ជម្ងឺ​អុតស្វាយ​ជាសះ​ស្បើយ​ដោយ​ឯងៗ

អុត​ស្វាយ លោកអ្នក​ប្រាកដ​ជាធ្លាប់​ដឹង​ធ្លាប់​ឃើញ ហើយ​អាចធ្លាប់​បានជួប​ប្រទះ​ឆ្លង​កាត់​ដោយ​ខ្លួនឯង​ផង​ព្រោះ​ប្រជា ពលរដ្ឋ​ខ្មែរ​យើង​មាន​ជំនឿ​ថាមួយ​ជីវិត​មនុស្ស​ត្រូវតែ​កើត​ជម្ងឺ​អុតស្វាយ​ម្ដង មិនអាច​មាន​នរណា​គេចផុត​ឡើយ។ វាជា​ជម្ងឺ​មួយ ធម្មតា​ៗដែល​ភាគច្រើន​តែងតែ​កើតមាន​នៅលើ​កុមារ ជា​ករណី​កម្រ​បើកើត​នៅលើ​មនុស្ស​ពេញវ័យ។ ឪពុក​ម្ដាយ​ទាំងឡាយ​នៅពេល ដែល​កូនមាន​ជម្ងឺ​អុត​ស្វាយ​មិនសូវ​ជា​ចាប់​អារម្មណ៍​ក្នុងការ​ព្យាបាល​ប៉ុន្មាន​ទេ​ព្រោះមាន​ជំនឿ​ថាជម្ងឺ​នេះនឹង​អាចសះ​ស្បើយ​ដោយ​ខ្លួន ឯង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត ថៃ គា អ្នកឯក​ទេស​ជម្ងឺ​ស្បែក និង​កាម​រោគ​ធ្វើការ​ស្រាយ​បំភ្លឺ​ជូនមិត្ដ​អ្នកអាន​អំពី​ជម្ងឺ​អុតស្វាយ​តាម រយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

អុត​ស្វាយ ជាជម្ងឺ​អ្វី?

អុត​ស្វាយ​ជាជម្ងឺ​ឆ្លង​ដែល​កើតនៅ​លើ​ស្បែក​ទាំងប្រុស​ទាំងស្រី ភាគ​ច្រើន​កើត​នៅលើ​កុមារ​អាយុ​ក្រោម​១០ឆ្នាំ​ជួនអាច កើតមាន​ចំពោះ​មនុស្ស​ពេញវ័យ​ដែរ។ អុតស្វាយ​ជាជម្ងឺ​មួយ​ដែលបង្ក​ឡើង​ដោយ​មេរោគ​ឈ្មោះ​Vari​cell​a.Zas​te.Vir​us(​Vzv) ហើយ​មេរោគ​នេះមិន​ត្រឹមតែ​បង្កើត​ឱ្យក្លាយ​ជាជម្ងឺ​អុត​ស្វាយ​ប៉ុណ្ណោះ​ទេ​នៅ​ដំណាក់​បន្ទាប់​វានឹង​បង្ក​បានជា​ជម្ងឺ​ម្យ៉ាង​ទៀត​ហៅថា​រើម ។ ជម្ងឺ​អុតស្វាយ​ឆ្លងពី​មនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់ទៀត​តាមផ្លូវ​ដង្ហើម ដូចជក្អក​និង​កណ្ដាស់​ជាដើម។

រោគ​សញ្ញា​ជម្ងឺ​អុត​ស្វាយ

នៅពេល​ទទួល​បានការ​ឆ្លង​មេរោគ​ជម្ងឺ​អុត​ស្វាយ រោគ​សញ្ញា​ខ្លះចាប់​បង្ហាញ​ក្រោយ​ពេលពី​២ទៅ​៣​សបា្ដហ៍។ ចំពោះ​ជម្ងឺ​នេះ កុមារ​មិនសូវ​ជាមាន​រោគ​សញ្ញា​ពិសេស​ណាមួយ​នោះទេ ប៉ុន្ដែ​សម្រាប់​មនុស្ស​ធំពេញ​វ័យ​ចេញជា​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា​គ្រុន​ក្ដៅ ហៀរ​សម្បោរ ឬមាន​អាការ​ប្រហាក់​ប្រហែល​នឹង​ជម្ងឺ​ផ្ដា​សាយ​ដែរ។ ក្រៅពី​នេះមាន​រោគ​សញ្ញា​មួយ​ចំនួន​ទៀតដែរ ដូចជា​ឈឺខ្លួន រួមរឹត ខ្លួន​ប្រាណ ឈឺក្បាល​ជាដើម។ លុះ២ ឬ៣​ថ្ងៃ​ក្រោយ​មក​ទើប​មាន​ចេញ​កន្ទួល​ក្រហមៗ​នៅលើ​ស្បែក បន្ទាប់​មក​ចេញជា​ពងទឹក​ថ្លាៗ នៅលើ​កន្ទួល​នោះ ហើយវា​ក៏វិវត្ដ​ន៍ទៅ​តាម​ដំណាក់​កាល​បន្ដ​បន្ទាប់​ដូចជា​ពងទឹក​ថ្លាៗ​ទៅជា​ខាប់ល្អក់ និង​ក្រៀម​ទៅជា​ក្រមរ​រហូត អាច​បង្កជា​ស្លាក​ស្នាម​ផងដែរ។ ពេលខ្លះ​អាចមាន​អាការ​រមាស់​បន្ដិច​បន្ដួច​នៅលើ​ស្បែក។

វិធី​ព្យាបាល​ជម្ងឺ​អុត​ស្វាយ

ជម្ងឺ​អុតស្វាយ​មិនមែន​ជាជម្ងឺ​ដែល​តម្រូវ​ឱ្យ​លោកអ្នក​ស្វះស្វែង​រកការ​ព្យាបាល​បន្ទាន់​នោះទេ​ហើយ​ក៏មិន​ចាំបាច់​ដល់ទៅ​ប្រើ ប្រាស់​ឱសថ​នោះដែរ ព្រោះវា​អាចជា​សះបាត់​ទៅវិញ​ដោយ​ខ្លួនឯង។ ប៉ុន្ដែ​ប្រសិន​បើអ្នក​ជម្ងឺមាន​អាការ​ក្ដៅខ្លាំង​លោកអ្នក​អាចប្រើ ប្រាស់​ឱសថ​បន្ថយ​កម្ដៅ ដូចជា​ប៉ារ៉ា​សេតា​ម៉ុលជា​ដើម។ បច្ចុប្បន្ន​មានវ៉ាក់​សាំង​សម្រាប់​ចាក់​ដើម្បី​ការពារ​និង​ទប់ស្កាត់​មិនឱ្យ​កើតជម្ងឺ អុត​ស្វាយ។ មិនត្រូវ​ឱ្យក្មេង​ដទៃ​នៅក្បែរ​អ្នក​ជម្ងឺទេ​ព្រោះវា​អាចឆ្លង​តាមរយៈ​ខ្យល់ដក​ដង្ហើម​បាន។

ផល​វិបាក​របស់​ជម្ងឺ​អុត​ស្វាយ

តាមពិត​ទៅស្ទើរ​តែពុំ​អាច​ផ្ដល់ជា​ផល​វិបាក ឬគ្រោះ​ថ្នាក់អ្វី​នោះ​ឡើយ ប្រសិន​បើអ្នក​ជម្ងឺ​មានការ​ថែទាំ​ត្រឹមត្រូវ​និងអ្នក ជម្ងឺ​ផ្ទាល់​មាន​សុខភាព​ល្អ ហូបចុក​គ្រប់​គ្រាន់ និងមាន​អនាម័យ​ក្នុង​ការរស់​នៅ។ ប៉ុន្ដែ​វាអាច​ធ្វើឱ្យ​អ្នក​ជម្ងឺចុះ​ទ្រុឌ​ទ្រោម​ខាងរូប​រាង កាយ ហេវ​ហត់ និង​អស់​កម្លាំង​ប្រសិន​បើអ្នក​ជម្ងឺ​គ្មានការ​ហូបចុក​គ្រប់​គ្រាន់​និង​កង្វះ​អនាម័យ​ក្នុង​ការរស់​នៅ។ ម្យ៉ាង​ទៀត​កាល​ណា ប្រព័ន្ធ​សារ​ពាង្គ​កាយ​ខ្សោយ​ពុំមាន​លទ្ធ​ភាព​ទប់ទល់​នឹង​ជម្ងឺ​វាអាច​ធ្វើឱ្យ​អ្នក​ជម្ងឺ​ឈានដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​មួយ​ដែល​ត្រូវការ​ការ ព្យា​បាល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ថែទាំ​ខ្លួន ពេល​កើត​អុត​ស្វាយ

ថ្វីត្បិត​តែវា​មិនទាម​ទារឱ្យ​មានការ​ព្យាបាល ប៉ុន្ដែ​អ្នក​ជម្ងឺ​ក៏ត្រូវ​មានការ​ថែទាំ​ដ៏សម​ស្របដែរ​ដូចជា​ត្រូវឱ្យ​អ្នក​ជម្ងឺ​រស់នៅ ក្នុង​បរិស្ថាន​ស្អាតល្អ សម​រម្យ មាន​អនាម័យ និង​ហូបចុក​គ្រប់​គ្រាន់​ដោយ​ពុំមាន​ការតម​អ្វីនោះ​ឡើយ។ ជា​ទម្លាប់​ចាស់ៗ​តែង​មាន ជំនឿ​ថាពេល​កើត​អុត​ស្វាយ ត្រូវងូត​ទឹកឱ្យ​បានច្រើន​ដង មិនត្រឹម​ត្រូវទាំង​ស្រុងទេ​គ្រាន់តែ​សម្អាត​ខ្លួន​ប្រាណ​បានស្អាត ជាការ​ស្រេច ទៅ​ហើយ។

ដំបូន្មាន​អ្នក​ប្រឹក្សា

សូម​លោកអ្នក​ចងចាំ​ថាថ្វី​ត្បិតតែ​ជម្ងឺ​អុតស្វាយ​អាចជា​សះស្បើយ​ដោយ​ខ្លួនឯង ប៉ុន្ដែ​ក៏ទាម​ទារ​លោកអ្នក​ចេះថែ​រក្សា​និង អនាម័យ​ខ្លួន​ប្រាណ​ឱ្យបាន​ល្អ​សមរម្យ​ដែរ។ សូម​មាតា​បិតា​ស្វែង​យល់​អំពី​ថ្នាំ​បង្ការ​និងនាំ​កូនទៅ​ទទួល​ឱ្យបាន​គ្រប់​ប្រភេទ​ដើម្បី​ការ ពារកូន​លោកអ្នក​ពីជម្ងឺ​ផ្សេងៗ​ដែលអាច​ការពារ​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative