម​ការ​បញ្ចើច​បញ្ចើរ​ពីអ្នក​ខាងក្រៅ។

កាចក៏​អាចផ្ដល់​នូវផល​មិនល្អ​សម្រាប់​សង្គម​ផងដែរ។ ប្រសិន​បើ​សង្គម​ពោរពេញ​ទៅដោយ​មនុស្ស​កាច ឆាប់​ខឹង​ឆេវឆាវ បែបនេះ នោះនឹង​ធ្វើឱ្យ​សង្គម​នោះជា​សង្គម​ដែលមាន​តែអំពើ​ហិង្សា ទំនាស់ និងមាន​តែជន​កាចសា​ហាវ។ ក្រៅពី​នេះនឹង​ធ្វើឱ្យ​សង្គម មានតែ​ចលាចល អសន្ដិ​សុខ និងគ្មាន​សណ្ដាប់​ធ្នាប់ក្នុង​ការរស់​នៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ទប់ស្កាត់​កាច

លោកអ្នក​បានជ្រាប​រួចមក​ហើយនូវ​មូល​ហេតុមួយ​ចំនួន​ដែល​បណ្ដាល​ឱ្យ​មនុស្ស​មាន​អាការ​កាច​គឺមាន​តាំងពី​កំណើត​ក្នុងផ្ទៃ ម្ដាយ ហើយ​ដែលមាន​ទំនាក់​ទំនង​យ៉ាងជិត​ស្និទ្ធិ​ជាមួយ​នឹង​ម្ដាយ។ លោកអ្នក​មួយចំនួន​តែងគិត​ថាកូន​នៅក្មេង​សេចក្ដី​គួរ​បណ្ដោយ ទៅតាម​ចរិត​ក្មេង មិន​គប្បី​ប្រើ​សម្ដី​បន្ទោស​ខ្លាំង​នោះទេ។ ការយល់​ឃើញ​បែបនេះ​ជា​កំហុស​ឆ្គង​មួយ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ព្រោះ​ការមិន បាន​អប់រំ​ពីក្មេង​ដែល​កំពុង​ស្ថិតក្នុង​បន្ទុក​គ្រួសារ អាចធ្វើ​ឱ្យក្មេង​នោះខូច។ ពេលកូន​នោះជួប​ប្រទះ​នូវ​សង្គម​ខាងក្រៅ ក្មេង​ងាយ​ទទួល យកនូវ​អ្វី​ដែលខ្លួន​បាន​ឃើញ​បានឮ​ដូច​សុភាសិត​ខ្មែរ​មួយ​ឃ្លាបាន​ពោលថា​“ដំដែក​ទាន់នៅ​ក្ដៅ ប្រដៅ​មនុស្ស​ទាន់នៅ​ក្មេង”។ នេះ​ជាសុ​ភាសិត​ដែល​ទទួល​បាននូវ​ជោគ​ជ័យពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​លើកយក​ទៅ​អនុវត្ដ។

ការពារ​កុំឱ្យ​ខុស ប្រសើរ​ជាងខុស​ហើយចាំ​កែ​ក្រោយ។ ដូចនេះ​ឪពុក​ម្ដាយ​គួរគិត​ដោះ​ស្រាយ​ចាប់តាំង​ពីការ​បង្ក​កំណើត​រប ស់​ទារក​ដែលជា​តួនាទី​យ៉ាង​សំខាន់​របស់ខ្លួន។

  • ស្ដ្រីជា​ម្ដាយ​គួរមាន​អារម្មណ៍​សប្បាយ​រីករាយ និងមិន​គប្បី​មាន​អារម្មណ៍​ឆេវឆាវ ឆាប់ខឹង​និង​មួម៉ៅ​នោះ​ឡើយ​នៅ​ពេល មាន​គភ៌។
  • មិនគួរ​មើលភាព​យន្ដ​ណាដែល​មានភាព​រន្ធត់ ភ័យ​ខ្លាច​និង​បង្ហាញ​ពីការ​កាប់​សម្លាប់​យ៉ាង​សាហាវ​ឃោរ​ឃៅ​ឡើយ។
  • មិនគួរ​មាន​អំពើ​ហិង្សា បង្ក​ទំនាស់ និង​ឈ្លោះ​វាយ​តប់នៅ​ចំពោះ​មុខកូន ព្រោះកូន​ងាយ​ទទួល​យក​គំរូ​តាម។
  • ការ​អប់រំ​កូនឱ្យ​បានល្អ​គួរចាប់​ផ្ដើមពី​ក្មេង​និង​មិនត្រូវ​បណ្ដែត​បណ្ដោយ​ឱ្យកូន​មាន​ទំនាក់​ទំនង​មិនល្អ​ណាមួយ​ជាមួយ​សង្គម ខាងក្រៅ​ឡើយ។
  • លោកអ្នក​គួរតាម​ដាន​រាល់​សកម្មភាព​របស់​កូនជា​មួយនឹង​ក្ដី​ស្រឡាញ់​ព្រោះ​គ្រប់​បរិយា​កាស​សុទ្ធតែ​មាន​ឥទ្ធិពល​ចំពោះម នុស្ស ទាំង​សាលា​រៀន ទាំង​សហ​គមន៍​រស់នៅ។
  • សម្រាប់​បុគ្គល​ដែលមាន​បញ្ហាបែប​នេះ គួរ​រក្សា​ចិត្ដឱ្យ​នឹងន និង​សិក្សា​ពីអ្នក​ដទៃ​ឱ្យបាន​ច្រើន។
  • កត្ដា​ចម្បង​បំផុត គឺត្រូវ​ស្វែង​រកអ្នក​ចិត្ដ​សាស្ដ្រ​ដែលមាន​ជំនាញ​ផ្លូវចិត្ដ​ពិត​ប្រាកដ​ដើម្បី​ជួយរក​ដំណោះ​ស្រាយ​ព្រោះ​មាន តែអ្នក​ចិត្ដ​សាស្ដ្រ​ពិត​ប្រាកដ​នោះទេ ទើបអាច​និយាយ និងយល់​ពីបញ្ហា​ផ្លូវចិត្ដ​ដែល​មនុស្ស​កំពុង​ប្រឈម​មុខ។

ដំបូន្មាន​អ្នក​ប្រឹក្សា

សូម​លោកអ្នក​គិតថា​កាច​មិនមែន​សុទ្ធតែ​ជា​មនុស្ស​អាក្រក់ មិន​អាចរាប់​អានបាន​នោះទេ​វា​គ្រាន់តែ​ជាសារ​ជាតិ​ពីធម្ម​ជាតិ របស់​បុគ្គល​តែ​ប៉ុណ្ណោះ។ ឯ​បុគ្គល​ខ្លួនឯង​ក៏កុំ​មាន​អារម្មណ៍​តូចចិត្ដ ឬ​អស់​សង្ឃឹម​ចំពោះខ្លួន​ហើយ​គប្បី​រកអ្នក​ជំនាញ​ក្នុងការ​ដោះស្រា យបញ្ហា​ទាំងនេះ ដើម្បី​កែប្រែ​ខ្លួនឱ្យ​ទៅជា​មនុស្ស​ម្នាក់ដែល​មាន​ទំនាក់​ទំនង​ល្អក្នុង​សង្គម។ លោកអ្នក​គួរជួយ​គ្នា និង​ផ្ដល់​ឱកាស​សម្រា ប់មនុស្ស​ម្នាក់​ដើម្បី​ធ្វើការ​កែប្រែ​ឱ្យបាន​ជាធន​ធាន​មនុស្ស​ម្នាក់ក្នុង​សង្គម។ អ្នកណា​ក៏តែង​តែមាន​កំហុស​ដោយ​ចៀស​មិនផុត​នោះដែរ ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative