ដុំពោះ​អាចជា​ជម្ងឺ​ដុំក្នុង​ស្បូន

នៅពេល​ឈានចូល​ដល់វ័យ​ចំណាស់ ស្ដ្រីមួយ​ចំនួន​តែងតែ​ត្អូញត្អែរ​ថារោយ​ចង្កេះ ឬរោយ​នៅម្ដុំ​ត្រគាក។ ស្ដ្រីខ្លះ​គិតថា​ជា ការចុក​រោយ​ធម្មតា​ដោយការ​នឿយ​ហត់ ឬការ​ធ្វើ​ចលនា​មិន​ទំនង។ ប៉ុន្ដែ​រោគ​សញ្ញាស្រ​ដៀងគ្នា​នេះអាច​ជារោគ​សញ្ញានៃ​ជម្ងឺ​ដុំំក្នុង ស្បូន​ផងដែរ។ អ្នកខ្លះ​ហៅថា​ដុំពោះ តើវា​ជាដុំ​អ្វីទៅ? ហេតុអ្វី​មានដុំ​ក្នុង​ស្បូន? តើអាច​បង្កឱ្យ​មានគ្រោះ​ថ្នាក់ទេ?

រូបភាពទស្សនាវដ្ដីសុខភាពយើង

សូម​ប្រិយមិត្ដ​អ្នកអាន​ធ្វើការ​ស្វែងយល់​អំពី​រោគស្ដ្រី​មួយ​ប្រភេទ​ទៀត គឺជម្ងឺ​ដុំក្នុង​ស្បូន ជាមួយ ទស្ស​នាដ្ដី​សុខភាព​យើង តាមរយៈ​ការបក​ស្រាយ​របស់​លោកស្រី​សាស្ដ្រា​ចារ្យវេជ្ជ​បណ្ឌិត គ្រុយ លាងស៊ីម ប្រធាន​ផ្នែក​សម្ភព​នៃមន្ទីរ​ពេទ្យ​កាល់​ម៉ែត។

ដុំក្នុង​ស្បូន ជាអ្វី?

មាន​ពាក្យ​ហៅតៗ​គ្នាថា​ជាដុំ​ពោះ ដែលជា​ស្ថានភាព​រីកប៉ោង​នៃពោះ​និងមាន​ដុំសាច់​ក្នុងពោះ​ដែលអាច​ជាដុំ​ក្នុងស្បូន។ មាន មតិខ្លះ​យល់​ច្រឡំ​ថាដុំ​ក្នុងស្បូន​ជាគីស​នៅក្នុង​ស្បូន ប៉ុន្ដែ​ការពិត​មិនដូច​គ្នាទេ។ ដុំក្នុង​ស្បូនជា​ដុំសាច់​ដែលដុះ​ក្នុងស្បូន ហើយ​ភាគច្រើន កើតមា​នចំពោះ​ស្ដ្រី​ដែល​ស្ថិតក្នុង​វ័យ​បន្ដពូជ។ ជម្ងឺដុំ​ក្នុងស្បូន​នេះអាច​កើតមាន​នៅលើ​ស្ដ្រីនៅ​លីវផង​ដែរ ប៉ុន្ដែជា​ករណី​កម្រ។

មូល​ហេតុដុំ​ក្នុងស្បូន

រហូត​មកទល់​បច្ចុប្បន្ន​នេះ ករណី​កើតដុំំ​នៅក្នុង​ស្បូននៅ​ពុំទាន់​មានការ​សិក្សា​ណាមួយ​បញ្ជាក់​ច្បាស់​លាស់​អំពី​មូលហេតុ​បង្ក នៅ​ឡើយទេ។ ប៉ុន្ដែ​គេអាច​សន្និដ្ឋាន​បានខ្លះ​ៗថា​ដុំនេះ​កើតឡើង​បណ្ដាល​មកពី​មាន​អរ័ម៉ូន​អឺស្ដ្រូ​ហ្សែន​ច្រើន​ពេក។ ស្ដ្រីមាន​រូបរាង​ធាត់​ដែល​សម្បូរ​ខ្លាញ់​ងាយ​បង្កើត​ឱ្យមាន​អរ័ម៉ូន​អឺស្ដ្រូ​ហ្សែន​ច្រើន​លើសជាង​ស្ដ្រី​ដែលមាន​រូបរាង​ល្មម​ធម្មតា។ កំណក​អរ័ម៉ូន​អឺស្ដ្រូ​ហ្សែន ក្លាយ​ជាដុំ ហើយ​រីកលូត​លាស់​បន្ដិច​ម្ដងៗ រហូត​ដល់ធំ​ក្លាយជា​ដុំក្នុង​ស្បូន។

រោគ​សញ្ញាដុំ​ក្នុងស្បូន

មានអា​ការរោគ​មួយចំនួន​ដែលអាច​ធ្វើឱ្យ​ស្ដ្រីចាប់​អារម្មណ៍​ថាអាច​មានដុំ​ក្នុងស្បូន​បានដូច​ជា ៖

  • ធ្លាក់​ឈាម​រដូវ​ច្រើនខុស​ពីធម្មតា
  • ឧស្សាហ៍​រោយ​ចង្កេះ ឈឺពោះ ផ្ទៃពោះ​កាន់តែ​ធំខុស​ធម្មតា
  • រលូត​កូនញឹក​ញាប់
  • នោមញឹក ព្រោះដុំ​មានទំហំ​ធំសង្កត់​ទៅលើ​ប្លោកនោម។

ផល​វិបាក​របស់ដុំ​ក្នុងស្បូន

ជាទូទៅ​គេច្រើន​សង្កេត​ឃើញថា​ដុំក្នុង​ស្បូន​ច្រើនជា​ដុំស្លូត កម្រនឹង​វិវឌ្ឍន៍​ទៅជា​ជម្ងឺ​មហារីក​ណាស់។ ប៉ុន្ដែ​នៅពេល​ដែល កើតមាន​ដុំនៅ​ក្នុងស្បូន​នេះហើយ ស្ដ្រីនឹង​មានផល​វិបាក​មួយ​ចំនួន​ដូចខាង​ក្រោម ៖

  • នៅ​ពេលមាន​ផ្ទៃពោះ កាល​ណា​ទារក​ក្នុងផ្ទៃ​កាន់តែ​ធំ ហើយ​ដុំសាច់​ក្នុងស្បូន​មានទំហំ​ធំដែរ​នឹងអាច​សង្កត់​ទៅលើ​ទារក ដែល​ជាហេតុ​បណ្ដាល​ឱ្យទា​រកក្នុង​ផ្ទៃរលូត ព្រោះ​មិនអាច​លូតលាស់​ទៅមុខ​ទៀតបាន។
  • ប្រសិន​បើដុំ​នេះជា​ដុំកាច​វិញ វានឹង​អាច​វិវឌ្ឍន៍​ទៅរក​ជម្ងឺ​មហា​រីកដែល​បង្កឱ្យ​មានគ្រោះ​ថ្នាក់​ដល់​ជីវិតបាន។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ព្យាបាល​ជម្ងឺដុំ​ក្នុងស្បូន

 

ចំពោះ​ការ​ព្យាបាល​មិនមែន​ងាយស្រួល​ឡើយ ចាំបាច់​ត្រូវមើល​ទៅតាម​វ័យ​របស់​ស្ដ្រីនោះ។ ប្រសិន​បើស្ដ្រី​នោះមាន​វ័យ ក្មេងចង់​មានកូន​ទៀត គ្រូពេទ្យ​អាច​ព្យាបាល​ដោយវះ​យកតែ​ដុំនោះ​ចេញតែ​ប៉ុណ្ណោះ​ដើមី្ប​ទុកឱកាស​ឱ្យអាច​មានកូន​តទៅ​ទៀតបាន។

ផ្ទុយទៅ​វិញបើ​ស្ដ្រីមាន​វ័យ​ចំណាស់​មិនចង់​បានកូន​ទៀត ហើយ​ឧស្សាហ៍​កើតមាន​អាការ​មិន​ប្រក្រតី​ដោយ​សារមាន​ដុំសាច់ ក្នុង​ស្បូន គ្រូពេទ្យ​អាចនឹង​ព្យាបាល​ដោយ​ធ្វើការ​កាត់ស្បូន​ចេញ។ ប្រការ​នេះគឺ​ដើម្បី​ចៀសវាង​ការ​កើតមាន​ដុំនៅ​ដៃស្បូន អូវែរ ឬនៅ ក្នុង​ស្បូន​ទៅថ្ងៃ​ក្រោយ​ទៀត​ព្រោះ​ពុំអាច​មាន​នរណា​ធានា​បានថា​ដុំនឹង​មិនកើត​មានសារ​ជាថ្មី​នោះ​ឡើយ។ ម្យ៉ាងទៀត​ក្នុងករណី​ដែល ស្ដ្រី​មិនចង់​កាត់​ស្បូន​ចេញទេ ចាំបាច់​ត្រូវ​ពិនិត្យ និងតាម​ដាន​សុខភាព​ជា​ប្រចាំ​ដើម្បី​ឱ្យដឹង​ថាក្នុង​ស្បូន និងដៃ​ស្បូន​មានបញ្ហា​ដុំទៀត ឬទេ។ លើសពី​នេះទៀត​ការវះ​កាត់មិន​ត្រឹមត្រូវ​អាច​បណ្ដាល​ឱ្យស្ដ្រី​នោះមាន​គ្រោះថ្នាក់​បាន។

ដំបូន្មានអ្នកប្រឹក្សា

ទោះមាន ឬមិន​ទាន់មាន​ស្វាមី​ក្ដី ស្ដ្រី​ត្រូវយក​ចិត្ដទុក​ដាក់​ថែរក្សា​សុខភាព​ឱ្យបាន​ជា​ប្រចាំ​យ៉ាង​ហោច​ណាស់​មួយឆ្នាំ​ម្ដង  ជា​ពិសេស គួរទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯក​ទេស​រោគ​ស្ដ្រី។ បច្ចុប្បន្ន​នេះ​លោក​ស្រីអ្នក​នាងអាច​បង្ការ​សុខភាព​បាន​ដោយ​ធ្វើការ តាមដាន​សុខ​ភាពជា​ប្រចាំ ព្រោះ​ឧបករណ៍​សុខា​ភិបាល​សម្រាប់​ពិនិត្យ​សុខភាព​ក៏កាន់​តែជឿន​លឿន​ដែលអាច​ឱ្យដឹង​ពីស្ថាន​ភាពមួយ ចំនួន​ជាមុន ដែល​អាច​ប៉ះពាល់​ដល់​សុខភាព។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative