បុក​កាពិ

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​បរិភោគ ៖ ៤នាក់
  • រយៈពេល​រៀបចំ​គ្រឿង ៖ ៣០នាទី
  • រយៈពេល​ចម្អិន ៖ ១៥នាទី

គ្រឿងផ្សំ

  • កាពិ ២ស្លាប​ព្រាបាយ                           
  • ប្រេងឆា
  • បង្គា​ក្រៀម ៥០​ក្រាម 
  • ស្ករស ១ស្លាប​ព្រាបាយ
  • ត្រីឆ្អើរ ១០០​ក្រាម (យកតែ​សាច់)                                  
  • ទឹកក្រូច​ពោធិ​សាត់ កន្លះ​កូនចាន​ចង្កឹះ
  • ខ្ទឹមស ខ្ទឹម​ក្រហម ២កំពឹស                                
  • ពងមាន់ ៣គ្រាប់ – ទឹកក្រូច​ឆ្មារ ២ស្លាប​ព្រាបាយ                               
  • ម្សៅ​ស្រួយ ១កព្ចាប់
  • ម្ទេស ៥០ក្រាម                                      
  • ត្រប់​ស្រួយ

អន្លក់

មានផ្កា​ចំប៉ី ផ្កាល្ពៅ ផ្កា​កុលាប ស្អំ ស្លឹក​ពោធិ៍​យំ ត្រប់វែង (ចិតរាង​ចង្វា​មូល) ឬ​បន្លែ​ផ្សេង​ទៀត​តាម​ចំណូល​ចិត្ដ។

វិធី​ធ្វើ

1. ជា​ដំបូង​សូមយក​ម្សៅ​ស្រួយ​លាយ​ជាមួយ​ពងមាន់ ចាក់ទឹក​៣ ឬ៤​ស្លាប​ព្រាបាយ​ចូល ហើយកូរ​ឱ្យសព្វ។ បន្ទាប់​មក សូមយក​អន្លក់​ដែល​រៀបរាប់​ខាងលើ​ជ្រលក់​ចូលម្សៅ​ដែល​លាយ ហើយ​ដាក់បំពង​ជាមួយ​ប្រេងឆា​ឱ្យ​ស្រួយ​ទុកឱ្យ​ស្រស់​ប្រេង។

2. ចំណែក​កាពិត្រូវ​ខ្ចប់ស្លឹក​ចេក រួចអាំង​ឱ្យស្ងួត​ទឹកទាល់​តែក្រៀម​(កុំប្រើ​ភ្លើងខ្លាំង​ពេក) ហើយ​មានក្លិន​ឈ្ងុយ​រួចទុក ដោយ​ឡែក។ បន្ទាប់​មកយក​ខ្ទឹមស ខ្ទឹម​ក្រហម ម្ទេស និងត្រី​ឆ្អើរ​លីង​ឡើងទាល់​តែឈ្ងុយ​ដោយ​ដាក់​ប្រេងឆា​បន្ដិច​ផង។

3. នៅពេល​ផ្សំ​គ្រឿង ត្រូវយក​កាពិ ខ្ទឹមស ខ្ទឹម​ក្រហម ម្ទេស បង្គា​ក្រៀម ត្រីឆ្អើរ ស្ករស និង​ត្រប់​ស្រួយ​(ឆ្កឹះ​យកតែ គ្រាប់)​បុក​បញ្ចូល​គ្នា រួចដួស​ដាក់ចាន។ បន្ទាប់​មកចាក់​ទឹកក្រូច​ឆ្មារ និងទឹក​ក្រូច​ពោធិ​សាត់កូរ​ឱ្យសព្វ​រួចភ្លក្ស​យក​រសជាតិ​តាមការ ចូលចិត្ដ។ ប៉ុន្ដែ​បុក​កាពិ​ជាទូទៅ​មាន​រសជាតិ​ជូ ហើយ​ប្រៃ​បន្ដិច។

ចំណាំ មុខ​ម្ហូបនេះ​សម្រាប់​ទទួល​ទាន​ជាមួយ​បាយស ឬធ្វើ​ជាគ្រឿង​ក្លែម​ក៏បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative