កម្ពុជា​​​​​​ធ្វើជា​​​ម្ចាស់ផ្ទះ​​​រៀបចំ​​​សន្និសីទ​​​អន្ដរជាតិ​​​ផ្នែក​​​វេជ្ជសាស្ដ្រ​​​មកពី​​​១៥ប្រទេស

​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ដ្រ​មកពី​១៥​ប្រទេស​បាន​ជួបជុំ​គ្នា​នៅ​កម្ពុជា​ ​ក្នុង​សន្និសីទ​សុខភាព​មេគង្គ​ដែល​ប្រព្រឹត្ដ​ទៅ​រយៈពេល​៤ថ្ងែ​នៅ​ភ្នំពេញ​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីកកិច្ច​សហ​ប្រតិ​បត្ដិ​ការ​ងារ​ស្រាវ​ជ្រាវ​ក៏​ដូចជា​ការ​ការ​ពារ​ ​និង​ប្រយុទ្ធ​ជម្ងឺ​ឆ្លង​។ ​ប្រទេស​ដែល​បាន​ ​បញ្ជូន​សាស្ដ្រាចារ្យ​ជំនាញធំៗ​ចូលរួម​ក្នុង​សន្និសីទ​នេះ​មាន​ប្រទេស​បារាំង​ ​ឡាវ​ ​វៀតណាម​ ​ថៃ​ ​ម៉ាឡេស៊ី​ ​ឥណ្ឌា​ ​ហ្វ៉ីលីពីន​ ​សាំងហ្គាពួរ​ ​អូស្ដ្រាលី​ ​សហរដ្ឋអាមេរិច​ ​អង់គ្លេស​ ​កូរ៉េ​ ​ស្វីស​ ​អាល្លីម៉ង់​ ​និង​ជប៉ុន​។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​វេជ្ជបណ្ឌិត​ ​ម៉ម​ ប៊ុន​ហេង​ ​រដ្ឋ​មន្ដ្រី​ក្រសួង​សុខា​ភិបាល​មាន​ប្រសាសន៍​បន្ទាប់​ពី​សន្និសីទ​សម្រាក​មួយ​រយៈ​ខ្លី​កាល​ពី​ព្រឹក​ ​ថ្ងៃច័ន្ទ​ទី២៤​ ​ខែមករា​ ​ឆ្នាំ​២០១១​នេះ​ថា​ ​សន្និសីទ​នេះធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​រវាង​អ្នក​ជំនាញ​វេជ្ជសាស្ដ្រ​ ​ឱសថសាស្ដ្រ​ ​និង​ ​ទន្ដសាស្ដ្រ​ ​និង​ការងារ​ស្រាវជ្រាវ​ផ្សេងៗ​ទាក់ទង​ទៅ​នឹង​វិស័យ​នេះ​ក្នុង​តំបន់​ ​និង​ពិនិត្យ​រួមគ្នា​លើការ​ថែ​ទាំ​អ្នក​ជម្ងឺ​នៅក្នុង​តំបន់​ ដែល​មាន​​មុខ​ជម្ងឺ​ស្រដៀងៗ​គ្នា​ថា​ ​អ្វី​ដែល​ពួក​គេ​ធ្វើ​ទទួល​បាន​ជោគ​ជ័យ​ ​និង​អ្វី​ដែល​ធ្វើ​ឱ្យ​មាន​ភាព​បរាជ័យ​ ​ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ​នៃការ​ផ្លាស់​ប្ដូរ​​​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ក្នុង​ និង​ក្រៅ​តំបន់​។

​លោក​បាន​បន្ដ​ទៀត​ថា​ ​នៅ​ក្នុង​តំបន់​នេះ​មាន​បញ្ហា​ពីរ​ដែល​យើង​ត្រូវ​តែ​រួ​ម​គ្នា​ដោះ​ស្រាយ​ ​គឺ​ការ​ការ​ពារ​ជម្ងឺ​ឆ្លង​ ​និង​ការ​ពារ​ ​ជម្ងឺ​រ៉ាំ​រ៉ៃ​ ​ព្រោះ​តំបន់​យើង​ជា​តំបន់​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ ​ដោយ​យើង​ត្រូវ​ការ​ពារ​ ​និង​ត្រួត​ពិនិត្យ​ជម្ងឺ​ឆ្លង​ ​ហើយ​ត្រូវ​សិក្សា​ ​ការ​ពារ​ជម្ងឺ​រ៉ាំ​រ៉ៃ​ផង​ដែរ​។ ​ជម្ងឺ​រ៉ាំ​រ៉ៃ​ជា​ប្រ​ភេទ​ជម្ងឺ​មិន​ឆ្លង​ ​ជម្ងឺ​ទាំង​នោះ​រួម​មាន​ជម្ងឺ​បេះដូង​ ​ជម្ងឺ​ទឹក​នោម​ផ្អែម​ ​ជម្ងឺលើស​ឈាម​​ជាដើម​។​ លោក​​វេជ្ជបណ្ឌិត​ ​ម៉ម​ ​ប៊ុន​ហេង​ ​បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ​អ្វីដែល​ជា​អ្នក​ជំនាញ​ធំៗ​ត្រូវ​ពិ​ភាក្សា​នៅ​ក្នុង​សន្និសីទ​នេះ​ ​គឺ​ការ​ស្វែង​ ​រកវិធាន​ការការ​ពារ​ ​និង​វិធី​ព្យា​បាល​។​ ​ហើយ​វា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​គ្រូពេទ្យ​របស់យើង​ក្នុងការ​បង្កើន​ចំណេះ​ដឹង​របស់​ពួក​ គេ​បន្ថែម​ទៀត​។

សំដៅដល់ការចូលរួមចំណែក​ដៃគូ​អភិវឌ្ឍន៍​លើការ​អភិវឌ្ឍន៍​​​​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល​ ​លោក​បន្ដ​ថា​បារាំង​សន្យា​រួច​ ​ហើយ​ក្នុង​ការ​បន្ដ​ជួយ​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០១៥​ ​ហើយ​ប្រទេស​អូស្ដ្រាលី​កំពុង​​តែ​ចូល​មកជួយ​បន្ដ​ទៀត​លើ​ការ​អភិវឌ្ឍន៍​ធន​ធាន​ ​មនុស្ស​របស់​យើង​ ​ដោយ​ឆ្លើយ​តប​បាន​តាម​យុទ្ធ​សាស្ដ្រ​ចតុ​កោណ​របស់​រាជ​រដ្ឋាភិ​បាល​របស់​យើង​។ ​លោក​សាស្ដ្រា​ចារ្យ​ ​ម៉ី​ ​សា​ម៉ឺ​ឌី​ ​អគ្គ​លេ​ខា​ធិ​ការ​កាក​បាទ​ក្រហម​កម្ពុជា​ ​និង​ជា​សាស្ដ្រា​ចារ្យ​មហា​បរិ​ញ្ញា​ប័ត្រ​បាន​មាន​ប្រសាសន៍​ថា ​កម្រិត​សមត្ថ​ភាព​របស់​គ្រូពេទ្យ​ ​និសិ្សត​ពេទ្យ​ ​កម្ពុជា​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ដោយ​ពួក​គេ​ទទួល​បាន​នូវ​ការ​សិក្សា​ ​ទទួល​បាន​នូវ​សម្ភារៈ​សិក្សា​​ ​បរិក្ខារ​ពេទ្យ​ ​និង​ការ​អនុវត្ដ​យ៉ាង​ឆាប់​រហ័ស​របស់​វិស័យ​វិទ្យាសាស្ដ្រ​បាន​យ៉ាង​ល្អប្រសើរ​ បើ​ប្រៀប​ធៀប​ជាមួយ​នឹងពេល​ដែល​លោក​រៀន​។

លោកស្រី បេននី រីឆាត ​ឯក​អគ្គ​រាជ​ទូត​​អូស្ដ្រាលី​បាន​មាន​ប្រសាសន៍​ថា​ ​ប្រទេស​អូស្ដ្រាលី​បាន​ប្ដេជ្ញា​ចិត្ដ​យ៉ាង​មុត​មាំ​នៅ​ក្នុង​ ​ការ​ជួយ​កម្ពុជា​ឱ្យ​សម្រេច​នូវ​គោល​ដៅ​ទី​៤​លើ​ការ​កាត់​បន្ថយ​មរណ​ភាព​មា​តា​ ​និង​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្ស​ទី​៥​ ​លើ​ការ​កាត់​ ​បន្ថយ​អត្រា​មរណ​ភាព​មាតា​ ​ហើយ​ជឿ​ថា​កម្ពុជា​នឹង​សម្រេច​បាន​នូវ​គោល​ដៅ​នេះ​ ​ប្រសិន​បុគ្គល​សុខា​ភិ​បាល​នៅ​តាម​សេវា​សុខភាព​ ​នៅក្នុង​តំបន់​ជន​បទ​នៃ​ប្រទេស​មាន​សមត្ថភាព​គ្រាប់​គ្រាន់​ ​ហើយ​ជំនួយ​លើ​ផ្នែក​នេះ​របស់​ប្រទេស​អូស្ដ្រាលី​បាន​នឹង​កំពុង​ជួយ​ពង្រឹង​លើ​ ​ការ​ងារ​នេះ​។​

លោកស្រីបានបន្ដទៀតថា ​បច្ចុប្បន្ន​នេះ​សមាមាត្រ​ជំនួយ​អូស្ដ្រាលី​សម្រាប់​ជួយ​ប្រទេស​កម្ពុជា​កាន់​តែ​រីក​ធំ​ឡើង​​ ​ដោយ​ឆ្នាំ​​នេះ​បាន​ជួយ​​ប្រទេស​កម្ពុជា​ចំនួន​២១​លាន​ដុល្លារ​លើ​ការ​ផ្គត់​ផ្គង់​ ​និងពង្រឹង​ប្រព័ន្ធ​សុខា​ភិបាល​ ​ក្នុង​ចំណោម​ទឹក​ប្រាក់​សរុប​ដែល​ជួយ​ ​មក​តំបន់​នេះ​ក្នុង​ឆ្នាំ​នេះ​ ​សរុប​ចំនួន​៥០,៣លាន​ដុល្លារ​។​ ​លោក​ស្រី​បន្ដ​ថា​ ​ប្រទេស​អូស្ដ្រាលី​បាន​ប្ដេជ្ញា​ចិត្ដ​យ៉ាង​មុត​មាំ​នៅ​ក្នុង​ការ​ជួយ​ ​ប្រទេស​នៅក្នុង​តំបន់​នេះ​ ​ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ​ផ្ដល់​សេវា​កាន់​តែ​មាន​គុណ​ភាព​ ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​សុខ​ភាព​មាតា​ ​ទារក​ ​និង​កុមារ​។ ​​នៅ​ប្រទេស​កម្ពុជា​វិញ​ ​អូស្ដ្រាលី​បាន​ជួយ​រដ្ឋាភិបាល​កម្ពុជា​លើ​ការ​ពង្រឹង​សមត្ថភាព​ផ្នែក​ធន​ធាន​មនុស្ស​តាម​ ផែន​ការ​យុទ្ធ​សាស្ដ្រ​លើ​វិស័យ​នេះ​សម្រាប់​ឆ្នាំ​២០០​៨-២០១៥​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative