ធ្មេញ​ព្រៃ​សំខាន់​សម្រាប់​កុមារ

មនុស្ស​មានធ្មេញ​សរុប​ចំនួន​៥២ ដែលដុះ​ជាពីរ​ដំណាក់​កាល។ ដំណាក់​កាលទី​១គេ​ហៅថា ធ្មេញព្រៃ​ឬធ្មេញ​ទឹកដោះ ដែលមាន​ចំនួន​២០។ វាដុះ​ចាប់ពី​កុមារ​មានអាយុ​៦ខែ​ឡើងទៅ។ ហើយ​ក្រោយ​ធ្មេញ​ព្រៃបាក់ ធ្មេញ​ស្រុក​ឬធ្មេញ​អចិន្ដ្រៃ​យ៍នឹង​ដុះ ជំនួស​កន្លែង​បាក់ និង​កន្លែង​ផ្សេង​ទៀត​ជាដំ​ណាក់​កាលទី​ពីរ ដែលមាន​ចំនួន​សរុប​៣២។ ទោះ​ធ្មេញ​ព្រៃមាន​អាយុ​ខ្លី ប៉ុន្ដែ​ការ​ថែរក្សា គឺចាំ​បាច់បំ​ផុត ដើម្បី​ឱ្យធ្មេញ​រឹងមាំ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទាក់ទិន​នឹងធ្មេញ​ព្រៃ ទស្ស​នាវដ្ដី សុខភាពយើងសូម​លើកយក​ប្រធាន​បទនេះ​មក​លាត​ត្រដាង​ជូន​ប្រិយ​មិត្ដអ្នក​អាន​ស្វែង- យល់។ អត្ថបទ​នេះ​ទទួល​បានការ​ប្រឹក្សា​ពីលោក​ទន្ដ​បណ្ឌិត ចៅ ប៊ុនហ៊ាន ប្រចាំ​គ្លីនិក​ទន្ដសា​ស្ដ្រ​រំចង់។

ធ្មេញ​ព្រៃ

ធ្មេញ​ព្រៃ ឬ​ហៅថា​ធ្មេញទឹក​ដោះជា​ធ្មេញ​ដែលដុះ​ដំបូង​ចំពោះ​កុមារ មាន​កាចា ឫស ភ្លុក​សរសៃ​ឈាម​ដូច​ធ្មេញ​ស្រុកដែរ ប៉ុន្ដែ​មាន​ពណ៌​សស្រ​អាប់មិន​ថ្លា​រលោង និងទំហំ​តូចជាង​ធ្មេញ​ស្រុក។ ធ្មេញ​ព្រៃមាន​ចំនួន​តែ២០​ប៉ុណ្ណោះ​គឺ​ធ្មេញ​ផ្នែកខាង​លើចំនួន​១០ និង​ធ្មេញ​ខាងក្រោម​ចំនួន​១០។ ធ្មេញព្រៃ​អាចរាប់​ចាប់ពី​ចំណុច​កណ្ដាល​ត្រង់ធ្មេញ​មុខទៅ​ឆ្វេងចំនួន​៥​រាប់ទៅ​ខាងស្ដាំ​ចំនួន​៥។ ធ្មេញ ព្រៃមាន​អាយុ​កាលខ្លី​បំផុត។ ម្យ៉ាង​ទៀត​ធ្មេញនេះ​ចាប់ផ្ដើម​ដុះក្នុងពេល​កុមារ​នៅបៅ​ដោះ​ទើបគេ​ហៅថា​ធ្មេញទឹក​ដោះ។

ដំណាក់​កាលដុះ និង​បាក់​ធ្មេញ​ព្រៃ

ធ្មេញព្រៃ​ដុះចេញ​មក​សម្រាប់​ឱ្យកុមារ​ទំពា​អាហារ​បាន​រហូត​ដល់​អាយុ៦​ឬ៧ឆ្នាំ ទើប​ចាប់ផ្ដើម​បាក់ទៅ​វិញជា​បន្ដ​បន្ទាប់ រហូត​ដល់​កុមារ​មាន​អាយុ​១២ ឬ១​៣ឆ្នាំ។

  • ដំណាក់​កាលដុះ ក្នុង​អំឡុង​កុមារ​មានអាយុ​ប្រាំមួយ​ខែ(យ៉ាង​យូរ១០​ខែ) ធ្មេញ​ព្រៃ​ឬធ្មេញ​ទឹកដោះ​ចាប់ផ្ដើម​ដុះជា បន្ដ​បន្ទាប់ និងអាច​ដុះអស់​នៅរវាង​អាយុ​២៥ខែ​ទៅ៣៣​ខែ(ពី២​ឆ្នាំទៅ​២ឆ្នាំ​កន្លះ)។ ដំបូង​គឺដុះ​ធ្មេញមុខ​ពីរខាង​ក្រោម​បន្ទាប់​មកដុះ ធ្មេញ​មុខពីរ​ខាងលើ និងដុះ​បន្ដតាម​លំដាប់​លំដោយ​រហូត​គ្រប់ចំនួន​២០ធ្មេញ​ទាំងលើ​ទាំង​ក្រោម។
  • ដំណាក់​កាលបាក់ ៖ ធ្មេញព្រៃ​អាចបាក់​ទៅវិញ​ក្នុង​អំឡុង​កុមារ​អាយុ៦​ឆ្នាំ​ចាប់ផ្ដើម​បាក់ធ្មេញ​ដែលដុះ​មុនគេ​ហូរហែ​ជា បន្ដ​បន្ទាប់​ដូចកាល​ចាប់ផ្ដើម​ដុះដែរ។ ការបាក់​នេះក៏​ដោយសារ​តែធ្មេញ​ស្រុក​ចាប់ផ្ដើម​ដុះពី​ក្រោមទួល​ធ្មេញព្រៃ​និងធ្វើ​ឱ្យធ្មេញ​ព្រៃ រលាយ​ឫស​បន្ដិ​ចម្ដងៗ​រហូត​ឫស​ធ្មេញព្រៃ​នៅសល់​ខ្លីចាប់​ផ្ដើម​រង្គើ និង​បាក់។ ការបាក់​ធ្មេញព្រៃ​ជាសញ្ញា​នៃការ​ដុះឡើង​របស់​ធ្មេញ ស្រុក​មក​ជំនួស​ទីតាំង​ធ្មេញព្រៃ​ដែលបាក់​នោះ។ មាន​ករណី​ពិសេស​ខ្លះ​បើសិន​ធ្មេញ​ស្រុកដុះ​មកមិន​ចំទី​តាំង​ធ្មេញ​ព្រៃទេ នោះនឹង​ធ្វើឱ្យ ធ្មេញព្រៃ​ក្របាក់ ធ្មេញ​ស្រុកក៏​នឹងដុះ​មិនត្រង់​ជួរ។ ទន្ទឹម​នឹងការ​កំពុង​បាក់នៃ​ធ្មេញព្រៃ​ធ្មេញ​ថ្គាមធំ​ទី១ក៏​ចាប់ផ្ដើម​ដុះដែរ ដែលនេះ ធ្វើឱ្យ​អាណា​ព្យាបាល​មួយ​ចំនួន​យល់​ប្រឡំ​ថា​ធ្មេញ​ថ្គាម​ដែល​ទើបនឹង​ដុះនោះ​ជាធ្មេញ​ព្រៃដែរ។ ការពិត​ធ្មេញ​ថ្គាមធំ​ទី១ដុះ​តែម្ដង​ទេ ក្នុងមួយ​ជីវិត​មនុស្ស។ ហេតុនេះ​ហើយ​ទើបធ្វើ​ឱ្យមាន​ការព្រ​ងើយ​កន្ដើយ​ក្នុងការ​ថែរក្សា​ធ្មេញ​ថ្គាម។ យើងអាច​សង្កេត​ជាទូទៅ​បាន ថា មនុស្ស​ច្រើនតែ​ពុកផុយ​និងបាក់​ធ្មេញ​ថ្គាមធំ​ទី១​មុនធ្មេញ​ស្រុកដទៃ​ទៀត។

ការ​ថែរក្សា​ធ្មេញ​ព្រៃ

តាមការ​ស្រាវជ្រាវ​របស់​គ្រូពេទ្យ​កន្លង​មក​បង្ហាញ​ថា នៅ​កម្ពុជា​ក្មេងមាន​អាយុ​៦ឆ្នាំ​ពុកធ្មេញ​ជាមធ្យម​ចំនួន​១០ ក្នុង​ចំណោម​ធ្មេញព្រៃ​ទាំង១៦​ធ្មេញ។ នេះជា​អត្រា​កើតរោគ​ពុកធ្មេញ​ខ្ពស់​ណាស់។ ទោះបី​ជាធ្មេញ​ព្រៃក្ដី ឬជា​ធ្មេញ​ស្រុកក្ដី​ការ​ដុស​សម្អាត ថែរក្សា​ធ្មេញ​ជាកត្ដា​ចាំបាច់​បំផុត​ដើម្បី​ឱ្យ​ធ្មេញ​រឹងមាំ​បានយូរ។ ថ្វីត្បិត​ធ្មេញ​ព្រៃមិន​ស្ថិតស្ថេរ​បានយូរ​ប៉ុន្ដែ​វាជួយ​ក្នុងការ​ទំពា​អាហារ ផ្ដល់​សម្រស់ និងជា​គោល​តម្រុយ ឬជា​ផ្លូវក្នុង​ការដុះ​បន្ដនៃ​ធ្មេញ​ស្រុកបាន​ត្រង់ជួរ។ ដូច្នេះ​ការថែរ​ក្សាគឺ​ជា​កត្ដា​ចម្បង​មួយ​ដែល អាណា​ព្យាបាល​គ្រប់គ្នា​គប្បី​យកចិត្ដ​ទុកដាក់។

  • ឪពុក​ម្ដាយ​អាច​ជ្រលក់​ក្រណាត់​ទន់​សើមៗ​ជូតធ្មេញ​ឱ្យកូន​ក្រោយ​ពេលបៅ​ឬញ៉ាំ​អាហារ​ផ្សេងៗ​(ក្នុង​ករណី​កូននៅ​តូច)
  • កុំឱ្យ​កូនគេង​បៅទឹក​ដោះគោ ហើយផ្អាប់​ទុកក្នុង​មាត់រហូត​លង់លក់​មិនបាន​សម្អាត
  • អាចប្រើ​ច្រាសដុស​ធ្មេញទន់​ៗទំហំ​តូច​សម្រាប់​ក្មេង​សម្អាត​ធ្មេញ​ដោយមិន​ចាំបាច់​ដាក់ថ្នាំ​ដុសធ្មេញ​ទេ(កូន​ក្រោម​អាយុ២ ឆ្នាំ)។
  • សម្រាប់​មនុស្ស​ពេញវ័យ គួរដុស​សម្អាត​ធ្មេញ​ក្រោយពេល​ញ៉ាំ​អាហារ​ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់
  • កាត់​បន្ថយ​ការទទួល​ទានជាតិផ្អែម ដូចជា​នំផ្អែម ឬស្ករ​ស្អិតជាប់​ធ្មេញ ស្ករគ្រាប់​ផ្សេងៗ
  • ករណីធ្មេញមានប្រហោងដោយដង្កូវស៊ី មានចង្អូរជ្រៅមិនរាបស្មើ ដែលងាយឱ្យដក់ជាប់កម្ទេចកម្ទីរអាហារជាដើម ត្រូវ ទៅរក​សេវា​ព្យាបាល​ដើម្បី​ប៉ះភ្ជិត
  • អាណា​ព្យាបាល​គួរនាំ​កូនទៅ​ជួបពេទ្យ​ធ្មេញនៅ​ពេលកូន​មានអាយុ​ចាប់ពី​១ឆ្នាំ​ឡើងទៅ។

ផល​ប៉ះពាល់​នៃការ​ដកធ្មេញ​ព្រៃ

ការដក​ធ្មេញ​ជារឿង​ធម្មតាទេ នៅពេល​ដែលមាន​ដង្កូវស៊ី ពុកផុយ ឬឈឺ​ចាប់​ដោយ​ប្រការ​ផ្សេងៗ។ ប៉ុន្ដែ​ការដក​ធ្មេញ​ពុក ផុយ​មុន​អាយុ​កាល​ធម្មតា​របស់​វានោះ នាំឱ្យ​មានផល​វិបាក​ខ្លះកើត​ឡើងដូច​ជា ៖

  • ពិបាក​ក្នុងការ​ទំពា​អាហារ បាត់បង់​សោភ័ណ និយាយ​មិនពីរោះ ឬមិន​ច្បាស់
  • ធ្វើឱ្យ​បាត់​ចន្លោះ​សម្រាប់​ធ្មេញ​ស្រុកដែល​នឹងដុះ​មក ហើយ​អាច​បណ្ដាល​ឱ្យធ្មេញ​ស្រុកដុះ​មិនត្រង់​ជួរ
  • មាន​ពេលខ្លះ​អាចធ្វើ​ឱ្យមាន​ការយឺត​យ៉ាវក្នុង​ការដុះ​ធ្មេញ​ស្រុក

ដំបូន្មាន​អ្នក​ប្រឹក្សា

ដោយសារ​ធ្មេញ​ព្រៃមាន​តែ​ចំពោះ​កុមារតូច មាតា​បិតា​គួរយក​ចិត្ដទុក​ដាក់លើ​ការធ្វើ​អនាម័យ​ឱ្យកូនៗ។ នៅពេល​កូនចេះ ដុស​ធ្មេញ​ដោយខ្លួន​ឯងហើយ មាតា​បិតា​គួរលើក​ទឹកចិត្ដ ឬជួយ​ជំរុញ​ឱ្យកូន​ៗចេះ​ស្រឡាញ់ ចេះថែ​រក្សា​ធ្មេញ​និង​បកស្រាយ​ឱ្យពួក គេយល់​ពីផល​ប៉ះពាល់​នៃការ​ញ៉ាំជាតិ​ផ្អែម​ច្រើនពេក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative