បូមខ្សាច់​តាមដង​ទន្លេ​មេគង្គ ៖ អភិ​វឌ្ឍន៍​ជាតិ ឬបំ​ផ្លាញ​បរិស្ថាន?

រ៉ែខ្សាច់​នៅបាត​ទន្លេ​មេគង្គ​កម្ពុជា ជា​ប្រភេទ​ខ្សាច់លេខ​មួយ​សម្រាប់​ធ្វើ​សំណង់​តូចធំ។ បច្ចុប្បន្ន​យើង​សង្កេត​ឃើញថា​មាន ការបូម​ខ្សាច់តាម​ដងទន្លេ​មេគង្គ​ច្រើន​កន្លែង។ បើទោះ​បីជា​ការបូម​ខ្សាច់អាច​ជួយដល់​ការអភិ​វឌ្ឍ​ប្រទេស​និង​បង្កើន​ថវិកា​ជូនរដ្ឋ យ៉ាងណា​ក៏ដោយ។ ក៏ប៉ុន្ដែ​បើការ​បូម​ដែល​មិនគោរព​ទៅតាម​ក្បួនខ្នាត​បច្ចេកទេស​ត្រឹមត្រូវ​ទេនោះ អាចធ្វើ​ឱ្យប៉ះ​ពាល់ដល់​សង្គម និង បរិស្ថាន​ផងដែរ។ ប្រសិន​បើមិន​មានវិធាន​ការឱ្យ​បានទាន់​ពេលវេលា​អាចនឹង​មានបញ្ហា​ប្រឈម​ជាច្រើន​នាពេល​អនាគត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចម្លើយ​ទាំងអស់​នេះ លោកស្រី ជូ សុខ​ផានី​ប្រធាន​នាយក​ដ្ឋាន​អង្កេត​ពិនិត្យ​ការវាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួង បរិស្ថាន​បានចូល​រួមបក​ស្រាយពី​បញ្ហាទាំង​នេះ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

មូលហេតុ​បូមខ្សាច់​តាមដង​ទន្លេ​មេគង្គ

តាមស្ថាន​ភាពជាក់​ស្ដែង នៅតាម​ដងទន្លេ​មេគង្គ​ក្រោមមាន​ដីគោក​យ៉ាងខ្លាំង​និងដោយ​សារ​ប្រទេស​កម្ពុជា​កំពុង​មានការ អភិវឌ្ឍ​ទៀតដែល​ត្រូវការ​វត្ថុធាតុ​ដើមផ្សេង​ៗដែល​នៅខ្វះ​ច្រើន ក្នុងនោះ​រួមទាំង​ខ្សាច់​សម្រាប់​សាងសង់​សំណង់​នានា។ ខ្សាច់តាម​ដង ទន្លេ​មេគង្គ​ជាខ្សាច់​ដែលមាន​គុណភាព​ខ្ពស់​ចំពោះ​សំណង់​ធំៗ ដូចជា​អគារ ផ្លូវ ស្ពានជា​ដើម។ ដូច្នេះ​ហើយទើប​រាជរដ្ឋា​ភិបាល​បង្កើតឱ្យ មានការ​វិនិយោគ​លើអា​ជីវកម្ម​រ៉ែខ្សាច់​នៅតាម​ដងទន្លេ​មេគង្គ​ដែលអាច​ជួយរក​ចំណូល​បានមួយ​ចំនួន​សម្រាប់​យកទៅ​អភិវឌ្ឍ​ប្រទេស ។ ជា​ពិសេស​ជួយ​សម្រួល​ដល់ការ​ធ្វើ​ដំណើរ​តាមផ្លូវ​ទឹក ជួយស្ដារ​ទន្លេ​សម្រួល​ចរន្ដទឹក​ហូរ និង​ការពារ​កុំឱ្យ​ទឹកជន់​លិចលំ​នៅដ្ឋាន​ដី ស្រែ​ចម្ការ​របស់​ប្រជា​ពលរដ្ឋ​ទៀតផង។

ផលប៉ះ​ពាល់នៃ​ការបូម​ខ្សាច់

ខ្សាច់ជា​សម្បត្ដិ​ធម្មជាតិ​មួយ​ប្រភេទ ដែលមាន​អត្ថ​ប្រយោជន៍​ចំពោះ​សំណង់​ទូទៅ។ ទន្ទឹមនឹង​អត្ថ​ប្រយោជន៍​ទាំងនោះ ការ បូម​ខ្សាច់ក៏​អាចបង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​ចំពោះ​បរិស្ថាន​ធម្មជាតិ និង​សង្គម​រស់នៅ។ ជា​ពិសេស​ប្រសិន​បើការ​ធ្វើ​អាជីវ​កម្ម្មរ៉ែ​ខ្សាច់ នៅតាម​ដងទន្លេ មិនបាន​គោរព​ទៅតាម​លក្ខណៈ​បទដ្ឋាន​បច្ចេក​ទេស​ត្រឹមត្រូវ។

1. ផលប៉ះ​ពាល់ចំពោះ​បរិស្ថាន​ធម្មជាតិ

  • ការហូរ​ច្រោះដី ៖ សកម្ម​ភាព​អាជីវ​កម្មអាច​បង្កើតឱ្យ​មានការ​ហូរច្រោះ​ដី នៅតាម​ដងទន្លេ​មេគង្គ​និងតាម​កោះនានា ព្រមទាំង​បង្កើតឱ្យ​មានកំណក​ដីល្បប់​នៅផ្នែក​ខាង​ក្រោមនៃ​ខ្សែទឹក។ ដោយ​សារកម្លាំង​បូមខ្សាច់​នៅបាត​ទន្លេដែល​មានសក្ដា​នុពល​ខ្លាំង ក្លាពេក​ជួនរហូត​ឈានទៅ​ដល់ការ​បាត់បង់​ភាព​សមា​មាត្រ នៃ​សណ្ឋាន​ដីនៅ​បាតទន្លេ។
  • គុណភាព​ទឹក ក្នុង​ករណី​ការ​គ្រប់គ្រង​សំណល់​រឹងរាវ​គ្រប់​ប្រភេទ​មិនបាន​ត្រឹមត្រូវ នាំឱ្យ​ការហៀរ​ឬកំពប់​ប្រេងពេល ជួសជុល​ម៉ាស៊ីន បានបង្ក​ឱ្យមាន​ភាពល្អក់​ដែល​កម្ទេច​កករ​ធ្លាក់ចុះ។ ហើយ​កម្ទេច​ទាំងនោះ​វិលវល់​នាំឱ្យ​មាន​បម្រែ​បម្រួល​សីតុណ្ហ​ភាព ក្នុងទឹក។
  • ធារា​សាស្ដ្រ សកម្ម​ភាព​អាជីវ​កម្មខ្សាច់​អាចធ្វើ​ឱ្យរាំង​ស្ទះ​ចរន្ដ​ទឹក ការផ្លាស់​ប្ដូរកម្ពស់​ទឹក ទិសដៅ​ចរន្ដទឹក និង​ល្បឿន ទឹកនៅ​ក្នុង​តំបន់។
  • ជីវៈ​ចម្រុះ ការបូម​ខ្សាច់អាច​បណ្ដាល​ឱ្យមាន​ការ​ផ្លាស់​ប្ដូរការ​ចិញ្ចឹម​ជីវិត​និង​ថយចុះ​នៃ​ពពួក​សត្វ​ដែល​រស់នៅ​ជុំវិញ តំបន់​នោះ។ ម្យ៉ាង​ទៀត​ដោយ​សារ​សកម្មភាព​ការ​បូម​ខ្សាច់​បង្កឱ្យ​មាន​សម្លេង​ម៉ាស៊ីន​ខ្លាំងៗ ពេលកំពុង​ធ្វើ​អាជីវ​កម្ម​និង​សកម្ម​ភាព ផ្សេងៗ​របស់​កម្មករ។ ក្រៅពី​នោះក៏​មានការ​ប៉ះពាល់​ដល់ត្រី​គ្រប់​ប្រភេទ ពពួក​រុក្ខជាតិ​ក្នុងទឹក​ប្រព័ន្ធ​អេកូ​ឡូស៊ី​ក្នុងទឹក​កើនឡើង​នូវ ភាព​ល្អក់ កម្ទេច​កករ​ធ្លាក់ចុះ ហើយ​វិលវល់ និងមាន​បម្រែ​បម្រួល​សីតុណ្ហ​ភាពក្នុង​ទឹក​ដែល​បង្ខំឱ្យ​ពួកសត្វ​ទាំងនោះ​ធ្វើការ​បម្លាស់​ទី ទៅ​កន្លែង​ផ្សេង។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

2. ផល​ប៉ះពាល់​ចំពោះ​សង្គម​រស់នៅ

  • ការរើ​លំនៅ​ដ្ឋាន សហ​គម​មានការ​ភ័យខ្លាច​ពីការ​បាក់​ច្រាំង​ដែលអាច​បណ្ដាល​ឱ្យ​បាត់បង់​ដី​កសិកម្ម​ការ​តាំងទី​លំនៅ និង​បាត់បង់​ដីដាំ​ដុះ ដែល​ផ្ដល់ផល​ប្រយោជន៍​ដល់​សហគម។ នៅ​ដំណាក់​កាល​នេះ​ការ​ធ្វើ​អាជី​វកម្ម​បូម​ខ្សាច់​អាច​បាត់បង់​មុខ​របរ​របស់ សហគម​មួយ​ចំនួន​តាមដង​ទន្លេ​មេគង្គ ដោយ​សារ​ការ​បំពុល​ទឹក ការបាក់​ច្រាំង​នៅសង​ខាងដង​ទន្លេ​និង​នៅតាម​កោះ​ដែលពាក់​ព័ន្ធ មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។
  • ការ​ប្រើប្រាស់​ដី និង​ទឹក ប៉ះពាល់​ដល់ការ​ប្រើប្រាស់​ដី​ស្រែ​ចម្ការ ដី​លំនៅ​ដ្ឋាន​សំណង់​ផ្សេងៗ​នៅតាម​ច្រាំង​ទន្លេ និង កោះ​នានា​ដែល​ពាក់ព័ន្ធ ដោយ​សារ​ការហូរ​ច្រោះដី និង​បាក់ច្រាំង​ដែល​បង្កឡើង​ដោយ​សកម្មភាព​បូម​ខ្សាច់។ ក្រៅពី​សកម្មភាព​បូម ខ្សាច់​អាច​បណ្ដាល​ឱ្យប៉ះ​ពាល់​ដល់ការ​ប្រើប្រាស់​ទឹក​របស់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​ដោយ​អាច​កើតឡើង​នូវ​ជម្ងឺឆ្លង​ផ្សេងៗ តាមរយៈ​នៃ ការ​កើនឡើង​នៃ​ពពួក​សារធាតុ​រឹង​អណ្ដែត​ក្នុងទឹក ដែល​វិលវល់​ក្នុងទឹក​និង​កម្រិត​រលាយ​អុកស៊ី​សែនជា​ដើម។ ការ​ប៉ះពាល់​ដល់​គុណ ភាពទឹក​ជាបញ្ហា​ចម្បង​មួយ​រវាង​សហគម និង​ម្ចាស់​អាជីវ​កម្ម​ខ្សាច់។
  • វប្ប​ធម៌ និង​សាសនា ម្ចាស់​គម្រោង​ភាគច្រើន​បាន​ប្រើប្រាស់​កម្លាំង​ពល​កម្ម​មកពី​តំបន់​ផ្សេងៗ​និងក្រៅ​ប្រទេស​ដែល ប្រកាន់​ទំនៀម​ទម្លាប់​ប្រពៃណី​ខុសគ្នា។ ទង្វើ​ទាំងនេះ​បណ្ដាល​ឱ្យប៉ះ​ពាល់​ដល់​វប្បធម៌​និង​សាសនា​របស់​សហ​គម​ក្នុង​តំបន់​គម្រោង។
  • ផ្លូវ​គមនា​គមន៍ ករណី​ការធ្វើ​អាជី​វកម្ម​មាន​ទ្រង់ទ្រាយ​ធំ​អាច​ប៉ះពាល់​ដល់ការ​ប្រើប្រាស់​ផ្លូវទឹក​របស់​សាធា​រណៈ​ជន ដូចជា​ការធ្វើ​ដំណើរ​ឆ្លងកាត់​ទន្លេ ឬការ​ធ្វើ​ចរាចរ​ដឹក​ផលិត​ផល​ចេញ​ចូល។ ជាហេតុ​បណ្ដាល​ឱ្យមាន​ការរាំង​ស្ទះ​ឬអាច​លិចលង់​មកពី មាន​រលក​ធំៗ ដែល​បង្ក​ដោយ​សកម្ម​ភាព​នាវា​របស់​អាជី​វកម្ម​បូមខ្សាច់​ចេញ​ចូល។
  • សុខភាព​សាធា​រណៈ សកម្ម​ភាព​អាជី​វកម្ម​ខ្សាច់​អាច​បណ្ដាល​ឱ្យប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​សុខ​ភាព​សាធា​រណៈ​និងកម្ម​ករ ដូចជា​អាច​កើតមាន​ជាជម្ងឺ​ឆ្លង ផ្លូវ​ដង្ហើម ជម្ងឺ​សើស្បែក ជម្ងឺ​ពោះវៀន និង​ជម្ងឺ​ផ្សេងៗ​ទៀត​ដែល​បណ្ដាល​មកពី ៖
  • ទឹក​កខ្វក់ និងការ​គ្រប់គ្រង់​សំណល់​មិនបាន​ត្រឹម​ត្រូវ
  • ទឹក​ត្រូវរង​ការ​បំពុល ដោយ​ការ​កំពប់ ឬ​ហៀរ​ប្រេង​ម៉ាស៊ីន​ពីគ្រឿង​ចក្រ
  • អាច​បណ្ដាល​ឱ្យមាន​គ្រោះថ្នាក់​ដែល​បណ្ដាល​មកពី​ឧបករណ៍ និង​សម្ភារៈ​គម្រោង
  • ការ​បឺត ឬ​ស្រូប​ចូលនូវ​ភាគល្អិត​នៃ​ធូលី​របស់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។

វិធី​ទប់​ស្កាត់ និង​ដំណោះ​ស្រាយ​របស់​ក្រសួង​បរិស្ថាន

ក្រសួង​បរិស្ថាន​តម្រូវ​ឱ្យ​គម្រោង​ធ្វើ​អាជី​វកម្ម​រ៉ែ​គ្រប់ប្រភេទ​រួមទាំង​អាជីវ​កម្ម​រ៉ែខ្សាច់ ត្រូវ​រៀបចំ​របាយ​ការណ៍​ហេតុប៉ះ​ពាល់​បរិស្ថាន និង​សង្គម​ដើម្បី​ធានា​ការអភិ​វឌ្ឍន៍​ឱ្យមាន​និរន្ដរ​ភាព​បរិស្ថាន។ របាយ​ការណ៍​ទាំងនេះ​ជាវិធាន​ការ​និង​ដំណោះ​ស្រាយ​មួយ ដែល​មាន​ប្រសិទ្ធ​ភាព អាច​កាត់​បន្ថយ​ការប៉ះ​ពាល់​បរិស្ថាន​អវិជ្ជ​មានឱ្យ​ដល់​កម្រិត​អប្ប​បរមា​និង​បង្កើត​ការប៉ះ​ពាល់​បរិស្ថាន​វិជ្ជ​មានឱ្យ ដល់​កម្រិត​អតិ​បរមា។ ម្យ៉ាង​ទៀតត្រូវ​សិក្សា​ពី​ស្ថាន​ភាពនៃ​ទន្លេ និង​ទីតាំង​ខ្សាច់​ឱ្យបាន​ច្បាស់​លាស់​ជា​ពិសេស​សិក្សា​ពី​របត់​ទន្លេ ទាំង ទទឹង និង​បណ្ដោយ​នៃ​គម្រោង​មុននឹង​ស្នើសុំ​វិនិ​យោគ។ កត្ដា​សំខាន់​អនុវត្ដ​ឱ្យបាន​ត្រឹមត្រូវ​និង​តាម​លក្ខណៈ​បច្ចេក​ទេស​ដែល​ផ្នែក​ពាក់ ព័ន្ធ​ផ្ដល់​យោ​បល់។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ម្ចាស់​អាជីវម្ម​តូចធំ​គួរ​គោរព​តាម​បច្ចេក​ទេស នៃ​ការធ្វើ​អាជី​វកម្ម​ឱ្យបាន​ប្រសើរ​ដោយ​ត្រូវធ្វើ​របាយ​ការណ៍​វាយ​តម្លៃ​ហេតុ ប៉ះពាល់​បរិស្ថាន និង​សង្គម ដើម្បី​ធានា​ការ​អភិ​វឌ្ឍន៍​ឱ្យមាន​និរន្ដរ​ភាព​បរិស្ថាន។ ជា​ពិសេស​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ដែល​មិនទាន់​មានការ ងារ អាច​មានការ​ងារធ្វើ​រយៈ​ពេល​យូរ ហើយ​ថែម​ទាំង​ជួយ​សម្រួល​ដល់​បន្ទុក​គ្រួសារ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative