ធាក់កង់​ជួយ​សម្រស់ និង​សុខភាព

បច្ចេក​វិទ្យា​ទំនើប​អាចជួយ​សម្រួល​បន្ទុក​របស់​មនុស្ស​បានមួយ​ចំណែក។ ដោយ​សារការ​មមាញឹក​នឹង​ភារកិច្ច​ប្រចាំ​ថ្ងៃនាំឱ្យ លោកអ្នក​មិនមាន​ពេល​ទំនេរ​សម្រាប់​ហាត់ប្រាណ​គ្រប់គ្រាន់។ ម៉ាស៊ីន​ធាក់កង់​សម្រាប់​ហាត់​ប្រាណ​អាចជួយ​សម្រួល​ការលំបាក​នេះ ចំពោះ​លោកអ្នក​បាន។ ប៉ុន្ដែ​លោកអ្នក​ចាំបាច់​ត្រូវដឹង​អំពី​វិធី​ធាក់កង់​លើម៉ាស៊ីន​នេះ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អក្នុង​ការហាត់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ហៀក រ៉ាននី គ្រូបង្ហាត់​កីឡា​នៅ​សណ្ឋាគារ​កាំបូឌី​យ៉ាណា​បានបក​ស្រាយ​ជូនលោក​អ្នកអាន​ឱ្យជ្រាប​ពីកី​ឡាធាក់​កង់ លើម៉ា​ស៊ីន តាមរយៈ​បទ​សម្ភាស​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។

ធាក់កង់​លើម៉ា​ស៊ីន ជាអ្វី?

ធាក់កង់​លើ​ម៉ាស៊ីន​ជាកីឡា​មួយ​ប្រភេទ​ដែល​ហាត់តាម​ប្រព័ន្ធ​បច្ចេក​ទេស។ ក្នុងនោះ​ការបញ្ជា​ល្បឿន​និងការ​កំណត់​ទិស គោលដៅ​ប្រើដោយ​ប្រព័ន្ធ​ស្វ័យប្រវត្ដិ។ លោកអ្នក​ត្រូវ​ហាត់ធាក់​កង់តាម​ល្បឿន​ពីតិច​រហូត​ដល់ល្មម។ ហើយ​នៅពេល​ឈប់ លោកអ្នក

ត្រូវឈប់​ដោយ​សន្សឹមៗ មិនអាច​ឈប់ដោយ​គំហុក​បានទេ។ កីឡា​ធាក់កង់​លើម៉ាស៊ីន​សមស្រប​សម្រាប់​លោកអ្នក​ដែល​រវល់នឹង ការងារ មិនមាន​ពេល​វេលាទៅ​ហាត់នៅ​ខាងក្រៅ។ កីឡា​ប្រភេទនេះ​ងាយ​អនុវត្ដ​ដោយ​គ្រាន់តែ​លោកអ្នក​កំណត់​ទម្ងន់់ដង​ខ្លួន កំណត់ ចម្ងាយ​ល្បឿន​ជាដើម។ ការវាស់​កម្លាំង​សកម្មភាព​រត់ត្រូវ​បាន​បង្ហាញ​តាមក្រោយ​បន្ទាប់ពី​បាន​កំណត់​ដោយម៉ាស៊ីន​ធាក់កង់ និងធ្វើ តាមការ​ណែនាំ​ឱ្យធាក់​របស់​ម៉ាស៊ីន​ដោយប្រព័ន្ធ​ស្វ័យ​ប្រវត្ដិ។

របៀបធាក់កង់លើម៉ាស៊ីន

ជំហ៊ាន​ដំបូង​លោកអ្នក​ត្រូវកម្ដៅ​សាច់ដុំ​ជាមុន​សិន ដោយហាត់​ពត់ខ្លួន​ប្រាណ​ពត់ដៃ​ពត់ជើង​ឱ្យបាន​ចំនួន៣ទៅ​៥នាទី មុន ឡើង​លើម៉ាស៊ីន​ធាក់កង់។ ការ​អនុវត្ដន៍​បែបនេះ​អាចជួយ​ឱ្យ​រលាស​រសៃ ចៀសវាង​ការ​រមួល​ក្រពើ​សាច់ដុំ​ឆាប់ក្ដៅ​និងចៀស​វាងការ រលាក​សាច់ដុំ។ សម្រាប់​អ្នកទើប​តែហាត់​ដំបូង គួរ​ធាក់កង់​ម៉ាស៊ីន​ចំនួន​១៥នាទី​បានហើយ។ ការ​ហាត់នេះ​ផងដែរ លោកអ្នក​គួរជ្រើស រើស​សម្ភារៈ​ចាំបាច់​មួយចំនួន ដូចជា​ស្បែកជើង​កីឡាមាន​ខ្យល់​ចេញចូល ខោអាវ​កីឡា​ជាដើម​ដែលអាច​សម្រួល​ឱ្យការ​ហាត់បាន​ទទួល លទ្ធផល​ល្អ និងមិន​ធ្វើអោយ​ឈឺចាប់​ក្បាល​ជង្គង់ ឈឺភ្លៅ ឈឺ​កំភួន​ជើង​ឈឺបាត​ជើងជា​ដើម។ នៅថ្ងៃ​បន្ទាប់ លោកអ្នក​អាចធាក់​កង់ លើ​ម៉ាស៊ីន​ឱ្យបាន​២០ទៅ​៣០នាទី។ ការចាប់​ផ្ដើមដំបូង​ត្រូវធាក់​កង់ដោយ​ល្បឿន​តិចៗ រួចទើប​បន្ថែម​ល្បឿនជា​សន្សឹមៗ ហើយ​ពេល បញ្ឈប់​ត្រូវបន្ថយ​ល្បឿន​មកតិច​វិញ។ លោកអ្នក​មិនត្រូវ​ឈប់ដោយ​ល្បឿន​លឿន​ភ្លាមទេ​ព្រោះអាច​ប៉ះពាល់​ដល់ចលនា​បេះដូងរត់ មិនស្មើ។ សម្រាប់​ការហាត់​ធាក់កង់​អាចចាប់​ផ្ដើមពី​អាយុ១០​ឆ្នាំឡើង​ទៅ​ព្រោះ​បើហាត់​នៅក្មេង​ពេកអាច​មាន​ផលវិបាក​ច្រើន ជា ពិសេស​ប៉ះពាល់​ដល់ការ​លូតលាស់​នៃរាង​កាយ។ ពេលវេលា​សមស្រប​សម្រាប់​ការហាត់​គឺចាប់​ពីពេល​ក្រោកពី​ដំណេក​ដោយពោះ​ទទេ មិនទាន់​បាន​ទទួល​ទានអ្វី​សោះ ព្រោះ​វេលា​អាចជួយ​ឱ្យស្រក​ទម្ងន់​លឿន។ កីឡា​បែបនេះ​ត្រូវរត់​ត្រឹមតែ​មួយម៉ោង ដោយបូក​រួមទាំង ការ​កម្ដៅ​សាច់ដុំ និងការ​ធាក់កង់​លើម៉ា​ស៊ីន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អត្ថ​ប្រយោជន៍​ពីការ​ធាក់កង់​លើ​ម៉ាស៊ីន

ការហាត់​លើ​ឧបករណ៍​ធាក់កង់​នេះផ្ដល់​ផល​ប្រយោជន៍​ជាច្រើន ដូចជា​ជួយឱ្យ​ខ្យល់ដក​ដង្ហើម​បានស្រួល​ជួយ​ធ្វើឱ្យ​សួតដើរ បានល្អ ជួយ​សម្រក​ក្បាលពោះ ជួយ​សម្រក​ទម្ងន់ ធ្វើឱ្យ​ចលនា​បេះដូង​រត់បាន​ល្អ ជួយ​សម្រក​ខ្លាញ់ក្នុង​បេះដូង​ជួយឱ្យ​រូបរាង​សមសួន កម្លាំង​ជើងខ្លាំង សម្រក​សាច់ភ្លៅ និង​កំភួន​ជើង។ ដើម្បី​ឱ្យការ​ហាត់​អាចជួយ​សម្រក​ទម្ងន់បាន​លោកអ្នក​គួរតែ​កំណត់​ចលនា​ខ្លួននៅ ពេលធាក់​កង់លើ​ម៉ាស៊ីន ជា​ពិសេស​កំណត់​របប​ចំណី​អាហារ​ឱ្យបាន​ត្រឹមត្រូវ។

ផល​ប៉ះពាល់​នៃការ​ហាត់ធាក់​កង់លើ​ម៉ាស៊ីន

ជា​ធម្មតា ការ​ហាត់​មិនត្រឹម​ត្រូវតែង​តែបង្ក​ឱ្យមាន​ផលវិបាក​ខ្លះ ដូចជា​ធាក់យូរ​ពេកនាំ​ឱ្យឈឺ​ក្បាល​ជង្គង់​ចុកកំ​ភួនជើង រោយ​ភ្លៅ ប្រសិន​បើមិន​ប្រើស្បែក​ជើងធ្វើ​ឱ្យឈឺ​បាតជើង​ជាដើម។ សម្រាប់​អ្នកដែល​ធាត់ខ្លាំង​ពេក​មិនគួរ​ធាក់​ដោយដាក់​ល្បឿន លឿន​ពេកទេ ព្រោះ​អាចប៉ះ​ពាល់ដល់​ចលនា​បេះដូង ឬអាច​ធ្វើឱ្យស្ទះ ក្រោយ​ពេលហាត់​ក៏មានដែរ។

ការធាក់​កង់លើ​ម៉ាស៊ីន​ត្រូវបាន​កំណត់ជា​ស្វ័យប្រវត្ដិ​នៅក្នុង​ប្រព័ន្ធរបស់​ម៉ាស៊ីន​រួចទៅ​ហើយ។ លោកអ្នក​គ្រាន់តែ​បញ្ជា ឬ កំណត់​លក្ខខណ្ឌ​ទម្ងន់ដង​ខ្លួន ចម្ងាយ នោះវា​នឹងចេញ​តារាង​តួលេខ និង​របៀប​នៃការ​ធាក់កង់​ឬដំណើរ​ការ​ហាត់​ដោយ​ស្វ័យ​ប្រវត្ដិ។ កីឡា​នេះទាម​ទារឱ្យ​មានការ​អត់ធ្មត់​ច្រើន និង​ឧស្សាហ៍​ហាត់ ព្រោះការ​ខកខាន​ហាត់ច្រើន​ដង​ឬហាត់​មិនទៀង​ទាត់នាំ​ឱ្យទម្ងន់​ដងខ្លួន ឡើង​លឿន ជា​ពិសេស​អាចធ្វើ​ឱ្យសាច់​ភ្លៅ កំភួន​ជើង ក្បាលពោះ​ទន់ជ្រាយ​ផងដែរ។

ដំបូន្មាន​អ្នក​ប្រឹក្សា

អ្នកលេង​កីឡា​សម្រាប់​ត្រៀមទៅ​ប្រកួតក្ដី និង​ហាត់​ដើម្បី​សុខភាព​ក្ដី គួរតែ​បញ្ចៀស​ឱ្យឆ្ងាយ​ពីគ្រឿង​ស្រវឹង។ ការ​ទទួល ទាន​គ្រឿង​ស្រវឹង ធ្វើឱ្យ​ខូចសុខ​ភាពយ៉ាង​ឆាប់​រហ័ស។ ម្យ៉ាង​ទឹកចិត្ដ​អ្នក​កីឡា​គប្បីគិត​ថាប្រសិន​បើសុខ​ភាពរឹង​មាំជ័យ​ជំនះនឹង​កើត មានតាម​ក្រោយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative