ខ្ញុំមាន​ជម្ងឺផ្លូវ​ចិត្ដឬ?

ការ​ព្យាយាម​បត់បែន​ខ្លួនតាម​បរិយា​កាស និង​បរិបទ​សង្គម ហើយ​ជួនកាល​បានភព​ប្រសព្វ​ទៅនឹង​បញ្ហាដ៏​ស្មុគ​ស្មាញ​ដែល បានជះ​ឥទ្ធិពល​អាក្រក់​មួយ​ចំនួន ដូចជា​អាចបង្ក​ឱ្យ​មនុស្ស​មាន​ស្មារតី​ញាំញី ឈានទៅ​រកជម្ងឺ​ផ្លូវចិត្ដ។  ភាព​ស្មុគ​ស្មាញនៃ​អារម្មណ៍​បង្ក ឱ្យជម្ងឺ​ផ្លូវចិត្ដ​រាតត្បាត​បន្ដិច​ម្ដងៗ រហូត​ក្លាយជា​ជម្ងឺ​ធ្ងន់ធ្ងរ ឬហៅ​ថាវិកល​ចរិត​ប្រសិន​បើគេ​មិនឆាប់​ដោះស្រាយ និង​សម្រេច​ចិត្ដកាត់ ផ្ដាច់​បញ្ហា​ស្មុគ​ស្មាញ​នោះចោល។ តើ​លោកអ្នក​ធ្លាប់​សម្គាល់​ថា​ខ្លួនឯង​មាន​រោគ​សញ្ញា​ជម្ងឺ​ផ្លូវចិត្ដ​ដែរទេ? អ្វីខ្លះ​ដែល​លោកអ្នក​អាច សម្គាល់​បាន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​វេជ្ជ​បណ្ឌិត ស៊ិន ប៉ូលី អ្នក​ជំនាញ​ផ្នែក​វិកល​វិទ្យា​ប្រចាំ​អង្គការ​ចិត្ដសង្គម​អន្ដរ​វប្បធម៌​(ធីភីអូ)​បាន​ចូលរួម​ស្រាយ បំភ្លឺ​ពាក់ព័ន្ធ​នឹង​សំណួរ​នៃ​ប្រធាន​បទខាង​លើ ជូន​ប្រិយមិត្រ​អ្នកអាន​ស្វែងយល់​តាម​រយៈ​ទំព័រ​ទស្ស​នាវដ្ដី​សុខភាពយើង។

អ្វីទៅ​ជាជម្ងឺ​ផ្លូវ​ចិត្ដ?

ជម្ងឺ​ផ្លូវចិត្ដ​ជាជម្ងឺ​គ្មាន​ឈ្មោះ​មេរោគ​ពិត​ប្រាកដ​ដែលបង្ក​ហេតុដូច​ជម្ងឺ​ដទៃ​ទៀតនោះ​ទេ។ គេដឹង​ថាបុគ្គល​ម្នាក់មាន​ជម្ងឺ​ផ្លូវ ចិត្ដ ដោយ​ប្រើការ​សង្កេត​ទៅលើ​អារម្មណ៍ អាកប្ប​កិរិយា ការគិត​មិនធម្មតា​ជាដើម។ ជាទូទៅ​គេច្រើន​សង្កេត​ដឹង​តាមរយៈ អាកប្ប​កិរិយា ដែល​ស្ដែងឡើង​ជា​សកម្មភាព​រូបរាង​កាយ ពាក្យ​ពេចន៍ ការស្លៀក​ពាក់ ការតុប​តែងខ្លួន​ទឹកមុខ​ជាដើម។ យើងអាច សម្គាល់​ជម្ងឺ​ផ្លូវចិត្ដ​ដោយខ្លួន​ឯងបាន តាមរយៈ​ការ​ប្រែប្រួល ការគិត និង​ទង្វើ​ហើយ​យើងក៏​អាច​ព្យាយាម​ព្យាបាល កាត់​បន្ថយវា ដោយ​ខ្លួនឯង​បានខ្លះ​ផងដែរ។

កត្ដា​បង្ក​ជម្ងឺផ្លូវ​ចិត្ដ

តាមការ​សង្កេត​របស់អ្នក​ជំនាញ មានកត្ដា​៣យ៉ាង​ដែលនាំ​ឱ្យ​បុគ្គល​មានជម្ងឺ​ផ្លូវចិត្ដ មាន​លក្ខណៈ​ដោយឡែក​ពីគ្នា។

1. កត្ដា​សង្គម ៖ កត្ដា​ដែល​ប៉ះពាល់​ដល់ការ​គិតដែល​នាំឱ្យ​មានការ​រន្ធត់ ព្រួយ​បារម្ភ តក់ស្លុត ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់ ចរា​ចរណ៍ សង្គ្រាម ការផ្លាស់​ប្ដូរ ឬអត្ថិ​ភាព​នយោ​បាយ ចោរ​កម្ម ឥទ្ធិពល​គ្រឿង​ញៀន អំពើ​ពុក​រលួយ​រំលោភ​សេព​សន្ថវៈ ជម្ងឺ​រ៉ាំរ៉ៃ ទទួល​គំនាប​ពីមនុស្ស​លើបង្គាប់​ក្នុងអង្គ​ភាព ឬ​គ្រួសារ ការរស់​នៅជា​មួយគ្នា​តែទិស​ដៅជីវិត​ផ្សេងគ្នា​មនុស្ស​ក្រោមការ​គ្រប់គ្រង​ដើរ ចូលផ្លូវ​អបាយ គ្រោះ​ធម្មជាតិ រញ្ជួយដី បន្ទុះ​ភ្នំភ្លើង ខ្យល់ព្យុះ ទឹកជំនន់​ធ្ងន់ធ្ងរ។ល។

2. កត្ដា​ផ្លូវចិត្ដ ជាកត្ដា​ចម្បង​ដែលអាច​ឱ្យ​មនុស្ស​មានជម្ងឺ​ផ្លូវចិត្ដ​ជារឿយៗ​ជា​ពិសេស​ពេលបាត់​បង់បង​ប្អូនឬ​មនុស្សជាទី ស្រឡាញ់ ដោយ​ប្រការ​ណាមួយ​មិនមាន​ថ្ងៃវិល​ត្រឡប់ មានគូ​មិនគាប់ មិនយល់​ចិត្ដ​គិតមិន​ចុះសម្រុង​មិន​អធ្យាស្រ័យ​គ្នា មានជម្ងឺ ប្រចាំ​កាយ ចិត្ដប៉ង​ប្រាថ្នា​លើសពី​សមត្ថ​ភាព​តូចចិត្ដ​នឹងលក្ខណៈ​ខុស​ប្រក្រតី​នៃរូបរាង​កាយឬ​ពិការ​ភាព អស់​សង្ឃឹមនឹង​ជីវភាព​ក្រីក្រ ទទួល​រងនូវ​ការចាប់​រំលោភ បាត់បង់​ការងារ​ឋានៈ​តួនាទី​ជាដើម។ ក្ដីសោក​សង្រេង​គិតអ្វីៗ​មិនបាន​វែងឆ្ងាយ ក្ដីខ្វាយ​ខ្វល់​អំពល់​ក្នុងចិត្ដ ឆេះងំ​ជាដរាប នាំឱ្យ​មនុស្ស​មានភាព​តានតឹង​រហូត​ក្លាយជា​ជម្ងឺផ្លូវ​ចិត្ដ​ជាដើម។

3. កត្ដា​ជីវ​សាស្ដ្រ ៖ វដ្ដនៃ​ជីវិត​របស់​មនុស្ស​បានឆ្លង​កាត់​បឋមវ័យ​(កុមារ ជំទង់ យុវវ័យ)​មជ្ឈិម​វ័យ​(វ័យ​កណ្ដាល) និង បស្ចិម​វ័យ​(វ័យចាស់)។ ការ​ប្រែប្រួល​វ័យនាំ​ឱ្យ​ស្មារតី​មានការ​ប្រែប្រួល​ដែរ​ដែល​ជាទូទៅ​កត្ដា​ជីវសាស្ដ្រ​ច្រើន​ជះឥទ្ធិពល​ទៅលើ    មនុស្ស​វ័យជំទង់ ព្រោះ​វ័យនេះ​មានការ​លូតលាស់​ទាំងផ្នែក​សរីរាង្គ​កាយ និងការ​គិត។ ស្របនឹង​បញ្ហានេះ យុវវ័យ​មានចម្ងល់​ច្រើន រំភើប​លាយ​ព្រួយ​បារម្ភ ជួនអាច​ថប់​អារម្មណ៍​ទៀតផង។ ម្យ៉ាងទៀត​កត្ដា​តំណពូជ​ក៏ជាមូល​ហេតុនាំ​ឱ្យមាន​ជម្ងឺផ្លូវ​ចិត្ដដែរ។

អាការ​នៃជម្ងឺ​ផ្លូវចិត្ដ

1. ជម្ងឺ​ផ្លូវចិត្ដ​កម្រិត​ស្រាល​(ណូរ៉ូ​ហ្ស៊ីស) កើតមាន​លើ​មនុស្ស​មិនថា​ចាស់ ឬក្មេង​នោះទេ។ វ័យជំទង់​ស្រមើ​ស្រមៃ​ច្រើន ចង់ភ្លក់​ចង់ស្គាល់​អ្វីៗ​ដែលថ្មី​មិនធ្លាប់​ឆ្លងកាត់​មិនធ្លាប់​ដឹង ភ្លើតភ្លើន រំអុក​ចង់បាន​នេះចង់​បាននោះ​ខុស​ធម្មតា។ ក្មេងខ្លះ​មាន​ចរិតកាច សាហាវ ច្រងេង​ច្រងាង ឆេវឆាវ វាយ​គេឯង គិតផ្ដេស​ផ្ដាស បង្ករឿង​ហេតុ មិនចូល​រៀន​វក់លេង​ល្បែង​ផ្សេងៗ ដូចជា​ស្នេហា ស្រា គ្រឿង​ញៀន ល្បែងស៊ី​សងជា​ដើម។ ទាំងនេះ​ជារោគ​សញ្ញា​ជម្ងឺ​ផ្លូវចិត្ដ​របស់​យុវវ័យ​ដែល​អាណា​ព្យាបាល​គ្រប់គ្នា​គប្បី​យកចិត្ដ​ទុកដាក់ សង្កេត​តាមដាន​ឱ្យបាន​ខ្ជាប់ខ្ជួន។ បើមិន​ដូច្នេះ​គេអាច​ក្លាយជា​មនុស្ស​ដែល​សង្គម​មិនឱ្យ​តម្លៃ។ មនុស្ស​ចាស់ច្រើន​បារម្ភ​ពីការ​ទទួល​ខុស ត្រូវ​របស់ខ្លួន​លើ​អនាគត​កូនចៅ ជម្ងឺ​ផ្ទាល់ខ្លួន បែងចែក​មរតក​និង​អាការ​រោគ​ផ្សេងៗ។ ជម្ងឺឬ​រោគា​ព្យាធិ​ទាំងនោះ​មានលើ​មនុស្ស គ្រប់វ័យ ដូចជា​ឈឺក្បាល (ពេលគិត​ឬ​ក្រោយ​ជួប​បញ្ហា​ស្មុគ​ស្មាញ) គេងមិន​លក់ ឆាប់​ភ័យ ញ័រទ្រូង ទទួល​ទាន​អាហារ​មិនសូវ​បាន ព្រិល​ភ្នែក ងាយមាន​ប្រតិកម្ម មួម៉ៅ​ច្រើន នឹក​ឃើញតែ​រឿងមិន​ល្អ ស្រពាប់​ស្រពោន តែងខ្លួន​ប្លែកៗ​ខុស​ធម្មតា ចូលចិត្ដ​ផ្ដាច់ខ្លួន​ចេញ ពីអ្នក​ដទៃ គិតច្រើន​តែមិន​ប្រាកដ​(គិតរឿង​ច្រើនក្នុង​ពេល​ដ៏ខ្លី) រវើរ​វាយ ភ្លេចភ្លាំង​ច្រើនខុស​ប្រក្រតី ការចង​ចាំថយ​ចុះជា​លំដាប់ ស្មានចិត្ដ​ខ្លួនឯង​មិនត្រូវ។ល។

2. ជម្ងឺ​ផ្លូវចិត្ដ​កម្រិត​ធ្ងន់(​សាយកូ​ហ្ស៊ីស) ដំណាក់​កាលដែល​ជម្ងឺ​ផ្លូវចិត្ដ​ធ្ងន់ធ្ងរ មនុស្ស​មាន​លក្ខណៈ​វង្វេង​ស្មារតី​ខុសនិង ត្រូវនៅ​ច្របូក​ច្របល់គ្នា ចង់ធ្វើ​អត្ដឃាត ឬចង់​ធ្វើឃាត​គេ ក្លាយជា​មនុស្ស​វិកល​ឬឆ្កួត​លែងស្គាល់​ថាខ្លួន​ឯងកំពុង​គិត​និងធ្វើ​អ្វីពិត ប្រាកដ ឆាប់ភ័យ​ខ្លាចខ្លាំង និយាយ​សើចតែ​ម្នាក់ឯង ជេរគេ​ជេរឯង​ត្រពាស លែងខ្មាស​អៀនជា​ដើម។ នេះជា​ដំណាក់​កាលកាន់​តែ ពិបាក​ព្យាបាល។ អ្នក​ជំនាញ​អះអាង​ថាបច្ចុប្បន្ន​មាន​មនុស្សពី​៥ទៅ​៧នាក់ ក្នុង​ចំណោម​១០០០​នាក់មាន​ជម្ងឺផ្លូវ​ចិត្ដ​កម្រិត​ធ្ងន់នេះ។

បើ​លោកអ្នក​មានជម្ងឺ​ផ្លូវចិត្ដ បញ្ហា​ជាច្រើន​នឹងចូល​មកយាយី បង្កភាព​ស្មុគស្មាញ បាត់​ឱកាស​នៃការ​សិក្សា​ធ្វើ​ការងារ អាជីវ​កម្ម និង​ប្រកប​របរ​ផ្សេងៗ​មានផល​មិនល្អ ឬទទួល​បាន​ប្រយោជន៍​តិច​បំផុត​និងនាំ​ឱ្យជីវិត​ប្រឈម​នឹងការ​បរាជ័យ​គ្រប់​ជំហាន។ លើសពី​នេះបើ​លោកអ្នក​បណ្ដែត​បណ្ដោយ​ឱ្យធ្ងន់ធ្ងរ ជីវិត​អាចធ្លាក់​ដល់​ចំណុច​សូន្យ​និងបាត់​បង់អ្វី​ៗគ្រប់​យ៉ាង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​បង្ការ​ទប់ស្កាត់​ជម្ងឺ​ផ្លូវចិត្ដ

ជម្ងឺផ្លូវ​ចិត្ដបង្ក​ឡើងពី​មូលហេតុ​ផ្សេងៗ ដែល​លោកអ្នក​អាច​សម្គាល់​ដោយខ្លួន​ឯងតាំង​ពីដំណាក់​កាល​ដំបូង។ នៅពេល​ដែល ដឹងថា​កំពុង​ឈានចូល​បញ្ហា​ផ្លូវចិត្ដ មាន​អាការ​ខុស​ប្រក្រតី លោកអ្នក​គួរចេះ​ដាស់តឿន​និងវិល​ត្រឡប់​ក្រោយរក​ភាពប្រ​ក្រតីវិញ ភ្លាម មិនត្រូវ​បណ្ដោយ​វាតាម​ដំណើរ​នោះទេ។ តួយ៉ាង​ការជួប​ព្រឹត្ដិ​ការណ៍​រន្ធត់ មួហ្មង​ពេល​វ័យ​ប្រែប្រួល ខកចិត្ដ​ដោយ​បំណង​ប្រាថ្នា មិន​សម្រេច សោក​ស្ដាយ​ពេលបាត់​បង់អ្វី​មួយ​លោកអ្នក​គួរ​ពង្រឹង​ស្មារតី​ឱ្យរឹង​ប៉ឹងតាម​ដែលអាច​ធ្វើទៅ​បាន គួរគិត​ឱ្យខ្លី​ៗងាយៗ បោះបង់​ចោលភាព​ស្មុគ​ស្មាញ មិនគួរ​បញ្ចូល​មនោ​សញ្ចេត​នាតាម​បទ​ចម្រៀង​ចង់យំ​ត្រូវតែ​យំនោះទេ។ គួរមើល​រឿង​កំប្លែង មិនត្រូវ ព្យាយាម​នៅម្នាក់​ឯង ជជែក​កម្សាន្ដ​សប្បាយៗ​ជាមួយ​អ្នកនៅ​ក្បែរ​ឬអ្នក​ដែលអាច​ជួយ​រំលែក​ក្ដីហ្មង​សៅ​របស់​លោកអ្នក​បាន ហើយ សម្លឹង​រកត្រើយ និងផល​ប្រយោជន៍​ថ្មីតាម​លទ្ធភាព។ ក្រៅពី​នេះអ្នក​គប្បីរក​អ្នក​ជំនាញ​ផ្នែក​វិកល​វិទ្យា​ដើម្បី​ប្រឹក្សា ឬព្យា​បាល។

ដំបូន្មាន​អ្នកប្រឹក្សា

បើ​លោកអ្នក​មានជម្ងឺ​ផ្លូវចិត្ដ​ក្នុង​កម្រិត​ស្រាលក្ដី​ធ្ងន់ក្ដី លោកអ្នក​មិនត្រូវ​លេបថ្នាំ​ដោយ​ចិត្ដឯង​នោះទេ​ដូចជា​ថ្នាំវិល​មុខ​ថ្នាំឈឺ​ក្បាល ថ្នាំ​ងងុយ​ដេកជា​ដើម។ ការ​អេះ​មិនចំ​កន្លែង​រមាស់ ព្យាបាល​មិនចំ​មូលហេតុ​វាមិន​ត្រឹមតែ​មិនអាច​បាត់ឬ​ជាសះ​ស្បើយ នោះទេ ថែមទាំង​ចំណាយ​ពេលឥត​ប្រយោជន៍ បានទាំង​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត។ ដូច្នេះ​សេវា​ព្យាបាល​ដោយ​ពេទ្យ​ជំនាញ ជាកត្ដា​ចាំបាច់​សម្រាប់​អ្នកជម្ងឺ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

 

Google Analytics Alternative