ជម្ងឺ​រាក់ស៊ី​ធ្មេញ

សុខភាព​ធ្មេញ​ជារឿង​ចាំបាច់​ដែល​លោកអ្នក​គ្រប់ៗ​គ្នាគួរ​យកចិត្ដ​ទុកដាក់​ថែរក្សា និង​ការពារ​ឱ្យបាន​សមស្រប​ចៀសវាង​កុំ ឱ្យជួប​បញ្ហា​ផ្សេងៗ ជា​ពិសេស​គឺជម្ងឺ​រលាក​ជាលិកា​ជុំវិញ​ឫស​ធ្មេញ ឬ​ជម្ងឺ​រាក់ស៊ី​ធ្មេញ។ ប្រសិន​បើលោក​អ្នកកើត​ជម្ងឺនេះ អាច​ធ្វើឱ្យ បាត់បង់​នូវ​សោភ័ណ​ភាពឬ​សម្រស់​មួយ​កម្រិត ព្រមទាំង​ធ្វើឱ្យ​មាន​បញ្ហា​សុខភាព​រាងកាយ​ថែមទៀត​ផង។ តើគួរ​ធ្វើយ៉ាង​ណា ដើម្បី ឱ្យធ្មេញ​មានសុខ​ភាពល្អ កុំឱ្យ​មានជម្ងឺ​រាក់ស៊ី​ធ្មេញ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រិយមិត្ដ​អ្នកអាន​អាចស្វែង​យល់​ជុំវិញ​ជម្ងឺ​រាក់ស៊ី​ធ្មេញ និងវិធី​ការពារ​កុំឱ្យ​មានជម្ងឺ​នេះបាន​តាមរយៈ ទស្ស​នាវដ្ដី​សុខភាព យើង ដោយ​មានការ​បក​ស្រាយ​របស់​ទន្ដ​បណ្ឌិត ហេង សុបញ្ញា អនុ​ប្រធាន​គណៈ​ទន្ដពេទ្យ​ជាតិ​និងជា​ព្រឹទ្ធ​បុរសរង​មហា​វិទ្យា​ល័យទន្ដ សាស្ដ្រ។

តើអ្វី​ទៅជា​រាក់ស៊ី​ធ្មេញ?

រាក់ស៊ី​ធ្មេញជា​ប្រភេទ​ជម្ងឺមួយ​ដែល​ងាយ​កើត​បំផុត​នៅលើ​ធ្មេញ និង​អញ្ចាញ​ធ្មេញ​ប្រសិន​បើ​លោកអ្នក​មិនមាន​ការ​ថែរក្សា ឱ្យបាន​ល្អ​ប្រសើរ​នោះទេ។ ជម្ងឺនេះ​កើតឡើង​ដោយសារ​ការ​រលាក​ជាលិកា​ជុំវិញ​ឫស​ធ្មេញ​ធ្វើឱ្យ​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​របស់​ធ្មេញ មួយ​ចំនួន ដូចជា​ធ្វើឱ្យ​ប៉ះពាល់​ដល់​សរសៃ​ចំណង​ធ្មេញ ឆ្អឹង​ឫស​ធ្មេញ អញ្ចាញ​ធ្មេញ​ជាដើម។

មូល​ហេតុ​បង្ករាក់​ស៊ីធ្មេញ

ការខ្វះ​អនាម័យ​មាត់​ធ្មេញ​អាចបង្ក​ជម្ងឺ​ជាច្រើន​នៅក្នុង​មាត់ ជា​ពិសេស​ជម្ងឺ​រាក់ស៊ី​ធ្មេញក៏​កកើត​ដោយសារ​តែការ​ខ្វះ​អនាម័យ​នេះដែរ។ ក្រោយ​ពេល​បរិភោគ​ចំណី​អាហារ​ផ្សេងៗ មិនបាន​សម្អាត​ធ្មេញ​ឱ្យបាន​ស្អាតល្អ​ទុកឱ្យ​ធ្មេញ​មានជាប់​នូវកាក​សំណល់ ដោយ​លាយឡំ​ជាមួយ​ទឹកមាត់ និងបាក់​តេរី​ផ្សេងៗ។ ការ​ធ្វេស​ប្រហែស​បែបនេះ​រយៈពេល​យូរ​កាក​សំណល់​ទាំងនេះ​អាចបង្ក​ទៅជា កំណក​កំបោរ​ច្រើនទៅ​ៗនៅ​ជាប់នឹង​ជើង​ធ្មេញ ដែលជា​ហេតុធ្វើ​ឱ្យរលាក​ជាលិកា​ឬរលាក​អញ្ចាញ​ជុំវិញ​ឫស​ធ្មេញ។

រោគ​សញ្ញា​ជម្ងឺរាក់​ស៊ីធ្មេញ

ជម្ងឺ​រាក់ស៊ី​ធ្មេញ​បានធ្វើ​ឱ្យធ្មេញ​មាន​កំណក​កំបោរ ដែល​ហាក់​ដូចជា​សម្បុក​មេរោគ​នៅជាប់​នឹងជើង​ធ្មេញ។ ជម្ងឺ​រាក់ស៊ី​ធ្មេញ ធ្វើឱ្យ​មាន​អាការ​ហើម​អញ្ចាញ រលាក​ជើងធ្មេញ និង​បណ្ដាល​ឱ្យមាន​ហូរ​ឈាម​អញ្ចាញ​ធ្មេញ​ញឹកញាប់​ទៀតផង។ ក្នុង​ករណី​ជម្ងឺ​ធ្ងន់ធ្ងរ អាចធ្វើ​ឱ្យធ្មេញ​រង្គើ ធ្មេញ​របូត ឬជ្រុះ​ដោយងាយ​ៗថែម​ទៀតផង។

វិធី​ព្យាបាល​ជម្ងឺរាក់​ស៊ីធ្មេញ

1. ការ​ព្យាបាល​ដោយខ្លួន​ឯង ៖ ដើម្បី​ព្យាបាល​ជម្ងឺនេះ​លោកអ្នក​គួរធ្វើ​ការ​សម្អាត​មាត់ធ្មេញ​ឱ្យបាន​៣ដង​ក្នុងមួយ​ថ្ងៃ និង ទៀងទាត់​ពេល​វេលា។ លើស​ពីនេះ​គួរតែ​ប្រើប្រាស់​នូវទឹក​ខ្ពុរមាត់​រៀងរាល់​ពេល​បរិភោគ​ចំណី​អាហារ​រួច​ដើម្បី​សម្អាត​នូវកាក​សំណល់ នៃ​អាហារ​ទាំងនោះ។ ប្រសិន​បើកាក​សំណល់ ឬ​កំណក​កំបោរ​មានច្រើន ពិបាក​ក្នុងការ​សម្អាត​នោះ​លោកអ្នក​គួរ​គប្បី​ទៅជួប​គ្រូពេទ្យ ជំនាញ​ដើម្បី​ជួយ​សម្អាត។

2. ការ​ព្យាបាល​ដោយ​គ្រូពេទ្យ ការ​ព្យាបាល​ដែលល្អ និង​ងាយ​ស្រួល​សម្អាត​នោះ​គឺការ​សម្អាត​ធ្មេញ​ដោយ​ឧបករណ៍ បច្ចេក​ទេស​នៅឯ​គ្លីនិក​ធ្មេញ ព្រោះអាច​ធ្វើឱ្យ​កំណក​កំបោរ​ដែលកើត​យូរឆ្នាំ​ហើយឡើង​រឹង សម្អាត​បានជ្រះ​ល្អ។ ប្រសិន​បើ​កំណក​កំបោរ នោះមាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​នៅកប់​ក្នុង​អញ្ចាញ​ធ្មេញ​ពិបាក​សម្អាត​គ្រូពេទ្យ​ជំនាញ​អាចនឹង​ជ្រើសរើស​វិធី​វះកាត់​បក​អញ្ចាញ ដើម្បី កោស​កំណក​កំបោរ​ទាំងនោះ​ចេញ រួចមក​ធ្វើការ​ដេរ​ភ្ជិត​ដោយ​មានការ​ដាក់ថ្នាំ​ព្យាបាល​អញ្ចាញ​ឱ្យឆាប់​ជា។

ផល​ប៉ះពាល់​របស់​ជម្ងឺ​រាក់ស៊ី​ធ្មេញ

លោកអ្នក​ដែលកើត​ជម្ងឺនេះ​មិនត្រឹម​តែបង្ក​ការ​បាត់បង់​សោភ័ណ​ភាព និង​បញ្ហា​ក្លិនមាត់​នោះទេ​ថែមទាំង​អាចធ្វើ​ឱ្យប៉ះ ពាល់ដល់​សុខភាព​រាងកាយ​ថែមទៀត។ បច្ចុប្បន្ន​នេះតាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​បានបង្ហាញ​ថា​ចំពោះ​អ្នកកើត ជម្ងឺ​បេះដូង និង​ជម្ងឺ​ទឹកនោម​ផ្អែម​ដែលមាន​ផ្ទុក​មេរោគ​អាចបង្ក​ជម្ងឺ​រាក់ស៊ី​ធ្មេញ​ឬជម្ងឺ​រលាក​ជាលិកា​ជុំវិញ​ជើង​ធ្មេញ​នៅលាយ​ឡំជា មួយ​ជម្ងឺ​ទាំងនោះ។ មានន័យ​ថា​អ្នកកើត​ជម្ងឺ​រាក់ស៊ី​ធ្មេញ​នេះអាច​ងាយនឹង​ប្រឈម​មុខនឹង​ការកើត​ជម្ងឺ​បេះដូង និង​ជម្ងឺ​ទឹកនោម​ផ្អែម បានយ៉ាង​ងាយ។ ប្រសិន​បើអ្នក​ដែលកើត​ជម្ងឺរាក់​ស៊ីធ្មេញ​ជាស្ដ្រី​មានផ្ទៃ​ពោះ​បង្កឱ្យ​មានផល​ប៉ះពាល់ អាចធ្វើ​ឱ្យ​ទារក​កើត​មិនគ្រប់ គីឡូ។

ប្រការ​គួរ​ប្រតិបត្ដិ ពេល​កើត​រាក់ស៊ី​ធ្មេញ

ជា​ដំបូង​លោកអ្នក​គួរទៅ​ពិនិត្យ​មាត់ធ្មេញ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បានការ​ណែនាំ​ព្រមទាំង​របៀប​ព្យាបាល​ឱ្យ បាន​ត្រឹមត្រូវ។ លោកអ្នក​គួរធ្វើ​ការ​សម្អាត​ធ្មេញ ដើម្បី​យក​កំណក​កំបោរ​ចេញជា​ពិសេស​គួរតែ​ជ្រើសរើស​ទឹកខ្ពុរ​មាត់​ដែលអាច​ជួយ ការពារ​អញ្ចាញ​ធ្មេញ និង​ប្រើប្រាស់​ត្រឹមត្រូវ​ទៅតាម​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ​ជំនាញ។

វិធី​បង្ការ​ជម្ងឺ​រាក់ស៊ី​ធ្មេញ  

ការធ្វើ​អនាម័យ​មាត់ធ្មេញ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​បច្ចេក​ទេស​ដោយ​ដុសពី​លើចុះ​ក្រោម និងពី​ក្រោម​ឡើងលើ​នោះ​ក្នុង ១ថ្ងៃ​២ទៅ​៣ដង អាច​សម្អាត​កាក​សំណល់​ចំណី​អាហារ​នៅក្នុង​មាត់ធ្មេញ​បានល្អ។ លោកអ្នក​គួរ​ទទួល​ទាន​ចំណី​អាហារ​ដែល​ជំនួយ ដល់​អញ្ចាញ​ធ្មេញ មាន​ពពួក​ផ្លែឈើ​ផ្សេងៗ​ជាដើម។ គួរកុំ​ទទួល​ទាន​ចំណី​អាហារ​ប្រភេទ​ណាដែល​មានជាតិ​ស្អិត ឬ​ប្រភេទ​ជា​ក្រែម ដែល​មានជាតិ​ស្ករច្រើន​ពេក។ លោកអ្នក​គួរ​ជ្រើសរើស​ការ​ប្រើប្រាស់​ទឹកខ្ពុរ​មាត់​ឬខ្សែ​អំបោះ​ទាក់​ធ្មេញ​នូវរាល់​ចំណី​អាហារ​ដែលជាប់ នឹងជើង​ធ្មេញ ហើយ​គួរ​ចៀសវាង​កុំ​ប្រើប្រាស់​ឈើចាក់​ធ្មេញ​ព្រោះវា​ងាយ​ធ្វើឱ្យ​រលាក​អញ្ចាញ​ធ្មេញ។

ដំបូ​ន្មាន​អ្នក​ប្រឹក្សា

លោកអ្នក​គួរតែ​ធ្វើការ​សម្អាត​ធ្មេញឱ្យ​បានល្អ និងទៀង​ទាត់​ហើយ​គួរ​ជ្រើសរើស​ប្រភេទ​ចំណី​អាហារ​ណា​ដែលមិន​បំផ្លាញ ឬ​ប៉ះពាល់​ដល់​អញ្ចាញ​ធ្មេញ។ រយៈ​ពេល៦​ខែទៅ​មួយឆ្នាំ លោកអ្នក​គួរទៅ​ពិនិត្យ​មាត់ធ្មេញ​ម្ដង ដើម្បី​ពិនិត្យ​និងធ្វើ​ការ​សម្អាត ព្រម ទាំងធ្វើ​ការព្យា​បាលឱ្យ​បានទាន់​ពេល​វេលា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative