ការ​ឈឺចាប់​នៅពេល​មក​រដូវ

រដូវ​គឺជា​ផ្លូវ​បង្ហាញពី​សុខភាព​របស់ស្ដ្រី។ មានស្ដ្រី​មួយ​ចំនួន​ជួប​ប្រទះ​អាការ​ឈឺចុក​ចាប់ម្ដុំ​ខាងក្រោម​ពោះនៅ​ពេលមក​រដូវ ហើយ​ជួនកាល​ធ្វើឱ្យ​គាត់​ពិបាក​ទ្រាំជា​ខ្លាំង។ ម្យ៉ាង​ទៀតវា​អាចបង្ក​នូវផល​រំខាន​ដល់ការ​ងារ​ប្រចាំ​ថ្ងៃទៀត​ផង។ ការឈឺ​ចាប់នេះ​ចាំ បាច់ត្រូវ​តែរក​ដើមចម​ដើម្បី​ធ្វើការ​ព្យាបាល​ទើបអាច​ទទួល​បាន​ជោគជ័យ។ តើការ​ឈឺចាប់​នៅពេល​មករដូវ​នេះកើត​ឡើង​ដោយ​សារ អ្វី?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​សាស្ដ្រា​ចារ្យ លៀង ច័ន្ទរិទ្ធ​អនុ​ប្រធាន​មន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ​សូវៀត​ចូលរួម​បក​ស្រាយ​បំភ្លឺ​ជូន​សុភាព​នារី​ទាំងអស់ អំពី​បញ្ហា​ដែល​ទាក់ទង​នឹងការ​ឈឺចាប់​នៅពេល​មករដូវ តាម​រយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

ឈឺចាប់​នៅពេល​មករដូវ​អាចជា​រោគ​សញ្ញា​នៃជម្ងឺ

ការ​ឈឺចាប់​នៅពេល​មក​រដូវនេះ​ត្រូវបាន​ចែក​ចេញជា​ពីរប្រភេទ គឺការ​ឈឺចាប់​ធម្មតា និងការ​ឈឺចាប់​មិន​ធម្មតា។

1. ការ​ឈឺចាប់​ធម្មតា នៅពេល​មករដូវ ស្ដ្រីអាច​មានការ​ឈឺចាប់​បន្ដិច​បន្ដួច​នៅមុន​ពេលមក​រដូវ​មួយថ្ងៃ​នោះមិន​មាន បញ្ហាអ្វី​ដែលគួរ​ឱ្យចាប់​អារម្មណ៍​ទេ អាការ​ទាំងនេះ​នឹងបាត់​ទៅនៅ​ថ្ងៃដែល​ឈាម​រដូវ​ធ្លាក់មក។ ការ​ឈឺចាប់​បែបនេះ​ច្រើនកើត​មាន លើស្ដ្រី​វ័យក្មេង​ដែល​មិនទាន់​បានឆ្លង​កាត់​ការរួម​ភេទ និងការ​សម្រាល​កូន។

2. ការ​ឈឺចាប់​មិន​ធម្មតា ភាគច្រើន​កើតឡើង​ចំពោះ​ស្ដ្រីដែល​ធ្លាប់ឆ្លង​កាត់ការ​រួមភេទ និងការ​សម្រាល​កូន។ ការឈឺ ចាប់ខ្លាំង​នៅពេល​មករដូវ ដែល​ជួនកាល​ធ្វើឱ្យ​ស្ដ្រីទ្រាំ​មិនបាន ហើយ​អាច​សន្លប់​បាត់​ស្មារតី​ក៏មាន​ដែរ។ ចំពោះ​ស្ដ្រី​ដែលកាល​ពីមុន​មិន ធ្លាប់​មានការ​ឈឺចាប់ ហើយ​ទើបតែ​ចាប់ផ្ដើម​ឈឺចាប់​នៅពេល​នេះ​អាចជា​រោគ​សញ្ញា​នៃជម្ងឺ​អង់ឌី​ម៉ែតទី​យ៉ូ។ មានន័យ​ថាកោ​សិកា​អង់ដូ​ម៉ែត​ដែល​ធ្លាប់នៅ​ក្នុងស្បូន​ហើយ​មានតួ​នាទី​បញ្ចេញ​ឈាមរដូវ​មកក្រៅ​បានទៅ​ទំនៅ​នឹងដៃ​ស្បូន ឬក្រៅ​ស្បូន ជាហេតុ​ធ្វើឱ្យ ឈាម​រដូវ​បញ្ចេញ​មិនបាន​ល្អ នាំឱ្យ​ស្អិតបង្ក​ឱ្យមាន​ការឈឺ​ចាប់។

មូលហេតុ​ដែលបង្ក​ឱ្យមាន​ការឈឺ​ចាប់

មាន​ហេតុផល​ជាច្រើន​ផ្សេងៗ​គ្នាកើត​ឡើងពី​ការឈឺ​ចាប់នៅ​ពេលមក​រដូវ។

  • ដោយសារ​ស្បូន​របស់ស្ដ្រី​នោះមាន​ភាពមិន​ប្រក្រ​តី ជា​ហេតុធ្វើ​ឱ្យ​ដំណើរ​នៃការ​ធ្លាក់​ឈាម​រដូវ​មិនបាន​ល្អ
  • ដោយ​សារការ​កន្ដ្រាក់​របស់​សាច់ដុំ​ស្បូន​ដែលធ្វើ​ឱ្យ​ចរន្ដ​ឈាម​ដែលហូរ​ទៅ​ចិញ្ចឹម​ស្បូន​មិនបាន​គ្រប់គ្រាន់​ធ្វើឱ្យ​មានការ ចុកចាប់​នៅក្នុង​ស្បូន
  • ការ​កន្ដ្រាក់​សាច់ដុំ​ស្បូនទាក់ទង​ដល់ការ​បញ្ចេញ​អ័រម៉ូន បញ្ចេញ​អុកស៊ី​តូស៊ីន អុកម៉ា​ប្លង់បីន​នៅពេល​មករដូវ​ម្ដងៗ
  • នៅក្នុង​ស្បូន​ស្ដ្រីមាន​ដុះសាច់​ដែលជា​ហេតុនាំ​ឱ្យមាន​ការឈឺ​ចាប់
  • ស្ដ្រីដែល​ប្រើ​មធ្យោ​បាយ​ពន្យារ​កំណើត​ដោយការ​ដាក់កង​ក្នុងស្បូន នៅពេល​មករដូវ​អាចមាន​ការ​ឈឺចាប់​ជាងស្ដ្រី​ធម្មតា
  • ស្ដ្រី​ដែលធ្លាប់​រំលូត​កូនហើយ មានការ​ប៉ះទង្គិច​ទៅនឹង​ជញ្ជាំង​ស្បូន​ដោយសារ​ការ​កោស​យកកូន​ចេញ​ក៏អាច​ធ្វើឱ្យ​មាន កា​រឈឺចាប់​នៅពេល​មករដូវ​ដែរ។

ការ​ព្យាបាល​ការឈឺ​ចាប់នៅ​ពេលមក​រដូវ

ការព្យា​បាល​ចាំបាច់​ត្រូវធ្វើ​ឡើង​ដោយ​យោងទៅ​តាមមូល​ហេតុបង្ក។ គ្រូពេទ្យ​ជំនាញ​ខាងរោគ​ស្ដ្រីនឹង​ធ្វើការ​ព្យាបាល​ទៅ តាម​លក្ខណៈ​នៃការ​ឈឺចាប់។ មាន​កត្ដា​បន្ទាប់​បន្សំ​មួយ​ចំនួន​ដែល​ស្ដ្រីអាច​ជួយខ្លួន​ឯងនៅ​ពេលដែល​មានការ​ឈឺចាប់ ដូចជា​អាចប្រើ ថ្នាំបន្ថយ​ការ​ឈឺចាប់ និងប្រើ​ទឹកក្ដៅ​ស្អំនៅ​បរិវេណ​ខាងក្រោម​ពោះ​អាការ​ឈឺចាប់​អាចកាត់​បន្ថយ​បានមួយ​កម្រិត។ ទោះបី​ជាយ៉ាង​ណា​ប្រការ​ដែលល្អ​បំផុត​សម្រាប់​លោកស្រី​អ្នកនាង​កញ្ញា​គឺការ​ពិគ្រោះ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។

ផល​ប៉ះពាល់​នៃការ​ឈឺចាប់​នៅពេល​មករដូវ

ក្រៅពី​មាន​បញ្ហា​ផ្នែក​សុខភាព​ហើយ​នោះ ការ​ឈឺចាប់​នៅពេល​មករដូវ​អាចធ្វើ​ឱ្យមាន​ការ​រំខាន​មួយ​ចំនួន​ទៀត​ដូចជា​ប៉ះ ពាល់ដល់​ការ​សិក្សា​រៀនសូត្រ​(ចំពោះ​ស្ដ្រីវ័យ​ក្មេង​កំពុង​សិក្សា) ធ្វើឱ្យ​រាំងស្ទះ​ដល់ការ​ងារប្រ​ចាំថ្ងៃ​ខាតពេល​វេលា​និង​ខាត​ថវិកា​ទៀត ផង ចំពោះ​ស្ដ្រី​ដែល​បំពេញ​ការងារ។ ជាងនេះ​ទៅទៀត​ប្រសិន​បើក្នុង​ករណី​ធ្ងន់ធ្ងរ​អាចមាន​ជម្ងឺ​ផ្សេងៗ​មួយ​ចំនួន​ទៀត។

ដំបូន្មាន​អ្នក​ជំនាញ

សូមគ្រប់​ស្ដ្រី​ទាំងអស់​នៅពេល​មាន​អាការ​មិន​ប្រក្រតី​នៅពេល​មករដូវ សូម​ប្រញាប់​រួសរាន់​ទៅរក​ពេទ្យ​ជំនាញ​ជា​ពិសេស ចំពោះ​អ្នក​ម្ដាយ​ទាំង​ឡាយ​ដែលមាន​កូនស្រី។ សូមកុំ​អៀន​ខ្មាស​ឱ្យសោះ​ព្រោះ​ភាពខ្មាស​អៀន​មិនអាច​ជួយ​បំបាត់​ការឈឺ​ចាប់បាន ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative