វិធី១០​យ៉ាង​ជួយ​សម្រក​ទម្ងន់

រាងកាយ​សមសួន​ស្អាត​អ្នកណា​ក៏ចង់បាន។ ហេតុនេះ​ហើយ​បានជា​លោកអ្នក​ដែលធាត់​ដែល​មាន​រូបរាង​កាយ​កន្ទ្រល​មិន ស្អាត​មួយ​ចំនួន​ស្វែង​រក​វិធីសាស្ដ្រ​ផ្សេងៗ ដើម្បី​ធ្វើការ​បញ្ចុះ​ទម្ងន់។ ការប​ញ្ចុះ​ទម្ងន់​អាចធ្វើ​ឡើង​បានច្រើនរូ​បភាព​ដូចជា​ប្រើថ្នាំ​លេប ការបង្អត់​អាហារ ឬការ​ហាត់​ប្រាណ​ជាដើម។ ក្នុង​ចំណោម​វិធីទាំង​នេះ​មាន​វិធីខ្លះ​បានធ្វើ​ឱ្យ​លោកអ្នក​មិនបាន​សម្រេច​ដូច​បំណង ហើយ​ថែម​ទាំង​ខូច​សុខភាព​ទៀតផង។ លោកអ្នក​គួរជ្រើស​រើស​វិធី​សម្រក​ទម្ងន់​មួយ​ណា?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូម​បង្ហាញ​ជូន​ប្រិយមិត្ដ​អ្នក​អាននូ​វវិធី​មួយ​ក្នុង​ការ​សម្រក​ទម្ងន់ និង​រក្សា​ស្ថិរភាព​ទម្ងន់​ទុកជា ការ​ស្វែង​យល់ តាមរយៈ​ការដក​ស្រង់ពី​សៀវ​ភៅ“១០នាទី​ដើម្បី​សម្រស់​រាង​កាយ”។

មូល​ហេតុ​ធាត់ ឬ​ឡើង​ទម្ងន់

មាន​មូលហេតុ​ច្រើន​យ៉ាង​ដែលធ្វើ​ឱ្យលោកអ្នក​ឡើង​ទម្ងន់។ មូលហេតុ​ទាំង​នោះ​មាន​ដូចជា​ការ​បរិភោគ​ចំណី​អាហារ​ដែល ផ្ដល់​ថាមពល​ច្រើន​ហួស​ហេតុ ពូជ ឬក្រុម​គ្រួសារ​ធាត់ កត្ដា​ផ្លូវចិត្ដ ឬ​ជម្ងឺ​ស្ដ្រេស្ស ជាតិ​អរ័ម៉ូន​ឬការ​ប្រើ​ប្រាស់ថ្នាំ​ពេទ្យ​ជាដើម។ បច្ចុប្បន្ន​ការនិយម​បរិភោគ​អាហារ​បែប​អឺរ៉ុប អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ឬប៊ឺរ​ច្រើន​ធ្វើឱ្យ​លោកអ្នក​ឡើង​ទម្ងន់​ប៉ះពាល់ ដល់​សុខភាព​រាងកាយ និង​សុខភាព​លោកអ្នក​ទៀតផង។

វិធី​សម្រក​ទម្ងន់

ខាង​ក្រោមនេះ​ជា​គោលការណ៍​១០ចំណុច​ដែលធ្វើ​ឱ្យ​លោកអ្នក​ស្រក​ទម្ងន់ និងធ្វើ​ឱ្យសារពាង្គ​កាយ​លោកអ្នក​ទទួល​បាន សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​ជានិច្ច។

1. បរិភោគ​បីពេល​ក្នុង​មួយថ្ងៃ

លោកអ្នក​ត្រូវ​បរិភោគបី​ពេល​ក្នុងមួយ​ថ្ងៃជា​ចាំបាច់ គឺនៅ​ពេលព្រឹក ពេលថ្ងៃ​ត្រង់​និង​ពេលល្ងាច​ឱ្យទៀង​ពេល​វេលា។ ការ បរិភោគ​ទៀង​ពេល គឺដើម្បី​ឱ្យដំណើរ​នៃការ​ប្រព្រឹត្ដ​ទៅ​របស់​ប្រព័ន្ធ​ផ្លូវ​រំលាយ​អាហារ​ធ្វើទៅ​បានល្អ​និង​ដើម្បី​រក្សា​បាន​នូវស្ថិរភាព​នៃ កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ផង។ ស្ថិរភាព​នៃ​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​អាច​បញ្ចៀស​បាន​នូវអាការ​ឃ្លាន​បាយ​ឬរ​មូរពោះ​ដែល​បណ្ដាល មក​ពីខ្វះ​ជាតិស្ករ​នៅក្នុង​ឈាម។ ការ​បរិភោគ​ចំណី​អាហារ​មិនឈប់​មាត់​ជា​ទម្លាប់់​អាក្រក់​មួយ​លោកអ្នក​មិនគួរ​ធ្វើទេ ព្រោះ​វាអាច ជំរុញ​ឱ្យ​លោកអ្នក​ឡើង​ទម្ងន់​បាន​យ៉ាង​ឆាប់ ជួន​បង្កជា​ជម្ងឺ​ផ្សេងៗ​ទៀត​ផង។

2. ទប់ទល់​អាការ​ឃ្លាន​ក្រៅ​ពេល​បាយ

នៅ​ពេល​ដែល​លោកអ្នក​ឃ្លាន​ក្រៅពី​ពេល​បាយ សូម​ទទួល​ទាន​ចំណី​អាហារ​ណា​ដែល​មិនប៉ះ​ពាល់​ដល់​សុខភាព។ ការបរិ ភោគ​ចំណី​អាហារ​ណា​ដែលមាន​ជាតិ​ស្ករល្អ ឬ​ជាតិ​ស្ករ​ជ្រាប​យឺត​(ជាតិ​ស្ករដែល​មិនប៉ះ​ពាល់​ដល់​សុខភាព)​អាច​ជួយ​ទ្រទ្រង់​កម្រិត​ជាតិ ស្ករ​ក្នុង​ឈាម​បាន។ លោកអ្នក​គួរ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ស្ករល្អ ដូចជា​ផ្លែ​ចេក ប៉ោម​ទំញំង​បាយ​ជូរ​ស្រស់ ឬ​ក្រៀម​ជាដើម។ ចំណែក​ចំណី​អាហារ​ដែល​មិនប៉ះ​ពាល់​សុខ​ភាព​មាន​ផ្លែឈើ​ស្រស់ ផ្លែឈើ​ក្រៀម បន្លែឆៅ​គ្រាប់​ធញ្ញ​ជាតិ គ្រាប់​រុក្ខជាតិ​ជាដើម។

3. ពិសា​ភេសជ្ជៈ​ល្អ

លោកអ្នក​មិនគួរ​ពិសា​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ឡើយ ព្រោះវា​បង្កឱ្យ​ជាតិស្ករ​ក្នុង​ឈាម​ថយចុះ។ ចំណែក​ភេសជ្ជៈ កំប៉ុង ឬដប ដែល​មាន​ជាតិ​ហ្គាស​និងផ្ទុក​ទៅ​ដោយ​ជាតិស្ករ​តែមួយ​មុខ ជួនមាន​លាយ​ជាតិគីមី​ទៀតផង​ក៏ត្រូវ​ចៀស​វាងដែរ។ ភេសជ្ជៈ ដែល​ល្អ​បំផុត​ដែល​លោកអ្នក​ត្រូវ​ជ្រើស​រើស គឺទឹក​ឆ្អិន ទឹក​ដាំពុះ ទឹក​ស្អាត​ដែល​ច្រោះ ឬ​រម្ងាប់​មេរោគ​រួច​ឬទឹក​ផ្លែឈើ​ស្រស់ ដែលបាន​មកពី​ការ​ច្របាច់ ឬគាប។

4. ពិសា​ស្រាក្នុង​កម្រិត​តិចតួច​បំផុត

ជាតិ​ស្រា ឬជាតិ​អាល់​កុល​មាននៅ​ក្នុង​ស្រាបៀរ ស្រា​ទំញំង​បាយជូរ ស្រាស និង​ស្រាផ្សេ​ៗទៀត។ ក្នុង​ខ្លួន​ប្រាណ​មនុស្ស យើង​ត្រូវការ​ជាតិ​អាល់កុល​ខ្លះដែរ តែក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ ការ​ពិសា​ច្រើន​ហួស​ប្រមាណ​ត្រូវបាន​ហាម​ឃាត់។ យ៉ាង​ណាម៉ិញ ការ​ពិសា​ជាតិ​អាល់កុល​ច្រើន​អាចបង្ក​ឱ្យមាន​ការឡើង​ទម្ងន់ ជា​ពិសេស​ការរីក​ប៉ោង​នៃខ្សែ​ក្រវាត់​ពោះ​ដែលជា​រូបភាព​ដុះក្បាល​ពោះ។

5. ពេល​បាយ ពិសា​ភេសជ្ជៈ​តិចជាង​អាហារ​គោក (បាយ សម្ល)

រាល់​ពេល​បរិភោគ​បាយ លោកអ្នក​មិនគួរ​បរិភោគ​ភេសជ្ជៈ​ច្រើន​ពេកទេ​ព្រោះ​ការ​ពិសា​ភេសជ្ជៈ​ច្រើនក្នុង​ពេល​បរិភោគ​អាច បង្ក​ជាការ​រាវ​ជ្រុល​នៃជាតិ​អាស៊ីត រស​ក្រពះ និង​ជាតិ​អង់ស៊ីម​ដែល​រំលាយ​អាហារ​ហើយ​បង្កឱ្យ​ការ​រំលាយ​អាហារ​មិនបាន​ល្អ។ លក្ខណៈ​បែបនេះ​ជា​រឿយៗ​បង្ក​ជាការ​ច្រាល​អាហារ​ដែលធ្វើ​ឱ្យរីក​ប៉ោង​នៃខ្សែ​ក្រវាត់​ពោះ ជារូប​ភាពដុះ​ក្បាល​ពោះ​និង​ឡើង​ទម្ងន់​ផង ដែរ។

6. កាត់​បន្ថយ​ការ​បរិភោគ​ជាតិ​ខ្លាញ់

ដើម្បី​សម្រក​ទម្ងន់ លោកអ្នក​ត្រូវ​បន្ថយ​បរិភោគ​អាហារ​ណាដែល​មានជាតិ​ខ្លាញ់ និងត្រូវ​ស្វែង​យល់​អំពី​ប្រភេទ​ខ្លាញ់​ដែល​គួរ​បរិភោគ និង​មិនគួរ​បរិភោគ។ ប្រសិន​បើអ្នក​ចង់ផ្ដល់​ប្រូតេ​អ៊ីន​ដល់ខ្លួន​ប្រាណ​លោកអ្នក​គប្បី​ពិសា​សាច់ត្រី​ឱ្យបាន​ច្រើនជាង សាច់​សត្វដទៃ​ទៀត។ គួរ​ពិសា​សាច់សត្វ​ស្លាបឱ្យ​ច្រើន (សាច់​សុទ្ធគ្មាន​ជាប់​ស្បែក) ប្រសើរ​ជាង​ពិសា​សាច់គោ​និង​សាច់​ជ្រូក។

7. ពិសា​ចំណី​អាហារ​ដែលគ្មាន​ប្រតិកម្ម​ប្រឆាំង​នឹង​ខ្លួនអ្នក

ក្រពះ​ពោះវៀន​របស់​មនុស្ស​ម្នាក់ៗ​មិន​អាច​ទទួល​យក​ចំណី​អាហារ​បាន​សព្វមុខ​ដូចគ្នា​នោះទេ។ អ្នកខ្លះ​មិនអាច​បរិភោគ ចំណី​អាហារ​មួយ​ចំនួន​បានទេ ព្រោះ​អាចបង្ក​ឱ្យឡើង​ទម្ងន់ ឬ​អាការ​ផ្សេងៗទៀត ដូចជា​ឈឺពោះ រាករូស​ចេញ​កន្ទួល​រមាស់​លើស្បែក ជាដើម។ លោកអ្នក​គួរ​ចំណាំ​ដោយ​ខ្លួនឯង​និង​ស្វែងរក​ឱ្យ​ឃើញ​នូវ​អាហារ​ទាំង​ឡាយ​ណា​ដែល​បំពង់​រំលាយ​អាហារ ឬក្រពះ​ពោះវៀន លោកអ្នក​មិនអាច​រំលាយ ឬ​ស្រូប​ជញ្ជក់​បាន។ ប្រសិន​បើ​លោកអ្នក​ចៀស​វាង​ឬ​បន្ថយ​អាហារ​ទាំងនោះ នោះ​ទម្ងន់​របស់​លោកអ្នក​នឹង ត្រូវ​ថយចុះ ឬ​រក្សា​លំនឹង​បាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។

8. ពិសា​ចំណី​អាហារ​ជាតិ​ស្ករ​ធម្មជាតិ

ចំណី​អាហារ​ជាតិ​ស្ករ​ធម្មជាតិ ឬ​ចំណី​អាហារ​ជាតិ​ស្ករមិន​កែច្នៃ​(ជា​ពពួក​ជាតិ​ស្ករ​ជ្រាប​យឺត)​បំបែក​ខ្លួនជ្រាប​ចូលទៅ​ក្នុង ខ្លួន​យឺត អាច​រក្សា​ស្ថិរ​ភាព​កម្រិត​ជាតិ​ស្ករនៅ​ក្នុង​ឈាម​បានល្អ។ ចំណី​អាហារ​ជាតិ​ស្ករមិន​កែច្នៃ​មាន​ដូចជា​អង្ករ បាយ​គ្រាប់​ធញ្ញ​ជាតិ ដំឡូង ដំឡូង​បារាំង​ទាំង​មូល ផ្លែ​ឈើ​មូល​ជាដើម។

9. កុំ​ពិសា​ចំណី​អាហារ​មាន​ជាតិ​ស្ករ​ជ្រាប​រហ័ស

លោកអ្នក​មិនត្រូវ​ដាក់​ស្ករ​នៅក្នុង​ចំណី​អាហារ និង​ក្នុង​ភេសជ្ជៈ​របស់​លោកអ្នក​ឡើយ។ ត្រូវ​ចៀស​វាង​បរិភោគ​ចំណី​អាហារ វេច​ខ្ចប់ កំ​ប៉ុង ប្រអប់ ឬដប នំ ឬ​ចំណី​អាហារ​ដែល​ធ្វើ ឬ​ដាំស្ល​ដោយ​ដាក់​ស្ករ​ផងដែរ ព្រោះថា​ស្ករ​ដែល​កែច្នៃ​ស្ករស​ស្ករ​ត្នោត មិនមាន​វីតាមីន ថែមទាំង​បង្កឱ្យ​មានការ​ឡើងចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀតផង។ ប្រការ​ឡើងចុះ​ជាតិ​ស្ករនេះ​បង្កឱ្យ​មាន​ជម្ងឺធាត់ ឬ​ជម្ងឺ ទឹក​នោម​ផ្អែម​ជាដើម។

10. បង្កើន​ការ​បរិភោគ​ផ្លែ​ឈើ ឬ​បន្លែ​ស្រស់

ផ្លែ​ឈើ និង​បន្លែ​ស្រស់​សម្បូរ​ទៅដោយ​សារ​ជាតិ​សរសៃ​និង​សារធាតុ​ចិញ្ចឹម​ដែលជា​កត្ដា​មួយធ្វើ​ឱ្យ​ការ​បរិភោគ​មាន​លំនឹង។ សូម​ព្យាយាម​ទទួល​ទាន​អាហារ​ប្រភេទ​នេះឱ្យ​បានច្រើន​ដងក្នុង​មួយថ្ងៃ​ក្នុងមួយ​ដងៗ​ឬមួយ​ពេល​អាចជា​ផ្លែចេក​មួយ​ផ្លែប៉ោម​មួយ ទំញំង​បាយជូរ​មួយ​ក្ដាប់ ញ៉ាំ​មួយ​ចាន។ គប្បី​ទទួល​ទាន​បន្លែ​ស្រស់ ដូចជា​អន្លក់ បន្លែ​ស្រស់​ឬបន្លែ​ឆ្អិន​ដោយ​ចំហុយ តែ​ចៀសវាង​ការ ចម្អិន​ដោយ​ប្រើខ្លាញ់។ ទឹក​ជន្លក់​គួរធ្វើ​រស​ជាតិឱ្យ​ស្រាលៗ​មិនឱ្យ​ប្រៃខ្លាំង ហឹរខ្លាំង​និង​ផ្អែម​ខ្លាំង។ល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative