វិធី​វះកាត់​ធ្វើ​ថ្ពាល់​ខួច

ថ្ពាល់​ខួចជួយ​ឱ្យ​សម្រស់​ធម្មជាតិ​កាន់តែ​ស្រស់​ស្អាត ពិសេស​រាល់​ពេល​បញ្ចេញ​ស្នាម​ញញឹម និង​សំណើច​គឺធ្វើឱ្យ​មាន​ចំណាប់​អារម្មណ៍ និង​រឹងរឹតតែ​មាន​មន្ដស្នេហ៍​ថែម​ទៀត។ ដូច្នេះ​ហើយ​បាន​ជាសុភាព​បុរស និង​សុភាពនារី​ទាំង​ឡាយ​តែង​តែ​ព្យាយាម រក​គ្រប់​មធ្យោ​បាយ ដើម្បី​កែលំអ​សម្រស់​របស់​ខ្លួន​តាមវិធី​ផ្សេងៗ។ មិន​ថ្វីទេ​បច្ចេក​ទេស​វេជ្ជសាស្ដ្រ​អាច​ជួយ​លោកអ្នក​បាន​តាមរយៈ ការវះកាត់ ប្រសិនបើ​លោកអ្នក​ពុំមាន​ថ្ពាល់ខួច​ពីកំណើត ឬមាន​ដែរតែ​មិន​សូវ​ស្អាត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមបក​ស្រាយ​វិធីធ្វើ​ឱ្យ​ថ្ពាល់ខួច តាមរយៈ​ការផ្ដល់​ប្រឹក្សា​ពី​លោក​វេជ្ជបណ្ឌិត លីវ​អាន​អ្នកឯក ទេសផ្នែក​ជម្ងឺទូទៅ និង​សម្ផស្ស​ប្រចាំគ្លីនិក លីវ អាន។

ថ្ពាល់ខួច​សំដៅ​ថ្ពាល់​ដែល​មាន​សណ្ឋាន​ខូង​ចូលក្នុង​ផ្ទៃសាច់​បន្ដិច លើថ្ពាល់​តែម្ខាង ឬ​ទាំងសង​ខាង។ ថ្ពាល់​ខួចអាច​មានតាំង ពីកំណើត​មកស្រាប់ ជួនកាល​វាមិន​បញ្ចេញ​រាង​ច្បាស់ទេ ប្រសិន​បើផ្ទៃមុខ​មិន​មាន​សភាព​ប្រែ​ប្រួល។ លុះ​ពេល​ញញឹម ឬសើច ទើបវា បង្ហាញ​សណ្ឋាន​ខួច ប៉ុន្ដែ​មាន​លោកអ្នក​មួយចំនួន​មាន​ថ្ពាល់ខួច​ស្ថិតនៅ​ជាប្រក្រតី​រហូត​ទោះ​មិន​ញញឹម​ក៏ដោយ។

វិធី​វះកាត់​ធ្វើឱ្យ​ថ្ពាល់​ខួច

ការ​សម្រេច​ចិត្ដ​ទទួល​យក​ការវះកាត់​ថ្ពាល់ខួច សូម​ស្វែង​យល់​នូវចំណុច​មួយ​ចំនួន​ជាមុន​សិន។

  • មុនវះកាត់ ៖ ជាដំបូង​លោកអ្នក​ត្រូវ​ទទួល​ពិនិត្យ​សុខភាព​ជាមុនសិន បើមិន​មានអ្វី​ជា​បញ្ហាទេ​អ្នកជំនាញ​ចាប់​ផ្ដើមវះ កាត់​ដោយ​ត្រូវរក​ឱ្យឃើញ​នូវទីតាំង​ដែល​ត្រូវធ្វើ​ឱ្យខួច បន្ទាប់​មកទើប​លាង​សម្អាត​សម្លាប់​មេរោគ និង​ចាក់ថ្នាំ​ស្ពឹក​ដើម្បី​កាត់​បន្ថយ ការឈឺ​ចាប់់​នៅពេល​វះកាត់។
  • ពេលវះកាត់ ៖ អ្នក​ជំនាញ​នឹង​ប្រើ​ប្រាស់​សម្ភារៈ​ដែល​បាន​ត្រៀម​ទុក ដោយ​សម្លា​ប់មេ​រោគ​រួចជា​ស្រេច។ សាច់​ថ្ពាល់​ផ្នែក ក្នុង​មួយ​ចំណែក​តូច នឹង​ត្រូវ​វះកាត់​ចោល។ បើមាន​ឈាម​ហូរចេញ​នឹង​ប្រើថ្នាំ​សម្រាប់​ឃាត់​ឈាម។ ការ​វះកាត់​ត្រូវ​ចំណាយ​ពេល​យ៉ាង យូរ​២០នាទី​ប៉ុណ្ណោះ អ្នក​ជំនាញ​នឹង​ដេរភ្ជិត​ព្រមទាំង​ចាក់ថ្នាំ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺចាប់​ក្រោយ​ពេល​វះកាត់។
  • ក្រោយ​វះកាត់ ៖ ថ្ពាល់​នឹង​លេច​ចេញ​រូបរាង​ខួច​ដ៏ស្រស់​ស្អាត ក្នុង​អំឡុង​ពេលពី៣​ទៅ៦ខែ​ក្រោយ​មក។  ក្រោយ​វះកាត់ លោកអ្នក​គួរ​តម​អាហារ​មួយ​ចំនួន ដូចជា​សាច់មាន់ គោ គ្រឿង​សមុទ្រ ត្រកួន​ជាដើម​ប្រយោជន៍​កុំឱ្យ​មានការ​លេច​ចេញ​ជាផ្លែ​សាច់ ឬមុខ​របួស​ក្រជាសះ​ស្បើយ។

ករណី​មិនគួរ​ធ្វើការ​វះកាត់​ថ្ពាល់​ខួច

វ័យ​ក្រោម១៦ឆ្នាំ មិនគួរ​ធ្វើការ​វះកាត់ទេ លើក​លែង​តែ​ករណី​ចាំបាច់​បំផុត ព្រោះ​ក្នុង​ដំណាក់​កាល​នេះ​ពុំទាន់​មាន​សុខភាព រឹងប៉ឹង​នៅ​ឡើយ។ រីឯវ័យ​លើស​ពី៤០​ឡើង​ទៅ ក៏មាន​ផល​មិន​សូវ​ល្អដែរ​ព្រោះ​នៅវ័យ​នេះ​សុខភាព​លោកអ្នក​ចាប់​ផ្ដើម​ទ្រុឌ​ទ្រោម និង​លក្ខខណ្ឌ​ខ្លះ​ផ្សេង​ទៀត ដែល​មិនអាច​ធ្វើការ​វះកាត់​បាន ដូចជា​លោកអ្នក​មាន​ជម្ងឺ​បេះដូង ហឺត ថ្លើម​ទឹក​នោម​ផ្អែម អេដស៍ ឬផ្ទុក​មេរោគ​អេដស៍ បរិមាណ​ឈាម​មិន​គ្រប់​គ្រាន់​ជាដើម។

ដំបូន្មាន​អ្នក​ជំនាញ

ការប្រឹង​ប្រែង​ធ្វើឱ្យ​ថ្ពាល់ខួច​នេះជា​អត្ថប្រយោជន៍​សម្រាប់​ផ្នែក​សម្ផស្ស​ដែល​អាច​លើក​សម្រស់​ធម្មជាតិ​បានមួយ​កម្រិត ទៀត ព្រោះ​សំណើច និង​ស្នាម​ញញឹម​ពោរពេញ​ទៅដោយ​មន្ដ​ស្នេហ៍ គួរជាទី​ទាក់ទាញ​នៃភ្នែក​មនុស្ស​នៅ​ជុំវិញ​ខ្លួន។ ប៉ុន្ដែ​លោកអ្នក គួរដឹង​ដែរថា បើ​លោកអ្នក​ទៅរក​សេវា​ដែល​ពុំមាន​ជំនាញ​ច្បាស់​លាស់​ថ្ពាល់​របស់​លោកអ្នក​អាច​មិន​ខួចស្អាត​ដូច​ប្រាថ្នា ផ្លែសាច់ វៀច មាត់ ឬឆ្លង​ជម្ងឺផ្សេងៗ​ជាពុំខាន​ឡើយ។

អ្វីដែល​បាន​រៀបរាប់​ជូនខាង​លើនេះ គ្រាន់តែ​ជាចំណេះ​ដឹង​សម្រាប់​លោកអ្នក​ពិចារណា​តែ​ប៉ុណ្ណោះ។ សូម​លោកអ្នក​ជ្រើស រើស​យកអ្វី​ដែល​លោក​អ្នកយល់​ថាល្អ​ត្រឹមត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៣ ខែធ្នូ ឆ្នាំ២០០៧

Google Analytics Alternative