កូនខ្ញុំ​កើតជម្ងឺ​ទឹកនោម​ផ្អែម

ជម្ងឺ​ទឹកនោម​ផ្អែម​បានកើត​លើ​លោកអ្នក​ដែលមាន​វ័យ​ចំណាស់ មាន​អត្រា​ភាគរយ​ច្រើនគួរ​ឱ្យព្រួយ​បារម្ភ។ បច្ចុប្បន្ន​នេះ កុមារ​ក៏មាន​ជម្ងឺទឹក​នោម​ផ្អែម​ដែរ។ ជម្ងឺ​ទឹកនោម​ផ្អែម​កើត​លើកុមារ​ជាជម្ងឺ​ថ្មីមួយ មិនធ្លាប់​មាន​តាំងពី​ពេលមុន​មក។ ជម្ងឺ​ទឹក​នោម ផ្អែម ជា​ប្រភេទ​ជម្ងឺ​ដែល​តម្រូវ​ឱ្យមាន​ការ​ព្យាបាល​ស្ទើរ​តែពេញ​មួយ​ជីវិត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត សេង សេរី ប្រធាន​ផ្នែក​ជម្ងឺ​ទឹកនោម​ផ្អែម​នៃមន្ទីរ​ពេទ្យ​ព្រះ​កុសមៈ​បាន​បកស្រាយ​អំពី​កុមារ​កើត​ជម្ងឺទឹក នោម​ផ្អែម​ជូនមិត្ដ​អ្នកអាន និង​អាណា​ព្យាបាល​ឱ្យបាន​ជ្រាប​តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

លក្ខណៈ​ជម្ងឺ​ទឹកនោម​ផ្អែម​កុមារ

ជម្ងឺ​ទឹកនោម​ផ្អែម​កុមារ​បានចាត់​ទុកជា​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយ ដោយសារ​លំពែង​អ្នកជម្ងឺ​ខូចខាត​ទាំងស្រុង​ទើប មិនអាច​ផលិត​អ័រម៉ូន​បានទៀត​ឡើយ។ ជម្ងឺ​នេះបាន​កើតមាន​លើទ្វីប​អឺរ៉ុប​ច្រើនជាង​ប្រទេស​នៅ​អាស៊ី​ព្រោះទ្វីប​អាស៊ី​នៅជិត​ខ្សែអេ ក្វាទ័រ។ ជម្ងឺ​ទឹកនោម​ផ្អែម​កុមារ​មាន​អត្រា​១០ភាគ​រយនៃ​ជម្ងឺទឹក​នោម​ផ្អែម​ទាំងអស់។

រោគ​សញ្ញា​ជម្ងឺ​ទឹក​នោម​ផ្អែម​កុមារ

រោគ​សញ្ញា​ជម្ងឺ​ទឹកនោម​ផ្អែម​កុមារ ឬ​ប្រភេទ​ទី១ មិនខុស​គ្នាពី​រោគ​សញ្ញា​ជម្ងឺ​ទឹកនោម​ផ្អែមវ័យ​ចំណាស់​ឬប្រភេទ​ទី២​ប៉ុន្មាន​ទេ។ ខាង​ក្រោមនេះ​ជារោគ​សញ្ញា​ដែល​បញ្ជាក់​ថាកុមារ​កើតជម្ងឺ​ទឹកនោម​ផ្អែម ៖

  • កុមារ​នោម​ញឹក (ច្រើន)
  • ស្រេក​ទឹកខ្លាំង ហើយ​ផឹកទឹក​ច្រើន នោមកាន់​តែច្រើន
  • ទទួល​ទានច្រើន​មិនចេះ​ឆ្អែត តែគ្មាន​កម្លាំង
  • ស្រក​ទម្ងន់​លឿន
  • កុមារ​អាច​វិវឌ្ឍន៍​ទៅរក​រោគ​សញ្ញា​ធ្ងន់ធ្ងរ ដូចជា​ហត់ ដង្ហក់ រាក ចុកពោះ ឬសន្លប់​បាត់បង់​ស្មារតី​ជាដើម។

មូល​ហេតុបង្ក​ជម្ងឺ​ទឹកនោម​ផ្អែមកុមារ

ទឹកនោម​ផ្អែមជា​ជម្ងឺ​មិនអាច​ព្យាបាល​ឱ្យជា​សះស្បើយ​បានទេ ហើយ​ជម្ងឺនេះ​ក៏មិន​មែនជា​ជម្ងឺឆ្លង​ដែរ។ ប៉ុន្ដែ​ទាមទារ​ការ ព្យាបាល​មួយ​ជីវិត។ ជម្ងឺ​ទឹកនោម​ផ្អែមមាន​មូលហតុ​ជាច្រើន ដែលបង្ក​ឱ្យមាន​ដូចជា ៖

1. ប្រតិកម្ម​នៃប្រព័ន្ធ​ការពារ​របស់ខ្លួន​អ្នកជម្ងឺ​ខុសទិស​ដៅ ទើបបណ្ដាល​ឱ្យខូច​លំពែង​អ្នកជម្ងឺ​តែម្ដង។

2. ជម្ងឺ​មួយចំនួន​ដែល​បណ្ដាល​មកពី​ពពួក​វីរុស។

3. ការ​បំបៅ​កូន​ដោយ​ទឹកដោះ​សត្វដែល​ខុសពី​ទឹកដោះ​របស់​ម្ដាយ។

4. អាចជា​កត្ដាត​ពូជ ព្រោះគេ​សង្កេត​ឃើញថា​ឪពុក​ម្ដាយ​មានជម្ងឺ​ទឹកនោម​ផ្អែម កូនអាច​ឆ្លង៣០​ភាគរយ។ ប៉ុន្ដែ​ករណី​កូន ភ្លោះ បើមាន​ម្នាក់កើត​ជម្ងឺ​ទឹកនោម​ផ្អែមនោះ ម្នាក់ទៀត​អាច​ទទួល​រងការ​កើតជម្ងឺ​ទឹកនោម​ផ្អែម​៥០​ភាគរយ។

5. មានការ​សិក្សា​ខ្លះ​បង្ហាញ​ឱ្យឃើញ​ថា​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីមួយ​ច្រើន​កើតលើ​លោកអ្នក​ដែល​ចូលចិត្ដ​បរិភោគ សាច់ ឬត្រី​ដែល​ចម្អិន​ដោយ​ការ​ឆ្អើរ​ភ្លើង។

វិធី​ព្យាបាល​កុមារ​កើត​ជម្ងឺ​ទឹកនោម​ផ្អែម

ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី១ ដែល​កើតលើ​កុមារ​ភាគ​ច្រើន​ត្រូវការ​ព្យាបាល​ដោយ​ប្រើអ័រ​ម៉ូន​អាំងស៊ុយ​លីន​ព្រោះ​លំពែង អ្នក​ជម្ងឺ​លែង​ផលិត​អ័រម៉ូន​នេះបាន។ អ្នក​ជម្ងឺ​ត្រូវការ​អាំង​ស៊ុយ​លីន​មួយ​ជីវិត​ដោយ​ការ​បញ្ចូល​តាម​ក្រោម​ស្បែក។ សព្វ​ថ្ងៃនេះ​គេអាច ផលិត​បាន​អាំង​ស៊ុយ​លីន​ដែល​ប្រើ​ហិតតាម​ច្រមុះ។ ប៉ុន្ដែ​អាំង​សុលលីន​ប្រភេទ​នេះមាន​តម្លៃ​ខ្ពស់។ អាំង​ស៊ុយ​លីន​លេប​តាមមាត់​មិន ទាន់​ផលិត​បានទេ ព្រោះវា​ត្រូវ​បំផ្លាញ​ចោល​ដោយទឹក​ក្រពះ។ អ្នក​ជម្ងឺ​ត្រូវចាក់​អាំង​ស៊ុយ​លីន​ជារៀង​រាល់ថ្ងៃ ហើយ​មួយថ្ងៃ​២ដង​ទៅ ៤ដង​តាម​ការ​កំណត់​របស់​គ្រូពេទ្យ​ជំនាញ។ ពេល​ព្យាបាល​ការ​អប់រំ​និង​ផ្ដល់ការ​ពិភាក្សា​ដល់អ្នក​ជម្ងឺ​អំពី​របៀប​របប​នៃ​ការរស់​នៅ ចំណី​អាហារ និង​ហាត់​ប្រាណ​ក៏ជា​ប្រការ​សំខាន់​ដែរ។ ជា​ពិសេស​គ្រូពេទ្យ​ពន្យល់​ពី​របៀប​ចាក់អាំង​ស៊ុយ​លីន និង​ពិនិត្យ​អត្រា​ជាតិ​ស្ករ ក្នុង​ឈាម​ដោយ​ខ្លួនឯង។ ប្រសិន​បើ​មាន​បញ្ហា​មិន​ប្រក្រតី​កើតឡើង​អ្នក​ជម្ងឺ​ត្រូវតែ​ទៅជួប​គ្រូពេទ្យ​ជា​បន្ទាន់។ សម្រាប់​ប្រទេស​ជឿន លឿន អ្នក​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី១​នេះ​ខ្លះកើត​តាំងពី​អាយុ​៧ឆ្នាំ​ហើយ​អាចរស់​នៅ រៀន​សូត្រ និង​ប្រកប​ការងារ​បានដូច​មនុស្ស ធម្មតា​រហូត​ដល់​អាយុ​៧០ឆ្នាំ ឬ៨០​ឆ្នាំ​ដោយ​គ្មាន​ផល​វិបាក​អ្វី​ទាំង​អស់។ មិនតែ​ប៉ុណ្ណោះ អ្នក​ជម្ងឺ​ខ្លះ​អាច​ឆ្លាត​រហូត​ដល់​ជាប់​ចំណាត់ ថ្នាក់​ល្អ​ក្នុងការ​សិក្សា និង​ការ​ប្រកួត​កីឡា​ជាដើម។

វិធី​ការពារ​កុមារ​កើត​ទឹកនោម​ផ្អែម

ជម្ងឺ​នេះ​ពិបាក​ការពារ​បន្ដិច តែអាច​កាត់​បន្ថយ​ការ​បង្ក​ជម្ងឺ​នេះ​បាន​ដល់​លោកអ្នក​ផ្ទាល់ ឬក៏​កុមារ​ដោយ​មិន​ត្រូវ​ទទួល​ទាន ប្រភេទ​សាច់​ឆ្អើរ​ជាញឹក​ញាប់​ពេក​ឡើយ។ ម្យ៉ាង​ទៀត​បើអ្នក​ម្ដាយ​អាច​ចៀស​បាន​គួរតែ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ធម្មជាតិ​វិញ ព្រោះ​ទឹកដោះ​គោ​ម្សៅ​មិនសូវ​ជាល្អ​ប៉ុន្មាន​ឡើយ។ អ្នក​ម្ដាយ​ត្រូវយក​កូនទៅ​ចាក់​វ៉ាក់​សាំង​ការពារ​ជម្ងឺ​ផ្សេងៗ​មួយ​ចំនួន ជា​ពិសេស ជម្ងឺ​ដែល​បង្ក​ដោយ​ពពួក​វីរុស ហើយ​អាចជា​ដើម​ចមឱ្យ​កុមារ​កើត​ជម្ងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី១​បាន។

ដំបូន្មាន​អ្នក​ប្រឹក្សា

ចំពោះ​កុមារ​មាន​ជម្ងឺ​ទឹកនោម​ផ្អែម សូម​អាណា​ព្យាបាល​ទាំង​ឡាយ​យកចិត្ដ​ទុកដាក់​ថែទាំ​ឱ្យបាន​ត្រឹមត្រូវ។ សូម​ផ្ដល់​កម្លាំង ចិត្ដ​ឱ្យកូន  និង​ព្យា​យាម​រក​កន្លែង​ប្រឹក្សា​និង​ព្យាបាល​ប្រកប​ដោយ​ឯក​ទេស​ភាព។ មិនត្រូវ​រើស​អើង​ឬ​បំភិត​បំភ័យ​ផ្ដល់​ព័តមាន អវិជ្ជ​មាន​ដល់​កុមារ​ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative